
ផលិតករខ្មែរ-បារាំង លោក រិទ្ធី ប៉ាន់ ក្នុងវត្តមានចូលរួមមហោស្រពភាពយន្តក្រុងកាន កាលពីឆ្នាំ ២០១៩។ រូបថត AFP
ក្រុងកាន: អ្នកមិនចាំបាច់ត្រូវមានលុយរាប់លានដុល្លារ និងសិទ្ធិចែកចាយកុនក្នុងការឈ្នះពានរង្វាន់ពីមហោស្រពភាពយន្តក្រុងកានទេ។ ត្រឹមតែទូរស័ព្ទដៃ និងភាពច្នៃប្រឌិត គឺគ្រប់គ្រាន់ហើយ។
មហោស្រពភាពយន្តដ៏ចំណាស់ដែលឈានដល់ឆ្នាំទី៧៥ បាននាំតារា TikTok ល្បីៗទៅកាន់កម្រាលព្រំក្រហម ក្រោមការឧបត្ថម្ភពី TikTok ផ្ទាល់សម្រាប់ការផ្ដល់ពានរង្វាន់ដល់ភាពយន្តខ្លីដ៏ល្អបំផុត។
សមាជិកគណៈវិនិច្ឆ័យ Camille Ducellier ជាអ្នកដឹកនាំរឿងជនជាតិបារាំង បានប្រាប់ទស្សនិកជនថា៖ «អ្នកប្រហែលគិតថា ៣ នាទី គឺខ្លី ប៉ុន្តែយើងពិតជាព្យាយាមវាយតម្លៃស្នាដៃទាំងនោះដូចទៅនឹងការផលិតកុនរយៈពេល ១២០ នាទីដែរ»។
ជយលាភីត្រូវបានចែករំលែករវាងជនជាតិជប៉ុន Mabuta Motoki ដែលធ្វើវីដេអូខ្លីពីចម្លាក់ឈើប្រពៃណី និងជនជាតិស្លូវ៉េនី Matej Rimanic ជាវីដេអូកំប្លែងខ្លីគ្មានសំឡេង។
យ៉ាងណាមិញ ការប្រគល់ពានរង្វាន់វីដេអូខ្លីក្នុងឆ្នាំដំបូងបង្អស់នេះ ពុំដំណើរការរលូនទេ។ ប្រធានគណៈវិនិច្ឆ័យផលិតករខ្មែរ-បារាំង លោក រិទ្ធី ប៉ាន់ បានប្រកាសលាលែងមុនថ្ងៃប្រគល់ពានរង្វាន់ ក្រោមហេតុផលថា TikTok ប្រើឥទ្ធិពលក្នុងការសម្រេចវាយតម្លៃជ្រើសរើសជយលាភី។
លោកបានប្រាប់វេបសាយ The Hollywood Reporter ថា វីដេអូខ្លីដែលក្រុមគណៈវិនិច្ឆ័យ និងសុទ្ធសឹងតែជាអ្នកជំនាញបានជ្រើសរើស មិនស្របនឹងជំហរពីខាង TikTok ហើយចុងក្រោយក្រុមហ៊ុនបានលើកហេតុផលថា វីដេអូខ្លីត្រូវជាប់ជយលាភីនោះបែរជាខុសនឹងលក្ខន្តិកៈរបស់បណ្ដាញសង្គមវីដេអូខ្លីមួយនេះ។
លោក រិទ្ធី ប៉ាន់ ក៏បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានក្រុមគណៈវិនិច្ឆ័យ ក្រោមហេតុផលពុំមានឯករាជភាពក្នុងការសម្រេចចិត្ត។
ប៉ុន្តែទីបំផុតភាពយន្តដំបូងដែលគណៈវិនិច្ឆ័យផ្ដល់ជយលាភីនោះត្រូវបាន TikTok ទទួលស្គាល់ឡើងវិញ ហើយលោក រិទ្ធី ប៉ាន់ បានប្រាប់ទីភ្នាក់ងារបារាំង AFP ថា៖ «TikTok បានធ្វើការផ្លាស់ប្ដូរ និងប្រគល់ឯករាជភាពមកឱ្យយើងវិញ»។
លោក រិទ្ធី ប៉ាន់ បានបង្ហាញអារម្មណ៍វិជ្ជមាន ពេលលោកណែនាំពីពានរង្វាន់នេះ ដោយលោកបានប្រាប់ទស្សនិកជនថា វាពិតជាអស្ចារ្យណាស់ក្នុងការទទួលបាននូវអារម្មណ៍ថាមពលពីភាពយន្តខ្លីៗដែលគណៈវិនិច្ឆ័យបានពិនិត្យទស្សនា។
ផលិតករខ្មែរ-បារាំង ដែលឈ្នះពានរង្វាន់អន្តរជាតិជាច្រើននេះ បានសម្ដែងចំណាប់អារម្មណ៍ថា៖ «មានភាពយន្តខ្លះរយៈពេលត្រឹមតែ ១ នាទី តែវាស្អាតល្អ លន្លង់លន្លោចដូចកំណាព្យ និងរៀបរាប់អ្វីៗគ្រប់យ៉ាងតាំងពីជីវិតដ៏លំបាកលំបិន ប្រធានបទ ប្រពៃណី ភាពកំប្លុកកំប្លែង ការឈឺចាប់ និងក្ដីស្រឡាញ់។ វាពិតជាមិនងាយស្រួលទេ ក្នុងការធ្វើភាពយន្តតែម្ដង និងត្រឹមតែ ១ នាទីនោះ»៕ AFP