ភ្នំពេញៈ កម្ម​វិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១១ ​(The 11th CIFF) ​ដែល​បាន​បើក​សម្ពោធ ​ក្រោម​អធិបតីភាព​ ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​នាល្ងាច​ថ្ងៃ​ទី ២៨ ​មិថុនា​ នៅ​ឯ​សាល​សន្និសីទ​ចតុមុខ ​រាជ​ធានី​ភ្នំពេញ ​មានអ្នក​ចូលរួម​ចម្រុះ​ជាតិ​សាសន៍​ទាំង​ខ្មែរ ​និង​បរទេស ​ច្រើន​ហួស​ពី​ការរំពឹង​ទុក​ ក្រោយ​ពី​ខកខាន​ការប្រារព្ធ​ធ្វើ​អស់​រយៈពេល​ ២ ឆ្នាំ​មក។ នេះ​បើ​តាម​ក្រុម​អ្នករៀបចំ​កម្មវិធី។

លោក​ Cedric Eloy ​នាយកកម្ម​វិធី​ CIFF ​ដែលជា​អ្នករៀបចំ​កម្មវិធី ​ថ្លែង​ថា​៖«យើង​ពិតជា​សប្បាយ​ចិត្ត ​និង​ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​ល្ងាច​ថ្ងៃ​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១១​ នេះ​ឃើញ​វត្តមាន​បង​ប្អូន​ទាំង​ខ្មែរ ​និង​បរទេស​បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ។ តំណាង​ក្រុម​អ្នក​រៀបចំ​កម្ម​វិធី ​ក៏​សូម​អធ្យាស្រ័យ​និង​អភ័យ​ទោស​ផង​ដែរ​សម្រាប់​បង​ប្អូន ​ដែល​មិន​បាន​ចូលរួម​ផ្ទាល់​នៅ​ខាង​ក្នុង​សាល​មហោស្រព ​ដោយសារ​តែ​វត្តមាន​បង​ប្អូន​ចូលរួម​មាន​ចំនួន​លើស​កៅ​អី​អង្គុយ»។

លោក​បន្ថែមថា​៖«យើង​សង្ឃឹម​ថា ​បង​ប្អូន​នឹង​រីក​រាយ ​ការទស្សនា​ខ្សែ​ភាពយន្ត​យ៉ាង​ច្រើន ​ទាំង​កុន​ខ្មែរ ​និង​បរទេស​មាន​ចាក់​បញ្ចាំង​តាម​តារាង​ពេល​វេលា​នៃ​រោង​កុន​នីមួយៗ ​ដែល​កម្មវិធី​បាន​សហការ​ជាមួយ​យើង​ ចាប់​ពី​ថ្ងៃទី ២៨​ ខែមិថុនា​ ដល់​ថ្ងៃ​ទី ៣ ​ខែ កក្កដា ​ឆ្នាំ ២០២២»។​

នាយក​មជ្ឈមណ្ឌល​បុប្ផាណា ​លោក​ ជា សុភាព ​ដែលជា​អ្នករៀបចំ​កម្មវិធី​ដែរ​នោះ ​លើក​ឡើង​ថា ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ​ក៏ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ។ នៅ​កម្ពុជា​សកម្ម​ភាព​វប្បធម៌ ​និង​ភាពយន្ត ​ត្រូវបាន​បិទ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​រឹតត្បិត​អស់​ពេល​ជិត​២ឆ្នាំ។ ដូច្នេះ​ពិតជា​រីករាយ​ណាស់ ​ដែល​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំបំផុត​មួយ​នេះ​នៅ​កម្ពុជា ​ត្រូវបាន​នាំយក​មក​បង្ហាញ​ឡើង​វិញ​នៅ​ឆ្នាំ​នេះ។

លោក ​ជា សុភាព ​ថ្លែង​ថា​៖ «ដោយ​សារ​កម្មវិធី​ឆ្នាំ​នេះ ​ចំ​ពេល​នៃ​ការប្រារព្ធ​ធ្វើ​ពិធី​ខួប​ ៧០ ឆ្នាំ ​នៃ​ទំនាក់​ទំនង​ការទូត ​រវាង​ប្រទេស​អូស្ត្រាលី ​និង​កម្ពុជា ​ទើប​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា ​បាន​គាំទ្រ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១ នេះ ​ដើម្បី​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​កម្ពុជា​-អូស្ត្រាលី​ ថែម​មួយ​កម្រិត​ទៀត​ ទៅ​លើ​វិស័យ​សិល្បៈ ​វប្បធម៌»។

