ភ្នំពេញៈ សាលា​មធ្យម​វិចិត្រ​សិល្បៈ និង​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា ​បាន​សហការ​រៀបចំ​ក​ម្ម​វិធី​សម្តែង​សិល្បៈ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា «​សម្តែង​សិល្បៈ​នា​រដូវវស្សា​» ដើម្បី​បណ្តុះ​ស្មារតី​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​ស្គាល់​ច្បាស់​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ចម្រុះ​ប្រភេទ​ ទុក​ជា​​មូល​ដ្ឋានគ្រឹះ​ក្នុង​ការ​បណ្តុះ​បណ្តាល​បន្ត​វេន​ និង​បំផុស​ឱ្យមាន​ការ​ចាប់​អារម្មណ៍​ទូលំ​ទូលាយ​ពី​មហា​ជន​ចូល​ទស្សនា​ដោយ​សេរី​។​

​​លោក ​ខុន ច័ន្ទ​សិទ្ធិ​ការ្យ ជា​គ្រូបង្ហាត់​ល្ខោន​ខោល​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈនិង​ប្រធាន​យុវជន​ល្ខោន​ខោល​កម្ពុជាបាន​ឱ្យដឹង​ថា កម្មវិធី «​សម្តែង​សិល្បៈ​នា​រដូវវស្សា​» គឺជា​ព្រឹត្តិ​ការណ៍​វប្បធម៌ ដែល​សហ​ការ​រៀបចំ​ដោយ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ជាមួយ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា។

កម្ម​វិធីនេះមាន​គោល​បំណង​ផ្សព្វ​ផ្សាយសិល្បៈ​គ្រប់​ទម្រង់ ​មាន​ដូចជា របាំ​បុរាណ របាំ​ប្រពៃ​ណី ល្ខោន​ខោល សៀក​ ល្ខោន​យីកេ ​ល្ខោន​និយាយ ល្ខោន​បាសាក់ តន្ត្រី​បុរាណ ចម្រៀង​បុរាណ​ និង​សិល្បៈ​សូន​រូប​ដែល​សុទ្ធ​តែមាន​ក្នុង​កម្មវិធី​សិក្សា​នៅ​សា​លា​មធ្យម​វិចិត្រ​សិល្បៈ​ដែលជា​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​អ្នក​ប​ន្ត​វេន​ផ្នែក​សិល្បៈ​វប្បធម៌​ដ៏​ធំ​មួយ​របស់​កម្ពុជា​។​

​លោក​បន្ត​ថា ការ​រៀប​ចំនេះ​ គឺជា​វេទិកា​សិល្បៈដែល​ទស្សនិក​ជន​អាច​ចូលរួម​ទស្សនា​សិល្បៈ​ដោយ​ឥត​គិតថ្លៃ​ ដើម្បី​បាន​ស្វែង​យល់​និង​ស្គាល់​អំពី​សាលា​មធ្យម​សិល្បៈដែលជា​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​អ្នក​បន្តវេន​សិល្បៈ​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ វា​ជា​វេទិកា​សម្តែង​សិល្បៈ​ចម្រុះ​របស់​សិស្ស ​គ្រូ សាលា​មធ្យម​សិល្បៈ និង​ក្រុម​យុវជន​ល្ខោន​ខោល ដែល​បាន​សម្តែង​ជូន​ទស្សនិក​ជន ក៏ដូចជា ​ការ​តបស្នង​ជូន​ឪពុក​ម្តាយ ឬ​អាណា​ព្យា​បាល​សិស្ស ​ដែល​បញ្ជូន​កូន​ក្មួយ​ឱ្យមក​ហាត់រៀន​ជំនាញ​សិល្បៈ​ខ្មែរ​ ទុក​បន្ត​វេន ថែ​រក្សា​មរតក​វប្ប​ធម៌ ដ៏​មាន​តម្លៃ​របស់​ជាតិ​។

