
ស្នាដៃ «ពពិល» សហការជាមួយអ្នករបាំ២នាក់ សុខ សុវណ្ណឌី និងមុត ផារ៉ាន់។ រូបថត ខ្វៃ សំណាង
ភ្នំពេញ: ដំរី ក្ងោក និងគោ ផលិតពីទង់ដែង ស្នាដៃសិល្បៈរបស់លោក ខ្វៃ សំណាង ត្រូវបានដាក់តាំងបង្ហាញរួចហើយនៅបុរីច័ន្ទគិរី ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។
ថ្ងៃនេះ សំណាង ចូលរួមជាមួយសិល្បករល្បីៗជាច្រើនរូប ដើម្បីបង្ហាញស្នាដៃសិល្បៈរបស់ពួកគេ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២។
ក្រុមហ៊ុនអភិវឌ្ឍន៍នឹងរៀបចំការតាំងពិព័រណ៍សិល្បៈមួយដែលមានចំណងជើងថា «The Space in Between» នៅវិចិត្រសាលផ្នែកលក់របស់ខ្លួន ដើម្បីតាំងបង្ហាញស្នាដៃពីវិចិត្រករក្នុងស្រុកឆ្នើម ១១ នាក់។
យោងតាមអ្នករៀបចំបានឱ្យដឹងថា៖ «យើងរីករាយក្នុងការបង្ហាញការតាំងពិព័រណ៍ជាក្រុម «ការរស់នៅជាមួយស្ថាបត្យកម្ម ធម្មជាតិ និងសិល្បៈ» ដោយសិល្បករខ្មែរចំនួន ១១ រូប រួមមាន ចាន់ ដានី, កេត មុន្នីរ័ក្ស, ខៀវ សំណាង, លឹម សុខចាន់លីណា, ប្រាក់ ដាលីន, ហ៊ាន រង្សី, ណាតាលី លី, រឿន សុខុម, ប៉ែន រ៉ូប៊ីត, ថាំង សុធា, វុធ លីណូ»។
ពួកគេបានបន្ដថា៖ «ស្នាដៃសិល្បៈដែលមានលក្ខណពិសេស គឺគំនូរ ការថតរូប ចម្លាក់ និងការដំឡើង។ វិចិត្រករម្នាក់ៗបង្ហាញពីគំនិតផ្ទាល់ខ្លួន របៀបរស់នៅ ការមើលឃើញ និងការគិតរបស់ពួកគេ»។

សិល្បករអាយុ ៣២ឆ្នាំ លោក ម៉ន ជា ជំនាញខាងគំនូរព្រីនបិទ។ រូបថត ហ៊ាន រង្សី
ជាមួយការបំផុសគំនិតពីទីកន្លែងដែលលោករស់នៅហ៊ុមព័ទ្ធដោយធម្មជាតិ ខ្វៃ សំណាង កើតនៅខេត្តស្វាយរៀង ផ្តោតសិល្បៈរបស់លោកទៅលើផលប៉ះពាល់មនុស្សធម៌ និងអេកូឡូស៊ីនៃអាណានិគមនិយម និងនគរូបនីយកម្ម។
លោកបាននិយាយថា៖ «ការរៀបចំពិព័រណ៍នេះ គឺមានពហុជំនាញរួមទាំង ចម្លាក់រូបថត ជាពិសេសទំនាក់ទំនងជាមួយស្ថាបត្យកម្ម។ អ្វីដែលកាន់តែវិសេស វិចិត្រសាលដែលត្រូវតាំងបង្ហាញស្នាដៃយើង គឺជាលំនៅឋានបែបទំនើបនៅកម្ពុជាយើងដែរ»។
លោកបន្ដថា ការតាំងបង្ហាញស្នាដៃនេះ ត្រូវបានរៀបចំឡើងនៅជុំវិញអគារ និងលំនៅឋានទំនើបរបស់ ច័ន្ទគិរី តែម្ដង ដែលថ្មីប្លែកនៅកម្ពុជា ចំពោះស្នាដៃសហសម័យ។
