The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប៉ោយ ឈុនលី មាន​ក្តី​ប្រាថ្មា​ធំ​បង្កើត​សាលា​បង្រៀន​ថត​ខ្សែ​ភាព​យន្ត​នៅ​ខេត្ត​បាត់ដំបង​

លោក ប៉ោយ ឈុនលី មាន​ក្តី​ប្រាថ្មា​ធំ​បង្កើត​សាលា​បង្រៀន​ថត​ខ្សែ​ភាព​យន្ត​នៅ​ខេត្ត​បាត់ដំបង​

Content image - Phnom Penh Post
លោក ប៉ោយ ឈុនលី អ្នក​សិល្បៈ មាន​ក្តី​ប្រាថ្មា​ធំ​បង្កើត​សាលា​បង្រៀន​ថត​ខ្សែ​ភាព​យន្ត​នៅ​ខេត្ត​បាត់ដំបង។ រូបថត សហការី​

លោក ប៉ោយ ឈុនលី មាន​ក្តី​ប្រាថ្មា​ធំ​បង្កើត​សាលា​បង្រៀន​ថត​ខ្សែ​ភាព​យន្ត​នៅ​ខេត្ត​បាត់ដំបង​

បាត់ដំបងៈ​ បុរសអ្នកសិល្បៈ អាយុ ៤១ ឆ្នាំ ប៉ោយ ឈុនលី ក្រោយវិល​​ត្រឡប់​ពី​រៀនជំនាញ​សិល្បៈ​ភាពយន្ត​នៅ​ប្រទេស​បារាំងក្នុង​ឆ្នាំ​ ២០១៤​ និង​បាន​ប្រឡូក​​​​អាជីព​​សិល្បៈ​​បែប​ចម្រុះ​ដូចជា ធ្វើ​ជាគ្រូបង្រៀន​គំនូរ និង​គំនូរ​ជីវចល ​នៅ​សាលា​ហ្វារ​ពន្លឺ​​សិល្បៈ​​ គួប​​ផ្សំ​នឹង​កង្វះ​​ខាត​ធន​ធាន​ផ្ទាល់​ខ្លួន​នោះ ទើប​ជំនាញ​ជា​ក្តី​ស្រឡាញ់​ធំ​​លើ​វិស័យ​​​ភាព​យន្ត​ត្រូវ​​ដំអក់ ​ហើយបន្ត​​សន្សំចិត្ត​​រហូត​​​ជាង ១០ ឆ្នាំ ​ទើបអាច​ចាប់​ផ្តើម​ជំហ៊ាន​ដំបូង​​នា​ពេល​​នេះ​។​

នាពេល​ថ្មីៗ​នេះ ​បុរស​​មានជំនាញ​សិល្បៈ​ចម្រុះ​ ជា​កូន​ចៅ​អ្នករស់នៅ​​ ខេត្ត​បាត់ដំបង ដែល​មាន​​ភិន​​ភាគ​​​​​មុខ​មាត់​ស្រដៀង​គ្នា​​​នឹង​កីឡាករ​ប្រដាល់​លំដាប់​ពិភព​លោកជនជាតិ​ហ្វីលីពីន ម៉ានី ប៉ា​គី​​អាវ​ គឺ​ធ្លាប់​​​​មហាជន​ប្រសិទ្ធ​នាម​លោក​ថា «​ម៉ានី ប៉ាគីអាវ​ខ្មែរ» ដោយ​​លោក​មាន​ឈ្មោះ​ពិតថា ប៉ោយ ឈុន​លី បាន​បង្ហើប​ពី​​​ក្តី​ប្រាថ្នាធំ​របស់​ខ្លួន នៅ​ពេល​អនាគត​ ចង់​បង្កើត​សាលា​បង្រៀន​ថត​ភាព​យន្ត​មួយ​​កន្លែងនៅ​​​ខេត្ត​បាត់ដំបង​​។ ​