ម្យ៉ាង​វិញ​ទៀត ​ការ​រៀបចំ​ឡើង​កម្ម​វិធី​នេះក៏​ក្នុង​គោល​បំណង ​ថែរក្សា ការ​ពារ​ អភិរក្ស ​អភិវឌ្ឍ ​និង​ផ្សព្វ​ផ្សាយ​សិល្បៈ​ខ្មែរ គ្រប់​ទម្រង់​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ជ្រួត​ជ្រាប​ដល់​សាធា​រណ​ជន ជា​ពិសេស​ យុវជន និង​យុវតី នា​សម័យ​បច្ចេក​វិទ្យា បាន​ចូលរួម​ទស្សនា​ផ្ទាល់​ញឹក​ញាប់ដើម្បី​បណ្តុះ​ចិត្ត​ស្រឡាញ់ និង​ឈាន​ទៅ​ដល់​ការចូល​រួមការ​ពារ​សិល្បៈ​វប្បធម៌​ដ៏​មាន​តម្លៃ​មហា​សាល​របស់​កម្ពុជា​។

លោក ​ខុន ច័ន្ទ​សិទ្ធិការ្យ ក៏បានសម្តែង​នូវ​សេចក្តី​សប្បាយ​ចិត្ត​ចំពោះ​ការ​ចូល​រួម​សហ​ការ​នា​នា​ផង​ដែរ​ ដោយ​លោកថ្លែង​ថា​៖ «​ក្នុ​ងនាម​សាលា​មធ្យម​វិចិត្រ​សិល្បៈ និង​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​យុវ​ជន ​យុវនារី ដែល​តែង​តែ​ស្រឡាញ់​គាំទ្រ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​និង​សូម​បន្ត​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ ​ចែករំលែក​ព័ត៌​មាន​សិល្បៈ ​ក៏ដូច​ជា​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ ទៅ​តាម​លទ្ធភាព​ជា​មួយ​ក្រុម​ប្រតិបត្តិករ​ ដែល​កំពុងតែ​សស្រាក់​សស្រាំ​ក្នុងការ​ថែរ​ក្សា ការពារ​ អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​ខ្មែរ​»​។​

​កម្មវិធី​សម្តែង​សិល្បៈ​ឈ្មោះ «​សម្តែង​សិល្បៈ​នា​រដូវ​វស្សា​» មាន​ចំនួន ៤ លើក ​ដោយ​ចាប់​ការ​សម្តែង​នៅ​ចុងខែ​កក្កដា​នេះ រហូត​ចុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២២​និង​មាន​ផ្ទាំង​ទស្ស​នីយ​ភាព​ចម្រុះ​រយៈ​ពេល ៦០ ​នាទី ​ក្នុងការ​សម្តែង​ ១ លើកៗ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​រួមគ្នា​ពីសា​លា​មធ្យម​សិល្បៈ​និង​ក្រុម​យុវជន​ល្ខោន​ខោល​កាល​ពី​ថ្ងៃទី​ ១៧ ​ខែ មិថុនា ​ឆ្នាំ​ ២០២២​ កន្លង​មក​។

​សេចក្តី​ជូន​ដំណឹង​បន្ត​ឱ្យដឹង​ថា​ «​ការ​សម្តែង​លើក​ទី​១ នឹង​សម្តែង​នៅ​ថ្ងៃទី​ ៣០ ​ខែ កក្កដា ឆ្នាំ​ ២០២២ ​ហើយ​លើក​ទី​២ នឹង​សម្តែង​នៅ​ថ្ងៃទី​ ១៧ ​ខែ កញ្ញា ឆ្នាំ​ ២០២២ ​រីឯលើក​ទី​៣ នឹង​សម្តែង​នៅ​ថ្ងៃទី ​២៩​ ខែ តុលា ឆ្នាំ​ ២០២២ ​និង​លើក​ទី​៤ នឹង​សម្តែង​នៅ​ថ្ងៃទី​ ២៨ ​ខែ វិច្ឆិកា ឆ្ នាំ​២០២២​។ ការ​សម្តែង​ទាំង​ ៤ លើក​ គឺ​ស្ថិតនៅ​សាល​មហោ​ស្រព​ពិមាន​អាកាស​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ដោយ​ចាប់​ពី​ម៉ោង​ ៦​ ដល់​ម៉ោង​ ៧ ​ល្ងាច​ដូច​គ្នា​»​។​

