ភ្នំពេញៈ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថ្លែងថា ការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ជា​ច្រើន​លើពិភព​លោក​បាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​ទៀងទាត់ និង​បរិភោគ​អាហារ​ចម្រុះ​មុខ​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់់យើង​ទាំង​អស់​គ្នា។

ការ​លើកឡើង​របស់​លោកស្រី ប្រាក់ សោភ័ណនារី បែបនេះ ធ្វើឡើង​ក្នុង​កម្មវិធី​យុវជន​ជើងឯក​អាហារូបត្ថម្ភ​ពាក់កណ្តាល​ម៉ារ៉ាតុន ធ្វើឡើងនៅ​ពហុកីទ្បដ្ឋានជាតិ​អូទ្បាំពិក​ដោយ​មាន​អ្នក​ចូលរួមជិត ១ ០០០ នាក់​សម្រាប់​រយៈចម្ងាយ ៣ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ ២០២២។

លោកស្រី​បាន​លើកឡើង​ថា ការ​ហាត់ប្រាណ​ពិត​ជា​អាច​បង្កើន​ថាមពល​ខ្លាំងក្លា​ជាង​មុន។ បើហាត់ប្រាណ​ទៀងទាត់​នឹង​មាន​សាច់ដុំ​រឹងមាំ និងចេះ​អត់ធ្មត់​ច្រើន​ជាង​មុន។ វាជួយ​រាងកាយ​ឱ្យ​បង្កើន​ អុកស៊ីហ្ស៊ែន និង​នាំ​សារជាតិ​ចិញ្ចឹម​ទៅ​កាន់​ជាលិកា​ក្នុង​ខ្លួន ជួយ​សម្រួល​ប្រព័ន្ធ​សរសៃឈាមបេះដូង និង​ប្រព័ន្ធ​ដង្ហើម​ដំណើរការ​ល្អ​ជាងមុន​ព្រម​ទាំង​ធ្វើ​ឱ្យ​ថាមពល​ក្នុង​ខ្លួន​យើង​កើន​ជា​លំដាប់។

លោកស្រីបញ្ជាក់ថា៖ «ប្រសិន​បើ​យើង​ហាត់ប្រាណ​តែមួយ​មុខ​មិន​គិតគូរ​ដល់​របបអាហារ​ យើង​ក៏​មិនអាច​គ្រប់គ្រង​ទម្ងន់​និង​ការពារ​សុខភាពយើង​បាន​ឡើយ។ អ្វីដែល​ យើង​បរិភោគ​អាច​ប៉ះពាល់​និង​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​រាងកាយ​របស់​យើង​ក្នុង​ការ​ការពារ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លងជំងឺ​ផ្សេងៗ»។

លោកស្រី​បន្ថែម​ថា សារជាតិ​ចិញ្ចឹមល្អ​អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​វិវឌ្ឍន៍​បញ្ហា​សុខភាព​ផ្សេងៗ​បាន​ផងដែរ​ ដូចជា ការ​លើស​ទម្ងន់​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង ជំងឺ​មហារីក ប្រភេទ​មួយ​ចំនួន។ ចំពោះ​ទារក​របប​អាហារ​សុខភាព​មាន​ន័យថា ការ​បំបៅកូន​ដោយ​ទឹកដោះម្តាយ​តែ​មួយ​មុខ​ក្នុង​រយៈពេល ៦ ខែ​ដំបូង នៃ​ជីវិត​របស់​ពួកគេ និង ការ​ផ្តល់​អាហារ​បន្ថែម​មាន​សុវត្ថិភាព ដើម្បី​បំពេញ​លើ​ទឹកដោះ​ម្តាយ​ចាប់ពីអាយុ ៦ ខែ​ដល់ ២ ឆ្នាំ និងលើសពីនេះ។