លោក ប៉ោយ ឈុនលី បច្ចុប្បន្នមាន​​វ័យ​ ៤១ ឆ្នាំ ​​ប្រាប់​សកម្មភាព​ការ​ងារ​ប្រចាំ​ថ្ងៃ​ដ៏​មមាញឹក​របស់​លោក​​ថា៖ «ថ្ងៃចន្ទ ដល់​ថ្ងៃសុក្រ ខ្ញុំ​ចុះថត​នៅទីជិត​ឆ្ងាយ និង​​ពេលយប់​កាត់តវីដេអូ​​គម្រោង​ក្នុងស្ទូឌីយោតូច​មួយ​នេះ។​ ដើម្បី​រក​​លុយ​ចិញ្ចឹម​ជីវិត ​ដល់ថ្ងៃចុ​ង​សប្តាហ៍​​ ធ្វើ​ការដើម្បី​សង្គម បង្រៀន​​ជំនាញ​តែង​និពន្ធ​ នៅ​វត្ត​ពោធិ​វាល ​ដល់ព្រោះសង្ឃ និង​យុវជន ព្រោះ​​ជា​ការ​ងារ​ដែល​ខ្លួន​ស្រឡាញ់​ពេ​ញបេះដូងតែម្តង​។ ធ្វើការ​ ៧ ​ថ្ងៃ​ ក្នុង​មួយ​សប្តាហ៍​ ១៨ ម៉ោង ​ក្នុង​មួយ​ថ្ងៃ​​​ ហត់​បន្តិច​មែន តែ​ពិតជា​សប្បាយ​​​ណាស់​ ព្រោះ​​បាន​ប្រើ​ពេលវេលា​ដ៏មាន​តម្លៃ​ ឱ្យ​មាន​ប្រយោជន៍ បន្សល់​​ទុក​ជា​ស្នា​ដៃ​​ដល់មនុស្ស​ជំនាន់​​​ក្រោយ ​​ប្រទេស​មួយ​ខ្លាំង ​ព្រោះមា​នប្រជាជ​ន​ខ្លាំង​រស់​នៅ»។

លោក ប៉ោយ ឈុនលី ដែល​ស្រទាប់​មហាជន​ច្រើន​ហៅលោក​ថា «ប៉ាគីអាវ​ខ្មែរ» នោះ​ក៏​​​បញ្ជាក់​បន្ថែម​​ពី​ក្តី​បំណង​ធំដែលរូប​លោក​បាន​សន្សំ​​​ទាំង​ចិត្ត និង​ទ្រព្យធន​ទុក​អស់រយៈ​ពេល​ជាង ​១០ ឆ្នាំ មក​ហើយ ​ក្នុង​វិស័យ​​សិល្បៈ​ភាព​យន្ត ដែល​​​​​​​រូប​លោកបាន​​​​រៀនមក​​ពី​ប្រទេស​បារាំង​ និង​ជំនាញជា​ទី​​​​​ស្រឡាញ់​ដ៏​មុតមាំ​មិន​ទាន់​ បាន​សម្រេច​​​​​​បំណង​​នោះឡើយ។ ក្តី​ស្រឡាញ់​របស់​លោក​នោះ ​គឺ​​ចង់​ផលិត​​​កុន​ខ្លួន​ឯង​ផង​ និង​​ចង់​បង្កើត​សាលា​បង្រៀន​ថតកុន​មួយ​កន្លែង នៅ​ខេត្ត​​​បាត់ដំបង​​​​ នាពេល​អនា​គត​។​

លោក​ ប៉ោយ ឈុនលី ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «ដោយ​សារ​​​​ខ្វះធនធាន​ ហើយ​ទម្រាំតែ​​​​​សន្សំ​​ប្រាក់​​​បាន​ទិញ​​សម្ភារ​ថត​កុន​មួយឈុត​នេះបាន​​ ខ្ញុំ​ត្រូវ​សន្សំ​ពេល​ និង​ប្រាក់​តាំង​ពី​ ឆ្នាំ​​ ២០០៨​ មក​ ទើប​អាច​​​​​​​​ទិញ​​​ឧបករណ៍​​ថត​វីដេអូមួយ​ឈុត​នេះ​បាន​នៅ​ថ្ងៃ​ទី​១ ខែ​មករា ​ឆ្នាំ​២០២២​ តែ​វា​ជា​ប្រភេទ​​សម្ភា​​ខ្នាត​ល្ម​ម ដែល​មាន​តម្លៃ​ប្រមាណ​ជាង​ ៤០០០ ដុល្លារតែ​​ប៉ុណ្ណោះ​។ យ៉ាង​ណា​មួយ​ឈុត​នេះវាជួយ​ខ្ញុំ អាច​​ទទួលយក​​ការ​ងារ​សហការ​គ្រប់​គម្រោង​ ​ទាំង​ប្រភេទ​ថត​​​ភាព​​​យន្ត​ឯកសារ​ ថត​​រឿង​ភាគ ​​ថត​រឿង​ដុំ​​ និង​​​ថត​រឿង​ខ្លីផង​ដែរ​​​។​​