​ចំពោះ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា​ត្រូវ​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពាក់​កណ្តាល​ខែមិថុនា​ ឆ្នាំ​ ២០១៦​ ហើយ​មក​ទល់​ពេល​នេះ មាន​អាយុ​កាល​ជា ​៦ ​ឆ្នាំហើយ​។ ក្រុម​យុវជន​ល្ខោន​ខោល បាន​សហ​ការ​ផលិត​ក​ម្ម​វិធី ឬ​ព្រឹត្តិ​ការណ៍​វប្បធម៌​ជា​ច្រើន​លើក​ច្រើន​សា ក្នុង​កិច្ច​ចូល​រួម​ថែរក្សា ការពារ អភិ​រក្ស និង​អភិវឌ្ឍនូវ​ទម្រង់​សិល្បៈ​ល្ខោន​ខោល​ខ្មែរ​។

​នាពេល​កន្លង​មក​នោះ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ និង​ក្រុម​យុវ​ជន​ល្ខោន​ខោល​កម្ពុជា ក៏​ធ្លាប់បាន​សហ​ការ​គ្នា​ក្នុងការ​រៀបចំ​ព្រឹត្តិ​ការណ៍​វប្បធម៌​ធំៗ​មួយ​ចំនួន​ផង​ដែរ មាន​ដូចជា ​ការសម្តែង​ល្ខោន​ខោល​ឈុត​ធំ​នៅ​ឆ្នាំ​ ២០១៦ ព្រឹត្តិ​ការណ៍​ផ្ទះ​សិល្បៈ​លើក​ទី​១ និង​លើក​ទី​២ នៅ​ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​ ២០១៨​ មានការ​សម្តែង​ល្ខោន​ខោល​និង​ទស្ស​នី​យ​ភាព​សិល្បៈ​ផ្សេងៗនិង​តាំង​ពិព័រណ៍​សិល្បៈ​ទៀត​ផង​។ ដោយ​ឡែក​ចាប់ពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២១ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​និង​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា មិន​បាន​រៀបចំ​ឡើយ ដោយ​សារ​តែ​ជួប​បញ្ហា​វិបត្តិ​កូ​វីដ​ ១៩​។

​លុះ​មក​ដល់​ឆ្នាំ​ ២០២២ នេះ សា​លា​មធ្យម​វិចិត្រសិ​ល្បៈ និង​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា បាន​សហ​ការគ្នា​សាជា​ថ្មី រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា «​សម្តែង​សិល្បៈ​នា​រដូវ​វស្សា​»​។​

​លោក ខុន ច័ន្ទ​សិទ្ធិ​ការ្យ បាន​បញ្ជាក់​ថា​៖ «​ការដាក់​ចំណង​ជើង​កម្មវិធី​ថា «​សម្តែង​សិល្បៈ​នា​រដូវ​វស្សា​» នេះ ​គឺ​យើង​ខ្ញុំ​យល់​ឃើញ​ថា​ ព្រឹត្តិ​ការណ៍​វប្បធម៌​គួរ​តែមាន​ចរន្ត​បន្ត​ជាប់​រហូត ទោះ​ស្ថិតនៅ​ក្នុង​រដូវ​ប្រាំង​ក្តីឬក៏​រដូវវស្សា​ក្តី​។ ម្យ៉ាង​វិញ​ទៀត រដូវវស្សា​នៅ​កម្ពុជា​យើង​គឺ​ពោរ​ពេញ ដោយ​អនុស្សាវ​រីយ៍ និង​ការចង​ចាំ​ល្អៗ ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ ​និង​ទទួ​លបាន​ការគាំទ្រ​ពីក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​»​។​

​យ៉ាង​ណា​ក្ដី ការរៀ​បចំ​កម្មវិ​ធី​វប្បធម៌​នេះ ក៏​បាន​ជួប​ផល​លំបាក​មួយ​ចំនួន​ដូចជា​ គម្រោង​ថវិកាសម្រាប់​ការ​ចំណាយ ​ផ្នែក​មធ្យោ​បាយ​ក្នុង​ស្វែង​រក​ការ​ឧបត្ថម្ភ​ដើម្បី​ផលិត​កម្ម​វិធី​។ប្រធាន​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា​បាន​បង្ហើប​ប្រាប់​ថា​៖ «យើង​ខ្ញុំ​គឺមាន៣របៀប​សម្រាប់​ស្វែង​រក​ការ​ឧបត្ថម្ភ​នានា​ដើម្បី​រៀបចំ​។ ទី១ តាម​ស្ថា​ប័នរដ្ឋ ទី​២ តាម​ក្រុម​ហ៊ុន​ឯក​ជន ទី​៣ ​តាម​រយៈ​សប្បុ​រស​ជន​នានាដែល​មាន​ធនធាន​ ឬ​លទ្ធភាព​មក​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​កម្ម​វិធី​»​។

