ភ្នំពេញ៖ ព្រះតេជគុណញាណនីបកោ នួន ចន្ទតារា ព្រះចៅអធិការវត្តមង្គលវ័ន នៅ​សហរដ្ឋ​អាមេរិក បាន​ផ្តួចផ្តើមគំនិត​រៀប​ចំពិធីបុណ្យផ្កា​ប្រាក់​សាមគ្គី ដើម្បី​កៀរគរ​ថវិកា​ពី​ពុទ្ធបរិស័ទ​ទាំង​ក្នុង​​ស្រុក​ និ​ងក្រៅស្រុកសម្រាប់​ជួល​ជុ​ល​ដំបូល​ព្រះវិហារនៅវត្ត​ពោធិរោង​ស្ថិត​នៅភូម​ពោធិរោង ឃុំព្រះបាទជាន់ជុំ​ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​ជា​កន្លែង​ព្រះ​អង្គ​បាន​បួស​រៀន ​តាំង​ពី​ឆ្នាំ ១៩៩៥ ដោយ​​ព្រះ​តេជគុណ​មាន​សង្ឃដីកា​ថា ការ​ជួស​ជុល​នេះ ​ត្រូវ​ធ្វើ​ឡើ​ង​ជា ​៣ ដំណាក់​កាល ដោយ​គ្រោង​​ចំណាយ​ថវិកា​ជាង​ ២០ ​ម៉ឺន​​ដុល្លារ​​អាមេរិក។

ដោយមានស្រុកកំណើត នៅភូមិ​ពោធិរោង ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ​យុវជន​ដែល​ចូល​ចិត្តដើរ​លេងសប្បាយ នួន ចន្ទតារា បាន​សម្រេច​​​ចូល​សាងផ្នួស​ជា​សាមណេ នៅ​វត្តពោធិគិរីវង្សា ហៅវត្តពោធិរោង នៅ​​ថ្ងៃទី ​១២ ខែវិច្ឆិកា​ឆ្នាំ ១៩៩៥ ក្នុងជន្មាយុ ​១៧ ​ឆ្នាំ និង​​បាន​​បំពេញឧបសម្បទាចារ្យ នៅថ្ងៃទី​ ៧ ខែ​មេសា ឆ្នាំ​ ១៩៩៩ ហើយមាន​នាមប្បញ្ញត្តិ​ថា ជាញាណ​ទិកោ នួន ចន្ទតារា បន្ទាប់ពី​ព្រះអង្គ បានទៅសិក្សា​បន្ថែម នៅ​វត្តកល្លក​ព្រឹក្ស​ជង្រុក ​ខេត្ត​កំពង់ស្ពឺ ក្នុងឆ្នាំ​ ១៩៩៦ ព្រម​ទាំង​វត្ត​​អង្គចង្អរ ខេត្តតាកែវ នៅឆ្នាំ​ ១៩៩៨ និង​​វត្ត​បល្ល័ង្ក ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ ​១៩៩៨។

បន្ទាប់ពី​ទទួល​បាន​នាមប្បញ្ញត្តិ​ថា ជាញាណ​ទិកោ នួន ចន្ទតារា ស្ថិត​នៅ​ភូមិរោង​ឃុំព្រះបាទជាន់ជុំ​នេះហើយ ព្រះអង្គ បាននិមន្តចាកចេញពីស្រុកកំណើត ដើម្បី​ទៅសិក្សាបន្តនៅ​រាជធានីភ្នំពេញ ដោយ​គង់នៅ វត្តនន្ទមុនី រហូត​ដល់​ឆ្នាំ ​២០០០ រួច​បន្ត​ទៅគង់នៅ​វត្ត​ប្រជុំ​សារនគរខ្សុំ នៅកៀន​ស្វាយ ក្នុង​ឆ្នាំ ​២០០១ មុនពេល​ព្រះតេជគុណ​ វិល​មក​គង់​នៅ​​វត្ត​លង្កា ហើយ​នៅថ្ងៃទី​ ១៣ ខែកញ្ញាឆ្នាំ​ ២០១១ ព្រះអង្គ នួន ចន្ទតារា បាន​និមន្តទៅសហ​រដ្ឋ​អាមេរិក និង​​​គង់​​នៅ​​វត្តមង្គល​វ័ន ព្រម​ទាំង​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​វត្តនេះ ក្នុងនាម​ជាព្រះ​ចៅ​អធិការ​វត្ត​មង្គលវ័ន រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ។

