ភ្នំពេញៈ នារយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ កវី​និពន្ធ​ស្រី​រូប​ស្រស់​ សម្រស់​មិន​ចាញ់​តារា​សម្តែង​ស្រី ក្នុង​វិស័យ​ភាពយន្ត​​​កញ្ញា លឹម ផាន់ណា ​បាន​ទទួល​ពានរង្វាន់​ជាបន្ត​បន្ទាប់ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ពី​មហោ​ស្រព​អក្សរ​សិល្ប៍​ខ្មែរ ពី​​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ​ តាមរយៈ​​ទេពកោសល្យ​តាក់​តែង​និពន្ធដែល​បាន​ហែល​ឆ្លង​អស់​ចំនួន ១០ ឆ្នាំ​មកនេះ។

បច្ចុប្បន្ន​កញ្ញា ផាន់​ណា វ័យ ៣២ ឆ្នាំ គឺ​ជាអ្នក​និពន្ធ​ផង​ និង​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ផង ​​ ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា ជា​អ្នកនិពន្ធ ដែល​ពោរពេញ​ដោយ​​សមត្ថភាព និង​ទទួល​បាន​ពានរង្វាន់​ជាច្រើន។

កាល​​​ពីឆ្នាំ ២០១៩ កញ្ញា​បាន​ទទួល​ពាន​រង្វាន់ ៣ ផ្ទួនៗ ពោល​គឺជយ​លាភី​លេខ​ ១ ផ្នែក​ប្រលោម​លោក​កំណាព្យ​ ពានរង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជយ​លាភី​លេខ ២ ផ្នែក​រឿង​ខ្លី រង្វាន់​មហោស្រព​អក្សរសិល្ប៍​លើក​ទី ៣ និង​ជយលាភី​លេខ ៣ ផ្នែក​រឿង​ខ្លី​ពានរង្វាន់​ពុទ្ធសាសន​បណ្ឌិត្យ។

កញ្ញា​បញ្ជាក់​ថា៖ «​ជា​​បទ​ពិសោធ​ផ្ទាល់​ខ្លួន នាង​ខ្ញុំអាច​និយាយ​បាន​ថា អស់​រយៈពេល​ជិត ១០ ឆ្នាំ ដែល​​បាន​ប្រឡូក​ក្នុង​ការងារ​ជា​អ្នកនិពន្ធ ​ដោយ​រាប់​តាំង​ពី​ការ​អនុវត្ត​លើ​ការ​សរសេរ​​នានា ​ចាប់ផ្ដើម​ពី​ជំហាន​តូចៗ ​រហូតដល់​ចេះ​វិភាគ​ស្នាដៃ​របស់​អ្នកដទៃ។ ​ដូច្នេះ​អាច​​និយាយ​​បាន​ថា ​គ្រប់ការ​ចាប់​ផ្ដើម មិន​សុទ្ធ​តែល្អ​​ឥត​ខ្ចោះ​នោះទេ ​តែពី​ ១ ឆ្នាំទៅ ១ ឆ្នាំ យើង​រៀន​ពី​ចំណុច​ខ្វះខា​ត​ ដែល​​ធ្លាប់​​ជួប ឧបសគ្គ​ដែល​ឆ្លង​កាត់ ហើយ​ខំ​​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ គ្រប់​ពេលវេលា»។​

កញ្ញា លឹម ផាន់ណា និង​ពាន​រង្វាន់​ដែល​កញ្ញា​បាន​ទទួល​។ សហ​ការី

បើ​ទោះបីជា​កញ្ញា​ បាន​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​ពី​មហាវិទ្យាល័យ​ចំនួន ២ ផ្សេង​​គ្នា​ដែល​សុទ្ធ​តែ​មិន​ពាក់ព័ន្ធ​នឹង​អាជីព​និពន្ធ​មែន​ក្តី​ ក៏​ការទទួល​បាន​កិត្តិស័ព្ទ​ល្បី​ មាន​ប្រិយមិត្ត​គាំទ្រ និង​​ទទួល​ស្គាល់​ច្រើន​ជាមួយ​នឹង​​ការបញ្ចេញ​ស្នាដៃ​​ពី​ចង្អុល​ដៃ​​វាយ​អត្ថបទ​​​សំណេរ​បរិយាយ​​រឿង​រ៉ាវ​នានា​លាត​ត្រដាង​ពី​តថភាព​សង្គម​​ឬ​ដោយការ​​ប្រើ​ចំណារ​ចុង​​ប៊ិក រូប​នេះ​​មាន​លក្ខណៈ​ចម្រុះ​គឺមាន​សំណេរ​កំណាព្យ រឿង​​ប្រលោមលោក​​ខ្លី ​​សំណេរ​​ល្ខោនវិទ្យុ ល្ខោន​និយាយ ចម្រៀង និង​អត្ថបទ​ភាពយន្ត​ ក្នុង​នាម​ជាអ្នក​និពន្ធ​ឯករាជ្យ ១ រូប។​

