ភ្នំពេញ៖ រោង​ភាព​យន្ត​ប្រមាណ​​ជាង ​១០ កន្លែង​ មាន​ទីតាំង​​​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រៀម​ចាំ​ការ​​ចាក់​​​បញ្ចាំង​​ខ្សែ​​​ភាព​យន្ត​ទាំង​ឡាយ ដែល​​ជា​វណ្ណ​កម្មរបស់​ផលិត​ករ​ខ្មែរ​ និង​បរទេស​ នាឱកាស​ប្រារព្ធ​​​​​កម្ម​វិធី​​​​មហោ​ស្រព​ភាព​​យន្ត​អន្តរជាតិកម្ពុជា​​ (CIFF)​​ លើក​ទី​១១ សម្រាប់​ឆ្នាំ​ ២០២២ ក្រោយ​​ពី​កម្ម​​វិធី​នេះ​ ​បាន​ខក​ខាន​អស់​រយៈ​​ពេល​​​​​ ២ ​ឆ្នាំ​ ដោយសារ​​ជំងឺកូវីដ ១៩​។

ដើម្បីនាំយក​មហោស្រពភាព​យន្ត​​មកបង្ហាញជូនទស្សនិកជនឡើង​វិញ​​​ឆ្នាំ​ ២០២២​​ នេះ​សម្រាប់​កម្ម​វិធី​​មហោ​​ស្រព​​ភាព​យន្ត​អន្តរជាតិកម្ពុជា​ (CIFF)​ នឹង​ទទួល​បាន​ការ​គាំទ្រពី​អង្គការ​យូណេស្កូ​ ស្ថាន​ទូត​​អូ​ស្រ្តា​លី និង​បន្ត​លើក​ទឹកចិត្តពីខាង​ក្រសួង​ទេសចរណ៍​ ក្រសួង​ព័ត៌​មាន និង​ក្រសួង​​​អប់រំ​ យុវ​ជន និងកីឡា​​។​ ​

មហោ​​ស្រព​ភាព​យន្ត​​​អន្តរ​ជាតិ​​កម្ពុជា CIFF​​ លើក​ទី១១​ នេះ​ នឹង​​ប្រព្រឹត្ត​ទៅនៅ​តាម​រោងភាពយន្ត​ ជា​ច្រើន​ជាង ១០ ​ទីតាំង​ ​​​នៅ​ក្នុង​​​​​រាជធានី​​ភ្នំពេញ ​រួម​មាន​ សាល​​សន្និ​សីទចតុមុខ រោងភាព​យន្ត Major Cineplex​ រោង​ភាព​​​យន្ត Legend Cinema ​សណ្ឋាគារ Rosewood ​មជ្ឈមណ្ឌល​បុប្ផាណា វិទ្យា​ស្ថាន​បារាំង ហាង​កាហ្វេ​ Java Creative​ និង F​actory Phnom Penh ដែលនឹងចាប់ផ្ដើមពីថ្ងៃទី​២៨ ខែ​មិថុនា ដល់ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ ​២០២២។

​លោក Cedric Eloy នាយកកម្ម​វិធី​ CIFF បាន​លើក​ឡើង​នា​ឱកាស​ធ្វើ​សន្និសីទសារព័ត៌មាន​សម្រាប់​បើក​កម្ម​វិធី​មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ ឡើង​វិញ កាល​ពី​ថ្ងៃ​ទី ​២៥ ខែ ឧសភា ឆ្នាំ​ ២០២២ នេះ​​ថា​៖ «​២ ឆ្នាំចុងក្រោយនេះ គឺ​ជា​ពេល​វេលា​មួយ​ដ៏លំបាក​ចំពោះ​វិស័យ​ទាំងឡាយ​ ដែល​ធ្វើ​​ការ​ពាក់ព័ន្ធ នឹងការ​ច្នៃ​ប្រឌិត​ ទាំងសិល្បករ និង​ស្ថាប័ន​វប្បធម៌។​ ដូច្នេះ​​យើង​ចង់​ថ្លែង​អំណរ​គុណ​ចំពោះ​​​ទាំងអស់គ្នា និង​ចង់ឱ្យ​មាន​ការ​គាំទ្រ​ទាំងអស់គ្នា។ ​ថ្ងៃនេះ​គឺជា​ក្ដីសង្ឃឹម​របស់ពួកយើង និង​ជា​ក្ដី​​សោមនស្ស​ធំបំផុតដែល​ CIFF នឹង​នាំ​កម្លាំង​​​នៃក្រុម​ច្នៃប្រឌិត​ទាំងអស់​ឱ្យមកជួបជុំគ្នា​ជាថ្មី​ ហើយ​​នាំមកនូវ​ភាពសប្បាយរីករាយ​នៃការ​ទស្សនា​ភាពយន្ត​​​នៅលើ​ផ្ទាំង​សំពត់​ស​ម្ដ​ង​ទៀត។ ឆ្នាំទី១១ នេះ ​នឹងដើរ​តួសំខាន់​មួយ​​ក្នុង​ការ​បញ្ឆេះម៉ាស៊ីន ​របស់​ឧស្សា​ហ​កម្ម​​ភាពយន្ត​ជាថ្មីម្ដងទៀត»។

