បាត់ដំបង: នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លុប​ចោល​ការ​រឹត​បន្តឹង​​​ទាំង​អស់​ប្រឆាំង​ជំងឺ​កូវីដ ១៩ ហ្វារ​សៀក​កម្ពុជា និង​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ប្រកាស​ពី​ការ​ត្រឡប់​មក​វិញ​នៃ​ការ​ប្រារព្ធ​ពិធី​សៀក​សហសម័យ​ពី​ជុំវិញ​ពិភព​លោក។

លោក អូស្មាន់​ ខាវ៉ាចា នាយក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​និយាយ​ថា៖ «​យើង​ពិត​ជា​រំភើប​ណាស់​ដែល​ហ្វារ ដោយ​មាន​ការ​គាំទ្រ​ពី​អភិបាល​ខេត្ត​​បាត់ដំបង ​អាច​រៀបចំ​ពិធី​មហោស្រព​សិល្បៈ​​​សៀក​អន្តរជាតិ ទីនេះ ទីនោះ ​​បន្ទាប់​ពី​លុប​ចោល​ការ​ប្រារឰ​​ឆ្នាំ ២០២០ ដោយសារ​ជំងឺ​រាតត្បាត។

លោក ខាវ៉ាចា ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ «​ខ្ញុំ​ជឿ​ថា ​មហោស្រព​នេះ​ភាគ​ច្រើន​រៀបចំ​​នៅ​បរិវេណ​​ខាង​ក្រៅ​ដោយ​កម្មវិធី​​ខ្លះ​ធ្វើ​ឡើង​​នៅ​លើ​ក្នុង​រោងសៀក»។

ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​រវាង​ហ្វារ​ពន្លឺ​សិល្បៈ និង​វិទ្យាស្ថាន​បារាំង​ មហោស្រព​​សិល្បៈ​​​សៀក​អន្តរជាតិ ទីនេះ ទីនោះ ​​ជា​​ព្រឹត្ដិការណ៍​នាំ​សិល្បករ​មក​ពី​កម្ពុជា ថៃ តៃវ៉ាន់ និង​​​បារាំង​សម្រាប់​​ឆ្នាំ ២០២២ នេះ។

មហោស្រព​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៣​​ ដោយ​មាន​ការ​រៀបចំ​ ១០ ​លើក​រួច​មក​ហើយ។ តាំង​ពី​ឆ្នាំ​ ២០០៨​ មក វា​ត្រូវ​បាន​រៀបចំ​ឡើង​មិន​ទៀងទាត់​​ដោយ​ហ្វារ​ ហើយ​មហោស្រព​​ចុង​ក្រោយ​​​បំផុត​​បាន​ធ្វើ​នៅ​ឆ្នាំ ២០១៦។

លោក ខាវ៉ាចា​ ​រំឭក​ថា មហោស្រព​​ដំបូង​ធ្វើ​ឡើង​តែ​នៅ​​ខេត្ត​បាត់ដំបង និង​​បាន​ពង្រីក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​​​ពេល​ហ្វារ​នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​កសាង​រួចរាល់​វា​ក៏​ត្រូវ​បាន​ប្រារឰ​​នៅ​ខេត្ត​សៀមរាប​ផង​ដែរ​​ នៅ​ក្នុង​ឆ្នាំ ២០១៤ ២០១៥ និង​ ២០១៦។

សិល្បករ​នឹង​ប្រមូលផ្ដុំគ្នា​នៅ​ក្រុង​បាត់ដំបង ដើម្បី​សម្ដែង និង​បើក​កិច្ចសន្ទនា​ប្រកបដោយ​ផលិតភាព។ រូបថត Oyen Roadriguez