លោក​បញ្ជាក់ថា​៖«ជា​ពិសេស​ វិស័យ​ឧស្សាហកម្ម​ភាពយន្ត​ តួយ៉ាង​ផលិតករ​ជាតិ​អូស្រ្តាលី ​លោក​ James Gerrand ដែល​បាន​ថត​កុន​ខ្មែរ​ក្នុង​ទសវត្សរ៍​ទី៧០ ​និង​កញ្ញា​ Allison Chhorn​ ជា​ផលិតករ​ភាពយន្ត​ជនជាតិ​ខ្មែរ​-អូស្ត្រាលី ​និង​ជា​សិល្បករ​ពហុជំនាញ ​បាន​ចូលរួម​ជាមួយ​យើង​លើក​ដំបូង​នៅ​ឆ្នាំ​នេះ»។

លោក​ ជា សុភាព ​បន្ថែម​ថា ​តាម​រយៈ​កម្មវិធី​មួយ​ឈ្មោះ​ថា ​Panorama of Australian Cinema features Cambodia-Australian​ គឺជា​កិច្ចសហការ​ផ្នែក​ផលិតកម្ម​ភាពយន្ត​ ដូចជា​ ករណី​ភាពយន្ត​ រឿង ​«Buoyancy» ​គឺ​ជា​ភាពយន្ត​អូស្ត្រាលី​ ឆ្នាំ ២០១៩ ​ដែល​ដឹកនាំ​ដោយ​ផលិតករ​ជនជាតិ​អូស្ត្រាលី ​លោក ​Rodd Rathjen ​ជាដើម។

ដើម្បី​អបអរ​សាទរ​ខួប​ ៧០ ឆ្នាំ ​នៃ​ទំនាក់​ទំនង​ការទូត ​រវាង​ប្រទេស​អូស្ត្រាលី ​និង​កម្ពុជា​ កម្មវិធី​ក៏​មាន​ការចាក់​បញ្ចាំង​ភាពយន្ត​អូស្រ្តាលី​ប្រហែល​ ២០ រឿង ​ដែល​បាន​ផលិត​អំឡុង​ឆ្នាំ​ ១៩៥២ ​ដល់​ឆ្នាំ​ ២០២២។ លោក ជា ​សុភាព ​បញ្ជាក់​ថា​៖ «ខ្សែ​ភាពយន្ត​ទាំង​នេះ​មាន​សាច់រឿង​ទាក់ទង​នឹង​សហគមន៍​ និង​ភាពយន្ត​អប់រំ​ ដែល​បង្ហាញ​ពី​បញ្ហា​នានា​ស្តី​ពី​បរិស្ថាន​ និង​ការគ្រប់គ្រង​ទឹក​ទន្លេ​មេគង្គ​ កសិកម្ម​ ក្រុមជន​ជាតិ​ដើម​ភាគ​តិច​ និង​សមភាព​យេនឌ័រ»។​

អ្នក​ចូលរួម​ក្នុង​កម្មវិធី​ ២ រូប​ ហាក់​បង្ហាញ ​នូវ​ការពេញចិត្ត​ ចំពោះ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ លើក​ទី១១ ​នេះ។

កញ្ញា​ រ៉េត សារីតា ​អតីត​កញ្ញាឯក​ចក្រវាឡ​កម្ពុជា ​ឆ្នាំ​ ២០២០ ​ដែល​មាន​វត្តមាន​ចូល​រួម​កម្ម​វិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី១១ ​ឆ្នាំ​ ២០២២ នេះ ​បាន​និយាយថា​៖ «អវត្តមាន​អស់​រយៈពេល ​២ ឆ្នាំ ​ដោយសារ​កូវីដ ១៩ ​ទីបំផុត​ យើង​បានជួប​គ្នា​ម្ដង​ទៀត​ហើយ ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី១១»។

លោក ​ម៉ើ សាម៉ៃ​ និស្សិត​ទើប​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី១១ ​លើក​ដំបូង​នេះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ «សម្រាប់​ខ្ញុំ ​រំភើប​ចិត្ត​ខ្លាំង ​ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ចូល​កម្មវិធី​នេះ​ទេ​ពីមុន​មក។ កម្មវិធី​នេះ​មាន​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ ​និង​បរទេស​ច្រើន ​គឺ​មាន​ជាង ​១០០ រឿង​ឯណោះ ​ហើយ​ចូល​ទស្សនា ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង»៕