ភ្នំពេញៈ​ ក្រោយ​វិល​ត្រឡប់​ពី​រៀន​ជំនាញ​សិល្បៈ​ភាពយន្ត​​នៅ​ប្រទេស​បារាំង​ និង​បាន​ប្រឡូក​​ការងារ​​អាជីព​​សិល្បៈ​​​​ចម្រុះ​ដូចជា​ធ្វើ​ជា​គ្រូ​​បង្រៀន​សិល្បៈ​គំនូរ និង​គំនូរ​ជីវចល​នៅ​ឯ​សាលាហ្វារ​ពន្លឺ​​សិល្បៈ​​ រួម​ផ្សំ​នឹង​កង្វះ​ខ្វះខាត​ធនធាន​ផ្ទាល់​ខ្លួន​នោះ ទើប​បាន​ជំនាញ​ជា​ក្តី​ស្រឡាញ់​ធំ​​លើ​វិស័យ​ផលិត​​​​ភាពយន្ត​ត្រូវ​បាន​ដំអក់ ហើយ​សន្សំ​ចិត្ត​រង់ចាំ​រហូត​​​ដល់​ជាង ១០ ឆ្នាំ ​ទើប​បាន​ចាប់​ផ្តើម​ដំណើរការ។

នាពេល​ថ្មីៗ​នេះ គេ​ឃើញ​បុរស​​​មាន​ជំនាញ​សិល្បៈ​​​ចម្រុះ​ ដែល​ជា​កូន​ចៅ​អ្នក​រស់នៅ​​ខេត្ត​បាត់ដំបង ​មាន​​ភិន​​ភាគ​​នៃ​មុខ​មាត់​ស្រដៀង​​គ្នា​​​នឹង​​​កីឡាករ​ប្រដាល់​លំដាប់​ពិភព​​លោក ជា​ជនជាតិ​ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ ឬ​​​ធ្លាប់​មហាជន​ប្រសិទ្ធ​នាម​ថា «​ម៉ានី ប៉ាក់គីអៅខ្មែរ» ខណៈ​​ឈ្មោះ​​ពិត លោក ប៉ោយ ឈុនលី បង្ហើរ​សារ​​តាម​​​​ហ្វេសប៊ុក​បែប​ចម្លែក​ស្តីពី​​សកម្មភាព​ការងារ​​ប្រចាំ​ថ្ងៃ​ដែល​​​​​លើស​​​ម៉ោង​ ក៏​ព្រោះ​តែ​ចង់​សម្រេច​ក្តី​ប្រាថ្នា​ធំ​របស់​ខ្លួន​។

លោក ប៉ោយ ឈុនលី បច្ចុប្បន្ន​វ័យ​ ៤១ ឆ្នាំ ​បង្ហើប​​ថា៖ «ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចុះ​ថត​នៅ​ទី​ជិត​​ឆ្ងាយ និង​​ពេល​យប់​កាត់​ត​គម្រោង​​ក្នុង​ស្ទូឌីយោ តូច​មួយ​នេះ​ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត​ដល់​ថ្ងៃ​ចុង​សប្តាហ៍​​ ធ្វើ​ការ​ដើម្បី​សង្គម បង្រៀន​ជំនាញ​តែង​និពន្ធ​នៅ​វត្ត​ពោធិ​វាល ​ដល់​ព្រោះ​សង្ឃ និង​យុវជន ព្រោះ​​ជា​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​តែ​ម្តង​។ ធ្វើ​ការ​ ៧ ថ្ងៃ​​ ក្នុង ​១ ​សប្តាហ៍​ ១៨ ម៉ោង ​ក្នុង​ ១ ​​ថ្ងៃ​​​ ហត់​បន្តិច​​មែន តែ​ពិត​ជា​សប្បាយ​​ណាស់​​ព្រោះ​​​​បាន​ប្រើ​ពេល​​វេលា​​ដ៏​មាន​តម្លៃ​ឱ្យ​មាន​ប្រយោជន៍ បន្សល់​​ស្នាដៃ​ដល់​មនុស្ស​ជំនាន់​​​​ក្រោយ ​​ប្រទេស ១ ​ខ្លាំង ​ព្រោះ​មា​ន​​ប្រជាជន​ខ្លាំង​​រស់នៅ»។

លោក ប៉ោយ ឈុនលី ហៅ ​ម៉ានី ប៉ាក់គីអៅ​ខ្មែរ ក៏​បាន​បញ្ជាក់​​បន្ថែម​​​ពី​ក្តី​បំណង​ធំ ដែល​រូប​លោក​​បាន​សន្សំ​​​ទាំង​ចិត្ត និង​ទ្រព្យ​ធន​ទុក​អស់រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​ហើយ ​ក្នុង​​វិស័យ​សិល្បៈ​​ភាពយន្ត​ដែល​រូប​​លោក​​​​រៀន​មក​ពី​​បារាំង​ និង​ជំនាញ​ជា​ទី​​​​ស្រឡាញ់​ដ៍​​មុតមាំ​មិន​ទាន់​បាន​សម្រេច​​បំណង​​នោះ​ឡើយ ទាំង​ជា​ការ​​ផលិត​​ស្នាដៃ​ថត​កុន​ និង​ទាំង​ចង់​បង្កើត​ឱ្យ​មាន​ជា​​សាលា​បង្រៀន​ថតកុន​មួយ​​នៅ​ក្នុង​ខេត្ត​​​បាត់ដំបង​​​​ នាពេល​អនាគត​ទៀត​ផង។

លោក ប៉ោយ ​ឈុនលី បាន​បង្ហើប​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «ដោយសារ​​​ខ្វះ​ធនធាន​ ហើយ​ទម្រាំ​​​​សន្សំ​ប្រាក់​​​ទិញ​សម្ភារ​ថត​កុន​មួយ​សម្រាប់​នេះ​បាន​នោះ​​​ ខ្ញុំ​ត្រូវ​​សន្សំ​ពេល​ និង​ប្រាក់​តាំង​​ពី​ឆ្នាំ​​ ២០០៨​ មក​។ ឧបករណ៍​នេះ​ទើប​​​​បាន​​ទិញ​ នា​ដើម​ឆ្នាំ​ ២០២២​ នេះ​ គឺ១​សម្រាប់​ដែល​មាន​គុណភាព​ជា​​ខ្នាត​ល្មម។ បច្ចុប្បន្ន​​វា​ត្រូវ​បាន​ប្រើ​​សម្រាប់​​​​ការ​ផលិត​កុន​លើ​​គម្រោង​ចំនួន​​ ២ ជាបណ្តើរៗ និង​​ឆ្លៀត​ថត​សម្រាប់​ការ​ផលិត​កុន​ខ្នាត​វែង​​​​ខ្លួន​ឯង​​បណ្តើរ ដើម្បី​​ត្រៀម​យក​ទៅ​​ប្រកួត​ក្រៅ​ស្រុក»៕​