លោក ជា សុភាព ​នាយកមជ្ឈមណ្ឌលធនធានសោតទស្សន៍​បុប្ផាណា ផ្ដល់បទសម្ភាស​ពី​មហោស្រព​ភាពយន្ត​​អន្តរជាតិកម្ពុជា។ សហការី

លោក​ក៏​បាន​រំឭក​ពី​ប្រវត្តិ​នៃ​ការ​រៀបចំ ​កម្មវិធី​​មហោ​ស្រព​​ភាព​យន្ត​អន្តរជាតិកម្ពុជា​ (CIFF)​ ដែរ​ថា៖ «​CIFF​ចាប់​កំណើត​​​ឡើង​កាលពី ១២ ឆ្នាំមុន​គឺ​នៅពេល​ ដែល​ឧស្សាហកម្ម​ភាពយន្ត​ ទើបតែ​នឹង​ចាប់​ផ្ដើម​​​​ជាមួយ​នឹង​ការ​បង្កើត​​​មជ្ឈមណ្ឌលបុប្ផាណា ដែល​ជា​អង្គការភាពយន្ត​តែ ១ ​គត់​ នៅកម្ពុជា និង​កា​រ​​​បង្កើត​​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ និង​ការទទួល​ថតភាព​យន្ត​បរទេស ​នៅកម្ពុជា​ (CFC)។ នេះជាចំណុច​ចាប់​ផ្ដើម​ ​ដែលនាំ​ឱ្យ​​មាន​​ការ​បើក​​រោងភាពយន្តទំនើបៗ​ ការ​បំផុស​យុវជន​កម្ពុជា​​រាប់រយនាក់ ឱ្យចូលរួម​ក្នុង​វិស័យ​ភាព​យន្ត និង​ផ្ដល់​​ឥទ្ធិពលដោ​យ​ផ្ទាល់ ​ក្នុង​ការទាក់ទាញ​ក្រុម​ថត​ភាពយន្ត​បរទេស​មក​កម្ពុជា»។​​

លោក ជា សុភាព ​នាយកមជ្ឈមណ្ឌលបុប្ផាណា មាន​ប្រសាសន៍​ថា៖ ​«ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​បាន​​ប៉ះ​ពាល់​​​យ៉ាងខ្លាំង​ ដល់វិស័យភាពយន្ត​នៅកម្ពុជា ​ក៏ដូចជា​ទូទាំងពិភពលោក​ផង​ដែរ។ នៅ​កម្ពុជា​ ​​សកម្ម​ភាព​វប្ប​ធម៌ និងភាពយន្ត​ត្រូវបាន​បិទ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​រឹតត្បិត​អស់​ពេល​​ជិត ២ ឆ្នាំ។ ដូច្នេះយើ​ងពិត​ជារីករាយ​ណាស់ ដែ​​ល​អាច​នាំយក​​ព្រឹត្តិការណ៍​ភាពយន្តដ៏​ធំបំផុត​មួយ​​​នេះ​​​នៅ​​កម្ពុជា មកបង្ហាញ​​ឡើង​វិ​ញ​​នៅ​ឆ្នាំនេះ»។​