កញ្ញា​ លឹម ផាន់​ណា​ បាន​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ពី​សាកលវិទ្យា​ល័យ​ចំនួន ២ តាមរយៈ​អាហា​រូបករណ៍​គឺ​បរិញ្ញាបត្រ​ផ្នែក​ចិត្តវិទ្យា​ពីសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ឆ្នាំ ២០០៨ និង​​បរិញ្ញាបត្រ​រដ្ឋបាល​ពាណិជ្ជកម្ម​លើ​ជំនាញ​​គណនេយ្យ​ពី​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា។​

ទន្ទឹ​ម​​នឹង​នេះ​ដែរ កញ្ញា​ក៏បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចិត្ត​វិទ្យា ផ្នែក​ចិត្តវិទ្យា​គ្លីនិក និង​ប្រឹក្សា​​ផ្លូវចិត្ត​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ ក្នុង​ឆ្នាំ ២០១៦ ផងដែរ​។ កវី​ស្រី​ស្រស់ រូប​នេះ ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ពី​ការ​ចាប់​ផ្តើម​លើ​អាជីព​និពន្ធ​ថា​៖ «ក្នុង​វិស័យ​តែង​និពន្ធ នាង​ខ្ញុំ​​ធ្លាប់​​ទទួល​​ការ​បណ្ដុះបណ្ដាល​ពី​សមាគម​​អ្នកនិពន្ធ​ខ្មែរ​ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៩»។

កញ្ញា​ ក៏ធ្លាប់​បាន​ចូលរួម​រៀន​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អំពី​ការសរ​សេរ​អត្ថបទ​ល្ខោន​ និង​ការ​សរសេរ​​វិភាគ​​សិល្បៈពី​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ​ផងដែរ។ ស្នាដៃ​រឿង «គ្រូទាយ»​ របស់​​កញ្ញា​ ត្រូវ​បាន​​ដំឡើង​​ជា​ល្ខោន​លើ​ឆាក​ក្នុង​ឆ្នាំ ២០១៩ នៅ​ក្នុង​មហោស្រព​សិល្បៈ ដើម្បី​សន្តិភាព ដែល​រៀបចំ​ដោយ​អង្គការ​​សិល្បៈខ្មែរ​អមតៈ (CLA) ហើយ​បច្ចុប្បន្ន កញ្ញា ​គឺជា​អ្នកនិពន្ធ​ឯករាជ្យ។

កញ្ញា បាន​បង្ហើប​ឱ្យ​ដឹង​ពី​ស្នាដៃ​ដំបូង ដែល​​បោះ​ពុម្ព​ផ្សាយ​មាន​ចំណង​ជើង​ថា «សោភ័ណ​ជីវិត និង​​បេះដូង​យុវវ័យ»​ ជាប្រភេទ​​សៀវភៅ​កម្រង​​កំណាព្យ​ដែល​ធ្លាប់​បាន​សរសេរ​កន្លង​មក​ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ ​តាំង​ពី​នៅ​វ័យ​ជំទង់​ និង​​បាន​បោះពុម្ព​នៅ​ក្នុង​ឆ្នាំ ២០១២។