បើទោះបីជាព្រះអង្គ នួន ចន្ទតារា មានវាសនា បានទៅគង់​នៅវត្ត​មង្គលវ័ន លើ​ទឹក​ដីដ៏ស្តុកស្តម្ភ នៃ​សហរដ្ឋអាមេរិក ប៉ុន្តែ​ព្រះតេជគុណ នៅតែ​ចងចាំ​មិន​ភ្លេច នៅគំនិតចង់​ផ្លាស់ប្តូរ​ដំបូល​ព្រះវិហារវត្តពោធិគិរីវង្សា ហៅវត្ត​​ពោធិរោង ដែលត្រូវបាន​កសាង​ឡើង ​តាំង​ពី​​ឆ្នាំ១៩៨៣ នៅ​​ស្រុក​កំណើត​​មួយ​​នេះ ដើម្បីឱ្យ​​​ស្របទៅតាមវិន័យ និងក្រឹត្យក្រម ​នៃ​ព្រះពុទ្ធសាសនា។

ព្រះតេជ​គុណ នួន ចន្ទតារា ​បាន​​សង្ឃដីកាថា៖ ​«​ខ្ញុំព្រះករុណាអាត្មា​ភាព ​មាន​គំនិត​ចង់​ផ្លាស់​ប្តូរ​ដំបូល​ព្រះវិហារ​នេះ តាំង​ពី​នៅ​បួស​ជា​សាមណេ​ម្ល៉េះ ព្រោះបើ​យើងគិតទៅលើ​​វិន័យ និង​តាម​ក្រឹត្យក្រម ​​គេ​មិន​យក​​ការ៉ូ ដែលគេ​ដើរជាន់ ទៅ​ប្រក់​ធ្វើ​​ជា​ដំបូល​ព្រះវិហារ​នោះទេ គឺ​​ជា​រឿង​មួយ ដែលមិនត្រូវ អ៊ីចឹងទើបអាត្មា មានឆន្ទៈតាំងពីបួស​ហើយ រហូតមក​ដល់​បច្ចុប្បន្ន ហើយ​ឥឡូវនេះ​ ក៏មាន​ឱកាស​ប្រមូលចាស់ទុំ ពុទ្ធបរិស័ទ និងព្រះសង្ឃគង់នៅ​វត្តនេះ ដើម្បី​មក​ធ្វើ​ការងារ​នេះ ដោយយើងបានសុំច្បាប់គ្រប់​គ្រាន់ ទៅកាន់អាជ្ញាធរ ព្រមទាំង​​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ធ្វើដំបូលព្រះវិហារ​នេះ»។

ជាមួយ​ទឹកចិត្តចង់ចូលរួមចំណែកជួយអភិវឌ្ឍ​ព្រះវិហារ នៅស្រុកកំណើត ដែល​ជា​កន្លែងព្រះអង្គបាន​​បួសរៀន​នេះ ព្រះតេជគុណញាណទិកោ នួន ចន្ទតារា បាន​ផ្តួច​ផ្តើម​គំនិត​រៀបចំ​ពិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី ​កាល​ពីថ្ងៃ​ទី ២២-២៣ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​កៀរគរ​ថវិកា សម្រាប់​​ជួស​ជុល​ដំបូល​ព្រះវិហារវត្តពោធិរោង​នេះ ដែល​ប្រក់​ពី​ការ៉ូ ទៅ​ជា​ប្រក់​ក្បឿង​វិញ ហើយ​ពិធីនេះ​​មាន​ការ​​ចូល​រួម​ពី​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​​ជាច្រើន ព្រមទាំង​​អ្នក​មក​ពី​ភ្នំពេញ ផងដែរ។