បច្ចុប្បន្ន​ ខ្ញុំ​បាន​ប្រើ​វា​សម្រាប់​​​​ផលិត​​វីដេអូ​លើ​​គម្រោង​ចំនួន​​ ២ ជាបណ្តើរៗ ដែល​​គម្រោង​ទី​ ១ ពាក់​​ព័ន្ធ​នឹង​ការ​ថត​ផ្នែក​​កសិ​កម្ម ដោយ​ត្រូវ​ចុះ​ទៅ​ថត​នៅ​តាម​ចម្ការ​បន្លែ​នានា​​ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​​​ឧត្តរ​មាន​ជ័យ និង​ប្រើ​ពេល​ប្រមាណ​ ៥-៦ ខែ។​ ហើយ​គម្រោង​ទី​២ កំពុង​តែមាន​ទំនាក់​ទំនង​គ្នា​​​នៅ​​ឡើយ​។​​ នៅ​សល់​ម៉ោង​​ ពេល​ចុង​សប្តាហ៍​ ខ្ញុំ​ក៏​ត្រូវ​ឆ្លៀត​​ថតប្លង់​នានា ​​សម្រាប់​​ការ​ផលិត​​កុន​​ខ្នាត​វែង​​​​ខ្លួន​​ឯង​ជា​បណ្តើរៗផង​ដែរ​ ដោយ​​​ខ្ញុំ​ត្រូវ​ឆ្លៀត​កាត់ត​វីដេអូទាំងនោះ​ នៅ​ពេល​យប់​ក្នុង​ស្ទូ​​​ឌី​យូ​ផ្ទាល់​​ខ្លួន (Poy Studio) ដែល​​មាន​ទំហំ​ ១៣ ម៉ែត្រ​ការ៉េ ដើម្បីរៀបចំ​ និង​​ត្រៀម​​យក​​ទៅ​ប្រកួត​នៅ​​​​ក្រៅ​​ប្រទេស​ ពេល​ចប់​រួច​រាល់​។ ចំពោះ​ការ​ផលិត​កុននេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា នឹងត្រូវ​ប្រើ​​​ពេល​​ប៉ុន្មានទើប​ផលិត​​​រួច​​រាល់នោះទេ ឬ​ចប់​នៅ​ពេលណាបាន​ឡើយ​។ ដោយ​សាច់​រឿង​កុន​នោះ ខ្ញុំ​ក៏​​បាន​​​សរសេរ​វា​​រួច​រាល់​យូរ​មក​ហើយ​​​»។​

បើ​ទោះ​បីជាមើល​ទៅ​ឃើញ​ទំនោរ​នៃ​​​ការចង់​​បង្កើត​ការ​ងារ​​​​​ឯក​រាជ្យ​ដោយ​ខ្លួន​ឯង​ ដោយ​បាន​​ចាប់​ផ្តើម​​​បង្កើត​​ស្ទូ​ឌីយ៉ូ​ផ្ទាល់​ខ្លួន​​តាំង​ពី​ឆ្នាំ​ ២០១៨ មក​មែន​ក្តី តែ​​លោក​ ​ប៉ោយ​ ​ឈុន​លី​ ក៏​មាន​បំណង​ចង់​បាន​​​​ដៃគូ​​​សហ​ការ​គ្នា​ពី​សំណាក់​ក្រុម​ហ៊ុន​ពាណិជ្ជកម្មក្នុ​ង​ស្រុក ឬ​ក្រៅ​ស្រុក​​​នានា ដែល​មាន​គោល​ដៅចង់​​ពង្រីក​​លើ​វិស័យផលិត​​ភាព​​​យន្ត​​នៅ​ស្រុក​​ខ្មែរ ​ឱ្យ​មាន​សក្តានុពល និង​គុណ​ភាព​ខ្ពស់​ អាច​យក​​ទៅ​ប្រកួត​ប្រជែង​នៅ​​ក្រៅ​ប្រទេស​ផងដែរ នាពេល​អនាគត។​​​