លោក​បន្ថែម​ថា​៖ «​តែ​សម្រាប់​កម្មវិធី​សម្តែង​សិល្បៈ​នា​រដូវ​វស្សា​នេះគឺ​យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​អំពី​ស្ថាប័​នរដ្ឋ និង​សប្បុ​រសជន​មួយចំនួន​តូច​នៅឡើយ​ទេ រីឯ​ក្រុមហ៊ុន​ឯកជន​នានា​នោះ គឺ​យើងនៅ​ពុំទាន់​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​​ឡើយ​»​។

​គួរ​បញ្ជាក់​ផងដែ​រ​ថា ព្រឹត្តិ​ការណ៍​សម្តែង​សិល្បៈ​កាលពី​ឆ្នាំ​ ២០១៨ ចំណោម​សិល្បៈ​ទាំង ៥ ផ្នែក ឬ​សាលា (​សាលា​របាំ សាលា​តូរ្យ​តន្ត្រី សាលា​សៀក ​សាលា​សូន​រូប និង​សាលា​ល្ខោន​) ដែល​កំពុង​តែ​បណ្តុះ​បណ្តាល​នៅ​ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ត្រូវ​បាន​លើក​យក​សម្តែង​លើ​ឆាក​ចំនួន​មាន​៣​ផ្នែក​។

​ការ​សម្តែង​ទី១ ជា​ទម្រង់​សិល្បៈ​របាំ ដែល​មាន​របាំ​បុរាណ ​របាំ​ប្រពៃ​ណី និង​របាំ​ល្ខោន​ខោល​។ ការ​សម្តែង​ទី២ ជា​ទម្រង់​សិល្បៈ​ល្ខោន​ដែល​មាន​ល្ខោន​បាសាក់ ល្ខោន​យីកេ និង​ល្ខោន​និយាយ​ និង​ការ​សម្តែង​ទី៣ ​ជា​ទម្រង់​សិល្បៈ​សៀក ​ដែល​មាន​ការ​ប្រឈម​នឹង​ថម​ថយ​ចំនួន​សិស្ស និង​និស្សិត​ ចូល​រៀន​ពី​ ១​ ឆ្នាំ​ ទៅ​ ១ ឆ្នាំ​។​

​ម្យ៉ាង​វិញ​ទៀត​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ថ្វីបើមាន​ការ​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សារព័ត៌​មាន​នានា​អំពី​ទម្រង់​សិល្បៈ​ចម្រុះ​ដែល​មាន​បណ្តុះ​បណ្តាល​នៅ​សា​លា​មធ្យម​វិចិត្រ​សិល្បៈ​ក៏ដោយ ក៏អត្រា​ចំនួន​សិស្ស​តាម​មុខជំ​នាញ​ទាំង​ ៥ ​ហាក់​នៅតែ​មិន​ទាន់មាន​តុល្យ​ភាព​ដូចចំនួន​សិស្សា​នុ​សិស្ស​នា​ពេល​មុនឡើយ​។

លោក ហេង កំសាន្ត ជានាយកសាលា​មធ្យម​វិចិត្រ​សិល្បៈ​​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ទិន្ន​ន័យ​ចំនួន​អ្នក​បម្រើ​ការ​ងារនិង​សិស្សានុសិស្ស​ក្នុង​ឆ្នាំ​សិក្សា​ឆ្នាំ​ ២០២១-២០២២ ថា សា​លា​មធ្យម​វិចិត្រ​សិល្បៈមាន​បុគ្គលិក លោក​គ្រូ អ្នក​គ្រូ ទី​ប្រឹក្សា ជំនួយ​ការ​ មន្រ្តីកម្ម​សិក្សា ​និង​មន្រ្តី​ជាប់​កិច្ច​សន្យា​សរុប​ប្រមាណ ៤៣០ នាក់ (ស្រី​ ២៦២ នាក់) និង​សិស្សា​នុសិស្ស​សរុប​ប្រមាណ​ ១ ០៣៧​ នាក់​ (ស្រី ​៥២៨ ​នាក់)​។