ព្រះតេជគុណ នួន ចន្ទតារា បាន​សង្ឃដីកា​បន្ថែម​ថា៖ «ក្នុង​នាម​អាត្មា​ជា​ព្រះសង្ឃ បាន​ប្រមូល​​អ្នក​​ភូមិ​ស្រុក ជាពិសេស​កូនចៅលោកតានុប និង​យាយមុំ ព្រោះ​នៅ​ក្នុងស្រុក​គិរីវង់ ជា​ពិសេស​​នៅ​​ភូមិ​​ពោធិរោង ភូមិ​ជ្រោយ និងភូមិ​​ព្រៃធំ គឺសុទ្ធតែជាកូនចៅ​របស់គាត់​ទាំងអស់ អ៊ីចឹង​ហើយ​ពួកគាត់ ​មាន​ភាព​​សស្រោក​សស្រាំ ក្នុង​ការ​​ចូលរួម ដូចជា​នៅថ្ងៃបុណ្យផ្កា​នេះ​ជា​ដើម យើង​មាន​អង្គផ្កាមកពី​សហរដ្ឋអាមេរិក​ផង អូស្រ្តាលី​ផង ភ្នំពេញ​ផង ព្រម​ទាំង​ពុទ្ធ​បរិស័ទចំណុះ​ជើង​​វត្ត​​ផង និង​មកពី​គ្រប់ទិស​ទី​ផ្សេងៗទៀត»។

យ៉ាងណាក៏ដោយ ថវិកា ដែលទទួលបាន​តាម​រយៈពិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ នៅ​មិន​ទាន់​​​​គ្រប់​គ្រាន់​នៅឡើយទេ ព្រោះ​ព្រះតេជគុណ នួន​ ចន្ទតារា បាន​គូស​បញ្ជាក់​ថា ការ​ជួល​ជុល​ព្រះវិហារ​ខាង​លើនេះ ត្រូវ​​​ធ្វើ​ឡើង​ជា​​៣​​ដំណាក់​​កាល ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង​២០​ម៉ឺន​​​ដុល្លារអាមេរិក ហើយ​ថវិកា​ទាំងនេះ នឹង​​ត្រូវ​​ចំណាយ​ទៅ​លើ​ការ​ជួស​ជុល​ដំបូល​ព្រះវិហារ ដែល​​​​មា​ន​​​​៧០២ម៉ែត្រ​ការ៉េ ដោយ​១​ម៉ែត្រ​ការ៉េតម្លៃ៨០ដុល្លារ​, ការ​លើក​កម្ពស់​ជញ្ជាំង​ព្រះវិហារពី​ឥដ្ឋ​ ១០ ​ទៅ​ឥដ្ឋ​ ២០ ដើម្បីឱ្យកាន់តែមានភាពរឹងមាំ និងមានអាយុកាល​បានយូរ ព្រមទាំង​​ការ​លាប​ថ្នាំ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ខាង​ក្រៅ​ព្រះវិហារ និងថ្លៃជាងផងដែរ គឺ​អ្វីៗ​ត្រូវ​រុះរើ​នឹង​​​ធ្វើ​​ថ្មី​វិញទាំ​ងអស់។

ជាមួយការ​ខ្វះខាត នៅចំពោះមុខនេះព្រះអង្គ នួន ចន្ទតារា ​បានសង្ឃដីកា​ថា៖ ​«ដើម្បី​ធ្វើ​ឱ្យ​​វត្ត​របស់​យើង មាន​ភាពរីកចម្រើន និងរុង​រឿងបាន មិនមែនតែអាត្មាភាពអង្គឯង ធ្វើបាន​នោះទេ គឺ​ចាស់ទុំទាំងអស់គ្នា និង​បងប្អូនទាំងអស់គ្នា ដែល​ធ្លាប់​បាន​រៀន​សូត្រ​នៅទីនេះ ហើយ​បាន​ចាក​​ចេញ​​ទៅរស់ឆ្ងាយ ទាំង​នៅ​ភ្នំពេញក្តី និងក្រៅ​ស្រុកក្តី ត្រូវ​ចូល​រួមសាមគ្គី​គ្នា ព្រោះ​​ឱ្យ​​តែមាន​ការ​សាមគ្គី​គ្នា​ជា​កម្លាំង​ហើយ យើង​ធ្វើ​អ្វីក៏បានសម្រេច​ដែរ»។

