ភ្នំពេញៈ វិស័យ​​អក្សរ​សិល្ប៍​ខ្មែរ​ ធ្លាប់​មាន​ប្រវត្តិ​យូរលង់​តាំង​ពី​បុរាណកាល ​​​រហូត​មក​ដល់​ទសវត្សរ៍ទី៧០ និង​​​បាន​​ងើប​​​​​​ឡើង​វិញ បន្ទាប់​ពី​សម័យ​ខ្មែរ​ក្រហម​ ដែល​គេ​ឃើញ​ថា នា​ពេល​​បច្ចុប្បន្ន​នេះ​​ ស្នាដៃ​និពន្ធ​ ឱកាសនិង​គុណ​​​តម្លៃ​របស់​អ្នក​និពន្ធ ​និង​វិស័យ​បោះពុម្ព មាន​ការ​រីក​ចម្រើន​គួរ​​ឱ្យ​​កត់​សម្គាល់​។

ក៏​ប៉ុន្តែ​វិស័យ​​​នេះ​ ទាម​ទារ​​ឱ្យ​​មាន​ការ​បន្ត​ជ្រោម​ជ្រែង ​បង្ក​លទ្ធភាព ​និង​ឱកាស​ដល់​អ្នក​និពន្ធ​តាមរយៈ​​ការ​ពិព័រណ៍​សៀវ​​ភៅ​ ការ​ធ្វើ​សិក្ខា​​សាលា ​សន្និសីទ​​និងរៀបចំ​កម្ម​វិធី​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​​ ជា​ដើម​។ ​

ដូច​​​នេះ​ ទើប​មហោ​ស្រព​​អក្សរ​​សិល្ប៍​ខ្មែរ​លើក​ទី១​​ នៅ​ឆ្នាំ​២០១៧ ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​ បង្កើត​ឡើង​​ដោយ​​អ្នក​និពន្ធ​អ្នក​ស្រី សូ ភីណា សហការ​ជាមួយ​នឹង​​​ក្រុម​ស្លាប​​​​ប៉ាកកា​ខ្មែរ​ ​រួម​ទាំង​មាន​​​​អ្នក​និពន្ធ​ជា​ច្រើន​ទៀត ​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​វិស័យ​អក្សរ​សិល្ប៍​ខ្មែរ​។

បន្ទាប់​ពី​បាន​ដឹក​នាំ កម្ម​វិធី​មហោស្រ​ពអក្សរ​សិល្ប៍ខ្មែរ អស់​រយៈពេល​បួន​ដង​កន្លង​មក លោក​ស្រី សូ ភីណា​ បាន​​​​ប្រគល់​តួនាទី​រៀបចំ​ទៅ​លោក ឃុត សុខឿន ជា​នាយក​គ្រប់គ្រង​មហោ​ស្រព​​អក្សរ​​​សិល្ប៍​ខ្មែ​រ សម្រាប់​ឆ្នាំ​២០២២-២០២៣ និង​សមាសភាព​​ក្រុម​ប្រឹក្សា​រៀបចំ​មហោស្រព​នេះ​​។

ចំពោះ​សមាស​ភាព​​នៃ​​​ក្រុម​គណៈ​កម្មការ​រៀបចំ​មហោ​ស្រព​លើក​ទី​៥ ឆ្នាំ ​២០២២​​ នេះ​​ រួម​​មាន​​​ដូចជា​ លោក​ស្រី សូ ភីណា ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក ជី សិលា អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក​ស្រី ហួត សុជាតា ជា​សមា​ជិក លោក ហុក សុទ្ធិ ជា​សមាជិក​ កញ្ញា សាយ តុលា ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​​​លោក ឃុត សុខឿន ជា​នាយក​គ្រប់​គ្រង​ ​មហោ​ស្រព​អក្សរ​សិល្ប៍​​​ខ្មែរ​ ឆ្នាំ ​២០២២​នេះ​។

