
អ្នកដឹកនាំរឿងជប៉ុន Chie Hayakawa ចូលរួមមហោស្រពភាពយន្តក្រុងកាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ AFP
ទីក្រុងកាន៖ ស្ត្រីផលិតករភាពយន្តជនជាតិជប៉ុនម្នាក់កំពុងអង្រួនដួងចិត្តទស្សនិកជនតាម រយៈភាពយន្តបញ្ចាំងនៅទីក្រុងកាន ដែលជាស្នូលនៃទស្សនៈពលរដ្ឋប្រទេសរបស់នាងជាមួយមនុស្សចាស់យល់ស្របនឹងការធ្វើសុមរណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។
«Plan 75» ពីអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធជនជាតិជប៉ុន Chie Hayakawa គឺផ្អែកលើបញ្ហាពិតប្រាកដមួយ។
ប្រទេសជប៉ុនគឺជាសង្គមឧស្សាហកម្ម ដែលមានពលរដ្ឋវ័យចំណាស់ច្រើនបំផុតជានិន្នាការ និងជាបន្ទុក សេដ្ឋកិច្ច និងនយោបាយដ៏ធំ ខណៈចំនួនពលរដ្ឋវ័យក្មេងបន្តធ្លាក់ចុះ។
ជិត៣០ភាគរយនៃចំនួនប្រជាជនជប៉ុនមានអាយុលើសពី ៦៥ ឆ្នាំ និងភាគច្រើនជាស្ត្រី ហើយអត្រាដូចនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅក្នុងទសវត្សរ៍ខាងមុខថែមទៀត។
នៅក្នុងខ្សែភាពយន្តនេះនរណាដែលមានអាយុលើសពី ៧៥ ឆ្នាំ ត្រូវបានលើកទឹកចិត្តឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដោយពួកគេទទួលបានប្រាក់មួយចំនួនជាថ្នូរនឹងការយល់ព្រមឱ្យធ្វើសុមរណៈ ឬការប្រើវិធីសាស្ត្រស្លាប់ដោយសុខស្រួល។ ពិធីបុណ្យសពរួមមួយត្រូវបានបោះចោលដោយឥតគិតថ្លៃ។
អ្នកស្រី Hayakawa បានប្រាប់ AFP ក្នុងបទសម្ភាសមួយថា៖ «នៅចំពោះមុខវាផែនការ ៧៥ របស់រដ្ឋាភិបាលគឺពោរពេញដោយសុច្ឆន្ទៈ ភាពរួសរាយរាក់ទាក់ និងការអនុវត្តជាក់ស្តែង ប៉ុន្តែតាមពិតវាគឺជាភាពឃោរឃៅ និងគួរឱ្យអាម៉ាស់បំផុត»។
ផលិតករជប៉ុនរូបនេះបានបន្តថា៖ «បញ្ហាសម្បូរជនចាស់ជរានៃចំនួនប្រជាជនមិនមែនជាបញ្ហាថ្មីៗទេ ខ្ញុំតែងតែឮមនុស្សពិភាក្សាអំពីបញ្ហានេះជានិច្ច»។
អ្នកដឹកនាំរឿងវ័យ ៤៥ ឆ្នាំរូបនេះបានបន្ថែមថា៖ «កាលពីខ្ញុំនៅក្មេង ការមានអាយុវែងត្រូវបានចាត់ទុកថាជារឿងល្អ។ មនុស្សមានការគោរពចំពោះមនុស្សចាស់លែងជាករណីក្នុងពេលបច្ចុប្បន្ននេះទៀតហើយ»។

អ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធជនជាតិជប៉ុន Chie Hayakawa ចូលរួមការចាក់បញ្ចាំងភាពយន្ត Plan 75។ AFP
- ''ត្រជាក់ និងឃោរឃៅ'' -
«Plan 75» ខ្សែភាពយន្តខ្នាតវែងដំបូងរបស់ Hayakawa ដែលមានរូបភាពយឺតៗ និងប្រើចលនាកាមេរ៉ាតិចតួចបំផុត។