នាយក​សាលា​រូប​នេះបាន​បញ្ជាក់​ថា៖ «សាលា​មធ្យម​វិចិត្រ​សិល្បៈ​គឺ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​តែ​មួយយ​គត់​របស់​រដ្ឋ​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​មិន​មាន​ប្រភព​ចំណូល​នៃ​ថវិកា​ក្រៅ​ពី​ថវិកា​កម្ម​វិធី​របស់​រាជរដ្ឋា​ភិ​បាល​ និង​ជួយ​ឧបត្ថម្ភ​​ពី​សប្បុរស​ជន​ដូចជា ​សម្ភារសិក្សា​ ឧប​ករណ៍​សិក្សា​ ឧបរកណ៍​ភ្លេងបុរាណ និង​ឧបករ​ណ៍​ភ្លេង​សម័យ ក៏ដូចជា​ សម្ភារ​ប្រី​ប្រាស់​ផ្សេងៗ និង​ស្បៀង​អាហារ​»។ ​

លោក ហេង កំសាន្ត បាន​បន្ត​​ថា៖ «សាលា​ក៏​មាន​សិស្ស​ស្នាក់​នៅ​ចំនួន ១០០ នាក់ ដែល​ពួកគេ​មានជីវ​ភាព​​ខ្វះ​ខាត​ និង​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​»។

សាលា​មធ្យម​វិចិត្រ​សិល្បៈ មានទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ម៉ុង​ឫទ្ធី (ផ្លូវ​លេខ ១៩២៨)​​ ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន និង​កំពុង​តែ​បន្ត​បណ្តុះបណ្តាល​ផ្នែក​​ជំនាញ​​ទាំង​ ៥ ​សាលា (សាលា​របាំ សាលា​តូរ្យ​តន្ត្រី សាលា​សៀក ​សាលា​សូន​រូប និង​សាលា​ល្ខោន​)នៅ​ពេលព្រឹក​​ចាប់​ពី​ម៉ោង៧ដល់​ម៉ោង ១១ ព្រឹក និង​ពេល​រសៀល​ចាប់​ពី​ម៉ោង ១៣ ដល់​ម៉ោង ១៧ និង​​មាន​បណ្តុះ​បណ្តាលចំណេះដឹង​ទូទៅ​ចាប់​ពី​​ថ្នាក់​ទី​៤ ដល់​ទី​១២ ស្រប​តាម​កម្ម​វិធី​សិក្សា​​របស់​ក្រសួង​​អប់រំ យុវជន និង​កីឡា។

សាលា​មធ្យម​វិចិត្រ​សិល្បៈ មាន​​បេសកកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង​ និង​មាន​​​ជំនាញ​ពិត​​ប្រាកដ ​ខាង​ជំនាញ​សិល្បៈ​គ្រប់​ទម្រង់ ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់ចំណេះជំនាញ​ទាំងអស់​នេះ​​ជា​​ប្រយោ​ជន៍​សម្រាប់​ខ្លួន​ឯង និង​សង្គមជាតិ។​

នាយក​សាលា​មធ្យម​វិចិត្រ​សិល្បៈ​លោក ហេង កំសាន្ត​ ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ក្រោម​កិច្ច​សហការ​ល្អ​​រវាង​វិស័យ​ឯក​ជន និង​ស្ថាប័ន​រដ្ឋ​ ពិសេស​ស្ថាប័ន​ព័ត៌មាន​ នឹង​រួម​ចំណែក​ដល់​អង្គភាព​មួយ​នេះ បន្ត​កិច្ច​ការ​ងារ​ និង​បេស​ក​កម្មរបស់ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​បណ្តុះ​បណ្តាលអ្នកជំនាន់​ក្រោយ​លើ​វិស័យ​សិល្បៈ​វប្បធម៌​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​យូរ​អង្វែង»៕​