​ភ្នំពេញៈ ក្រៅពី​មាន​ឆន្ទៈ​ខិតខំ​បណ្តុះបណ្តាល​ជំនាញ​របាំ​បុរាណ របាំ​ប្រជាប្រិយ​ល្ខោនខោល និង​របាំ​បុរាណ​នានា ដល់​យុវជន​ឥតគិតថ្លៃ​មាន​ច្រើន​ជំនាន់​មក​នោះ ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ និង​របាំ​បុរាណ​ជំនាន់​ថ្មី ក៏​នៅ​តែ​បន្ត​រៀបចំ​ពិធី​សំពះ​គ្រូធំ​ប្រចាំឆ្នាំ​ដដែល ដើម្បី​ផ្សព្វ​ផ្សាយ​ការយល់ដឹង​ពី​កេរ​មរតក​វប្បធម៌​ពី​ដូនតា ដែលជា​ទំនៀម​​ទម្លាប់​ប្រពៃណី​របស់​ខ្មែរ​។​

​ពិធី​សំពះ​គ្រូធំ​ប្រចាំឆ្នាំ​នៃ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​ក្រុម​របាំ​បុរាណ​ជំនាន់​ថ្មី នឹង​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ​២៩ ខែ ឧសភា ឆ្នាំ ​២០២២ នេះ ក្នុង​សាល​នៃ​ទីស្នាក់ការ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​​ជ្រោយចង្វារ នៅក្នុង​រាជធានី​​ភ្នំពេញ​។

លោក ហង់ ភូមិរ៉ា ជាគ្រូ​របាំ​បុរាណ ក្នុង​តួ-​អង្គជា​ «យាយកន្តែរ៉ែ»​​​។ រូបថត ហ្វេសប៊ុក​

​បើតាម​សេចក្តី​ប្រកាសជូន​​ដំណឹង​ពី​គេហទំព័រ​នៃ​ក្រុម​សិល្បៈ​យុវជន ល្ខោនខោល និង​របាំ​ជំនាន់​ថ្មី បានឱ្យដឹងថា កម្មវិធី​សំពះគ្រូ​ធំ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង នា​ចុងខែ​ឧសភា ឆ្នាំ ​២០២២ ​នេះ​គឺជា​ការ​ក្រាប​បង្គំ​​ទូលថ្វាយ និង​គោរព​ជូន​ដល់​បងប្អូន​ប្រិយមិត្ត ដែល​ស្រឡាញ់​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ទាំង​​អស់ សូម​ចូលរួម​ឧបត្ថម្ភ​គាំទ្រ សម្ភារ​ក្តី​ជា​ថវិកា​ក្តី តាម​​សន្តាន​ទឹកចិត្ត ដើម្បីឱ្យ​ការ​​រៀបចំ​ពិធី​សំពះ​គ្រូធំ​ប្រចាំឆ្នាំ​ ២០២២ នៃ​ក្រុម​សិល្បៈ​យុវជន​​ល្ខោន​​ខោល និង​ក្រុម​របាំ​​បុរាណ​ជំនាន់​ថ្មី https://www.facebook.com/ 2249348741991434/videos/409540627665015 ប្រារព្ធ​ធ្វើឡើង​ប្រកបដោយ​ភាព​ឱឡារិក​។​

​ជា​ប្រធាន​ក្រុម និង​ជា​គ្រូរបាំ​នៃ​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល និង​របាំ​ជំនាន់​ថ្មី លោក ហង់ ភូមិ​រ៉ា មាន​វ័យ ៣៣ ​ឆ្នាំ ដែល​ក្នុង​ស្រទាប់​យុវវ័យ និង​មហាជន​ភាគច្រើន​បាន​ស្គាល់​លោក នៅក្នុង​តួអង្គ​របាំ​ទម្រង់​ល្ខោន​​ខោល​ជា​តួយក្ស តួ​ស្វា និង​ជាពិសេស​តួអង្គ «​យាយ​កន្តែរ៉ែ​» នាពេល​រៀបចំ​ពិធីបុណ្យ​ភូមិ​នោះ​បង្ហើប​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​គោលបំណង​នៃ​ការបន្ត​រៀបចំ​ពិធី​សំពះគ្រូ​នេះ​ថា​៖ «​គោល​​បំណង ចង់បង្ហាញ​ពិធី​សំពះគ្រូ​ល្ខោនខោល របាំ​បុរាណ និង​ទម្រង់​សិល្បៈ​បុរាណ​នានា​​ដែលជា​ការចូលរួម​ថែរក្សា​នូវ​មរតក​វប្បធម៌​ដូនតា ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ និង​មហា​​ជន​ទូទៅ ឱ្យបាន​ស្វែងយល់​​ដឹង​ទម្រង់​សិល្បៈ​បុរាណ​នេះ​។ ពិធី​សំពះគ្រូ​នេះ ប្រសិនបើ​យើង​មិន​រៀបចំ​ធ្វើ ហើយ​​បង្ហាញ​ជា​សាធារណៈ​ទេ យូរៗ​ទៅ​អាច​នឹង​បាត់បង់​ទំនៀម​ទម្លាប់​ពី​បុរាណកាល​មក​»​។​