នៅ​ឆ្នាំ​ ២០១៨​ វា​ត្រូវ​បាន​លុប​ចោល​​​ដោយសារ​តែ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ហើយ​​មហោស្រព​នេះ​ត្រូវ​បាន​គ្រោង​ម្តង​ទៀត​នៅ​ឆ្នាំ​ ២០២០ ​​ប៉ុន្តែ​​នៅ​ពេល​វីរុស​ថ្មី​បាន​វាយ​ប្រហារ​ពិភព​លោក វា​បណ្តាល​ឱ្យ​ព្រំដែន​​អន្តរជាតិ​ទាំង​អស់​បិទ និង​ថែម​ទាំង​មាន​ការ​បិទ​ខ្ទប់​នៅ​​ទូទាំង​ប្រទេស។

កម្មវិធី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​សិល្បករ​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ក្រុង​បាត់ដំបង ដើម្បី​សម្តែង និង​បើក​កិច្ច​សន្ទនា​ប្រកប​ដោយ​ផលិតភាព​ជាមួយ​សិស្ស​សៀក​ជាមួយ​ការ​បំផុស​ឱ្យ​ពួក​គេ​​បន្ត​ក្តី​សុបិន​តាម​វិស័យ​សិល្បៈ។

លោក ខាវ៉ាចា​ និយាយ​ថា៖ «​ការ​រៀបចំ​​​មហោស្រព​​សិល្បៈ​ គឺ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ត្រ​របស់​ហ្វារ​ ដើម្បី​នាំ​យក​សិល្បៈ​មក​ជូន​ប្រជាជន និង​ចូលរួម​ជាមួយ​សហគមន៍​ ដើម្បី​កសាង​​អត្តសញ្ញាណ​វប្បធម៌​ជុំវិញ​បេតិកភណ្ឌ​រួមគ្នា»​។

មហោស្រព​នៅ​ខេត្ត​បាត់ដំបង ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ២៩ ខែ​ឧសភា​ ដល់​ថ្ងៃទី ៣ ខែ មិថុនា​ ឆ្នាំ​ ២០២២ សម្រាប់​លើក​ទី១១ របស់​ខ្លួន​ដោយ​​បម្រើ​ជា​វេទិកា​មួយ​ដែល​សិល្បករ​អាច​​ចែករំលែក​បទពិសោធ ចូលរួម​ក្នុង​​សិក្ខាសាលា និង​សំខាន់​បំផុត​ គឺ​បំផុស​យុវជន​ចូលរួម​សហគមន៍​មូលដ្ឋាន និង​លើក​កម្ពស់​សិល្បៈ​ក្នុង​សង្គម​កម្ពុជា​នាំ​មក​នូវ​ឯកភាព និង​ការ​យល់​ដឹង​ពី​តម្លៃ​រួម។

លោក​បន្ត​ថា៖ «​យើង​សង្ឃឹម​ថា មហោស្រព​​បែបនេះ​នឹង​លើក​មុខ​មាត់​​ខេត្ត​បាត់ដំបង ​​ជា​មជ្ឈមណ្ឌល​សិល្បៈ​ច្នៃប្រឌិត និង​វប្បធម៌​របស់​​កម្ពុជា»។

លោក​ថា បាត់ដំបង​ជាទី​ក្រុង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​មហោស្រព​សិល្បៈ​ដោយសារ​ទំហំ​ធំ​នៃ​ខេត្ដ​ ភាព​ច្នៃ​ប្រឌិត និង​ចំនួន​សិល្បករ​​ច្រើន​។ លោក​សង្ឃឹម​ថា មហោស្រព​សិល្បៈ​សៀក​ នេះ​អាច​ជួយ​ខេត្ត​បាត់ដំបង ​ទទួល​បាន​ងារ​​ប្រវត្តិសាស្ត្រ​ជា​មជ្ឈមណ្ឌល​សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា។

បូក​បញ្ចូល​ទាំង​ការ​ផ្លាស់ប្តូរ​មតិ​យោបល់​​សិក្ខាសាលា​សៀក​ទាំង​អស់ ពិធី​​ដង្ហែ​អាយ៉ង និង​សៀក​កម្មវិធី​សម្ដែង​ និង​ការ​ប្រគំ​តន្ត្រី​មាន​សិល្បករ​ប្រហែល ១៥០ ​នាក់​ចូលរួម។

