ភ្នំពេញៈ ជាមួយ​សាវតារ​ឪពុក​ជា​សិល្បករ​ល្ខោន​យីកេ និង​ឪពុកក្មេក​លេង​ចាប៉ីដងវែង លោក ម៉ាច ម៉ុយ បាន​តស៊ូ​លើ​អាជីព​ផលិត​ឧបករណ៍​ភ្លេងខ្មែរ តាំងពី​ជិះ​កង់​ដើរ​លក់​ស្នាដៃ រហូត​រំលេច​ជា​សិប្បកម្ម​ល្បី​ដោយ​បន្ត​ផ្ទេរ​ចំណេះ​ជំនាញ​ផលិត​គ្រឿង​តូរ្យតន្ត្រី​ប្រពៃណី​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

ម្ចាស់​សិប្បកម្ម​វ័យ​ ៦៣ ​ឆ្នាំ​រូប​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​លោកឪពុក​បង្កើត​ខ្ញុំ​ឈ្មោះ ម៉ាច គាត់​ជា​អ្នកសិល្បៈ​យីកេ​ល្ខោន ហើយ​គាត់​មាន​មុខរបរ​បន្ទាប់បន្សំ​គឺ​កាត់​ចាក់​ថ្លាង ផ្ដិល បោយ​។ ឯ​លោកឪពុក​ក្មេក​ឈ្មោះ អិន ពុំ ជា​អ្នក​ចាប៉ីដងវែង​»​។

លោក ម៉ុយ បាន​និយាយ​ទៀត​ថា​៖ «​ពី​ដូនតា​ខ្ញុំ​មក​ហ្នឹង គាត់​ធ្វើ [​ឧបករណ៍​ភ្លេង​] ពុំមាន​លក្ខណៈ​ជា​អាជីព​ទេ​។ គាត់​គ្រាន់តែ​ធ្វើ​បែប​កម្សាន្ត​លេង​តាម​ស្រុកភូមិ​។ ដល់​មក​ជំនាន់​ខ្ញុំ ខ្ញុំ​តាំងខ្លួន​ជា​អ្នក​អាជីព​តែម្ដង​ខាង​ធ្វើ​ឧបករណ៍​ភ្លេង​»​។

សិប្បករ​ដ៏ចំណាន​រូបនេះ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ប្រកិល ឃុំ​ព្រះស្រែ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែលជា​ទីតាំង​នៃ​សិប្បកម្ម​គ្រួសារ​របស់​លោក​បច្ចុប្បន្ន​ផងដែរ​។

លោក​ថា​៖ «​កន្លែង​ធ្វើ​ឆ្នាំង ផ្តិល ជើងពាន ខាង​ស្ពាន់ គឺ​កន្លែង​ស្រុក​ហ្នឹងហើយ​។ ឪពុក​ខ្ញុំ​គាត់​ខាង​ជាង​ទាំងអស់ ទាំង​ឪពុកក្មេក ទាំង​ឪពុក​បង្កើត​។ អ៊ីចឹង​ខ្ញុំ​ជា​អ្នកឃើញ​ការធ្វើ​របស់​គាត់​ទៅ ចេះ​តែ​ចងចាំ ដកស្រង់​យក​មក​ធ្វើ​»​។ អតីតយុទ្ធជន​ដែល​នៅ​មាន​កម្លាំង​ពលំ​មាំមួន​រូបនេះ​បាន​ចាប់ផ្ដើម​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​តាំងពី​អំឡុង​ឆ្នាំ ​១៩៨៦-១៩៨៧ នៅពេល​ដែល​លោក​ឆ្លៀត​សុំច្បាប់​សម្រាក​ពី​ការងារ​យោធា​។

