ភ្នំពេញ: អង្គ​ការប៊ីប៊ី​ស៊ីមេឌា​អ៊ែក​សិន (BBC​ Media Action) ជា​មួយ​បណ្តាញ​ទូរ​ទស្សន៍​កម្ពុជា (CBS) នៅ​រសៀល​ថ្ងៃទី ​១៣ ខែ ​មិថុនា ឆ្នាំ ២០២២ ​បាន​សម្ពោធ​រឿង​ភាគ ទូរ​ទស្សន៍​ថ្មី «គ្រួសារ​សុខ​សាន្ត»​ ដែល​ឆ្លុះ​បញ្ចាំង​ពីអ្វី​ធ្វើ​ឱ្យ​គ្រួសារ​អាច​រស់​នៅ​យ៉ាង​មាន​សុខ​ដុម​រមនា​ នៅ​ក្នុង​សត​វត្សរ៍​ទី​២១​។

កម្ម​វិធី​សម្ពោធ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមា​ន​លោក ស៊ាន បូរ៉ាត រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុវ​ជន និងកីឡា លោក​ស្រី Gem​ma ​Hayman នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ​មេឌា​អ៊ែក​សិន លោក​ Rajveer Singh អគ្គ​នាយ​កប្រតិបត្តិ CBS ថ្នាក់​ដឹក​នាំ​នៃ​ទីភ្នាក់​ងារ​​ជំនួយ និង​សិល្ប​ករ​សិល្ប​ការិនី​​មួយ​ចំនួន​ផង​ដែរ​។

លោក​ស្រី Gemma Hayman នាយក​ BBC Media Action ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា៖ «ក្រុម​ការងារ​ដ៏មាន​ទេព​កោសល្យ និង​​ភាព​ច្នៃ​ប្រឌិត​របស់​យើង​បាន​ខិតខំ​អភិវឌ្ឍកម្មវិធី​ថ្មី​សន្លាង​នេះ ​ក្នុង​បំណង​​តបត​នឹង​ឥរិយា​បថ​អវិជ្ជមាន​​ចំពោះ​សមត្ថ​ភាព​របស់​យុវវ័យ និង​ជា​គំរូដែល​ពួកគេ​​អាច​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវិត​សា​ធារណៈ​ ក៏ដូច​ជា​លើក​ទឹកចិត្ត​ឱ្យពួក​គេ​ពិភាក្សា​ពីបញ្ហា​នេះ​ក្នុង​​ទម្រង់​បែប​កម្សាន្ត និង​អាច​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​សាច់​រឿង។ យើង​សង្ឃឹម​ថា ទស្ស​និកជន​នឹង​ចូល​ចិត្ត​កម្មវិធី​នេះ»​។

លោក ​Rajveer Singh អគ្គ​នាយក​ក្រុមហ៊ុន CBS បាន​ឱ្យដឹង​ថា លោក​ពិត​ជា​មាន​មោទនភា​ព​ក្នុងការ​ចាប់​ដៃគូ​ជាមួយ ​BBC Media Action ក្នុង​ការ​នាំ​កម្ម​វិធី​​អប់រំ​ពី​ជីវិត​​គ្រួសារ​នេះ ​ទៅ​កាន់​ទស្ស​និក​ជន​គ្រប់​ស្រទាប់​។

លោក​និយាយ​ថា៖ «យើង​មាន​ទស្សន​វិស័យ​រួម​គ្នា​​ក្នុងការ​ផ្ដល់​ឱ្យ​អ្នក​ទស្សនា​យើង​នូវ​ការ​កម្សាន្ត​ដ៏​ល្អ​បំផុត​ហើយ​ការ​ចាក់​បញ្ចាំង​រឿង​ គ្រួសារ​សុខ​សាន្ត​ នេះ​​គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​សម្រាប់​ CBS»​។

រឿង​ភាគ​ទូរទស្សន៍​ គ្រួសារ​សុខ​សាន្ត ចំនួន ១៣​ ភាគ ទទួល​បាន​ការ​ឧបត្ថម្ភ​ផលិត​ពីទីភ្នាក់​ងារ​ស្វ៊ីស​សម្រាប់​ការ​អភិវឌ្ឍ និង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ (SDC) និង​ទីភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អែត (SIDA)​។

លោក ​Adrian Scherler ប្រធាន​ផ្នែក Gover​nance Portfolio ទី​ភ្នាក់​ងារ SDC ដែល​ឧបត្ថម្ភការ​ផលិត​កម្ម​វិធី​នេះ ចាត់​ទុក​ការ​ចាប់​ដៃ​គូជា​មួយ​អង្គ​ការ​ BBC Media Action ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​ឧបករ​ណ៍​សំខាន់​ ដើម្បី​ជំរុញ​និង​គាំទ្រ​យុវជន​កម្ពុជា​ឱ្យ​បង្កើន​ការ​​ចូល​រួម​ក្នុង​ជីវិត​សា​ធារណៈ​។