លោ​កបាន​​ព្រលយ​ឱ្យ​ដឹង​ថា៖ «ប្រសិ​ន​បើ មាន​ក្រុម​ហ៊ុន​ជា​​​ដៃ​​គូ​​សហការ​លើ​វិស័យ​នេះ​មែន​នោះ​ ខ្ញុំ​ពិតជា​មាន​ក្តី​សោ​ម​ន​ស្ស​រីក​រាយ​ខ្លាំងណាស់​ ដើម្បី​​ពន្លឿននូវ​អ្វី​ ដែលជា​​​​ក្តី​សុបិន​របស់​ខ្ញុំ ​ចង់​ឃើញ​មាន​​សាលា​បង្រៀន​​​​ថត​ភាព​យន្ត​​មួយ​ នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ​ កាលណា​យើង​មាន​សាលា​បង្រៀន​ថត​​​កុន​ហើយ​​ នឹង​សម្បូរ​​ធន​ធាន​​អ្នក​ចេះ​វិស័យនេះ​​​។ ហើយ​កាល​ណា​សម្បូរ​ធនធាន​មនុស្សចេះ​ នឹង​​មានការ​ប្រកួត​ប្រជែងមួយ​ ដែល​ឈាន​ទៅ​ការ​សម្រិត​សម្រាំង​​រក​គុណ​ភាព​​​មិន​ខានឡើយ»។ ​

លោក​ ​ប៉ោយ​ ​ឈុន​លី​ ​កើត​នៅ​ថ្ងៃ​ទី​​ ២​៥​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​១​៩​៨​៣​ ​នៅ​​​​ខេត្ត​​បាត់​ដំបង ​ជា​គ្រូ​បង្រៀន​​​គំនូរ​ជី​វចល​មួយ​រូប​ ដែល​បាន​ចាប់ផ្តើម​​ជំនាញ​វីដេអូ​តុក្កតា​មាន​​ចលនា​ (Animation) នេះ​​ ដំបូង​គេ​បង្អស់ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​ខណៈ​ចាប់ផ្តើម​ប្រឡូក​​វិ​ស័យ​​សិល្បៈគំនូរ​​តាំង​ឆ្នាំ​ ​១​៩​៩​៨​ ​មក​ម្ល៉េះ នៅឯ​​​សាលា​​​ហ្វារ​ពន្លឺ​សិល្បៈ​​​​ក្នុង​ខេត្តបាត់​ដំបង ហើយ​លោក​បាន​បញ្ចប់​ការសិក្សាជំនាញ​សិល្បៈ​គំនូរ​នៅ​សាលាហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០២​​​។​ ​

ដោយមាន​ការណែនាំ​ពីសំណាក់​អ្នកថតរូប​ ខ្មែរ​-អាមេរិក​ មួយ​រូប ​ដែល​បាន​មក​ទស្សនកិច្ច​នៅ​សាលា​​ហ្វារពន្លឺសិល្បៈ​នោះ​លោក​ ​ប៉ោយ​ ឈុន​លី​ ​ក៏បាន​ចាប់ផ្តើម​រៀន​ស្វែងយល់​ ​និង​ស្វ័យ​សិក្សា​ជំនាញ​គំនូរជីវចល​នេះ ​នៅ​ឆ្នាំ​ ​២​០​០​២​ ដែល​វា​មាន​លក្ខណៈ​​​ខុសប្លែក​ពី​អ្វី​​លោក​បាន​រៀន​ដោ​យ​ការ​​​គូរ​​គំនូរ​មួយ​សន្លឹក​​ធម្មតា​ ​ប៉ុន្តែ​លោក​ត្រូវ​​គូររូប​ដដែល​ៗ​ ​និង​មាន​កាយវិការ​ខុសគ្នា​បន្តិច​ជា​ច្រើន​​​សន្លឹក​​​​ផ្គុំ​ចូលគ្នា​ ទើប​​អាច​បង្កើត​បានជា​វីដេអូ​​តុក្កតា ​ប្រភេទ​ជា​រឿង​ខ្លី​មួយ​បាន​។​ ​ឆ្នាំ​ ​២​០​០​៦​ ​លោក​ក៏បាន​ស្គាល់​មិត្តភក្តិ​ម្នាក់​មកពី​ប្រទេស​បារាំង​ មក​ជួយ​បង្រៀនលោក​​ទាំង​ថ្ងៃ​ ​ទាំង​យប់​​​​រយៈពេល​មួយ​ខែ​ ​ហើយ​​​ជំនាញ​នេះ ត្រូវការ​ពេលវេលា​យូរ​ដើម្បី​រៀនសូត្រ។​ ​​ឆ្នាំ​២​០​០​៧​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ចាប់ផ្តើម​​បើក​​ថ្នាក់​បង្រៀន​ជំនាញ​ ​គំនូរជីវចល​នេះ ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​​តែ​ម្ដង ​ដោយ​​​​លោក​បាន​ប្រមូល​ក្មេងៗ​ ផ្តើម​ពី​សិស្ស​​បី​នាក់​​ ​រហូត​កើន​​ដល់​ ​ដប់​បួន​នាក់ ក្នុងលក្ខណៈ​ជា​​ការ​បង្រៀន​សិស្ស​ផង​ រៀន​ខ្លួនឯង​ផង​។​ ហើយ​នៅ​ចន្លោះឆ្នាំ ២០០៧-២០១១ លោក​ ឈុនលី មាន​តួ​នាទីជា​​​នាយក​​​ស្ទូឌីយ៉ូ​ ឈ្មោះថា​ 1000 Hands Animation Studio នៃសាលា​ហ្វារ​​ពន្លឺ​សិល្បៈ។