សម្រាប់​កុមារ​តូច​របប​អាហារ​សុខភាព និង​តុល្យភាព គឺ​ចាំបាច់​សម្រាប់​ការ​លូតលាស់​ផ្នែក​រាងកាយ​និង​ការ​អភិវឌ្ឍ​សតិបញ្ញា​ស្មារតី​របស់ពួកគាត់។ សម្រាប់​មនុស្ស​ចាស់​របប​អាហារ​សុខភាព​អាច​ជួយ​ធ្វើ​ឱ្យ​ជីវិត​ពួកគាត់​មាន​សុខភាព​ល្អ​និង​សកម្ម​ជាង​មុន។ ចំពោះ​មនុស្ស​វ័យជំទង់​និងយុវជន​របបអាហារ​សុខភាព​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ចិញ្ចឹម​អាច​ជួយ​ដល់​ការ​លូតលាស់ឆ្អឹង ការ​ផ្លាស់ប្តូរ​អ័រម៉ូន​និង​ការ​អភិវឌ្ឍ​សរីរាង្គ​និង​ជាលិកា​រួម​ទាំង​ខួរក្បាល​ផងដែរ។

លោកស្រីថ្លែងថា៖​ «ពួកគេ​គួរ​តែ​បរិភោគ​អាហារ​សុខភាព​និង​កំណត់​បរិមាណ​សមស្រប​ក្នុង​ការ​ទទួល​អាហា​រកែច្នៃ ភេសជ្ជៈ​មាន​ជាតិ​ស្ករ និងការ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ។ ទម្លាប់​បរិភោគ​អាហារ​សុខភាព និង ការ​ហាត់ប្រាណ​ អាច​ជួយ​ឱ្យ​ពួកគេ​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​លើសទម្ងន់។

លោក សុខស៊ីឡូ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ថ្លែងថា ការ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​បរិមាណ​កាឡូរីតាម​រយៈការ​ផ្លាស់ប្តូរ​វិជ្ជមាន​នូវ​របបអាហារ គឺជា​គន្លឹះ​សម្រាប់​ការ​ទប់មិន​ឱ្យ​រាងកាយ​យើង​ឡើង​ទម្ងន់​ខ្លាំង​ដែល​នាំ​​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់សុខភាព ខណៈ​ដែល​ការ​ហាត់ប្រាណ​ទៀងទាត់​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​ជួយ​ទ្រទ្រង់​លទ្ធផល​សុខភាព​ល្អ​ប្រសើរ​ទាំង​នេះឱ្យ​មានចីរភាព​ក្នុង​រយ:ពេល​យូរ។

លោកបន្តថា ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា នៅពេល​ដែល​រាងកាយ​មាន​ភាព​សកម្ម​ជា​ប្រចាំ​រួម​ជាមួយ​នឹង​ការ​អនុវត្ត​របបអាហារ​សុខភាពបាន​ទៀងទាត់​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​លើសឈាម លើស​ជាតិ​ស្ករ​និង​ខ្លាញ់ ជួយ​បង្កើន​សាច់​ដុំ​រាងកាយ និង​ធ្វើ​ឱ្យសុខភាព​ផ្លូវកាយ​និង​សុខភាព ផ្លូវចិត្ត​របស់​យើង​ម្នាក់ៗ​មាន​លក្ខណ:​ប្រសើរឡើង។

ចំណែកលោកស្រី Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ បានថ្លែងថា របបអាហារ​ដែល​មាន​សុខភាព​ល្អ​រួមមានការលាយ​បញ្ចូល​គ្នា​នៃ​បន្លែ​និង​ផ្លែឈើ​ ត្រី ស៊ុត សាច់ និង​ គ្រាប់ធញ្ញជាតិ។ នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​អាហារ​មាន​កំណត់​ជាតិ​ស្ករខ្លាញ់​និងអំបិល​ខ្ពស់​ដើម្បី​ឱ្យ​មាន​ជីវិត​ដែល​មាន​សុខភាព​ល្អ។ របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ជួយ​ការពារ​នូវ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​ទាំងអស់​ក៏ដូចជា​ជំងឺឆ្លង ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​និង​ប្រភេទ​មហារីក​មួយ​ចំនួន។

