
RMIC ជាគម្រោង ១០០ ភាគរយនៃការលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព។ រូបថត សហការី
ភ្នំពេញ: ដើម្បីលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព និងកាត់បន្ថយការប៉ះពាល់បរិស្ថានភពផែនដី ការបង្ហាញម៉ូដស្នាដៃខ្មែរផ្ដោតលើការកែច្នៃឡើងវិញ (Re-Made in Cambodia-RMIC) នឹងធ្វើឡើងនៅល្ងាចថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ នៅឯបរិវេណ Friends Futures Factory (F3) ម្ដុំវត្តឧណ្ណាលោម។
កម្មវិធីនេះមានការបង្ហាញម៉ូដប្លែកៗរួមទាំងការច្រៀងរ៉េប ការរាំ ការប្រគំតន្ត្រី ការសូត្រកំណាព្យ ការបង្កើតថ្មី និងការច្នៃប្រឌិត របស់ក្រុមសិល្បករខ្មែរ ដែលមានអាជីពជាអ្នកច្នៃម៉ូដទាំងអស់។

សម្លៀកបំពាក់ស្នាដៃកែច្នៃឡើងវិញនៅ Friends Futures Factory។ រូបថត សហការី
កញ្ញា Alyssa Kardos ជាអ្នករៀបចំ និងអ្នកគ្រប់គ្រងគម្រោង RMIC បានឱ្យដឹងថា ការបង្ហាញម៉ូដស្នាដៃខ្មែរដោយការកែច្នៃឡើងវិញនេះ ផ្ដោតលើការច្នៃម៉ូដរបស់សិល្បករខ្មែរវ័យក្មេង ហើយសម្លៀកបំពាក់ទាំងអស់ត្រូវបានកែច្នៃ ឬត្បាញដោយដៃ។
កញ្ញាបានឱ្យដឹងថា៖ «ការបង្ហាញម៉ូដស្នាដៃខ្មែរ ដោយការកែច្នៃឡើងវិញ នេះគឺជាកម្មវិធីគម្រោងសហគមន៍ចំនួន ២ ដែលបង្ហាញស្នាដៃការច្នៃម៉ូដរបស់សិល្បករខ្មែរវ័យក្មេង និងលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព»។
យោងតាមអ្នករៀបចំ និងអ្នកគ្រប់គ្រងគម្រោងរូបនេះ គម្រោងទី១ គឺជាការបង្ហាញពិព័រណ៍រូបថត ដែលត្រូវបានសម្ពោធនាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ឬផ្ទះមេត្តា (Meta House) ដោយមានម៉ូដសម្លៀកបំពាក់ល្បីៗចំនួន ៨ ក្រុមហ៊ុន ជាស្នាដៃសិល្បករខ្មែរវ័យក្មេងចំនួន ២៨ រូប និងស្នាដៃអ្នកថតរូបម្នាក់ គឺលោក ជួន សុភាព ផងដែរ។
កញ្ញា Alyssa បានប្រាប់ពីកម្មវិធីបង្ហាញម៉ូដគិតគូរបរិស្ថាននេះថា៖ «វាជាគម្រោង ១០០ ភាគរយនៃការលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព ដោយមាន ៩០ ភាគរយ គឺជាស្នាដៃកែច្នៃឡើងវិញ និង ១០ ភាគរយទៀត គឺជាស្នាដៃបានពីវត្ថុធាតុដើមនៃសិប្បកម្មតម្បាញនៅក្នុងកម្ពុជា ហើយពិព័រណ៍នេះនឹងមានរយៈពេល ២ សប្តាហ៍»។
ចំពោះគម្រោងទី២ គឺជាការបង្ហាញម៉ូដនូវឈុតសម្លៀកបំពាក់ ដែលជាស្នាដៃកែច្នៃឡើងវិញនោះ ធ្វើនៅល្ងាចថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះនៅ Friends Futures Factory(F3)។
