ទីក្រុង​ឡុង​ដ៍៖​ ក្រុមហ៊ុន RM Sotheby''s បានប្រកាស​​ថារថយន្ត Mercedes-Benz ស៊េរី​ឆ្នាំ ១៩៥៥ ដែលជា​រថយន្ត​មួយ​ក្នុងចំណោម​​តែ ២ គ្រឿង​គត់នៃស៊េរី​នេះ​ត្រូវបាន​ដេញថ្លៃ​កាលពី​ដើមខែ​នេះ​ ក្នុង តម្លៃ ១៣៥ លាន​អឺរ៉ូ (១៤៣ ​លាន​ដុល្លារ​) ដែល​ធ្វើឱ្យ​វា​ក្លាយជា​រថយន្ត​ថ្លៃ​បំផុត​ដែល​មិន​ធ្លា​ប់លក់​ពីមុនមក។​

​ក្រុមហ៊ុន​ដេញថ្លៃ​រថយន្ត​បុរាណ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រថយន្ត Mercedes-Benz 300 SLR Uhlenhaut ត្រូវបាន​លក់​ទៅឱ្យ​អ្នកប្រមែ​ប្រមូល​វត្ថុមាន​តម្លៃ​ឯកជន​មួយដោយ​ទទួលបាន​តម្លៃ​ស្ទើរតែ​ ៣ ​ដង ​នៃ​តម្លៃ​កំណត់ត្រា​មុន​​ក្នុង​ឆ្នាំ​ ២០១៨​ ដោយ​រថយន្ត Ferrari 250 GTO ឆ្នាំ ១៩៦២​ ​ដែលមាន​តម្លៃ ៤៨ លាន​ដុល្លារ​។​

​ការដេញថ្លៃ​តែ ១គត់​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ៥​ ខែឧសភា នៅឯ​សារមន្ទីរ Mercedes Benz ក្នុង​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ បានបន្ថែមឱ្យដឹងថា ​តម្លៃ​ដ៏​ខ្ពស់​កប់ពពក​របស់​រថយន្ត​នេះបានធ្វើ​ឱ្យ​វា​បានចូលទៅ​ក្នុង​បញ្ជី «​វត្ថុ​មានតម្លៃ​បំផុត​ទាំង ១០​ ដែល​ត្រូវបានលក់ក្នុងការ​ដេញថ្លៃ»។​

​យោងតាម​ចំណាត់ថ្នាក់​របស់ AFP នៃ​ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​លក់​ដេញថ្លៃ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះរថយន្ត 300 SLR ជាប់​ចំណាត់ថ្នាក់​ទី៦ ឬ​ទី៧ ជាមួយនឹង​កំណត់ត្រា​គ្រប់ពេលវេលា​ត្រូវបាន​កាន់កាប់​ដោយស្នាដៃសិល្បៈ​ Salvator Mundi របស់វិចិត្រករ​ ឡេអូណាដូ ដា វាំងស៊ី​ ដែល​បាន​លក់​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៧​ ក្នុងតម្លៃ ៤៥០,៣​ លាន​ដុល្លារ​។​

​បន្ទាប់​មកគឺ​ស្នាដៃគំនូរតារាហូលីវូដ​​ Shot Sage Blue Marilyn ដោយវិចិត្រករ អេនឌី វ័រហូល ​ដែល​លក់​ក្នុង​ខែ​នេះ​ផងដែរ​ក្នុងតម្លៃ ១៩៥​ លាន​ដុល្លារ​។​

រថយន្ត Mercedes-Benz 300 SLR Uhlenhaut ត្រូវបានថត​រូបទុកកាលពីថ្ងៃទី​ ២​ ខែ កក្កដា ឆ្នាំ​ ១៩៥៥។ AFP

ដោយឡែក​រថយន្ត​នេះ​គឺជា​គំរូ​ ១ ក្នុងចំណោម​រថយន្ត​គំរូ​ ២​ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​នាយកដ្ឋាន​ប្រណាំង​​រថយន្ត Mercedes-Benz ហើយ​ត្រូវបាន​ដាក់ឈ្មោះ​តាម​អ្នកបង្កើត និង​ជា​ប្រធាន​វិស្វករ Rudolf Uhlenhaut។ នេះ​បើ​យោងតាមក្រុមហ៊ុនដេញថ្លៃ​ RM Sotheby''s ។​

ក្រុមហ៊ុន​ដេញថ្លៃ​បាន​បន្ថែម​ថា៖ «​អ្នកទិញ​ឯកជន​បាន​យល់ព្រម​ថារថយន្ត 300 SLR Uhlenhaut Coupe នឹង​នៅប្រើ​​សម្រាប់​ការតាំង​បង្ហាញ​ជា​សាធារណៈ​ក្នុងឱកាស​ពិសេសម្ដងម្កាល ​ខណៈដែលរថយន្តស៊េរី​ 300 SLR Coupe គ្រឿង​ទី​២ ​នៅតែ​ស្ថិតក្នុង​កម្មសិទ្ធិ​​​ក្រុមហ៊ុន​នឹង​បន្ត​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ Mercedes-Benz ក្នុង​ទីក្រុង Stuttgart»។

​យោងតាម​របាយការណ៍​របស់ RM Sotheby''s រថយន្ត 300 SLR ដែល​អាច​សម្គាល់​បាន​ដោយខ្សែ​​លើ​តួ​រថយន្ត និង​ទ្វារ​មេអំបៅ ត្រូវបាន​គេ​យក​គំរូ​តាម​រថយន្ត​ប្រណាំង W196 R Grand Prix ដែល​ធ្លាប់​បានឈ្នះ​ជើងឯក​ពិភពលោក Formula 1 ចំនួន​ ២ ​នៅ​ឆ្នាំ ១៩៥៤ និង ១៩៥៥ ដោយ​មាន​ជនជាតិ​អ៊ីតាលី Juan Manuel Fangio ជាអ្នក​បញ្ជា​ចង្កូត។​

​ប៉ុន្តែ​នៅ​ខែមិថុនាឆ្នាំ១៩៥៥ សោកនាដកម្ម​បាន​វាយប្រហារ​ក្រុម Mercedes-Benz នៅពេលដែល​ការប្រណាំង 24 Hours of Le Mans ការធ្លាក់​រថយន្ត SLR ១ គ្រឿង​ក្នុងចំណោម ៣០០​​ គ្រឿង​បានសម្លាប់​អ្នកបើកបរ​ជនជាតិ​បារាំង Pierre Levegh និង​អ្នកទស្សនាចំនួន ​៨៣ នាក់​។​

​សោកនាដកម្ម​នោះដែលជា​សោកនាដកម្ម​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រណាំងរថយន្ត និង​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដកខ្លួន​ចេញពីវិស័យ​កីឡា​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ក្រុមហ៊ុន RM Sotheby''s បាន​និយាយថា ប្រាក់ចំណូល​ដែល​បានមកពី​ការដេញថ្លៃ​នេះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើត​មូលនិធិ Mercedes-Benz ទូទាំង​ពិភពលោក​ដែល​នឹង​ផ្តល់​មូលនិធិ​ដល់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បរិស្ថាន និងបដិវត្ត​ន៍កាត់បន្ថយឧស្ម័នកាបោន៕ AFP

ខ្សែបន្ទាត់លើតួរថយន្ត និង​ទ្វារ​មេអំបៅ ជា​ភាពពិសេស​នៃ Mercedes-Benz 300 SLR Uhlenhaut ឆ្នាំ​ ១៩៥៥។ AFP