The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ធម្មការ នឹងរៀចំ​ការ​ប្រឡង​ប្រជែង​សូត្រ​បាតិ​មោក្ខ​សម្តែង​ធម៌​ទេសនា​ និង​សូត្រ​ធម៌​បទ​ប្រចាំ​ឆ្នាំ ​២០២២​​​

ក្រសួង​ធម្មការ នឹងរៀចំ​ការ​ប្រឡង​ប្រជែង​សូត្រ​បាតិ​មោក្ខ​សម្តែង​ធម៌​ទេសនា​ និង​សូត្រ​ធម៌​បទ​ប្រចាំ​ឆ្នាំ ​២០២២​​​

Content image - Phnom Penh Post
ការរៀបចំពិធីសូត្របាតិមោក្ខ កាលពីឆ្នាំ ២០១៩ ។ រូបថត ក្រសួង​ធម្មការ ​និង​សា​សនា​

ក្រសួង​ធម្មការ នឹងរៀចំ​ការ​ប្រឡង​ប្រជែង​សូត្រ​បាតិ​មោក្ខ​សម្តែង​ធម៌​ទេសនា​ និង​សូត្រ​ធម៌​បទ​ប្រចាំ​ឆ្នាំ ​២០២២​​​

ភ្នំពេញៈក្រសួង​ធម្មការ ​និង​សា​សនា​នឹង​រៀបចំ​ការ​ប្រឡង​សូត្រ​បាតិ​មោក្ខ​សម្តែង​ធម្ម​ទេសនា​ និង​សូត្រ​ធម៌​បទ​សម្រាប់​ឆ្នាំ​ ២០២២​ ដែលមាន​ចំនួ​ន៣ថ្ងៃដោយនឹង​ប្រព្រឹ​ត្តទៅនៅ​ថ្ងៃ​ទី​ ៤-​៥ និង​ទី​​ ៦ ខែ​តុលា ឆ្នាំ​ ២០២២ ​ខាង​មុខ​នេះ ​ក្រោយ​ពី​ខក​ខាន​អស់​រយៈ​ពេល​ចំនួន​២​ឆ្នាំ​ ដោយ​សារ​មាន​​វិបត្តិ​​កូវីដ ​១៩។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹ​ងពី​អគ្គាធិ​ការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​នៃ​ក្រសួង​ធម្មការ​ និង​សាសនា​ដែលបាន​ចេញ​ប្រកាស​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ​៩ ខែ​ មិថុនា ​ឆ្នាំ​ ២០២២​។​

តាម​សេច​ក្តី​ជូន​ដំណឹង​នេះបាន​ប្រគេន​ជូន​ដំណឹង​ដល់​បេក្ខ​សមណៈ​ និង​បេក្ខ​ជន​ថា៖«ដោយ​មាន​​ការ​អនុញ្ញាត​ពី​ក្រសួង​ធម្ម​ការ​និង​សា​សនា ក្នុង​ឆ្នាំ​ ២០២២ ​នេះអគ្គាធិការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​នឹង​​រៀបចំ​ការ​ប្រឡង​ប្រជែង​សូត្រ​បាតិ​មោក្ខ សម្តែង​ធម្ម​ទេស​នា និង​សូត្រ​ធម៌​បទ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​អង្គារ-​ពុធ និង​ព្រហ​ស្បតិ៍ត្រូវ​នឹង​ថ្ងៃទី ​៤-៥​ និង​ទី ​៦ ខែ ​តុលា ឆ្នាំ ​២០២២»​។​

ការ​ប្រឡង​នេះ​ចាប់​ទទួល​ពាក្យ​ចូល​​រួម​​ប្រកួត​តាំងពី​ថ្ងៃ​ទី​ ១៣ ខែ​ មិថុនា ​ឆ្នាំ​ ២០២២ ​មក​ ដោយ​​បេក្ខសមណៈ និង​បេក្ខជន​ អា​ច​យក​ទៅ​ដាក់​នៅ​​អគ្គាធិ​ការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ ​(ការិយា​ល័យ​រដ្ឋ​បាល​ និង​សរុប) ជា​រៀង​រាល់​ម៉ោង​​ធ្វើ​ការ​ ហើយ​ការ​ឈប់​ទទួល​ពាក្យ​នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​ កញ្ញា ឆ្នាំ​ ២០២២​។ មួយ​វិញ​ទៀត​​បេក្ខ​សម​ណៈនិង​បេក្ខ​ជន​ ត្រូវ​គោរព​តាម​លក្ខ​ខណ្ឌ​នៃ​ការ​ជ្រើស​រើស​នេះ​ផង​ដែរ​។

