ភ្នំពេញៈ ​នាពេល​ថ្មីៗ​នេះ​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​សាជាថ្មី ខណៈ​យុវតី​ស្រស់​សោភា ជា​កូន​កាត់ ៣ សាសន៍​​ ខ្មែរ-ចិន-អាមេរិក ​​វ័យ ២១ ឆ្នាំ កញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ​ ជា​​​កូន​​​ស្រី​ច្បង​​ អតីត​​​តារា​សម្តែង​ស្រី​​​នា​ទស​វត្សរ៍ទី​៨០-៩០ ​អ្នកស្រី​ ណិប កេសី បាន​លេច​មុខ​​​​ប្រឡង​​ចម្រៀង​លំដាប់​ពិភព​​​លោក​ Cambodian Idol​ ​រដូវកាល​ទី​៤ មួយ​ផ្នែក​ទៀត​នៅ​ឆ្នាំ​ ២០២២​ ​បន្ទាប់​ពី​ធ្លាប់​​​​ប្រកួត​​​​កញ្ញាឯក​​​ចក្កវាឡ​កម្ពុជា​ កាល​ពី​ឆ្នាំ ​២០២១។​

យុវតី​មាន​រាង​តូច​​ច្រឡឹង សាច់​សខ្ចី ទឹក​មុខ​ញញឹម​​ស្រស់ ​មាន​កម្ពស់ ១,៦៥ ម៉ែត្រ​ ម៉ា​ការ៉ាត់​ពេជ្រ​ចរណៃ​ មិន​ត្រឹម​តែ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​គណៈ​កម្មការ​ទាំង ​​៤ រូប​នៃ​​កម្មវិធី​ Cambodian Idol​ ​រដូវ​កាល​ទី​៤ នោះ​ទេ ថែម​​ទាំង​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​គាំទ្រ​​នៅ​ក្នុង​វិស័យ​ប្រកួតប្រជែង​កញ្ញាឯក​កម្ពុជា​ទៀត​ផង ដោយ​យុវតី​រូប​នេះ ​គឺ​ជា​ជយលាភី​រង​ទី២​ ក្នុង​ការ​ប្រកួត​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ កាល​ពី​ឆ្នាំ​ ២០២១​។​

ចេញ​ពី​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​​វិស័យ​​​កញ្ញា​​ឯក​កម្ពុជា​​ ​បាន​អបអរ​សាទរ​​​​​ដល់​យុវតី​ដែល​​ជា​កូនកាត់​ ៣ ​សាសន៍ ខ្មែរ-ចិន-អាមេរិក រូប​នេះ​​ថា៖ «​ធ្លាប់​​ជា​បវរកញ្ញា ពេល​នេះ​ មក​ប្រកួតប្រជែង​​ក្នុង​ការ​ប្រឡង​ចម្រៀង​​វិញ​ម្តង។​ អបអរ​សាទរ​ទៅ​កាន់​អតីត​​បវរកញ្ញា 2nd runner up Miss Universe Cambodia 2021 គឺ​កញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ ដែល​បាន​ជាប់​នៅ ​ក្នុង​កម្មវិធី​ប្រឡង​​ចម្រៀង​កម្រិត​ពិភព​លោក​ Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​​វគ្គ Judge Audition សប្ដាហ៍​ទី​៣​​!​»​។

បើ​តាម​វីដេអូ​បកស្រាយ​ពី​ប្រវត្តិ​រូប និង​បកស្រាយ​បទ​ចម្រៀង​​ ​«Flashlight» នៅ​វគ្គ​ Judge Audition https://youtu.be/aMavnNUsZ6U ចំពោះ​មុខ​ក្រុម​គណៈ​កម្មការ​​នៃ​​​កម្ម​វិធី​ប្រឡង​​​ចម្រៀង​លំដាប់​​​​ពិភព​​លោក​​ Cambodian Idol​ ​រដូវ​កាល​ទី​៤​ កញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ​ ប្រកាស​ពី​ការ​តាំង​ចិត្ត​ដ៏​​មុតមាំ​​ក្នុង​ការ​​​ប្រឡូក​​​លើ​អាជីព​ជា​​​អ្នក​សិល្បៈ​ពេញ​ទំហឹង ទៅ​តាម​​បេះដូង​​ដែល​ស្រឡាញ់​សិល្បៈ​ខ្មែរ​នៅ​លើ​​​ទឹក​ដី​​​​ប្រទេស​កំណើត​​​​​អ្នក​ម្តាយ​ ដោយ​មិន​ចង់​វិល​ទៅ​ប្រទេស​កំណើត​​ខ្លួន​​​អាមេរិក​​វិញ​ឡើយ​​។ ម៉ាការ៉ាត់ពេជ្រចរណៃ​ បង្ហើប​​​ក្នុង​សូរស័ព្ទ​ភាសា​ខ្មែរ​បែប​ដូច​ជនបរទេស​​ចេះ​ខ្មែរ​នោះ​​ថា៖ «ដោយសារ​​​​​ខ្ញុំ​ មាន​សេច​ក្តី​ស្រឡាញ់​​សិល្បៈ​ខ្មែរ​​ខ្លាំង ដូច្នេះ នាង​ខ្ញុំ​នឹង​ព្យាយាម​ដើរ​លើ​​វិស័យ​សិល្បៈ​​មួយ​នេះ​ឱ្យ​បាន​ល្អ​តាម​សមត្ថភាព​»។

គួរ​រំឭក​​ផង​ដែរ​ថា អតីត​តារា​សម្ដែង​​ស្រី​ខ្មែរ​នា​​ទសវត្សរ៍​​ទី​៨០-៩០​ អ្នកស្រី​ ណិប កេសី ធ្លាប់​​បាន​នាំ​គ្រួសារ​​​មាន​ស្វាមី និង​បុត្រាបុត្រី​ទាំង​ ២​ ជិះ​យន្តហោះ​ពី​​អាមេរិក​​មក​ស្រុក​ខ្មែរ​​ក្នុង​បំណង​​តែ​ ១ ​គត់​ គឺ​មក​​ចែក​​​ទាន​ដល់​ជន​​​ក្រីក្រ កាល​ពី​ឆ្នាំ​ ២០១៥ ខណៈ​កញ្ញា​​ ម៉ាការ៉ាត់ពេជ្រចរណៃ ​​ជា​កូន​ច្បង​ទើប​តែ​​មាន​វ័យត្រឹម​ ១៤ ឆ្នាំ និង​​កូន​ប្រុស​ពៅ​ មាន​ឈ្មោះ​ថា​ វីនសិន មាន​វ័យ​ត្រឹម ១០ ឆ្នាំ​ នោះ​៕​