ភ្នំពេញ: សកម្មភាព​គូស​វាស​លើ​ផ្ទាំង​​ជ័រ រួច​យក​កូន​កាំបិត​សម្រាប់​ចិត​ឱ្យ​ចេញ​ជា​រូប​សត្វ ដើម​ឈើ ត្រី មុន​នឹង​យក​ទឹក​ថ្នាំ​ខ្មៅ​មក​ពាស​វាស ហើយ​​បន្ត​ដោយ​ដាក់​ក្រដាស​ដើម្បី​ផ្ដិត​​យក​រូបភាព​នេះ វា​ហាក់​ដូច គំនូរ​ខ្មៅ​​ស​​ធម្មតា។ តែ​ពេល​បាន​តាម​ដាន​​មើល​សកម្មភាព​នៃ​ការ​បង្កើត​ស្នាដៃ​ពី​សិល្បករ ម៉ន ជា ទើប​ដឹង​ថា​ វា​ខុស​គ្នា​​ពី​គំនូរ​ដោយ​​​​ជក់ និង​ថ្នាំពណ៌​ទូទៅ​ ជាពិសេស​បទពិសោធ​ពិតៗ​ដែល​សិល្បករ​ជា​ជនពិការ​ដៃ​ទាំង​ ២ នៅ​តែ​អាច​​បង្កើត​ស្នាដៃ​សិល្បៈ​យ៉ាង​ល្អ។

គំនូរ ​៣០ ​ផ្ទាំង ដែល​ជា​គំនូរ​ព្រីន​បិទ​ (Blockprint) របស់ លោក​ ម៉ន ជា ជា​​សិល្បករ​មក​ពី Open Studio Cambodia ត្រូវ​បាន​លើក​យក​មក​តាំង​បង្ហាញ​​នៅ​វិចិត្រសាល ស្រាអាត ក្រោម​ប្រធានបទ «Understanding» ឬ​ជា​ភាសាខ្មែរ «ការ​យល់​ចិត្ត​គ្នា» កាល​ពី​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ និង​បន្ត​រហូត​ដល់​ថ្ងៃទី​ ៩ ខែ​ កក្កដា ឆ្នាំ​ ២០២២​។

សិល្បករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ដំណើរ​នាំ​ឱ្យ​លោក បាត់បង់​​ដៃ​ទាំង ២ និង​នាំ​ឱ្យ​លោក​ចាប់​យក​អាជីព​ជា​សិល្បករ រួម​ទាំង​ជំនាញ​គំនូរ​កម្រ​មួយ​នេះ​។

លោក​រំឭក​ប្រាប់​ថា៖ «ខ្ញុំ​បាត់បង់​ដៃ​ទាំង ២ តាំង​ពី​ឆ្នាំ ២០១០ ដោយសារ​ខ្សែ​ភ្លើង​ឆក់​ពេល​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​កំពត។ ពេល​ថ្មីៗ យើង​ពិបាក​ទទួល​យក​ដែរ មាន​អារម្មណ៍​ថា ​ចង់​គិត​ខ្លី ប៉ុន្តែ​ដោយសារ​មាន​កម្លាំង​ចិត្ត​ពី​ឪពុក​ម្ដាយ បងប្អូន​មិត្តភក្តិ​។ ពី ១ ​ថ្ងៃ ទៅ ១ ​ថ្ងៃ យើង​ចេះ​តែ​ប្រឹង​ធ្វើ​អី​ខ្លួន​ឯង​ ផ្ដើម​ពី​ចេះ​ហូប​បាយ ស្លៀកពាក់​ខ្លួន​ឯង​​បាន និង​អាច​ធ្វើការ​ជា​អ្នក​ឃ្វាល​​ទា​​ឱ្យ​គេ​»។

សុភមង្គលក្នុងគ្រួសារ រំលេច​តាម​រយៈ​ស្នាដៃគំនូរព្រីន​បិទ​រូប​សខ្មៅ។ រូបថត សហការី

លោក​បាន​បន្ត​ថា​៖ «ថ្ងៃ​មួយ​ ឆ្នាំ ២០១៥​ បុគ្គលិក​មក​ពី​អង្គការ Epic Arts គេ​ជ្រើសរើស​បងប្អូន​ជនពិការ ឬ​​មិន​ពិការ ដែល​ស្ម័គ្រ​ចិត្ត​ចង់​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល ហើយ​គេ​ក៏​មក​​សួរ​ខ្ញុំ​ដល់​ផ្ទះ​។ ពី​ដំបូង​ខ្ញុំ​មិន​នឹក​ឃើញ​ថា យើង​អ្នក​ពិការ​អ៊ីចឹង​អាច​ទៅ​រាំ​ទៅ​គូរ​គំនូរ​អី​អ៊ីចឹង​បាន​ទេ តែ​គេ​លើក​ទឹក​ចិត្ត​ឱ្យ​យើង​សាកល្បង បើ​ធ្វើ​អត់​កើត​ចាំ​ឈប់​វិញ​ក៏​បាន​ដែរ»​។