បើតាម​សេចក្តី​ជូន​ដំណឹងនេះ​ ​លក្ខ​ខណ្ឌ​នៃ​កា​រ​ជ្រើស​រើស​បានប​ញ្ជាក់​ថា​៖ សម្រាប់​​ប្រឡង​សូត្របាតិ​មោក្ខ​ ត្រូវ​តែ​ជា​ភិក្ខុ សាម​ណេរ ដែលបួស​បាន ​៥ វស្សា​យ៉ាង​តិច។​ មាន​​លិខិត​បញ្ជាក់​ពី​ព្រះចៅ​អធិការ​នូវ​លំនៅ​ឋាន​បច្ចុប្បន្ន វស្សា​បួស និង​ចំណេះ​ដឹង​​បាតិ​មោក្ខ​ ហើយ​ត្រូវ​មាន​ឆា​យា​ឬ​សង្ឃ​ដីកា​ត្រឹម​ត្រូវ​។

សម្រាប់​ការ​ប្រឡង​សម្តែង​ធម៌​ទេសនា ត្រូ​វ​តែ​​ជា​​ភិក្ខុ សា​មណេរ បួស​បាន ៥ វស្សា​យ៉ាង​តិច ​មាន​លិខិត​បញ្ជាក់​ពី​ព្រះចៅ​អធិកា​រ​នូវ​លំនៅ​ឋាន​បច្ចុប្បន្ន វស្សា​​បួស និង​បទ​ពិសោធ​ទេសនា។ ​​មាន​ឆាយា​ ឬ​សង្ឃដីកា​ត្រឹម​ត្រូវ​ មាន​វិញ្ញា​បន​បត្រ​​ធម្ម​វិន័យ​ទាំង​​៣ថ្នាក់​ (ត្រី ទោ ឯក)ឬ​វិញ្ញាប​នបត្រ​ពុទ្ធិ​ក​បឋម​សិក្សា (សាលា​បាលីរង)​​។

សម្រា​ប់ប្រឡង​​សូត្រ​ធម៌បទ​ គឺ​អាច​ជា​បុព្វ​ជិត ​និង​គ្រហស្ថ​ដែល​មាន​អាយុ​យ៉ាង​តិច​ ១៥ ឆ្នាំ មាន​លិខិត​​បញ្ជាក់​ពី​ព្រះ​ចៅ​អ​ធិការ​នូវ​លំនៅ​ឋាន​បច្ចុប្បន្ន​ និង​បទ​ពិសោធ​។ មាន​ឆាយា​ សង្ឃដីកា​ អត្ត​សញ្ញា​ណ​ប័ណ្ណ​ឬ​​សំបុត្រ​កំណើត​»។

ព្រះ​តេជ​ព្រះ​គុណ ព្រះ​វិបុ​លវេទ​បណ្ឌិត ពេញ វិបុល អនុ​ប្រធា​នផ្នែក​ពុ​ទ្ធិក​មធ្យម​សិក្សា​នៃ​អគ្គា​ធិ​​ការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ​ និង​ជា​សាស្ត្រា​ចារ្យ​សា​កលវិទ្យា​ល័យ​បញ្ញា​សា​ស្ត្រកម្ពុជា​មាន​សង្ឃ​ដី​កាប្រាប់ ​ភ្នំ​ពេញ ​ប៉ុស្តិ៍​ថា៖ «គោល​បំណង​សំខាន់​គឺ​ចង់​ឱ្យ​ព្រះ​សង្ឃ​មាន​ការ​ចង​ចាំឬ​រត់​មាត់​នូវ​ព្រះ​ធម្ម​​វិន័យ​បាតិ​មោក្ខ​ ដែល​ជា​ក្បូន​ច្បាប់​វិន័យ​របស់​ព្រះ​សង្ឃ​»​។

ព្រះតេ​ជ​ព្រះ​គុណ​មាន​សង្ឃដី​កា​បន្ត​ថា សម្រាប់​​ការ​ប្រឡង​បាតិ​មោក្ខ​ គេ​ធ្វើ​ទៅ​តាម​បែប​​បទ​នៃ​និទ្ទេស​ទាំង ​៧ ដែល​មាន​​សិក្ខា​បទ​ចំនួន​ ២២៧​។ ឧទាហរណ៍​នៅ​ពេល​ប្រឡង​ ព្រះ​សង្ឃ​​អង្គ​ណា​ចា​ប់​ឆ្នោត​ចំ​និទ្ទេស​ណា​មួយ​ក្នុង​ចំណោម​និទ្ទេស​​ទាំង ​៧ គឺ​ត្រូវ​សូត្រ​តែ​និទ្ទេស​នោះ​ទេ ​ហើយ​​ក្រោយ​​មក​គេ​ក៏​មាន​​សួរជា​សំណួរ​២​ឬ៣​សំណួរ​ផង​ដែរ លុះ​ចប់​ទៅ​ ក្រុម​គណៈ​កម្ម​​ការ​នឹ​ង​វាយ​តម្លៃ​ទៅ​តាម​បែប​បទ​នោះ​។​