លោក​​សង្ឃឹម​ថា​៖ «កម្មវិធី​នេះ​នឹង​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ទស្សនិក​ជន​យ៉ាង​ទូលំ​ទូលាយ​ និង​ចម្រុះ​នៅ​​ទូទាំង​​ប្រទេស ហើយ​វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ឆ្លុះ​បញ្ចាំង​ពី​គា្ន​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​គ្រួសារ និង​​ក្នុង​ចំណោម​សហ​គមន៍»​។

លោក​ស្រី Camilla Ott​osson ប្រធាន​ផ្នែក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍ (ស្ថាន​ទូត​ស៊ុយ​អែត​ការិយា​ល័យ​រាជធានី​ភ្នំពេញ) បាន​លើក​ឡើង​ថា៖ «ស្រប​តាម​យុទ្ធ​សាស្រ្ត​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​អភិវឌ្ឍន៍​ប្រទេស​ស៊ុយ​អែត​ ជាមួយ​កម្ពុជា​ ដែល​ផ្តោត​សំខាន់​លើ​សិទ្ធិ​​មនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ និង​នីតិ​រដ្ឋ យើង​ឃើញ​ថា ​អង្គកា​រប៊ីប៊ី​ស៊ី មេឌា អ៊ែកសិន ​គឺ​ជា​ដៃ​គូ​ដ៏​មាន​តម្លៃ​​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ន័យ​ជួយ​គាំទ្រ​យុវ​ជន​ឱ្យ​ចូល​រួម​ពិភាក្សា និង​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន»​។​

គម្រោង​នេះ​ ត្រូវ​បាន​ដឹក​នាំនិង​អនុវត្ត​ដោយ​អង្គកា​រប៊ីប៊ី​ស៊ី មេឌា អ៊ែកសិន ដោយ​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ​(CC) កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវ​ជន ​(YRDP) និង​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផា​ណា​។

លោក​ ឈួង យីវឆូយ ប្រធាន​ផែ្នក​ផលិតក​ម្មបាន​ឱ្យដឹង​ថា៖ «នៅ​ពេល​ដែល​សាច់​រឿង​ត្រូវ​បាន​​គ្រោងរួច ​ដំណើរ​រឿង​ក៏​វិវឌ្ឍន៍ដោយ​​មាន​បញ្ចូល​ការ​សន្ទ​នា កំប្លែង បម្រាម​អ្នក​​​ស្រុក​យើង ដោយ​​ផ្ដោត​លើ​អត្ត​ចរិត​តួ​អង្គ​នីមួយៗ​»។

​អ្នក​​​សរសេរ​អត្ថបទ​ភា​ពយន្ត​វ័យ​ក្មេង ​២ ​នាក់​ ចេញពី​ការ​និពន្ធ​សាច់រឿង​​​​​​​​​​​​ដោយ​​ប្រធាន​ផ្នែក​ផលិត​កម្ម​ ផលិត​ករ និង​អ្នក​ដឹកនាំ​រឿង។

លោក​ យីវ​ឆូយ បាន​បន្ត​ថា៖ «ដោយ​ផ្ដោត​ទៅ​​លើ​​បទពិសោធ​នៃ​គ្រួសារ​នីមួយៗ​ រឿងភាគ​នេះ ​ឆ្លុះបញ្ចាំង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​គ្រួសារ​​នៅ​កម្ពុជា និង​ត្រូវ​បានរំលេច​ចេញពី​ការ​ស្រាវជ្រាវ​​ឫស​គល់​នៃ​ឧបសគ្គ​ និងការ​គាំទ្រ ​​ដែល​យុវជន​​យើង​ត្រូវ​​ការ​​។ យើង​​ព្យា​យាម​ធ្វើ​ឱ្យ​រឿង​ភាគ​នេះ​មាន​ទំនាក់​ទំនង​ទៅ​នឹង​​សាច់រឿង​ពិត​របស់​អ្នក​មើល​។ យើង​ជឿជាក់​ថា គ្រប់គ្នា​អាច​ផ្សារភ្ជាប់ខ្លួន​តិច​ឬ​ច្រើន​ទៅ​នឹង​​ឈុត​ឆាក​​នៃ​ភាព​យន្ត​»។

រឿង​ភាគ​ គ្រួសារ​សុខ​សាន្ត​ មាន​តួអង្គ​ចម្បង ​៥ ​រូប តួអង្គ​រង​ ៤ ​រូប និង​តួ​បន្ទាប់​បន្សំ​ ហើយ​ត្រូវបាន​ផលិត​​ដោយ​ក្រុមការងារ​ប្រមាណ​៣០​នាក់​។​