ស្នា​ដៃ​ដែ​ល​និពន្ធ​កន្លង​មក ដែល​បាន​បោះពុម្ព​​រួចម​ក​ មាន​ទាំង​ជា​កំណាព្យ​ ទំនុក​ច្រៀង រឿង​ខ្លី ប្រលោម​លោក ល្ខោន​វិទ្យុ ល្ខោន​​និយាយ និង​អត្ថបទ​ភាពយន្ត ​​រួម​មាន​សៀវភៅ​កម្រង​កំណាព្យ «សោភ័ណ​ជីវិត និង​បេះដូង​យុវវ័យ»​ ឆ្នាំ ២០១២ ប្រលោម​លោក​រឿង «សកល​ស្នេហ៍-The University Love»​ បោះពុម្ព​​រួមគ្នា​ជាមួយ​អ្នកនិពន្ធ ៣ រូប​ផ្សេង​ទៀត ឆ្នាំ ២០១៨។ សៀវភៅ​កម្រង​រឿងខ្លី​​ចំណង​ជើង «សៀវភៅ​វេទមន្ត -Magic Book»​ ឆ្នាំ ២០១៩ ប្រលោម​លោក​រឿង «ក្រមុំ​ចាស់- Old Bachelorette»​ ឆ្នាំ ២០២០។ អត្ថបទ​ភាពយន្ត​ ដែល​បាន​​ចូលរួម​​សរសេរ​ជា​សហនិពន្ធ​គឺរឿង «នគរមាស» ទំនុក​ច្រៀង និង​ស្ប៉ត​អប់រំ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ដែល​ផលិត​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប)។

ក្រៅ​ពី​នេះ​កញ្ញា ផាន់​ណា ទទួល​បាន​​ពាន​រង្វាន់ជា​ច្រើន ​ដែល​មាន​ស្នាដៃ​សំណេរ​និពន្ធ​បែប​ចម្រុះ​សឹង​តែ​គ្រប់​ឆ្នាំ​តែម្តង​ចាប់​ពី​ឆ្នាំ ២០១០ រហូត​ដល់​ឆ្នាំ ២០២១ ​រួមមាន​ឆ្នាំ ២០១០ បាន​ជយលាភី​លេខ ៣ ផ្នែក​​កំណាព្យ​ក្នុង​កម្មវិធី​ទិវា​យុវជន​ស្ម័គ្រចិត្ត​អន្តរជាតិ និង​ឆ្នាំ ២០១១ ជយលាភី​លេខ ៣ ផ្នែក​​​សំណេរ​អត្ថបទ «ការ​ផ្សះផ្សា​ជាតិ និង​តួនាទី​យុវជន​ក្នុងការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​​ ក្រោយ​របប​ខ្មែរក្រហម» រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)។ នៅ​ឆ្នាំ ២០១២ បាន​ជយលាភី​លេខ ២​ ផ្នែក​កំណាព្យ រៀបចំ​​ដោយ​សមាគម​អ្នក​សាប​ព្រោះ​ និង​ឆ្នាំ ២០១៣ ជយលាភី​លេខ ២ ផ្នែក​ទំនុក​ច្រៀង​ស្ដី​អំពី «ធនធាន​ធម្មជាតិ»​ ដែល​រៀបចំ​ដោយ​អង្គការ KYSD។

នៅ​​ឆ្នាំ ២០១៨ ជាប់​​ជយ​លាភី​លេខ២ សម្រាប់​ការ​ប្រកួត​ពានរង្វាន់​លី​ធាមតេង លើ​​ស្នាដៃ​ប្រលោម​កំណាព្យ​រឿង «ម្លប់​ជីវិត» និង​នៅ​ឆ្នាំ ២០១៩ ជយលាភី​លេខ ១​ នៃ​ពាន​រង្វាន់​ព្រះនាង​ឥន្ទ្រទេវី​លើ​ស្នាដៃ​ប្រលោម​​កំណាព្យ​រឿង «សោភ័ណស្រ្ដី» រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ​ឆ្នាំ ២០១៩ ដដែល​​កញ្ញា​លឹម ផាន់ណា ជាប់​ជា​ជយលាភី​លេខ ៣ ពាន​រង្វាន់ ពុទ្ធសាសន​​បណ្ឌិត្យ​លើ​ស្នាដៃ​រឿងខ្លី «ពន្លឺ​ជីវិត»​ រៀបចំ​ដោយ​ក្រសួង​ធម្មការ និង​សាសនា និង​​ជយលាភី​​លេខ ២ ពី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី ៣ លើ​ស្នាដៃ​រឿងខ្លី «ឡាន​ឈ្នួល»។​ ​