​មហោ​ស្រព​អក្សរ​សិល្ប៍ខ្មែរ​លើក​ទី​៥ ឆ្នាំ​ ២០២២ នេះ នឹង​ប្រារព្ធ​ធ្វើ​​ក្នុង​​ខេត្ត​ពោធិ៍​សាត់ ដែល​​គ្រោង​រៀបចំ​នៅ​បរិ​វេណ​​នៃ​​វិទ្យាល័យ​ពោធិ៍​សាត់​ មាន​ចំនួន​ ៣ ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ​២១-២២-២៣ ខែ​តុលា ឆ្នាំ​២០២២។

នាយក​​​គ្រប់​គ្រង​ នៃ​មហោ​ស្រព​អក្សរ​សិល្ប៍​​ខ្មែរ​​ឆ្នាំ​ ២០២២ លោក ឃុត សុខឿន បាន​បង្ហើប​ឱ្យ​ដឹង​ពី​គោល​​បំណង​សំខាន់​នៃ​ការ​រៀបចំ ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះថា ទី១. ចង់​បណ្តុះ​ស្មារតី​ស្រឡា​ញ់​​​​អក្សរ​សិល្ប៍ជាតិ​ ទី២. ចង់​លើក​កម្ពស់​កិត្តិយស និងគុណ​តម្លៃ​របស់​អ្នក​និពន្ធ​ខ្មែរ និង​ទី៣. ចង់​​ប​​ង្កើន​ឱកាស​ក្នុង​ការ​ទំនាក់​ទំនង និង​ពង្រីក​វិសាល​ភាពទីផ្សារ​ដល់​អ្នក​និពន្ធ។​

លោកបញ្ជាក់​ថា៖ «គោល​បំណង​យើង​គឺ​ចង់​បង្កើត​វេទិកា​មួយ រវាង​អ្នក​និពន្ធ និង​អ្នកអាន រវាង​អ្នក​​និ​ពន្ធ និង​អ្នកបោះ​ពុម្ព​សៀវ​ភៅ លើក​កម្ពស់​តម្លៃ​អ្នក​និពន្ធ​ ដោយ​​បណ្តុះ​​វប្បធម៌​​ឱ្យ​​​​ស្រ​ឡា​ញ់​​​​ការ​និពន្ធ ​សិល្បៈ​​ប្រចាំ​តំបន់​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​និមួយៗ»​។

លោក​បន្ត​ថា៖ «ដោយ​សារ​មាន​ចក្ខុ​វិស័យ​មួយ ​សម្រាប់​វិស័យ​អក្សរសាស្រ្ត​ខ្មែរ គឺ​ចង់​ឃើញ​ថា​ អក្សរ​សាស្រ្ត​ខ្មែរ ក៏​មាន​ធាតុ​សំខាន់​រួម​ចំណែក ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​ដែរ មិន​មែន​​​​​​មាន​​តែ​​វិស័យ​នានា​​ដូចជា ​វិស័យ​​កសិកម្ម វិស័យ​ទេសចរណ៍​ ឧស្សាហ​កម្ម​នាំចេញ​នាំ​ចូល​​​​នោះ​ទេ។​

ដោយសារ​ភ្នំពេញ​ គឺជា​​​បណ្តុំ​នៃ​ការ​ប្រមូល​​ការ​ផ្សព្វ​ផ្សាយ​ផ្នែក​វប្បធម៌​ច្រើន​ ខណៈ​នៅ​តាម​ខេត្ត​នីមួយៗ​ក៏​អាច​មាន​ការ​ប្រមូល​ផ្តុំ​នូវ​ការ​ផ្សព្វ​ផ្សាយ​ដែរ តែ​យើង​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ ទើប​ក្រុម​ការងារ​​បាន​​សម្រេច​រៀបចំ​កម្ម​វិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ ជា​លក្ខណៈ​វិល​​ជុំ​តាម​ខេត្ត​នានា​ ដើម្បី​បណ្តុះ​គំនិត​បង្កើត​ថ្មី ឬ​បណ្តុះ​គំនិត​ស្រឡាញ់​សិល្បៈ​វប្បធម៌ ​នៅ​តាម​តំបន់ ​​(ខេត្ត​​ទាំង​២៥)​ តាម​រយៈ​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យុវជន»​។