​សិល្បករ​ប្រហែល ១៥០ នាក់​នឹ​ង​ចូលរួមមហោស្រព​នេះ។ រូបថត Jeremie Montessuis

មហោស្រព​រយៈពេល​ ៦ ថ្ងៃ​ នឹង​មាន​ការ​សម្ដែង​​សៀក​ផ្សេងៗ​​រៀងរាល់​ល្ងាច​នៅ​សាខា​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ដែល​លើស​ពី​នេះ​អ្នក​នឹង​អាច​ចូលរួម​ជាមួយ​សកម្មភាព​សិល្បៈ​ទស្សនា​ការ​សម្តែង​ដោយ​ឥត​គិត​ថ្លៃ និង​ភ្លក្ស​រសជាតិ​អាហារ​ក្នុង​ស្រុក។

ឆ្នាំ​នេះ ដោយសារ​មាន​ពេល​តិចតួច​ និង​ទាមទារ​ការ​ឧបត្ថម្ភ​ធំ​​សម្រាប់​ការ​រៀបចំ​នៅ​​ទីក្រុង​ចំនួន​ ៣ កម្មវិធី​មាន​តែ​នៅ​ខេត្ត​បាត់ដំបង​​​​ទេ​​។

ហ្វារ​ បាន​ឱ្យ​ដឹង​​ថា វា​ជា​ឱកាស​ដ៏​ស័ក្តិសម​ក្នុង​ការ​ទទួល​ក្រុម​សិល្បៈ និង​​ក្រុម​អន្តរជាតិ​ម្តង​ទៀត ដោយ​លើក​ទឹកចិត្ត​ភ្ញៀវ​ទេសចរ​ឱ្យ​ត្រឡប់​មក​ខេត្ត​បាត់ដំបង​វិញ។

មហោស្រព​សិល្បៈ​សៀក​អន្ដរជាតិ​ទីនេះ ទីនោះ ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី ២៩ ខែឧសភា ជាមួយ​នឹង​ពិធី​​ដង្ហែ​អាយ៉ង និង​ការ​សម្ដែង​​សៀក​ទូទាំង​ទី​រួម​ខេត្ត​បាត់ដំបង។

ការ​ប្រារឰ​នេះ​នឹង​បិទ​នៅ​ថ្ងៃ​សុក្រ ​ទី ៣ ខែ​មិថុនា ជាមួយ​នឹង​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​ ដែល​សម្ដែង​ដោយ​ក្រុម​តន្ត្រីករ Hip Hop និង Alternative Music Label Klapyahandz​។​

មហោស្រព​សិល្បៈ​​សៀក​អន្តរជាតិ ទីនេះ ទីនោះ ​​នឹង​ប្រារឰ​ឡើង​រៀង​រាល់ ២ ឆ្នាំ​ម្តង (បន្ទាប់​នៅ​ឆ្នាំ ២០២៤) ឆ្លាស់​គ្នា​ជាមួយ​នឹង​មហោស្រព​សិល្បៈ ​S''Art Urban Art Festival ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយហ្វារ​ក្នុង​ឆ្នាំ​ ២០១៩ ​ជាមួយ​​នឹង​ការ​រៀបចំ​បន្ទាប់​​នៅ​​ឆ្នាំ ២០២៣។

ប្រជាពលរដ្ឋ​អាច​កក់​សំបុត្រ​បាន​តាម​រយៈ reservations@phareps.org ឬ​លេខ​ទូរស័ព្ទ ០៧៧/៩៣ ៥៥៤ ៤១៣។

ព័ត៌មាន​បន្ថែម​អំពីហ្វារ​មាន​នៅ​គេហទំព័រ http://www.phareps.org ឬ​ទំព័រ​ហ្វេសប៊ុក @phareponleuselpak៕