លោក ​ជា បាន​រៀបរាប់​ថា៖ «ដល់​​ពេល​យើង​មក​ឃើញ​បងប្អូន​ជន​ពិការ​ច្រើន មាន​អ្នក​ខ្លះ​ពិបាក​ជាង​យើង​ទៀត​។ ខ្ញុំ​ក៏​មាន​អារម្មណ៍​គិត​ឃើញ​ថា យើង​ត្រូវ​មាន​ក្ដី​សង្ឃឹម​បន្ត​ទៀត​ ហើយ​ក៏​បាន​រៀន​របាំ និង​រៀន​គូរ​ចាប់​ពី​ពេល​នោះ តែ​គំនូរ​ព្រីន​បិទ ខ្ញុំ​​បាន​រៀន​នៅ Open Studio Cambodia ពេល​ប្ដូរ​មក​ចុង​ឆ្នាំ ២០១៨»។

មុន​ពេល​ពិការភាព​ កាល​ពី​នៅ​តូចៗ​​លោក​ធ្លាប់​ចាំ​បាន​ថា​ ចូលចិត្ត​ខាង​​គំនូរ​ដែរ តែ​ពេល​ធំ​ឡើង​លោក​ចេះ​តែ​ដើរ​ធ្វើការ​ ហើយ​ពេល​ជាប់​ឃ្វាល​​ទា​ឱ្យ​គេ​ លោក​ក៏​បាន​តែ​គិត​ថា បើ​សិន​ថ្ងៃ​ក្រោយ​លោក​មាន​លុយ​មួយ​​ល្មម លោក​ចង់​ចិញ្ចឹម​មាន់​ទា ឬ​លក់​ស៊ុត​ដើម្បី​ចិញ្ចឹម​ជីវិត​។ ប៉ុន្តែ​គ្រប់​យ៉ាង​ប្រែប្រួល​ពេល​លោក​បាន​ជួប​អង្គការ Epic Arts ដែល​លោក​អាច​ត្រឡប់​ទៅ​ចាប់​គំនូរ​ឡើង​វិញ ហើយ​វា​បាន​ក្លាយ​ជា​ក្ដី​ស្រមៃ​មួយ​ ដែល​លោក​ចង់​បន្ត​ធ្វើ​វា​។

ស្នាដៃ​របស់​លោក​ធ្លាប់​​បាន​ចូលរួម​ពិព័រណ៍​រួម​នៅ​បារាំង អាមេរិក និង​ធ្លាប់​ធ្វើ​​ពិព័រណ៍​ទោល ៣ ​ដង​ ទាំង​នៅ​ភ្នំពេញ និង​សៀមរាប​ដែរ​។

គំនូរ​ ៣០ ​ផ្ទាំង ក្រោម​ចំណង​ជើង​ថា «ការ​យល់​ចិត្ត​គ្នា» ជាស្នាដៃ​ផលិត​ចន្លោះ​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២២។

សិល្បករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ​ប្រាប់​ពី​អត្ថន័យ​នៃ​ការ​បង្កើត​​ស្នាដៃ «ការ​យល់​ចិត្ត​គ្នា» ថា​៖ ខ្ញុំ​លើក​ឡើង​ព្រោះ​ចង់​បង្ហាញ​ពី​អារម្មណ៍​នៃ​ការ​យល់​ចិត្ត​គ្នា ទាំង​ជាមួយ​​ក្រុម​ការងារ និង​គូជីវិត​។ ដូចជា​​ខ្ញុំ​ជា​មនុស្ស​ពិការ​តែ​ម្នាក់​ឯង បើ​សិន​យើង​ធ្វើការ​ជាមួយ​គ្នា ហើយ​មិន​ចេះ​យល់​ចិត្ត​គ្នា យើង​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​រហូត​ទេ​ ក៏​មិន​អាច​រស់នៅ​ជាមួយ​គ្នា​ដល់​ចាស់​កោង​ខ្នង​ដែរ​ចំពោះគូ​ជីវិត​​។ ដូច្នេះ តាមរយៈ​ស្នាដៃ​នេះ ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​យើង​ចេះ​អត់ធ្មត់ ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ដំណើរ​ដែល​យើង​ដើរ​រួម​គ្នា​»។

សិល្បករ​រូប​នេះ​ថា ដំបូងៗ​គំនូរ​របស់​​លោក ភាគ​ច្រើន​លើក​ពី​ជីវិត​របស់​លោក​ផ្ទាល់ និង​គ្រួសារ។ ក្រោយៗ​​មក​ទៀត​លោក​ក៏​បាន​លើក​ឡើង​ពី​បរិស្ថាន​ ដែល​មើល​ឃើញ ដូចជា​ទឹក​ជំនន់ អំពើ​ហិង្សា ការ​ចងចាំ និង​បទពិសោធ​ហែល​ឆ្លង​ពី​កុមារ។