នៅ​​​ខែមិថុនា ឆ្នាំ២០២២​​ ខាង​មុខ​នេះ ​រោងភាពយន្ត​នៅ​កម្ពុជា ​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើកទ្វារ​ឡើង​វិញ​​បន្ទាប់​ពី​ការ​បិទ​​អស់ ២ ឆ្នាំ ដោយ​អាច​ឱ្យ​ទទួល ​អ្នកទស្សនា​តែ ៥០% ប៉ុណ្ណោះនៃ​ចំនួន​កៅអី​ក្នុង​​រោង​ភាពយន្ត។ ប៉ុន្តែ​បន្ទា​ប់​​ពី​​មាន​កិច្ចប្រឹងប្រែងពី​រដ្ឋាភិបាលកម្ពុជា ​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ នៅដើម​ខែឧសភា សំណើ​សុំ​របស់​​​​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​ ដើម្បីឱ្យរោងភាពយន្ត​​ អាច​​​ដំណើរ​ការទទួល​ទស្សនិកជន​បាន ១០០% ដូច​​ធម្មតាឡើងវិញ​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អនុ​ម័ត​​​​យល់ព្រម។​

លោក Cedric Eloy បាន​​​កត់សម្គាល់​​ថា៖ ​«ការរៀបចំ ​CIFF តែងតែ​មានឧបសគ្គ​ ត្រូវ​​ជម្នះ​​​​ជានិច្ច​ ហើយ​​មិន​អាច​​ទៅរួចទេ​ ប្រសិនបើ​គ្មានការគាំទ្រ និងការស្រឡាញ់​របស់​ក្រុម​ការ​ងារ ​​ដៃ​គូសហការ​ មិត្ត​​ភក្តិ និងស្ថាប័ន​​ទាំង​​ឡាយ ​ដែល​បាន​ផ្ដល់​កម្លាំងចិត្ត​​ដល់ពួកយើង ​តាម​រយៈ​ការគាំទ្រ​ការជួយ និង​ការ​ណែនាំ​ផ្សេងៗ ដើម្បី​បង្កើត​​​ព្រឹត្តិការណ៍​ ដ៏ពិសេស​មួយនេះ ​សម្រាប់​ប្រទេស​​​កម្ពុជា និង​​ប្រជា​ជនកម្ពុជា ហើយកម្ម​វិធី CIFF កាន់​តែ​​ពេញ​និយម​ឡើងៗ ពី​មួយ​ឆ្នាំ​​ទៅ​មួយឆ្នាំ ​​ប៉ុន្តែ​​​​​យើង​​​នៅតែត្រូវការកិច្ចគាំទ្រ​បន្ថែម ​ខណៈពេល​​កម្ម​​វិ​ធីនេះ​ កាន់​តែ​រីកធំ​ឡើងៗ។ អាស្រ័យ​ហេតុនេះ យើង​​អំពាវនាវ​​ដល់​បណ្ដា​ក្រុម​ហ៊ុន​ ស្ថាប័ន​មូល​និធិ​ផ្សេងៗ​​ ដែល​​ចាប់​​អារម្មណ៍​​ចូលរួម​ចំណែក ​​ជួយពួក​យើង​​ធ្វើ​ឱ្យ CIFF អាចវិលមកវិញបាន​នៅឆ្នាំនេះ»។

​អ្វី​​​​​​​កាន់​តែ​មាន​ភាព​អស្ចារ្យក្នុង​កម្ម​វិធី​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា ​ឆ្នាំ​ ២០២២ នេះគឺ ​​នៅ​​​លើ​ផ្ទាំង​​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ CIFF លើក​ទី​១១ ឆ្នាំនេះ​ គឺគេ​បាន​យកតាមផ្ទាំងគំនូរដើម​របស់វិចិត្រករ​ស្ត្រី​ មក​ពី​​ខេត្ត​បាត់​ដំបង ​​អ្នកស្រី​​ ខ្ចៅ ទូច ​មានចំណងជើងថា «JUST BORN​»៕​

លោក Cedric Eloy (ឆ្វេង) នាយកកម្ម​វិធី​ CIFF ក្នុង​សន្និសីទសារព័ត៌មានកម្ម​វិធី​​​​មហោ​ស្រព​ភាព​​យន្ត​អន្តរជាតិកម្ពុជា​​។ សហការី