លោក​បាន​រំឭកថា​៖ «​ក្រោយ​មក​បាន​ប្រទេស​យើង​សន្តិភាព​ទៅ​ប្រជាពលរដ្ឋ​យើង​ចាប់ផ្ដើម​មាន​ជីវភាព​ធូរធារ​។ ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ស្គរ​តូច ស្គរធំ​។ កាល​ហ្នឹង​អត់​ណាស់​។ ជំនាន់​ធាក់​កង់ វ៉ៃ​បាន​គង​បាន​ ៤-៥ ឬ​ ១០ ​អ៊ីចឹង​ជិះ​កង់​ដើរ​លក់​ ១ ​អាទិត្យ កន្លះ​ខែ​អី​បាន​ចូល​ផ្ទះ​វិញ​»​។ ខុសប្លែក​ពី​សិប្បករ​ដទៃទៀត ដែល​រំពឹង​ទីផ្សារ លោក ម៉ុយ អះអាង​ថា លោក​បាន​ប្រកប​មុខរបរ​ធ្វើ​ឧបករណ៍​ភ្លេង​នេះ ដោយសារ​តែ​លោក​យល់ថា វា​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​។

សិប្បករ​តជំនាន់​រូបនេះ​បាន​និយាយ​ថា​៖ «​មើលទៅ បើ​យើង​មិន​ធ្វើ ក្មេង​ជំនាន់​ក្រោយ​ច្បាស់​ជា​បាត់បង់​ហើយ​។ ម្យ៉ាង​មុន​ចូលនិវត្តន៍​ក៏​ខ្ញុំ​ធ្វើ​ដែរ​ តែ​គ្រាន់តែ​មិនសូវ​មាន​ឱកាស​ច្រើន​ទេ​។ ដល់ពេល​ខ្ញុំ​ចូលនិវត្តន៍​បាន​ខ្ញុំ​ចាប់ផ្ដើម​ពង្រីក​សិប្បកម្ម ដោយសារ​ស្រុក​យើង​មាន​សន្តិភាព​ហើយ​»​។ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​ ៥១ ក្នុង​ភូមិ​ប្រកិល សិប្បកម្ម លោក ម៉ាច ម៉ុយ មាន​ធ្វើ​ដោយ​ដៃ​នូវ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ទាំង ៤ ​ប្រភេទ​គឺ គ្រឿង​ខ្សែ គ្រឿង​ផ្លុំ គ្រឿង​ដាស​ស្បែក និង​គ្រឿង​គោះ​ទង្គិច​។

ក្នុងនោះ មាន​ស្គរ​តូច ស្គរធំ ស្គរ​សំភោរ ស្គរ​ឆៃយ៉ាំ ទ្រខ្មែរ ទ្រសោ គង ឃ្មោះ ឈិង ស្រឡៃ ឃឹម តាខេ ចាប៉ីដងវែង រនាតឯក រនាតធុង និង​ឧបករណ៍​ភ្លេង​ជាច្រើន​ប្រភេទ តម្រូវ​វង់ភ្លេង​ខ្មែរ តាំងពី​របាំ​ព្រះរាជ្យទ្រព្យ ពិណពាទ្យ មហោរី ឆៃយ៉ាំ វង់ភ្លេង​ប្រគំ​ក្នុង​ពិធី​សាសនា ការសម្ដែង​របាំ ពិធី​បុណ្យទាន និង​មង្គលការ​។

ជា​រៀងរាល់​ថ្ងៃ សិប្បកម្ម ម៉ាច ម៉ុ​យ មាន​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​កុម្ម៉ង់​ទិញ​ឧបករណ៍​ភ្លេងខ្មែរ​ពី​រូបលោក​ជាច្រើន​គ្រឿង​។ ម្ចាស់​សិប្បកម្ម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ទៀតថា​៖ «​សព្វថ្ងៃ​ហ្នឹង [​ឧបករណ៍​ភ្លេងខ្មែរ​] ដូចជា​ដាច់​ព្រម​គ្នា​ទៅតាម​រដូវកាល​។ បើ​ខែ​ណេះ​ដាច់​ស្គរ​ជាង​ស្គរធំៗ​។ ដល់​រដូវ​កឋិន ដាច់​ឧបករណ៍​ភ្លេងពិណពាទ្យ​។ បើ ទ្រ ឃឹម តាខេ​ច្រើនតែ​ដាច់​នៅ​រដូវ​គេ​រៀបការ​។ ដាច់​ទៅតាម​ផ្នែក​»​។

