សៀមរាបៈ ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ប្រជាជន​នៅ​ខេត្ត​សៀមរាប​ភាគច្រើន ទទួល​ស្គាល់​ថា​ ដំណាំ​ចេកល័ក្ខ ជា​ដំណាំ​ហូបផ្លែ​មាន​អត្តសញ្ញាណ​នៅ​លើ​ខ្នង​ភ្នំគូលែន។ ចេកនេះ​មាន ផ្លែធំៗ​ហើយ​នៅ​ពេល​ទុំ​មាន​ពណ៌​ក្រមៅ លាយ​ក្រហម​ស្រាល និង​មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​គួរ​ចង់​បរិភោគ។

តាម​រយៈហ្វេសប៊ុក​នៅថ្ងៃទី ២៣ ខែកក្កដានេះ ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ទេសចរ​ទាំងឡាយ នៅ​ពេល​ឡើង​ទៅ​កម្សាន្ត​លើ​ភ្នំគូលែន នៃឧទ្យានជាតិ​ព្រះជ័យ​វរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជា​ស្គាល់​ដើម​ចេកល័ក្ខ។ ផ្លែ​របស់​វា​បាន​ដាក់​លក់​ជា​ហូរហែ តាម​ដងផ្លូវ​ទៅ​កាន់​តំបន់​ខ្នងភ្នំ។

លោក ផាន់ ផុន ប្រធាន​សហគមន៍​ព្រៃធំ​អន្លង់ធំ ដែល​ស្ថិត​នៅលើ​ខ្នង​ភ្នំគូលែន​នេះ​បាន​ឱ្យ​ដឹង​ថា ចេក​ប្រភេទ​នេះ គឺជា​ប្រភេទ​ដំណាំ​របស់អ្នកស្រុក ច្រើន​តំណ​មក​ហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​លើ​ភ្នំគូលែន និយម​ដាំចេក​ល័ក្ខ ព្រោះ​អាច​លក់​បាន​តម្លៃ​ខ្ពស់។

លោកប្រធាន​សហគមន៍​ព្រៃធំ​អន្លង់ធំ បញ្ជាក់​ថា៖ «ចេក​ល័ក្ខ​ផ្លែ​វា​ពេល​ទុំ មាន​រសជាតិ​ផ្អែម និង​ក្លិន​ក្រអូប។ គេ​អាច​បរិភោគ វា​បាន​ពេល​ទុំហើយ វា​មាន​រសជាតិ​ផ្អែមឆ្ងាញ់​ខុស​ពី​ចេក​ដទៃ។ តម្លៃ​ចេកល័ក្ខ​មាន​តម្លៃ​ថ្លៃ​ជាង​ចេក​ផ្សេងទៀត»។

នៅតាម​ផ្លូង​ឡើង​ភ្នំគូលែន អ្នក​ភូមិ​លក់​ចេកល័ក្ខ​មួយ​ស្ទង ចាប់​ពី ២៥០០០ ដល់ ៣០០០០រៀល។ បើទិញ​ជា​ស្និត​វិញ តម្លៃ​មួយ​ស្និត ៤០០០-៧០០០ រៀល​ទៅ​តាម​ទំហំ តូច​តាមធំ។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ដោយសារ​កត្តា​ភូមិសាស្រ្ត​អំណោយផល សម្រាប់​ដំណាំ​ចេក​នេះ​ផង ប្រជាពលរដ្ឋ​រស់​នៅ​ខ្នង​ភ្នំ​គូលែន​ជាច្រើនគ្រួសារ និយម​ដាំ​ចេកល័ក្ខ និង​ម៉្យាង​ទៀត​ដំណាំ​នេះ បាន​ដុះ​នៅ​លើ​ខ្នង​ភ្នំគូលែន តាំង​តែ​ពី​យូរលង់​មក​ហើយ​ដែរ៕