លោក សំណាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នៅទីនោះ មានស្នាដៃរបស់ខ្ញុំតែម្ដង ដែលធ្វើពីចម្លាក់ស្ពាន់នៅតាមសួនច្បារនៃបុរីច័ន្ទគិរី រួមទាំង សត្វក្ងោក ឈ្លូស និងគោ។ ខ្ញុំក៏មានរូបថត ៣ ផ្ទាំង សម្រាប់កម្មវិធីតាំងពិព័រណ៍នេះ ជារូបថតស៊េរីដែលមានចំណងជើងថា «ពពិល» ដោយសហការជាមួយអ្នកសម្ដែងរបាំ ២ នាក់ សុខ សុវណ្ណឌី និង មុត ផារ៉ាន់»។
លោក សំណាង ដែលបច្ចុប្បន្ននៅតំបន់អឺរ៉ុបបានបន្ថែមថា វាបង្ហាញពីស្នេហារវាងនាគ ១ គូ ដែល ១ មកពីសមុទ្រចិនខាងត្បូង ហោះហើរមកជួបនាគនៅកម្ពុជាយើង។ ពួកគេមានចិត្ដប្រតិព័ទ្ធស្រឡាញ់គ្នា។ របាំនេះត្រូវបានបង្ហាញនៅតាមទីតាំងផ្សេងៗគ្នានៅប្រទេសកម្ពុជា ជាពិសេសតាមដងទន្លេមេគង្គ ភ្នំពេញ និងសមុទ្រ។
ការតាំងពិព័រណ៍ គឺជាកន្លែងមួយដែលមនុស្សអាចឃើញពីការច្របាច់បញ្ចូលសិល្បៈ បរិស្ថាន និងអគារនៅក្នុងរបៀបរស់នៅទំនើប។
លោក ឧត្តម រិទ្ធី មកពីក្រុមទីផ្សារ Urbanland បានឱ្យដឹងថា៖ «គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកទស្សនាទទួលបាននូវបទពិសោធនៃការរស់នៅប្រកបដោយភាពប្រសើរឡើង និងផាសុកភាពដែលពោរពេញទៅដោយស្ថាបត្យកម្មទំនើបធម្មជាតិ និងសិល្បៈ»។
លោកបន្ដថា៖ «អ្នកនឹងមានឱកាសដ៏កម្រក្នុងការជួប និងភ្ជាប់ទំនាក់ទំនងជាមួយសិល្បករទាំងនេះនៅកន្លែងតែមួយហើយនិយាយជាមួយពួកគេអំពីរបៀបដែលពួកគេប្រើប្រាស់សិល្បៈរៀបរាប់អំពីសង្គមកម្ពុជា ដែលពួកគេប្រាថ្នាចង់រស់នៅ និងហេតុផលដែលពួកគេចង់ផ្សព្វផ្សាយ»។
វិចិត្រករមានដើមកំណើតនៅខេត្តបាត់ដំបង ណាតាលី លី ដែលទទួលបានសញ្ញាបត្រផ្នែក Liberal Arts ពីសាកលវិទ្យាល័យ New England និងបរិញ្ញាបត្រសិល្បៈពីសាកលវិទ្យាល័យ Griffith បង្ហាញពីទស្សនីយភាពពីលើអាកាសនៃកោះនៅអូស្ត្រាលី។
ណាតាលី អ្នករចនា និងអ្នកថតរូបបាននិយាយថា៖ «រូបភាពស៊េរីនេះ ត្រូវបានថតនៅកោះ Kangaroo ប្រទេសអូស្ត្រាលី មុនពេលភ្លើងឆេះព្រៃបានលេបត្របាក់កោះ ១ ភាគ ៣ ក្នុងឆ្នាំ ២០១៩ ដោយបំផ្លាញអ្វីៗគ្រប់យ៉ាងតាមផ្លូវរបស់វា»។
អ្នកនាងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សម្រាប់ខ្ញុំ រូបភាពទាំងនេះនិយាយអំពីពេលវេលា និងលម្ហ និងភាពផុយស្រួយ ប៉ុន្តែក៏ជាភាពធន់នៃធម្មជាតិផងដែរ។ ខ្ញុំរំភើបចិត្តដែលក្លាយជាផ្នែកមួយនៃការតាំងពិព័រណ៍នេះជាមួយសិល្បករដែលខ្ញុំកោតសរសើរ»។
