ភ្នំពេញ​៖ សម្រិតសម្រាំង​ពី​ការ​សម្ភាស​បេក្ខភាព​ប្រមាណ​ ៥ ០០០​ នាក់ អ្នក​អង្គម្ចាស់ នរោត្តម ខែមមុនី សមាជិក​នៃ​ព្រះ​រាជវង្សានុវង្ស​កម្ពុជា នឹង​ចូល​សម្តែង​នៅ​ក្នុង​គម្រោង​ភាពយន្ត 1660 Vineប្រភេទ​ភាពយន្ត​​តន្ត្រី​នៅហូលីវូដ​នាពេលខាងមុខ។

ជាមួយ​តំណែង​តួអង្គ​ភាពយន្ត​តន្ត្រី​នេះ អ្នកអង្គម្ចាស់ព្រះជន្ម​ ២៤ ​វស្សា​រូប​នេះ ​បាន​សរសេរ​ថា លើ​បណ្ដាញសង្គម​ជាភាសា​អង់គ្លេស​ដែល​សម្រួល​ជា​ខ្មែរ​​​ថា​៖​ «អា...នេះពិត​ជា​គួរ​ឱ្យ​រំភើប​​ខ្លាំង​ណាស់។ ខ្ញុំពិត​ជា​មាន​អារម្មណ៍​ដូច​អណ្ដែតហោះហើរ និង​ជាកិត្តិយស​ណាស់​ ។ នេះ​គឺ​ជា​តួអង្គ​ដ៏​គួរ​ឱ្យ​រីករាយ។ វា​នឹង​ក្លាយ​ជា​ក្ដីសុបិនដ៏​ពិត​ៗ​​មួយ!»។

ភាពយន្ត​តន្ត្រី​ថ្មី​នេះ​នឹង​មានការ​ចូលរួម​ពី​តារាចម្រៀង Pia Toscano ពីការប្រកួត​​American Idol''s តារា TikTok លោក​ Chris Olsen និង​អ្នក​អង្គម្ចាស់ នរោត្តម ខែមមុន្នី សមាជិក​នៃ​ព្រះ​រាជវង្សានុវង្ស​កម្ពុជា នេះ​បើយោង​តាម​វេបសាយ broadwayworld.com។

អ្នកដឹកនាំ​​រឿង​ Patricia McGregor បាន​និយាយ​ថា៖ «1660 Vine ជា​ភាពយន្ត​តន្ត្រី​ពោរពេញ​ដោយភាព​រីករាយ និង​រំលេច​នូវ​សំណួរ​ស៊ីជម្រៅ​ពីអត្ថន័យ​នៃ «ការ​ពិត» នៃ​យុគសម័យ​បណ្ដាញសង្គម»។

អ្នកនាង​បាន​បញ្ជាក់ទៀត​ថា៖ «តួអង្គ​ដ៏ពោរពេញ​ដោយថាមពលរបស់យើង​​​ត្រូវបានជ្រើសរើស​ពី​ការ​សម្ភាស​​ចំនួន​ ៥០០០នាក់​ ហើយ​ពួកគេ​នឹង​ធ្វើ​ឱ្យភាពយន្ត​​រស់រវើក​តាមរយៈ​ការ​រំលេច​នូវ​គុណ​សម្បត្តិ និង​​គុណវិបត្តិ​នៃ​ការ​​តស៊ូ​សម្រេច​ក្ដីសុបិន​របស់ពួកគេ នៅក្នុង​សាច់រឿង​ដែល​ទទួល​ឥទ្ធិពល​​ពី Rent and Hamilton។ ទស្សនិកជន​របស់យើង​នឹង​ចូលចិត្ត​សមិទ្ធផល​ដែល​យើង​ធ្វើរួមគ្នាលើក​​នេះ»។

យោង​​តាម​វេបសាយ playbill.com ដំណើរ​ការ​ចម្បង​នៃការ​ថត​រឿង​នឹង​ចាប់ផ្ដើម​នៅ​​ខែមិថុនា ឆ្នាំ ២០២២ នៅ​​ទីក្រុង​ឡូស​អេនជើលេស ជាមួយនឹង​កាលបរិច្ឆេទ​ចេញបញ្ចាំង​នៅ​ខែវិច្ឆិកា ឆ្នាំ២០២២។​

វេបសាយ Variety.com បាន​បង្ហាញឈ្មោះ​តារាចម្រៀង និង​សម្ដែង Paula Abdul (American Idol, X Factor) នឹង​ធ្វើការ​ដឹកនាំ​បង្កើត​ចង្វាក់​រាំក្នុង​ភាពយន្ត​តន្ត្រី​នេះ​ផងដែរ​។

ភាពយន្ត​តន្ត្រីសម្ដែង​ដោយ Pia Toscano ពី ​​American Idol's តារា TikTok Chris Olsen និង​អ្នក​អង្គម្ចាស់ ខែមមុន្នី។