លោក​ ម៉ាច ម៉ុយ បាន​និយាយ​លាយឡំ​សំណើច​ថា​៖ «​មានអី ទីផ្សារ​ឧបករណ៍​ភ្លេង​យើង​មាន​ភាពប្រសើរ​ឡើង​ជួនកាល​គេ​កុម្ម៉ង់​ទៅ​ខ្មែរក្រោម​អ៊ីចឹង​ទៅ ជួន​កាល​គេ​កុម្ម៉ង់​ឱ្យ​វ៉ៃ​កេស​យក​ទៅ​ដាក់​កុងតឺន័រ​ទៅ​ក្រៅ​ប្រទេស​ដូចជា​ខាង​អឺរ៉ុប ខាង​អី​ក៏មាន​»​។

អតិថិជន​របស់​លោក​មិន​ត្រឹមតែ​ជា​វង់ភ្លេង​អាជីព ដែល​ទិញ​ឧបករណ៍​ភ្លេង​ដើម្បី​បម្រើ​មុខងារ​ប្រគំ​តន្ត្រីបុរាណ​នោះទេ ខ្លះទៀត​ជាវ​យក​ទៅ​ដាក់​តាំង​លម្អ​នៅ​គេហដ្ឋាន ឬ​ក្នុង​ហាង​ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​មរតក​ភ្លេង​ខ្មែរ​។ លោក​លើកឡើង​ថា​៖ «​មាន​ខ្លះ​គេ​ទិញ​យកទៅ​តាំង គេ​ទិញ​ចេញ​ទៅ​ក្រៅប្រទេស​។ បើ​នៅក្នុង​ស្រុក ខ្លះ​ហាង​គេ​ធំៗ​គេ​ទិញ​យក​ទៅ​តាំង​ក្នុង​ហាង​គេ​»​។

តាម​ទំព័រ​ហ្វេសប៊ុក​សិប្បកម្ម ម៉ាច ម៉ុយ​ឧបករណ៍​ភ្លេងខ្មែរ​ផលិត​ដោយ​ដៃ​មានតម្លៃ​ត្រួសៗ​ដូចជា ឈិង ២៥​ ដុល្លារ ស្គរ​ដៃ​លាត ៨០​ ដុល្លារ ស្គរ​ដៃ​ក្បាច់ ៩០ ​ដុល្លារ គង​ខ្នាត ៤៣ ​សង់ទីម៉ែត្រ​តម្លៃ ១៥០ ​ដុល្លារ​ស្គរ​ឆៃយ៉ាំ​តម្លៃ ៩៥​ ដុល្លារ ចាប៉ីដងវែង​ប្រមាណ ១៦០ ​ដុល្លារ (​មិនទាន់​បូក​ទាំង​ជើង​ទម្រ​) ទ្រសោ​តម្លៃ​ពី ៣០ ដល់​ ២០០ ​ដុល្លារ (​មិនទាន់​បូក​ទាំង​ជើង​ទម្រ​) ស្គរ​មុខកាត់ ៩ ​តឹក មានតម្លៃ​ជាង​ ២ ​ពាន់​ដុល្លារ និង​មុខកាត់​ ១​ ម៉ែត្រ​តម្លៃ​ជាង​ ៣​ ពាន់​ដុល្លារ ជាមួយ​ការ​រំលេច​ក្បូរ​ក្បាច់រចនា​យ៉ាង​លម្អិត​ផ្ចិតផ្ចង់​ដោយ​អាច​ប្រើ​រយៈពេល​ច្រើន​សប្ដាហ៍​ក្នុង​ការធ្វើ​ឧបករណ៍​ទាំងនេះ​។