នាងបាននិយាយថា៖ «ខ្ញុំចង់ឱ្យរូបភាពមានសោភណភាព និងស្រស់ស្អាតព្រម ទាំងឈាមត្រជាក់និងឃោរឃៅដូចផែនការក្នុងភាពយន្តនោះដែរ»។
នៅពេលសួរថា តើសេណារីយោរបស់នាងស្រដៀងនឹងការពិតរបស់ជនជាតិជប៉ុនសព្វថ្ងៃនេះទេ? Hayakawa បានឆ្លើយយ៉ាងរហ័សថា «៨ ក្នុងចំណោម ១០នាក់»។
នាងបាននិយាយថា នាងបានសម្ភាសមនុស្សចាស់ជាផ្នែកមួយនៃការស្រាវជ្រាវរបស់នាងសម្រាប់ខ្សែភាពយន្តនេះ ហើយបានរកឃើញថា មនុស្សជាច្រើនបានរកឃើញគុណសម្បត្តិជាមួយនឹងគំនិតនៃការទិញសន្តិសុខហិរញ្ញវត្ថុជាមួយនឹងឆន្ទៈក្នុងការបញ្ចប់ជីវិតរបស់ពួកគេ។
នាងបាននិយាយថា៖ «វានឹងបន្ធូរបន្ថយភាពតានតឹងនៃកង្វល់ថា តើពួកគេអាចរស់បានដោយរបៀបណានៅពេលដែលពួកគេត្រូវរស់នៅឯកាម្នាក់ឯង។ ការជ្រើសរើសពេលវេលា និងវិធីសាស្ត្រនៃការស្លាប់របស់ពួកគេអាចជាការធានាផ្លូវចិត្តយ៉ាងខ្លាំង»។
ផលិតករស្រីរូបនេះបន្តថា វិធីសាស្ត្រនេះក៏នឹងរកបានការគាំទ្រក្នុងចំណោមយុវជនជំនាន់ក្រោយផងដែរ។
នាងបាននិយាយថា៖ «ប្រសិនបើផែនការបែបនេះត្រូវបានដាក់នៅលើតុថ្ងៃនេះ ខ្ញុំជឿថាមនុស្សជាច្រើននឹងទទួលយកវា និងស្វាគមន៍វាជាដំណោះស្រាយដែលត្រូវនឹងស្ថានភាពបច្ចុប្បន្ន»។
នាងបន្តទៀតថា៖ «មនុស្សវ័យក្មេងភាគច្រើនចេះព្រួយបារម្ភរួចទៅហើយថាតើចុងបញ្ចប់នៃជីវិតរបស់ពួកគេនឹងទៅជាយ៉ាងណា។ តើតម្រូវការជាមូលដ្ឋានរបស់ពួកគេនឹងត្រូវបានបំពេញដែរឬទេសព្វថ្ងៃហ្នឹង? សួរថាទៅថ្ងៃមុខ ពួកគេអាចរស់បែបណាតែម្នាក់ឯង? តើពួកគេអាចមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងដល់អាយុចាស់ជរាដែរឬទេ?»។
ជំនួសឱ្យការស្តីបន្ទោសរដ្ឋាភិបាលអ្នកដឹកនាំរឿង Hayakawaបាននិយាយថា យុវជនជាច្រើនមានការតូចចិត្តនឹងមនុស្សចាស់។
អ្នកស្រីបានបន្តថា៖ «គេអន់ចិត្ត និងខឹង ព្រោះគេត្រូវខំប្រឹងជួយមនុស្សចាស់ទាំងគិតថាទម្រាំដល់វេនខ្លួនឯងចាស់ គេប្រហែលគ្មានអ្នកណាជួយមើលថែគេទេ»។
នាងបាននិយាយថា៖ «អ្វីដែលធ្វើឱ្យខ្ញុំបារម្ភខ្លាំងនោះគឺថា យើងស្ថិតក្នុងស្ថានភាពសង្គមមួយដែលនឹងពេញចិត្តខ្លាំងណាស់ចំពោះដំណោះស្រាយសាហាវបែបនេះ។ វាគួរឱ្យខ្លាច»។
អ្នកស្រី Hayakawa បាននិយាយថា ខ្សែភាពយន្តរបស់នាងមិនសន្មតថានឹងផ្តល់ដំណោះស្រាយក្នុងការដោះស្រាយវិបត្តិអាយុនៅជប៉ុននោះទេ។
នាងបាននិយាយថា៖ «ប៉ុន្តែការវាយតម្លៃដោយស្មោះត្រង់អំពីទីកន្លែងដែលយើងរស់នៅថ្ងៃនេះ នឹងជាជំហានសំខាន់មួយដែលយើងបានដឹងខ្លួនរួចទៅហើយ»៕ AFP

«Plan 75» ផ្អែកលើបញ្ហាពិតប្រាកដមួយពីសង្គមជប៉ុនដែលសម្បូរប្រជាជនចាស់ជរា។ AFP