លោក ឃុត សុខឿន ក៏​បាន​រៀបរាប់​ត្រួសៗឱ្យ​ដឹង​ជា​មុនខ្លះ​ៗនូវ​មាតិកា​នៃ​ការ​រៀបចំ​មហោ​ស្រព​អក្សរ​​សិល្បិ៍​ខ្មែរ​ឆ្នាំ​នេះ​ដែរ​ថា៖«​យើង​មានគម្រោង​រៀបចំ​កម្ម​វិធី​ច្រើន តែ​ជារួម​យើង​មាន​៣​ចំណុច​ធំៗ​​ជាគោល​គឺទី១ ការ​រៀបចំ​ផ្សព្វ​ផ្សាយមាន​មូល​ដ្ឋាន​​លើកស្ទួយ​វិស័យ​អក្សរសាស្រ្ត​ អក្សរសិល្ប៍ (Literary Base Promotion) ទី​២ ការ​​រៀបចំ​កម្ម​វិធី​សម្តែង​នានា​ដែល​ចំណេញ​ការ​ផ្សព្វ​ផ្សាយ​ពី​​សិល្បៈ​អក្សរ​សិល្ប៍ ​​(​Literary Inspire Art) និង​ទី​៣ សកម្ម​ភាព​រៀបចំ​ពី​អក្សរ​សិល្ប៍ ​(Literary Activities) ដូចជា​​ការរៀបចំ​តាំង​ពិព័រណ៍​គម្រប​សៀវ​ភៅប្រលោម​​លោក​​ខ្មែរ នា​​សម័យ​​មុន​ឆ្នាំ​១៩៧៥​ ដែល​​និយម​គូរ​រូប​​គំនូរ​យ៉ាង​ស្រស់​ស្អាត​ដាក់​ជាក្រប​​សៀវ​ភៅ​ជា​ដើម»។​

ក្រុម​ការងារ​បាន​​ព្រីន​រូប​គម្រប​សៀវភៅ​នោះ​មួយ​ចំនួន​ មក​ដាក់​តាំង​បង្ហាញដោយមាន​ការ​សង្ខេប​សេចក្តី​នៃ​​រឿង​នោះ​ដាក់​ក្បែរ ដើម្បី​ងាយ​ស្រួ​ល​សម្រាប់​អ្នក​ចូល​រួម​គាត់ឃើញ​រូប ហើយ​អាចអាន​យល់​ដឹង​ពីអត្ថន័យ​នៃ​រឿង​ ដែល​​ជា​មរតក​ដើមទាំង​នោះ​។ ការតាំង​សៀវភៅ​លក់​តាម​តូប​ ឬ​ស្តង់សៀវភៅ​ មិន​ទាន់​មាន​សេចក្តី​លម្អិត​នៅ​ឡើយ​ ដោយសារ​រង់​ចាំ​ការ​សម្រេច​ពី​ដៃ​អ្នក​សហ​ការ​សិន។

លោក​បញ្ជាក់​ថា៖ «យើង​ក៏​គ្រោង​នឹង​អញ្ជើញ​អ្នក​និពន្ធ​ទាំង​ជើង​ចាស់ និង​ជើងថ្មី​ មក​ធ្វើ​បទ​បង្ហាញ​​ពី​បទ​ពិសោធ​ តាម​រយៈ​សិក្ខា​សាលា​ផ្សេងៗផង​ដែរ ខណៈពេល​នេះ​យើង​នៅ​រង់​ចាំ​​ការ​​ឆ្លើយ​តប​ត្រឡប់​វិញ​ពី​ក្រុម​អ្នក​និពន្ធ​ទាំងឡាយ ដែល​យើង​គ្រោង​អញ្ជើញ​នោះ​​»។