ក្រោយ​មក​លោក​បាន​បម្រើ​ការ​ងារ​ជា​គ្រូ​បង្រៀន​ជំនាញ​គំនូរជីវចល ​​នៅ​សាលា​ហ្វារ​​ពន្លឺ​សិល្បៈ​ចាប់​ពី​​​​​ឆ្នាំ ​២០១៤ ដល់​ត្រឹម​ឆ្នាំ ​២០១៧ ខណៈ​នៅចន្លោះ​​ឆ្នាំ​ ២០១៦-២០១៧ លោក ឈុនលី ក៏​មាន​តំណែង​​ជា​​​​អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​​​ នៅ​ស្ទូឌីយ៉ូ​​ខាង​លើ​។ ​​​គិត​​ត្រឹម​ឆ្នាំ​ ២០១៨ មក​លោក ​ឈុនលី បាន​ចាប់​ផ្តើម​ការ​ងារ​ខ្លួន​ឯង ​ជា​មួយ​​នឹង​​ស្ទូឌីយ៉ូ​ផ្ទាល់​ខ្លួន​មាន​​ឈ្មោះ Poy Studio រហូត​ដល់​បច្ចុប្បន្ននេះ។ ​

លោក​បាន​សម្រេច​បន្ត​ការសិក្សា​ជំនាញ Animation នៅ​សាលា​ ​E​co​l​e​ ​P​i​v​a​u​t​ ​នៅទី​ក្រុង​​ណាន់​តេស (Nantes) ប្រទេស​បារាំង​ នៅចន្លោះ​ឆ្នាំ ​២០១១-២០១៤​ ដើម្បី​សិក្សា​​លម្អិត​ និង​ស៊ី​ជម្រៅ​បន្ថែម​​លើ​​ជំនាញ​ថ្មី​​​គំនូរជីវចល។​ ស្នាដៃ​​គំនូរជីវចល​ដំបូង​​លោកមាន​ចំណងជើង​​រឿង ​«Revive»​ ធ្លាប់​​បាន​ឈ្នះ​​ពាន​រង្វាន់​ទី១​​​ ពីកម្ម​វិធី​​មហោស្រព ​Cambofest Film Festival​ ឆ្នាំ​ ២០០៧ និង​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​បញ្ចាំង​​​​ក្នុង​កម្ម​វិធី​មហោស្រព​ភាព​យន្ត​ថ្នាក់​ជាតិ​ និងអន្តរជាតិ​ ជាច្រើន​ផងដែរ​ ដូចជា​នៅ​ទីក្រុង​ប៉ា​រីស ប្រទេស​បារាំង នៅ​​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលី​ហ្វ័រនីញ៉ា សហ​រដ្ឋអាមេរិក នៅ​ទី​ក្រុង​វៀងចន្ទ ប្រទេស​​​ឡាវ និងនៅ​​រាជ​ធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា៕

អត្ថបទគួរចាប់អារម្មណ៍