ដូចជា​ស្នាដៃ​​មួយ​ឈ្មោះ «ភាព​​កក់​ក្ដៅ» លោក​បាន​លើក​ពី​បទពិសោធ​កាល​ពី​លោក​នៅ​តូចៗ។ គ្រួសារ​របស់​លោក​​បាន​នាំ​គ្នា​ចាកចេញ​ពី​ភូមិ ទៅ​រស់​នៅ​ក្នុង​ព្រៃ​​ជា​ភូមិ​ចាស់​របស់​យាយ​​លោក ដែល​ត្រូវ​បាន​ចាក​ចោល​តាំង​ពី​​ជំនាន់​សង្គ្រាម​មក​ម៉េ្លះ។ កាល​នោះ​​​​ពួក​គាត់​បាន​ទៅ​រស់នៅ​ក្រោម​ដើម​ស្វាយ​​មួយ​យ៉ាង​ធំ។ ទីនោះ​ក៏​ជា​កន្លែង​​មួយ ​ដែល​ ប៉ុល ពត បាន​​​សម្លាប់​មនុស្ស​រាប់រយ​នាក់​។

លោក ជា រំឭក​ប្រាប់​​ថា៖ «ថ្ងៃ​មួយ​ប៉ា​ខ្ញុំ​យក​ធ្យូង​ទៅ​លក់​ពេល​យប់​បាន​ត្រឡប់​​មក​វិញ យប់​នោះ​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ហើយ​ និង​ខ្យល់​ធ្វើ​ឱ្យ​ខ្ញុំ​ និង​ម្ដាយ​ភ័យ​ខ្លាច តែ​ម្ដាយ​ខ្ញុំ​នៅ​តែ​ប្រាប់​ដដែលៗ​ថា ​កុំ​ខ្លាច​កូន​មាន​ម៉ែ​នៅ​​ទីនេះ គ្មាន​អ្នក​ណា​មក​ធ្វើបាប​កូន​បាន​ឡើយ​។ ឪពុក​ម្ដាយ ​គឺ​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​របស់​កូនៗ ហើយ​ក៏​ជា​ភាព​​កក់​ក្ដៅ​មួយ​នៃ​គ្រួសារ​»។

ភ្ញៀវ​បរទេស​សម្លឹង​មើល​ស្នាដៃ​របស់​សិល្បករ ម៉ន ជា។ រូបថត សហការី

សព្វថ្ងៃ ក្នុង​អាជីព​ការងារ​​ភាគ​ច្រើន​លោក​ធ្វើតែ​គំនូរ​ព្រីន​បិទស​ខ្មៅ​ តែ​បើ​មាន​ភ្ញៀវ​ណា ចង់​បាន​ជា គូល័រ ជា​ទឹកដៃ​របស់​លោក​ជា​ស្ទីល​​ព្រីនបិទ​ លោក​ក៏​អាច​ធ្វើ​បាន​ដែរ​។ ដូច​ជា​ប្រមាណ​​ ២ ​ខែ​មុន​ ភ្ញៀវ​នៅ​ទីក្រុង​​ឌូបៃ​ បាន​កុម្ម៉ង់​ស្នាដៃ​លោក ២ ​​ផ្ទាំង​ ដែល​លោក​ធ្វើ​ការ​គូរ​លើ​ក្រណាត់។

សិល្បករ​តស៊ូ​ទាំង​ពិការភាព​រូប​នេះ​បាន​បញ្ជាក់​ទៅ​លើ​តម្រូវ​ការ​របស់​ភ្ញៀវ​ដែរ​​ថា​៖ «យើង​មើល​ដែរ​ថា​ អ្វី​ដែល​ភ្ញៀវ​កុម្ម៉ង់​ ចំ​អ្វី​​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​អត់? បើ​ជំនាញ​យើង​មិន​ដល់ យើង​ក៏​មិន​ហ៊ាន​ទទួល​ដែរ​»។

លោក​បាន​បង្ហើប​គម្រោង​​អនាគត​​ក្នុងការ​ក្ដាប់​ឱកាស​ធ្វើ​​ពិព័រណ៍​ស្នាដៃ​ឱ្យ​​បាន​ច្រើន ជា​ពិសេស​នៅ​បរទេស។

លោក ម៉ន ជា លើក​ឡើង​ថា៖ «​​បើ​មាន​លទ្ធភាព​ខ្ញុំ​ចង់​មាន​ស្ទូឌីយោ អាច​ធ្វើ​​ការងារ​ដោយ​ខ្លួន​ឯង និង​ដើម្បី​អាច​បើក​បង្រៀន​ក្មេងៗ ឬ​នរណា​ដែល​ចាប់​អារម្មណ៍​គំនូរ ព្រីនបិទ​»។

សម្រាប់​ព័ត៌មាន​បន្ថែម​ចំពោះ​ពិព័រណ៍ «ការ​យល់​ចិត្ត​គ្នា» របស់​សិល្បករ​ ម៉ន ជា សូម​ចូល​ទៅកាន់​គេហទំព័រ​ហ្វេសប៊ុក​របស់​វិចិត្រសាល ស្រាអាត @sraartstudio៕