សាច់​រឿង​និយាយ​ពីគ្រួសារ​សមាជិក ​៥ ​នាក់ ដែល​ឪពុ​កម្ដាយ​ខ្នះខ្នែង​ចិញ្ចឹម​កូន​ឱ្យ​ល្អ​បំផុត។ ទោះ​បី​ជាពួកគេ​​មើល​ទៅ​​ដូច​ចុះសម្រុង​គ្នា ប៉ុន្តែ​ភាព​ប្រេះឆា​បាន​កើត​ឡើង​នៅ​ពេល​ដែល​កូន​ចម្រើន​វ័យ​ធំ និង​មាន​ភាព​ឯករាជ្យ​។ កូនស្រី​ចម្បង ច័ន្ទ កាន់​តែ​ផ្ដាច់​ខ្លួន​ពី​គ្រួសារ តួអង្គ​ ក្ដិប​អម្ពិល ដែល​មាន​គំនិត​ធំៗ​ចេះ​តែ​ជួប​បញ្ហា និង​តួអង្គ​ ទិត្យ​ ដែល​មាន​ឥរិយាបថ​មិន​សូវ​ខ្វល់​ច្រើន។

មិន​ខុស​ពីគ្រួ​សារ​ក្នុង​សង្គម​រស់នៅ​ពិតៗ​នោះ​ទេ គ្រួសារ​នេះ​ឆ្លង​កាត់​រឿង​តូច​ធំ បញ្ហា​ស្មុគ​ស្មាញ​នៃ​ជីវិត​សម័យ​ទំនើប មេរៀន​ត្រូវ​ចងចាំ ការ​សប្បាយ​រីក​រាយ និង​ការ​វិល​មក​រក​ភាព​​ស្និទ្ធ​ស្នាល​កក់​ក្ដៅ​ឡើង​វិញ​​។

លោក យីវ​ឆូយ បាន​លើក​ឡើង​ថា៖ «ទស្ស​និក​ជន​គោល​ដៅ​របស់​យើង​ជា​យុវជន(អាយុ​ ១៥-៣០ ​ឆ្នាំ) មា​តាបិតា​ និង​អ្នក​មាន​សិទ្ធិ​ធ្វើការ​សម្រេច​ចិត្ត»​​។

ប្រធាន​ផែ្នក​ផលិត​កម្ម​រូបនេះ​បាន​បញ្ជាក់​ថា៖ «យើង​ប្រើប្រា​ស់ការ​ស្រាវ​ជ្រាវ និង​ជំនាញ​របស់​យើង​ក្នុង​ការ​កំណត់​កម្មវត្ថុ​ទំនាក់​ទំនង​​ចម្បង​​ជាមួយ​យុវ​ជនដែលពួ​កគេ​អាច​ចូល​រួម​កសាង​​សហ​គមន៍ក៏ដូច​ជា​សាង​ជំនឿ​ចិត្ត​ក្នុងការ​ពិភាក្សា និង​លើក​ពីបញ្ហាប្រឈម។យើង​ចង់​ឱ្យ​ទស្ស​និជន​ដឹង​ពី​សារៈ​សំខាន់​នៃ​ការគាំទ្រ​ពីគ្រួសា​រ អា​ជ្ញាធរ​ និង​អ្នក​មាន​សិទ្ធិ​ធ្វើការ​សម្រេ​ចចិត្ត​​ចំពោះ​យុវវ័យ​»។

ដំណើរ​ការ​ផលិត​ប្រឈម​ឧប​សគ្គ​មួយ​ចំនួន​ដូច​ជា ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខ្លះនៃ​កម្មវិ​ធីដែល​ធ្វើ​ឱ្យ​ក្រុម​ការងារ​​​ផលិត​កម្ម​ត្រូវ​ធ្វើការ​លើស​ម៉ោង​​ ដើម្បី​បញ្ចប់​តាម​កាល​បរិច្ឆេទ​។

លោក​​បាន​បន្ត​ទៀត​ថា៖ «ដំណើរ​ការ​ថត​នៅ​រដូវ​វស្សា​ គឺជា​​បញ្ហា​ប្រឈម​មួយ​ដែល​ទាម​ទារ​ភាព​បត់​បែន​ខ្លាំង​ទៅ​តាម​អាកាស​ធាតុ»។​

គ្រួសារ​សុខ​សាន្ត​នឹង​សម្ពោធ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ ​CTN នៅថ្ងៃ​អាទិត្យ ទី​ ១៩ ខែ​ មិថុនា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ១២ ​ថ្ងៃត្រង់ និង​ថ្ងៃ​សៅរ៍​វេលា​ម៉ោង ៥​ ល្ងាច តាម​រយៈ​ទំព័រ​ហ្វេសប៊ុ​ក klahan​9cam​bo​dia និង​យូ​ធូប​ klahan​9cam​bodia​៕