លោក ទឹម ម៉ានី ជាអ្នក​និពន្ធ​ម្នាក់​មាន​ស្នាដៃ​និពន្ធ​រាប់​មិន​អស់ មាន​ដូច​ជា​រឿង«ស្នេហ៍​ស្មោះ» រឿង «​ឃ្លោក​លិច​អំបែក​អណ្តែត» រឿង​ «ស្អប់​ស្រឡាញ់ ក្នាញ់​អាណិត» រឿង «​ដំណត់​ភ្លៀង​ចម្រៀង​ស្នេហ៍» រឿង​ «អាពាហ៍​ពិពាហ៍​ឥត​ព្រាង​ទុក» ជាដើម ដែល​លោក​បាន​ទទួល​​ការ​គោរព​ស្រឡាញ់​ពីអ្នក​និពន្ធ​ជំនាន់​ក្រោយ​លោក​តែង​តែ​ស្ម័គ្រ​ចិត្ត​ជួយ​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ​តាំង​ពី​ចាប់​ផ្តើម​ដំបូង​មក​ម៉្លេះ​។

លោក​តែងតែ​ខិតខំ​ចំណាយ​ទាំង​ពេល​វេលា និង​​កម្លាំង​ចិត្ត ដើម្បី​ជាអ្នក​ប្រឹក្សា​ដំណើរ​ការទូទៅ នៃមហោ​ស្រព ទាំង​មូល​កន្លងមក​។​

លោក​ ទឹម ម៉ានី ថ្លែង​​ថា៖ «​ក្នុ​ង​នាម ខ្ញុំជា​ព្រឹទ្ធ​និពន្ធ​មួយ​រូប មាន​សេចក្តី​រីក​រាយ៉ាង​ខ្លាំង និង​មាន​មោទ​កភាព​ណាស់​ ដែល​ក្រុម​ការ​ងារ​រៀបចំ​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​នេះ​ឡើង​ តាំង​ពី​ឆ្នាំ​២០១៧​ មក ហើយ​ខ្ញុំ​ក៏​បាន​ចូល​រហូត​មក​ដល់​ចំនួន ​៤ លើក​​ម​ក​ហើយ។ ​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​ចង់​ផ្តាំ​ផ្ញើ​ថា សម្រាប់​អ្នក​ដែល​មាន​​បំណង​ចូល​រួម​ក្នុង​កម្ម​វិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​នេះ ពិតជា​ទទួល​អត្ថ​ប្រយោជន៍​សម្រាប់​​ការ​យល់​ដឹង​ពី​វិស័យ​តែង​និពន្ធ ដោយសារ​កម្ម​វិធី​មាន​ក្រុមអ្នក​និពន្ធ​ល្បីៗ និង​មាន​បទ​ពិសោធ​មក​ធ្វើ​បទ​បង្ហាញ​ ពី​វិធី​ក្នុងការ​​តែង​និពន្ធ​រឿង​ប្រលោមលោក ឬ​រឿង​ខ្លី​ជា​ដើម​។ ដូចជា​រឿង​ខ្ញុំ​ជាដើម​ នាពេល​កន្លង​មក ខ្ញុំ​បាន​រៀបចំ​ និង​ធ្វើ​ជា​បទ​បង្ហាញ​នានា​ដែល​វិធី​សាស្រ្ត​ក្នុង​វិជ្ជាតែង​និពន្ធ​ប្រលោម​លោក និង​រឿងខ្លី ចែក​ជូន​ដល់​អ្នក​ចូល​រួម​ ហើយ​ពួកគាត់​ក៏​អាច​ដាក់​ជា​សំណួរ​ផ្ទាល់​ភ្លាមៗ​បាន​ផង​ដែរ»​។​​​