សិប្បករ​មាន​ឆន្ទៈ​ផលិត និង​បន្ត​ចំណេះ​ជំនាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​រូបនេះ លើក​ឡើង​ថា​៖ «​ស្គរ​យើង​យក​ឈើ​ដើម​អម្ពិលទឹក​បារាំង ដើមឈើ​ទាល ជួនកាល​គេ​មាន​យក​ដើម​គគីរ​មួយៗ​មក​លក់​ឱ្យ​។ ប៉ុន្តែ​គគីរ​ហ្នឹង​មិនមែន​ឈើ​សាច់​ប៉ាន់​ល្អ​ទេ​ សុទ្ធតែ​ឈើ​ដែល​រលំ​វា​ប្រហោង​ក្នុង​។ អ៊ីចឹង​យើង​ត្រូវការ​អ្នក​ទៅរក​ឈើ​មាន​ប្រហោង​ស្រាប់​គេ​លុង គេ​ចិត​គេ​យកមក​លក់​ឱ្យ​»​។

លោក ម៉ាច ម៉ុយ លើកឡើង​ថា​៖ «​ស្គរធំៗ​ប្រើ​រយៈពេល​ឆាប់​ដែរ​ទេ បើ​មាន​គេ​យក​រាង​ស្គរ​មក​លក់​ឱ្យ​ស្រាប់ៗ​យើង​គ្រាន់តែ​ឈូសឆាយ​កែច្នៃ​អ៊ីចឹង​ទៅ រយៈពេល​កន្លះ​ខែ​រួចហើយ​។ បើសិន​ណា​ឈើ​នៅ​ទាំង​ដុំ​មិន​ងាយ​ធ្វើ​ទេ អាច​រាប់​ខែ​ឯណោះ យ៉ាងហោច​ ១ ​ខែ ទៅ​ ១ ​ខែ​ជាង​អី បាន​ហើយ​»​។

ក្នុង​ការផលិត​ឧបករណ៍​ភ្លេង​នីមួយៗ អ្នកធ្វើ​ឧបករណ៍​ភ្លេង​ដែល​ចេះ​ជំនាញ​ត​ពី​ដូនតា​គួបផ្សំ​នឹង​ការសិក្សា​ស្វែងយល់​ពី​ព្រឹទ្ធាចារ្យ​នានា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​រចនាប័ទ្ម និង​ក្បួនខ្នាត​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ជានិច្ច​។

អ្នកធ្វើ​ឧបករណ៍​ភ្លេងខ្មែរ​ដែល​តែង​ទទូច​ស្នើសុំ​មហាជន​កុំឱ្យ​ហៅ «​ភ្លេងពិណពាទ្យ​» ថា «​ភ្លេង​សៀម​» រូបនេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ សូម្បីតែ​ក្បាច់ក្បូរ​អី ខ្ញុំ​អត់​ឱ្យ​ខុសពី​រចនាប័ទ្ម​បុរាណ គឺ​ឱ្យ​ត្រូវ​ក្បួនខ្នាត​បែបបទ​របស់​ខ្មែរ​។ ពេលណា​យើង​យក​ចម្លង​ក្បាច់​គេ អាហ្នឹង​មាន​ន័យថា យើង​បំប្លែង​។ យើង​វា​បាត់បង់​ក្បាច់បុរាណ​យើង បាត់​អត្តសញ្ញាណ​ជាតិ​យើង​ដែរ​»​។ ក្នុង​បំណង​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ និង​បន្ត​មរតក​សិល្បៈ​ភ្លេងខ្មែរ​ឱ្យ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ លោក​បាន​បណ្ដុះបណ្ដាល​កូន​ ៥ ​នាក់​ក្នុង​ចំណោម​កូនបង្កើត​ ៧​ នាក់​របស់​លោក រួមទាំង​កូនប្រសា​ផងដែរ ដែល​សុទ្ធតែ​មាន​ឯកទេស​ខុសគ្នា​ក្នុង​ការផលិត​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​។

លោក​និយាយថា​៖ «​ខ្ញុំ​បាន​បណ្ដុះបណ្ដាល​បង្រៀន [​ជាង​] ច្រើន​នាក់​ដែរ តែ​ចំនួន​អត់​ទៀងទេ​។ ជាង​ខ្លះ​ធ្វើ​អ៊ីចឹង​ទៅ កន្លែង​ណា​គេ​មាន​ប្រាក់ខែ​ច្រើន អ៊ីចឹង គេ​ទៅ​ផ្សេង​។ យើង​រក​ជាង​ដាក់​ទៀត​ទៅ​។ គ្រាន់តែ​កូនចៅ​យើង​គ្រប់គ្នា​សុទ្ធតែ​ចេះ​ទាំងអស់​»​។