យ៉ាង​ណា​ក៏​ដោយ ព្រះតេជគុណ នួន ចន្ទតារា ក៏បាន​សុំបិណ្ឌបាត ទៅ​ដល់​ពុទ្ធបរិស័ទ​ជិត​​ឆ្ងាយ ទាំង​អ្នក​រស់​នៅ​ក្នុង​ស្រុក និង​ក្រៅប្រទេស ឱ្យ​​ចូលរួមជា​​បច្ច័យ ទៅ​តាម​សទ្ធា ជាថវិកា​ក្តី ចូល​ការ៉េ​ក្តី និងសម្ភារ​ក្តី ដើម្បី​ទទួលបាន​អានិសង្ស ទៅ​ជាតិ​ក្រោយ ព្រោះការ​ចូល​រួមកសាង ឬ​ជួសជុល​ព្រះវិហារ​នេះ ទទួលបាន​បុណ្យ​កុសលណាស់។

ព្រះតេជគុណ នួន ចន្ទតារា បាន​បញ្ជាក់៖ «អ្នកដែល​ធ្វើ​បុណ្យកុសល ក្នុង​ព្រះពុទ្ធ​សាសនា​ ជាពិសេស​បុណ្យផ្កា​នេះ បានបុណ្យ​កុសល​ណាស់ គឺ​យើង​សន្សំ​ទ្រព្យ​​សម្បត្តិ​ទុក​សម្រាប់​​អតីត​ជាតិ​​ផង។ បើនិយាយ​ពី​បុណ្យ គឺ​ទី​​១ ​បាន​ពណ៌​​សម្បុរ​​ស្អាត​អាយុ​យឺន​យូរ​កើត​ជាង​ណាៗ​ សម្បូរ​ទ្រព្យ​ជា​ស្តេច​ចក្រ ៥០០ ជាតិ និង​​កើត​​​រហូត ដល់សម្រេច​ព្រះអរហន្ត​ទៅ​ខាង​មុខ អ៊ីចឹង​​បុណ្យ​ផ្កា​នេះ បើយើង​​ធ្វើប្រកប​​ដោយ​គុណ​ភាព និងឃើញ​ទិដ្ឋភាព​កំពុង​ជួស​ជុល​បែបនេះ ពិត​ណាស់​ថា ពុទ្ធ​បុរិស័ទជិតឆ្ងាយ​ទាំង​នៅ​​ក្នុង​​ស្រុក​ក្រៅស្រុក និង​អ្នកនៅភ្នំពេញ​ជា​ដើម ប្រាកដ​ជា​ពួក​គាត់ ​ចូល​រួមមគ្គ​ផលទៅ​តាមសទ្ធា​រៀងៗ​ខ្លួនជា​មិន​ខានឡើយ»។

ជាមួយគ្នានេះលោកតា ខេង និងលោកតា អ៊ាន ក្នុងនាមជាគណៈកម្មការអាចារ្យវត្ត​ និង​ក្នុង​នាម​ប្រជាពល​រដ្ឋ ព្រមទាំងពុទ្ធ​បរិស័ទចំណុះ​ជើង​វត្ត​ បាន​បង្ហាញ​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ព្រះតេជគុណ នួន ចន្ទតារា ដែល​បាន​ផ្តួច​ផ្តើម​គំនិត ​ក្នុង​ការ​កៀរគរ​ថវិកា សម្រា​ប់​ជួស​ជុល​ដំបូល​ព្រះវិហារនេះ ហើយលោក​តា​ទាំង២ បាន​ប្តេជ្ញា​ថា នឹង​ចូល​រួម​យ៉ាង​សស្រោក​សស្រាំ​ជាមួយ​​ព្រះតេជគុណ ​ក្នុង​ការ​កៀរគរ​ទុនសម្រាប់​ជួស​ជុល​ព្រះវិហារនេះ។

ទន្ទឹមនឹងនេះ លោកតា ក៏​បាន​ស្នើឱ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ ចូលរួម​សហការ​ក្នុង​ការងារ​នេះ​ផងដែរ ដើម្បី​ទទួលបាន​អានិសង្សរៀងៗ​ខ្លួន ក៏​ដូចជា​រួមចំណែក ក្នុង​ការ​​លើក​កម្ពស់​ព្រះពុទ្ធសាសនា ព្រោះព្រះវិហារ និង​វត្តអារាម ជាទី​ស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ ដែល​មិនអាច​ខ្វះ​បាន៕