ភ្នំពេញៈ ឱកាស​ក្នុង​ការ​លេង​ហ្គេម​កម្សាន្ត ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត និង​អាច​ជួយ​អ្នក​ដទៃ ជា​កម្មវិធី​មួយ​ប្លែក​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ការអប់រំ​ Apptessence ដែល​មាន​ស្ថាបនិក​ជា​ជនជាតិ​កាណាដា​ លោក ដេន ដូណាល់សាន់។ ​​លោក​ទើប​​បាន​បញ្ចប់​ការ​សាកល្បង​ក្រកួត​ហ្គេម​​កាល​ពី​ថ្ងៃទី​ ៧ ខែ ឧសភា ឆ្នាំ ២០២២ និង​ទទួល​បាន​លទ្ធផល​ល្អ​លើស​​​ការ​រំពឹង​ទុក ដោយ​​អាច​ប្រមូល​ប្រាក់​ពី​អ្នក​ចូលរួម​លេង​ហ្គេម​បរិច្ចាគ​ទៅ​អង្គការ​ចំនួន ៤ ដែល​ផ្ដោត​លើ​​ការ​សិក្សា​របស់​កុមារ។

លោក ដូណាល់សាន់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «តាមរយៈ​ឈ្មោះ អ្នក​អាច​ដឹង​ហើយ​ថា​ យើង​ធ្វើ​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា និង​ការ​អប់រំ ជាពិសេស​សម្រាប់​អ្នក​​ដែល​មាន​ឱកាស​ទាប​ក្នុង​​ការ​ទទួល​បាន​ការអប់រំ ឬ​សហគមន៍​ប្រទេស​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​»។

ចូលរួម​បរិច្ចាគ​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​អ្នក​លេង​ត្រូវ​ចំណាយ​ ១០ ​ដុល្លារ ក្នុង​ការ​លេង​ប៉ុន្មាន​ដង​តាម​ចិត្ត​ចង់ រហូត​ដល់​ពេល​កំណត់​នៃ​ការ​ប្រកួត​​រយៈ​ពេល​ ៣៦ ​ម៉ោង​ ដើម្បី​ឱ្យ​អ្នក​ចំណូល​ថ្មី អាច​សាកល្បង​លេង ដោយ​មិន​ចាំបាច់​ត្រូវ​បង់​ប្រាក់​ច្រើន​។

ប៉ុន្តែ ទៅ​ថ្ងៃ​អនាគត​ស្ថាបនិក​ដែល​ស្វ័យ​សិក្សា​​​បច្ចេកវិទ្យា​ខ្លួន​ឯង​រូប​នេះ​ថា ​ក្រុមហ៊ុន​នឹង​កំណត់​ចំនួន​ដង​នៃ​ការ​លេង​ហ្គេម ដើម្បី​បើក​ផ្លូវ​រក​ចំណូល​បន្ថែម​ជូន​ទៅ​ដល់​អង្គការ​។

បច្ចុប្បន្ន លោក​ថា អ្នក​​លេង​អាច​ទាញ​យក​កម្មវិធី​ពី Apple Store។

លោក ដេន ដូណាល់សាន់ ជនជាតិកាណាដា និង​ស្ថាបនិក Apptessence។ រូបថត សហការី

លោក​និយាយ​ថា៖ «ក្រុម​យើង​មាន​គ្នា​តិច មិន​ទាន់​មាន​សមត្ថភាព​អាច​អភិវឌ្ឍ​ទៅ​លើ​ប្រព័ន្ធ​ច្រើន​ទេ​។ តែ​ទៅ​ថ្ងៃ​អនាគត បើ​មាន​អ្នក​បង្កើត​កម្មវិធី​ខាង Android ចាប់​អារម្មណ៍​ក្នុង​ភាព​ជា​ដៃគូ​ យើង​ក៏​រីករាយ​»។

ហ្គេម​ដែល​លេង​នេះ​ភាគ​ច្រើន​ គឺ​ជា​ហ្គេម​ទាក់ទង​នឹង​ការ​ទាយ​ពាក្យ ការ​ផ្គុំ​ពាក្យ ដែល​លោក​បាន​អភិវឌ្ឍ​ពី​បទពិសោធ​លេង​លើ​រូបរាង​ពិត​ប្រាកដ​ជាង ២០ ​ឆ្នាំ​មុន​។ ​ល្បែង «ក្រ័រស៍» (Crosses Game) ​ក៏​កំពុង​ស្ថិត​ក្នុង​​​គម្រោង​​អភិវឌ្ឍន៍​បន្ថែម​ផង​ដែរ​។