លោក​ថា សព្វថ្ងៃ​នៅ​សិប្បកម្ម​របស់​លោក​មាន​កម្លាំង​ពលកម្ម «​មិន​ទៀង ជួនកាល​ ៤ ​នាក់ ជួនកាល​ ៥​ នាក់ ជួនកាល​ ៣ ​នាក់ ចេញចូល រាប់ទាំង​កូនៗ និង​កូនប្រសា​»​។ សូម្បីតែ​ក្នុង​អំឡុងពេល​មាន​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​អាជីវកម្ម​ជាច្រើន ត្រូវ​បង្ខំចិត្ត​បិទទ្វារ ក៏​សិប្បកម្ម​របស់​លោក​នៅតែ​តស៊ូ​ធ្វើ​ឧបករណ៍​ភ្លេងខ្មែរ​ពុំ​ទំនេរ​ដៃ​ដែរ​។ លោក​ ម៉ាច ម៉ុយ បាន​លើកឡើង​ថា​៖ «​សិប្បកម្ម​យើង​ដូចជា​មិន​អី​ដែរ​។ ជំនាន់​កូវីដ​ហ្នឹង អតិថិជន​គេ​ចេះតែ​តម្រូវ​ការបញ្ជាទិញ​អ៊ីចឹង គ្រាន់តែ​បាន​ដោះស្រាយ​កុំឱ្យ​កូនជាង​រត់ចោល​»​។

ក្នុង​ដំណើរការ​មុខរបរ​ដោយ​ក្ដីស្រឡាញ់​ពេញចិត្ត សិប្បករ​គ្រឿង​ភ្លេងខ្មែរ​ដ៏ល្បី​នៅ​ភូមិ​ប្រកិល ឃុំ​ព្រះស្រែ រូបនេះ​ពុំ​សូវ​បារម្ភ​ពី​ទីផ្សារ​លក់​ផលិតផល​ឡើយ​។ លោក​និយាយថា​៖ «​ខ្ញុំ​មិន​គិតថា​ដាច់​មិន​ដាច់ ខ្ញុំ​អត់​ខ្វល់​ទេ ព្រោះ​ខ្ញុំ​ធ្លាប់​នៅ​ស្រុកស្រែ​ជនបទ ខ្ញុំ​ធ្វើស្រែ ស្រូវ​ជង្រុក​មាន ប្រហុក​ក៏មាន បន្លែ​បន្លុក​ជុំវិញ​ផ្ទះ​មិន​ដាច់ ខ្ញុំ​អត់​ខ្វល់​។ អ៊ីចឹង​ខ្ញុំ​ធ្វើ​នៅ​តែ​ធ្វើទៅ​»​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ជា​មោទនភាព​ខ្ញុំ​មួយ​ដែរ ខ្ញុំ​បាន​ជោគជ័យ​ដោយសារ​តែ​បងប្អូន​ក្នុងស្រុក​ក្រៅ​ស្រុក​គាំទ្រ អ៊ីចឹង​ខ្ញុំ​បាន​ធូរធារ បាន​កូន​ខ្ញុំ​ទាំងអស់​ទៅ​រៀន​ចេះដឹង​ជ្រៅជ្រះ​»​។

លោក​ ម៉ាច ម៉ុយ ក៏មាន​មហិច្ឆតា​ចង់​ពង្រីក​សិប្បកម្ម​ឧបករណ៍​​ភ្លេងខ្មែរ​ឱ្យ​ធំដុំ​ដែរ តែ​លោក​ថា​៖ «​មិនដឹង​ទៅរួច​មិន​រួច​ទេ តែ​ចាំមើល​តាម​ធនធាន​ថវិកា​ចំណូល​យើង យើង​ចេះតែ​បែក​មែកធាង​អ៊ីចឹង​ទៅ​»៕