ភាពយន្ត​ 1660 Vine ត្រូវបាន​សរសេរ​ និង​ផលិត​ដោយ​ដោយ Jackson Prince និង​រួម​ជាមួយ​អ្នកនិពន្ធ​បទ​ចម្រៀង​មិន​មាន​​ឈ្មោះ​២០នាក់​ផ្សេងទៀត ក្រោម​ការណែនាំ​ពី​អ្នកគ្រប់គ្រង​តន្ត្រី David Lawrence និង Faye Greenberg (ពីស្នាដៃ ភាពយន្ត​តន្ត្រីដ៏ល្បីល្បាញ High School Musical)។

បង្កើតឡើង​ដោយ​ក្រុម​អ្នកនិពន្ធ​វ័យក្មេង​ចម្រុះ ទាំង​បទ​ចម្រៀង និង​សាច់រឿង ហាក់ថ្លាថ្លែង​ទៅ​កាន់​ស្រទាប់​​យុវវ័យ​នៃ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​។​

​ខ្សែភាពយន្ដ​នេះ​ផ្ដោត​លើ​រឿងរ៉ាវ​ជីវិត​តារាបណ្ដាញ​សង្គមប៉ុន្មាន​នាក់ ដែល​រស់នៅ​​ក្នុង​អគារ​​ផ្ទះល្វែង​ហូលីវូដ​ដ៏​ល្បី​មួយ​ដើម្បី​បន្ត​ក្ដី​សុបិន​របស់​ពួកគេ​ក្នុងការ​កសាង​ល្បីល្បាញ​លើ​អាណាចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ តាមរយៈ​ការ​បង្កើតមាតិកា Vlogs ផ្សាយផ្ទាល់ការលេងហ្គេម វីដេអូ​បង្ហាញ​បច្ចេកទេស​ផាត់មុខ ក្បាច់រាំ TikTok ចម្រៀង​ និង​វីដេអូ​បែប​លេង​ពញ្ញាក់។

ក្នុង​សាច់រឿង តារា​ ១ក្រុម​នេះ​ស្វែង​រក​អត្តសញ្ញាណ និងភាព​ខុសគ្នា​រវាង​​អ្វី​ដែល​ជាការ​ពិត និង​អ្វី​ដែល​ជា​ភាព​ប្រឌិត ក៏ដូចជា​ប្រឈម​នឹង​បញ្ហា​ជុំវិញ​​​ភាព​ល្បីល្បាញ​​ ឥទ្ធិពល​បណ្ដាញសង្គម អត្តសញ្ញាណ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។ ភាពយន្ត​នេះ​ត្រូវ​បានបំពេញ​ន័យ​ដោយបទ​ចម្រៀង​អូរីជីណល​​ជា​ច្រើន ដែល​សម្ដែង​ដោយ​តារា​​ល្បី និង​តារា​រលក​ក្រោយ។

​ប្រសូត​ក្នុង​ឆ្នាំ១៩៩៧ អ្នក​អង្គម្ចាស់ ខែមមុនី ជា​បុត្រ​ពៅ​របស់​អ្នកអង្គម្ចាស់ នរោត្តម អរុណរស្មី និង​លោក កែវ ពុទ្ធរស្មី។

ក្រោយពី​បញ្ចប់ការសិក្សា​ពី​សាលាអន្តរជាតិភ្នំពេញ អ្នកអង្គម្ចាស់ ខែមមុនី បាន​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​​លើ​វិថី​សិល្បៈ​សម្ដែង និង​បាន​បញ្ចប់ការ​សិក្សា​ពី​ American Academy of Dramatic Arts នៅ​ឆ្នាំ​ ២០១៧។

ខ្សែភាពយន្ត​ដែល​សម្ដែង​ដោយអ្នក​អង្គម្ចាស់ ខែមមុនី នេះ​នឹងត្រូវ​បានចេញបញ្ចាំង​​ជា​លើកដំបូង​នៅលើអនឡាញតាមរយៈ StreamingMusicals.com និង BroadwayOnDemand.com ជាមួយនឹង​ការចេញផ្សាយ​នៅពេល​ក្រោយ​នៅ​លើ​ប​ណ្តាញ​វីដេអូអនឡាញសំខាន់ៗ។

នៅ​ឆ្នាំ២០២០ ភាពយន្ត​តន្ត្រី​1660 Vine នឹងមានផ្ដល់​​អាជ្ញា​ប័ណ្ណ​សម្រាប់​ជា​ឆាក​តន្ត្រី​ដល់​វិទ្យាល័យ មហាវិទ្យាល័យ ក៏ដូចជា​សហគមន៍ ហើយ​​រោង​មហោស្រព​អាជីពក៏គ្រោង​សម្រាប់ការ​សម្ដែង​ទស្សនីយភាពនៅ Broadway ជា​លើកដំបូង​នៅ​ឆ្នាំ ២០២៤​​៕

​តារាចម្រៀង និង​សម្ដែង Paula Abdul (American Idol, X Factor) នឹង​ធ្វើការ​ដឹកនាំ​បង្កើត​ចង្វាក់​រាំ។ AFP