កញ្ញា Alyssa បន្តទៀតថា៖ «កម្មវិធីនេះនឹងធ្វើចាប់ពីម៉ោង ៧ យប់ទៅ ដោយមានការបង្ហាញឱ្យអ្នកទស្សនាបានយល់ដឹងទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស បង្ហាញពីស្នាដៃកែច្នៃរបស់អ្នករចនាម៉ូដចំនួន ៨ រូប និងក្រុមអ្នកបង្ហាញម៉ូដចំនួន ៤២ រូប ដែលពួកគេនឹងដើរបង្ហាញសម្លៀកបំពាក់មានចំនួន ៤៥ ម៉ូដ។ ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈផ្សេងៗទៀតផងដែរ ដូចជាការច្រៀងរ៉េប ការរាំ ការប្រគំតន្ត្រី និងការសូត្រកំណាព្យ»។
អ្នករៀបចំ និងអ្នកគ្រប់គ្រងនៃគម្រោង RMIC ដែលបានមកប្រទេសកម្ពុជា រយៈពេល ៦ ខែ តាមរយៈកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជា និងអាមេរិក (Fulbright Scholar) បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងចំណែកមួយនៃការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដស្នាដៃខ្មែរដោយការកែច្នៃឡើងវិញ ដោយសារខ្លួនអាចមានឱកាសបានធ្វើការងារជាមួយនឹងក្រុមសិល្បករខ្មែរផ្នែកច្នៃម៉ូដផ្ទាល់ និងបានស្គាល់ពីវប្បធម៌រស់នៅរបស់ប្រជាជនខ្មែរ។

ការច្នៃម៉ូដប្រកបដោយនិរន្តរភាពពី Muoy Chorm Cambodia។ រូបថត សហការី
កញ្ញា Alyssa បានបញ្ជាក់ដូច្នេះថា៖ «ទីក្រុងភ្នំពេញ កំពុងតែមានការរីកចម្រើនទៅលើវិស័យច្នៃម៉ូដដោយសារមានទីកន្លែងសម្រាប់ដាក់បង្ហាញសា្នដៃម៉ូដក៏ច្រើនដែរ តែមិនទាន់មានការរៀបចំជាព្រឹត្តិការណ៍បែបនេះទេ។ ភាគច្រើននៃការរៀបចំបង្ហាញម៉ូដនោះ គឺគេនាំយកផលិតផល ដែលជាស្នាដៃកែច្នៃពីបរទេស គឺមិនបានប្រើប្រាស់ការកែច្នៃប្រកបដោយនិរន្តរភាពនៅកម្ពុជានោះឡើយ។ ចំណែកឯកម្មវិធីយើងវិញ គឺជាគម្រោង ១០០ ភាគរយនៃការលើកកម្ពស់នៃការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព យ៉ាងហោចណាស់ ១ ម៉ូដ ក៏មានអ្នកច្នៃជាតិខ្មែរ ១ រូបដែរ»។
ដើមឡើយ គម្រោងនេះកញ្ញាបានអភិវឌ្ឍចេញពីការស្រាវជ្រាវស្តីពីវិស័យវាយនភណ្ឌនៃកម្ពុជា និងអាមេរិក ក្នុងគោលដៅប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ។ ជារឿយៗ សម្លៀកបំពាក់ត្រូវបានគេគិតថា គឺជាវិស័យឧស្សាហកម្មធំលំដាប់ទី២ នៅលើពិភពលោក ដែលកំពុងបំពុលនៃបរិយាកាស។
កញ្ញាបន្តថា៖ «ខ្ញុំក៏ចង់បំប្លែងឱ្យក្លាយទៅជាការកែច្នៃរបស់ក្រុមសិល្បករខ្មែរវ័យក្មេង នៅក្នុងផ្នែកច្នៃម៉ូដ ដើម្បីលើកកម្ពស់ការប្រើប្រាស់សម្លៀកបំពាក់ប្រកបដោយនិរន្តរភាព និងប្រែក្លាយជាសិល្បៈសម្រាប់អ្នកមានប្រភពចំណូលពឹងផ្អែកលើវិស័យឧស្សាហកម្មវាយនភណ្ឌ»។
ព័ត៌មានបន្ថែមពីកម្មវិធីបង្ហាញម៉ូដស្នាដៃខ្មែរ ដោយការកែច្នៃឡើងវិញ (RMIC) មាននៅអ៊ីនស្តាក្រាម@remadeincambodia និង ហ្វេសប៊ុក @remadeincambodia៕