លោកបន្ថែម​ថា៖ «ម្យ៉ាង​​វិញ​ទៀត ការ​រៀបចំ​មហោ​ស្រព​អក្សរ​សិល្បិ៍​ខ្មែរ​នេះ ក៏​ជា​ការ​ពង្រឹង និង​លើក​តម្លៃ​​​​វិស័យ​អក្សរសាស្រ្ត​ខ្មែរ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​មាន​ការ​ភ្ញាក់​រឭក​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អាន​សៀវ​ភៅ​ឱ្យ​កាន់​តែ​ច្រើន ព្រោះ​ថា ​ការ​អាន​សៀវភៅ​ក៏ជួយ​ឱ្យ​ពួកគេ​​ទទួល​បាន​ចំណេះ​ដឹង​​បន្ថែម និង​ពង្រឹង​ការ​សរសេរ​ពាក្យពេចន៍​ខ្មែរ​ឱ្យ​កាន់​តែ​ច្បាស់​លាស់​តាម​ក្បួន​ខ្នាត​នៃ​វច​នា​នុក្រម​សម្តេច​​សង្ឃជួន​ណាត​ទៀត​ ដោយ​កន្លង​មក​ឃើញ​ក្មេងៗ​ជំនាន់​ក្រោយ​ ​ច្រើន​សរ​សេរ​​ពាក្យ​ពេចន៍​មិន​សូវ​បាន​ត្រឹម​​ត្រូវឡើយ»​។​

គួរ​​រំឭក​ដែរ​​ថា មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី១​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​​​​​​ថ្ងៃទី​ ២០-២២ ខែ​​ តុលា ឆ្នាំ​ ២០១៧ ​នៅ​​ឯ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដោយ​មាន​​កម្មវិធី​ជា​ច្រើន ​ដូចជា វេទិ​កា​​ពិភាក្សា​​អំពី​បរិបទ​សំខាន់​ៗ ​ការ​សម្ពោធ​​​​សៀវភៅ ​សិក្ខា​សាលា​និពន្ធ​ និង​​​សម្តែង​សិល្បៈ​កម្សាន្ត​​នានា។​​

ការ​រៀបចំ​មហោស្រព​អក្សរ​សិល្ប៍​លើក​​ទី​២​ ធ្វើ​នៅ​​ខេត្ត​បាត់ដំបង ក្រោម​​​​​​ប្រធាន​​បទ «អតីតកាល បច្ចុប្បន្ន​កាល និង​អនាគត​នៃ​អក្សរ​សិល្ប៍​ខ្មែរ» នា​ថ្ងៃ​ទី ​២១-២២-២៣ ខែ​តុលា ឆ្នាំ​២០១៨។

ចំណែក​​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​​​លើក​ទី ៣​​ ធ្វើ​នៅ​ថ្ងៃទី​​ ១១-១៣ ខែ​ តុលា​ ឆ្នាំ ​២០១៩ ដោយ​មាន​ការ​ដាក់​​បញ្ចូល​​កម្មវិធី​តាំង​​លក់​សៀវភៅ ​និង​ពិព័រណ៍​​ថា​ «មរតក​អក្សរ​សិល្ប៍»​ រយៈពេល​ ២ ថ្ងៃ​ពេញ​​ផង​ដែរ​ គឺ​​នៅ​ថ្ងៃទី ​១២ និង​​ទី​ ១៣ ខែ ​តុលា ឆ្នាំ​ ២០១៩​ រៀបចំ​ធ្វើ​នៅ​បណ្ណាល័យ​ជាតិ ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​

ដោយ​ឡែក​សម្រាប់​​ឆ្នាំ​ ២០២០ កម្ម​វិធី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ ខក​ខាន​មិន​បាន​រៀបចំ​ឡើយ ដោយ​សារ​តែជួប​បញ្ហា​វិបត្តិ​កូវីដ ១៩ និង​លើក​ទី​៤ នៅ​ក្នុង​ឆ្នាំ​ ២០២១ ត្រូវ​បាន​រៀបចំ​តាម​គន្លង​ថ្មីគឺ​តាម​​អនឡាញ។

លោក​ឃុត សុឃឿន បាន​​កត់សម្គាល់​ថា សន្ទុះ​នៃ​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​មហោ​ស្រព​អក្សរ​សិល្បិ៍​ខ្មែរ មាន​អ្នក​ចូល​រួម​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដោយសារ​តែ​មាន​​​ការ​យល់​ដឹង​ច្រើន​ពី​មហោស្រព​នេះ និង​មាន​ការ​សហ​ការ​ផ្សព្វ​ផ្សាយ​ ពី​​បណ្តាញ​សារ​​ព័​ត៌​មាន​នានា​​៕​