​លោក ហង់ ភូមិ​រ៉ា ក៏​បន្ត​ឱ្យដឹងពី​ចំនួន​សិស្សសិល្បៈ​ចូល​​រួម និង​បែបបទ​នៃ​ការធ្វើ​ពិធី​​សំពះគ្រូ​ពី​បុរាណ​មក​ថា​៖ «​កម្មវិធី​សំពះគ្រូ​នៅ​ថ្ងៃទី​ ២៩ ខែឧសភា​នេះ បើតាម​គម្រោង​នោះ​យើង​នឹងមាន​សិស្ស​​សិល្បៈ​ទាំងអស់​មកពី​តំបន់​នានា​ទាំង​ក្រុង និង​ខេត្ត អាចមាន​ប្រមាណ​ជិត ៥០០ ​នាក់ មក​ចូលរួម​។ ដោយ​យើង​មាន​ទីធ្លា​ធំ​ទូលាយ អាច​រៀបចំ​តាម​គន្លង​ថ្មី​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​។ ពិធី​សំពះគ្រូ​នេះ បើ​ធ្វើតាម​ទំនៀម គឺអាច​មាន​រយៈ​​ពេល​យូរ​ម៉ោង ដោយសារតែ​​មាន​ចម្រៀង ៣៣ ​បទ​ឯណោះ ដើម្បី​ច្រៀង​ថ្វាយ​រំឭក​អញ្ជើញ​ដល់​គ្រូធំ​នៃ​សិល្បៈ​បុរាណ​គ្រប់​ទម្រង់​។ តែ​ពេល​បច្ចុប្បន្ននេះ ខ្ញុំ​ឃើញ​គេ​ធ្វើ​កាត់ៗ ហើយ​មាន​ចម្រៀង​តែ ៣-៤ ​បទ​ប៉ុណ្ណោះ​។​

លោក ហង់ ភូមិរ៉ា នាពេល​បង្ហាត់​ទម្រង់​សិល្បៈ​បុរាណ​ដល់​សិស្ស​រាប់រយនាក់​។ រូបថត ហ្វេសប៊ុក​

​ដោយ​មើលឃើញ​ពី​តម្លៃ​នៃ​សិល្បៈ និង​ចង់ឱ្យមាន​ការរីក​​ចម្រើន​បន្ត​ដល់​ក្មេង​ជំនាន់​​ក្រោយ​នោះ ទើប​ជំរុញ​ឱ្យ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី ប្រកាស​បន្ត​ពី​ឆន្ទៈ​ខ្លួន​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​នៃ​ទម្រង់​សិល្បៈ​របាំ​​បុរាណ របាំ​ប្រជាប្រិយ ល្ខោន​​ខោល និង​របាំ​ប្រពៃណី​ទំនៀម​​ទម្លាប់​ទៅដល់​យុវជន​គ្រប់​ស្រទាប់​ឥតគិតថ្លៃ បាន​ចំនួន​​ប្រមាណ​ជាង ១០ ​ជំនាន់​មកហើយ​ចាប់តាំងពី​ឆ្នាំ​ ២០១៩ មក​នោះ​។ ហើយដោយ​សារ​មាន​ទីកន្លែង​ទូលាយ​សម្រាប់​បង្ហាត់បង្រៀន និង​មិន​ប្រកាន់​វ័យ​នោះ ទើប​ទទួល​ការចាប់​​អារម្មណ៍​ពី​សិស្ស​ច្រើន​។​

​លោក ហង់ ភូមិ​រ៉ា ក៏​ធ្លាប់បាន​ឱ្យដឹងពី​ការខិតខំ​បើក​ឱ្យមាន​នូវ​ក្រុម​សិល្បៈ​យុវជន​​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី ដ៏​លំបាក​នេះ​ផងដែរ​ថា​៖ «​សិល្បៈ​ទម្រង់​បុរាណ​នេះ យើង​ពិតជា​មិនអាច​បង្ខំ ឬ​ដាក់​កំណត់​ដល់​យុវជន​ឡើយ​គឺ​យើង​ចង់បាន​អ្នកមាន​ទឹកចិត្ត​ស្រឡាញ់ ហើយ​ចង់​ហាត់រៀន​របាំ​នានា ដែលជា​មរតក​របស់​ខ្មែរ​ពី​បុរាណ ហើយ​ការរៀន​នេះ យើង​មិន​បានគិត​ប្រាក់​ឡើយ ខណៈ​រូបខ្ញុំ​ផ្ទាល់ និង​ក្រុម​លោកគ្រូ​អ្នកគ្រូ​ជំនាញ​សិល្បៈ​បុរាណ​ជាច្រើន​បាន​លះបង់​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​បុព្វហេតុ​ចង់​ជួយ​បង្ហាត់​​បង្រៀន​យុវជន​ខ្មែរ ឱ្យ​ចេះដឹង​ពី​វប្បធម៌​ខ្លួន​»៕