លោកស្រី​បញ្ជាក់​ថា៖ «មិន​ត្រឹម​តែ​របប​អាហារ​មាន​សារៈសំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សកម្មភាព​រាងកាយ​ក៏​មាន​សារៈសំខាន់​ខ្លាំង​ដែរ។ នៅពេលយើង​គិត​អំពី​សកម្មភាព​រាងកាយ​យើង​តែងតែ​គិត​ថា យើង​ត្រូវ​រត់​ម៉ារ៉ាតុង ឬ ជិះកង់​ចម្ងាយ ៥០ គីឡូម៉ែត្រ។ ប៉ុន្តែ សកម្មភាព​រាងកាយ​ត្រូវបាន​កំណត់​ដោយ WHO ដូចជា ចលនា​រាងកាយ​ណាមួយ​ដោយ​សាច់ដុំ​របស់​យើង​ដែល​ត្រូវ​ការ​ថាមពល»។

លោកស្រី​លើក​ឡើង​ទៀត​ថា ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា នៅពេល​ដែល​រាងកាយ​យើង​មាន​ភាព​សកម្ម​ជា​ប្រចាំ រួមជាមួយ​នឹង​ការ​អនុវត្តន៍​របប​អាហារ​សុខភាព​បាន​ទៀងទាត់ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំងឺ​លើសឈាម លើស​ជាតិ​ស្ករ​និង​ខ្លាញ់ ជួយ​បង្កើនសាច់ដុំ​រាងកាយ និង​ធ្វើ​ឱ្យ​សុខភាព​ផ្លូវកាយ និង សុខភាព​ផ្លូវចិត្ត​របស់​យើងម្នាក់ៗ​មាន​លក្ខណ:​ប្រសើរ​ឡើង។

ដើម្បី​សុខភាព​និង​សុខុមាលភាព​ល្អ​ប្រសើរ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ថា មនុស្ស​ពេញវ័យ​ម្នាក់​គួរ​ហាត់​ប្រាណ​ដោយ​ការ​ដើរ ការ​ស្រោច​ទឹក​ដំណាំ ការ​លេង​កីឡា ការ​ធ្វើ​ចលនា​ខ្លួន​ប្រាណ​ក្នុង​ពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ និង កម្មវិធីផ្សងៗ​ការ​ដើរឡើង​ជណ្ដើរជាដើម ​ឱ្យ​បាន​យ៉ាង​ហោចណាស់​ពី ១៥០ ទៅ ៣០០ នាទី​ក្នុង​មួយ​សប្តាហ៍​ហើយ​សម្រាប់​កុមារ​និង​យុវវ័យ​គួរ​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​ឬហាត់​ប្រាណ​យ៉ាង​ហោចណាស់​បាន​រយៈពេល ៦០ នាទី​ក្នុង ១ មួយ​ថ្ងៃ។

លោកស្រីបន្តថា ទោះបីមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ជាច្រើន​បាន​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការ​ហាត់ប្រាណ​និង​ការ​ធ្វើ​ឱ្យ​រាងកាយ​មាន​ភាព​សកម្ម​ក៏ដោយ​ក៏​មាន​មនុស្ស​ពេញវ័យ ២៧,៥% និង​មនុស្ស​វ័យ​ជំទង់ ៨១% នៅ​លើ​ពិភពលោក​មិន​បាន​អនុវត្តតាម​អនុសាសន៍​និង​គោលការណ៍ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ ២០១០ ក្នុង​ការ​ធ្វើ​ឱ្យ​រាងកាយ​មាន​ភាព​សកម្មជា​ប្រចាំ​ដើម្បី​លើក​កម្ពស់​សុខភាព​និង​សុខុមាលភាពឡើយ៕