លោក​បន្ថែម​ថា​៖ «បច្ចុប្បន្ន ខ្ញុំ​កំពុង​អាប់ដេត សូហ្វវែរ​បន្ថែម​ក្រោយ​ពី​ទទួល​​បាន​បទពិសោធ​បន្ទាប់​ពី​សាកល្បង​។ មិន​លើស​ពី​ ២ ​អាទិត្យ​ វា​នឹង​រួច​រាល់។ បន្ទាប់​ពី​នោះ​ យើង​នឹង​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​ ដោយ​កំណត់​ចំនួន​រយៈពេល ២ ​ថ្ងៃ និង​​​រង្វាន់ ២០០ ​ដុល្លារ ​សម្រាប់​អ្នក​ឈ្នះ​។ បន្ទាប់​ពី​​ពេល​វា​ដំណើរការ​ស្រួល​បួល​ហើយ​ យើង​នឹង​បើក​សម្រាប់​​អ្នក​ ដែល​ចង់​រៀបចំ​ការ​ប្រកួត​ដើម្បី​​គោល​បំណង​ផ្សេងៗ​»។

លោក ដូណាល់សាន់ ឱ្យ​ដឹង​ដែរ​ថា​ Apptessence បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ និង​ចាប់​ផ្ដើម​បង្កើត​សូហ្វវែរ​នៅ​​ចុង​ឆ្នាំ ២០២០។ ​ទើប​តែ​​នៅ​​​ថ្ងៃទី​ ៧ ខែ​ឧសភា​នេះ​ទេ​ ដែល​មាន​ការ​ប្រកួត​សាកល្បង​ជា​ផ្លូវការ​ក្នុង​ការ​រៃអង្គាស​ប្រាក់​ជួយ​​ដល់​អង្គការ​។

ត្រឹម ៣៦ ​ម៉ោង ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ ៥៥០ ​ដុល្លារ លោក​ក៏​សម្រេច​ចិត្ត​​បរិច្ចាគ​ទៅ​អង្គការ​ចំនួន​ ៤ នៅ​កម្ពុជា និង​ថៃ​មាន​អង្គការ សកម្មភាព​ព្រះពុទ្ធ​សាសនា​ដើម្បី​​អភិវឌ្ឍ​សង្គម ​អង្គការ KAPE នៅ​​ខេត្ត​កំពង់ចាម ​អង្គការ​កុមារកំព្រា Baan Jing Jia និង​​អង្គការ​បាងកក​ប៉ុស្ដិ៍ ដោយ​​លោក​យល់​ដឹង​ពី​ភាព​​សំខាន់​នៃ​​តួនាទី​អង្គការ​​តូចៗ​ធ្វើ​ចំពោះ​សហគមន៍​។

សមាជិក​ក្រុម Khim និង​ Stella សាកល្បងហ្គេមមុនការប្រកួត។ រូបថត សហការី

លោក​បន្ថែម​ថា​៖ «មនុស្ស​ភាគច្រើន​ផ្ដោត​លើ​អង្គការ​ធំៗ​ដូចជា Oxfam Unicef ឬ World Vision តែ​ពួក​គេ​មិន​បាន​មើល​មក​អង្គការ​តូចៗ​ ដែល​ព្យាយាម​ធ្វើ​ដើម្បី​ភាព​ផ្លាស់ប្ដូរ​។ យើង​ចង់​ផ្ដោត​លើ​ការ​អប់រំ​អំពី​ការ​បង្កើត​កម្មវិធី ឬ​ការ​អភិវឌ្ឍ​ហ្គេម​ដែល​អា​ច​នាំ​ទៅ​រក​ឱកាស​ការងារ​ល្អ​»។

លោក​បញ្ជាក់​ថា៖ «អង្គការ​នឹង​ជា​អ្វី​ដែល​យើង​នឹង​ជួយ​រហូត​ទៅ​ តែ​គម្រោង​យើង​ធំ​បំផុត​​ គឺ​ពង្រីក​វិស័យ​បង្កើត​ហ្គេម​នៅ​អាស៊ីអាគ្នេយ៍​»។

លោក​បាន​បញ្ចប់​ដែរ​ថា​៖ «ខ្ញុំ​មិន​គិត​​ថា​គម្រោង​នេះ​នឹង​កើត​ឡើង​ទេ ប្រសិន​បើ​ខ្ញុំ​មិនមាន​សំណាង​ជាប់​ក្នុង​ប្រទេស​កម្ពុជា ​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​។ ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា ចង់​តប​ស្នង​ដល់​ប្រទេស​នេះ​។ វា​ជា​​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ទោះបី​ជា​ពេល​ខ្លះ​លំបាក តែ​ខ្ញុំ​យល់​ថា វា​រឹត​តែ​លំបាក​ខ្លាំង​សម្រាប់​អង្គការ​ក្នុង​ពេល​នោះ ដូច្នេះ ខ្ញុំ​រីករាយ​ដែល​ប្រទេស​នេះ​ជា​ផ្ទះ និង​ជា​ម្តាយ​ សម្រាប់​គម្រោង WordsBy2 និង​ក្រុមហ៊ុន Apptessence»។

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ទំព័រ​ហ្វេសប៊ុក​ Apptessence តាមរយៈ ឈ្មោះ @Wordsby2 គណនី​ធ្វីតធើរ @apptessence និង​វេបសាយ http://www.apptessence.com/howTo៕

លោក ដេន ដូណាល់សាន់ និង​នាយិកាប្រតិបត្តិ BSDA ឆុន ស្រស់។ រូប សហការី