ព្រះតេជ​ព្រះ​គុណពេញ វិបុល បាន​បញ្ជាក់​​ថា៖«ការ​ប្រឡង​ក៏​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​បេក្ខ​សម​ណៈ និង​បេក្ខ​ជន​​ផង​ដែរ​គឺ​​បាន​ពាន​រង្វាន់​និង​វិញ្ញាបន​បត្រ​ ចំពោះ​លេខ​ ១ ​លេខ ២ ​លេខ ​៣ ​លេខ​ ៤​ លេខ​ ៥ ​និង​លេខ ៦​ សម្រាប់​ការ​ប្រឡង​សូត្រ​បាតិ​មោក្ខ​ដែល​មាន​តែ​ភិក្ខុ និង​សាម​ណេរ​ចូល​រួម​ប៉ុណ្ណោះ​។

ចំណែក​ឯ​ការ​ប្រឡង​សម្តែង​ធម្ម​ទេសនា​នឹង​មាន​តែ​ចំណាត់​ថ្នាក់​លេខ ​១​ លេខ ​២ និង​លេខ ​៣​ ដែល​លក្ខ​ខណ្ឌ​គឺ​​មាន​តែ​ភិក្ខុ​និង​សាម​ណេរ​ចូលរួម​ប៉ុណ្ណោះ​។រីឯ​ការ​សូត្រ​ធម៌បទ​​វិញ ​គឺ​​បើក​ឱកាស​ ទាំង​បេក្ខ​សម​ណៈ ​និង​បេក្ខជន​ដែល​ជា​ឧបាសក​ឧបាសិកា​ ចូល​រួម​ប្រឡង​ប្រជែង​បាន​ ឱ្យ​តែ​ចេះ​សូត្រឬ​​ស្មូត្រ​ហើយ​មាន​សំឡេង​ល្អ​។

សម្រាប់​បេក្ខ​សម​ណៈ ឬ​បេក្ខជន​ ដែល​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​នោះ​ ក៏​ទទួល​បាន​​លិខិត​បញ្ជាក់​ថា​ បាន​ចូល​រួម​ប្រកួត​ប្រជែង​បូក​រួម​ជាមួយ​នឹង​ប្រាក់​រង្វាន់​លើក​​ទឹក​ចិត្ត​ពី​សម្តេច​ព្រះពោធិ​វ័ង្ស ​អំ លីមហេង ​ផង​​ដែរ​ បើតាម​បទ​ពិសោធ​កន្លង​មក​។

​ចំពោះ​វិញ្ញា​សា​ប្រឡង ​និងថិ​រវេលា​ប្រឡង​ ការ​ប្រឡង​សូត្រ​បាតិ​មោក្ខ​ (មាន​សូត្រ​ផ្ទាល់​មាត់ និ​ង​សំណួរ​ផ្ទាល់​មាត់) មាន​រយៈ​ពេល​ ១៥ នាទី​​។ ការ​ប្រឡង​ប្រជែង​សម្តែង​ធម្មទេ​សនា​មាន​សំណេរ​អត្ថ​​បទ​ទេស​នា ដែល​មាន​ចំនួ ​៥ ឬ​ ៦ ទំព័រ​ និង​ទេស​នា​មុខបា​ឋៈ (ផ្ទាល់​មាត់) ​​មាន​រយៈ​ពេល​ ១៥ នាទី​។ ឯប្រឡង​​​សូត្រ​ធម៌បទ​ មាន​ការ​សូត្រ​ថ្វាយ​ផ្កា យោគ ផ្ចាញ់មារ ព្រះ​ត្រៃល​ក្ខណ៍​ កាវ​តារ អភិ​ធម្ម មាន​រយៈ​ពេល ១៥ នាទី។

សម្រាប់​​ព័ត៌​មាន​លម្អិត​ស្តី​ពី​ការ​ប្រឡង​ប្រជែង​សូម​និមន្ត​ និង​អញ្ជើញ​មក​ទាក់​ទង​ជា​មួយ​ផ្នែក​រដ្ឋ​បាល ​និង​គណ​នេយ្យ​នៃ​អគ្គា​ធិការ​ដ្ឋាន​​ពុទ្ធិក​​សិក្សា​ជាតិ​ឬ​តាម​​​ទូរ​ស័ព្ទ​ ០៩២ ​៨៦៨​ ៥៦៧/០១៦ ៩៣​៦ ៨៩៨៕​​

អត្ថបទគួរចាប់អារម្មណ៍