តាមរយៈរូបថតរបស់អ្នកនាង ណាតាលី រំពឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងការដឹងគុណចំពោះអ្វីៗជុំវិញខ្លួន ដូច្នេះមនុស្សអាចរស់នៅក្នុងជីវិតកាន់តែសម្បូរបែប និងកាន់តែមានន័យ។
ណាតាលី បាននិយាយអំពីពិព័រណ៍ «The Space in Between» ថា៖ «ការតាំងពិព័រណ៍នេះមានលក្ខណៈប្លែកពីគេក្នុងន័យថា ការងារនេះមិនត្រូវបានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលបែបប្រពៃណីទេ ខុសពីការដាក់ឱ្យគយគន់ក្នុងបរិបទផ្ទះដែលខ្ញុំជឿថា វាជាកន្លែងដែលសិល្បៈមានជីវិត»។

រូបភាពនៅកោះ Kangaroo អូស្ត្រាលីមុនពេលភ្លើងឆេះព្រៃលេបត្របាក់កោះអស់ ១ភាគ៣។ រូប Nataly Lee
សិល្បករវ័យក្មេងម្នាក់ទៀត លោក ហ៊ាន រង្សី មកពីខេត្តក្រចេះ ក៏ត្រូវបានជ្រើសរើសរូបថតចំនួន ៣ សន្លឹកក្នុងចំណោមរូបថតចំនួន ១០ សន្លឹករបស់លោក ដើម្បីដាក់តាំងបង្ហាញនៅវិចិត្រសាលលក់របស់បុរីច័ន្ទគិរី ស្ថិតលើផ្លូវជាតិលេខ ២។
លោក រង្សី ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្ដោតលើមនុស្ស បរិស្ថានធម្មជាតិ និងសង្គម។ លោកបានចំណាយពេល ២ ឆ្នាំ ធ្វើការជាជំនួយការកាមេរ៉ានៅវិទ្យុផ្កាឈូក ហើយលោកបានផ្លាស់ទៅធ្វើការនៅកាសែត ភ្នំពេញ ប៉ុស្តិ៍ ជាច្រើនឆ្នាំ។
លោក ហ៊ាន រង្សី និយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ព្រោះនេះជាការដាក់តាំងជាលើកទី២ សម្រាប់ស្នាដៃរាបសល់តែឈ្មោះរបស់ខ្ញុំ ហើយវាជាកិត្តិយសសម្រាប់ខ្ញុំដែលបានដាក់តាំងស្នាដៃជាមួយសិល្បកររៀមច្បងជាច្រើនទៀត»។
ក្រុមអ្នករៀបចំកម្មវិធីបាននិយាយថា៖ «យើងសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាកន្លែងសម្រាប់អ្នកស្រឡាញ់សិល្បៈ និងអ្នកប្រមូលផ្ដុំគ្រប់ប្រភេទមកជួបជុំគ្នា និងស្វែងយល់ពីសិល្បករ ការងាររបស់ពួកគេ និងពិភពនៃការប្រមូលសិល្បៈជាទូទៅ»។
កម្មវិធីរាត្រីឯកជនចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី ១១ ខែមិថុនា ពីម៉ោង ៤:០០ រសៀល ដល់ ៧:០០ យប់ ហើយការតាំងពិព័រណ៍នឹងបើកជាសាធារណៈនៅថ្ងៃទី ១២ ខែមិថុនា រហូតដល់ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២។
ព័ត៌មានបន្ថែមមាននៅគេហទំព័រ https://urbanlandasia.com/៕