កញ្ញា លឹម ផាន់ណា និង​ពាន​រង្វាន់​ដែល​កញ្ញា​បាន​ទទួល​។ សហ​ការី

ជា​ចុ​ង​ក្រោយ​នៅ​ឆ្នាំ ២០២០ ជាប់​ជា​ជយ​លាភី​លេខ ១ នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើកទី ១១ លើ​ស្នាដៃ​ប្រលោម​កំណាព្យ​រឿង «មេគង្គ​ដួងចិត្ត» ដែល​រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​នៅ​ឆ្នាំ ២០២១ ជយលាភី​លេខ ២ នៃ​ពានរង្វាន់​កវីវ៉ែន សុន លើ​ស្នាដៃ​ប្រលោម​កំណាព្យ​រឿង «ភ្ញាក់​ពី​សុបិន»​ រៀបចំ​ដោយ សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ។​ ក្រោយ​ពី​បាន​ហែល​ឆ្លង​កាត់​ក្នុង​​វិស័យ​តែង​និពន្ធ​ប្រមាណ​ ១ ទសវត្សរ៍​​មក​នោះ ជា​ការ​ចែក​រំលែក​ កញ្ញា ផាន់ណា ក៏​បញ្ជាក់​ដែរ​ថា មិន​​ថា​ជាអ្នក​និពន្ធ​មាន​បទពិសោធ​តិច ឬ​ច្រើន​ឆ្នាំ​នោះទេ រមែង​ជួប​នូវ​ផលលំបាក ក្នុង​អាជីព​មួយនេះ ព្រមទាំង​ទទួល​បាន​នូវ​​អត្ថប្រយោជន៍​​ពី​ការ​តែង​​និពន្ធ​នេះ​ផងដែរ។

កញ្ញាបញ្ជាក់​ថា៖ «​បច្ចុប្បន្ន​នេះ ​ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​ណា​ពូកែ​​​ផ្សព្វផ្សាយ ​អ្នក​នោះ មាន​អ្នកគាំទ្រ​​ច្រើន ​ដូច្នេះ​បើ​យើង​មិន​សូវ​លើក​ពី​ស្នាដៃ​ខ្លួន​ឯងទេ​ នោះ​យើង​ហាក់​ដូច​នៅ​ឆ្ងាយ​ពី​អ្នកអាន។ ទន្ទឹម​​នឹង​នេះ​ដែរ ​ដូចគេ​​ថា​ បើ​យើង​មិន​ល្បី ​គេមិន​មក​រក​​យើង​ទេ។ សរុប​ទៅ ​អ្នក​ល្បី​មិន​ប្រាកដ​​ថា​ពូកែ អ្នក​ពូកែ​មិន​ប្រាកដ​ថា​ល្បី»។

ចំណុច​មួយ​ទៀត ​អ្នកនិពន្ធ ​គួរមាន​សេរីភាព​​គ្រប់​គ្រាន់ ​ក្នុង​ការ​បញ្ចេញ​គំនិត​របស់​ខ្លួន ក្នុង​សា្នដៃ​ពោល​គឺ​ពុំមែន​និពន្ធ​​តម្រូវ​តាមការ​ចង្អុល​បង្ហាញ​របស់​អ្នក​ដទៃ​នោះទេ។​ ឧទាហរណ៍ថា​ «យើង​និពន្ធ​រឿង​ឱ្យ​ស្ថាប័ន​មួយ​។​ សាច់រឿង​មួយ​នោះ ​យើង​ដឹង​​ថា តួអង្គ​នេះ ​គួរមាន​​របៀប​និយាយ​បែប​នេះ ហើយ​​តាម​ចិត្តសាស្ដ្រ​របស់​តួអង្គ គួរ​​មាន​អារម្មណ៍​បែប​នោះ តែ​បុគ្គល​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​​ ដែល​មិន​យល់​ពី​វិធី​​តែងនិពន្ធ​ គាត់​ព្យាយាម​ឱ្យ​​យើង​សរសេរ​តម្រូវ​តាម​​ការយល់​ឃើញ​របស់​គាត់​។ ​ដូច្នេះ​ធ្វើ​ឱ្យ​អ្នកនិពន្ធ ពុំបាន​​បញ្ចេញ​គំនិត​ទូលំទូលាយ​​លើ​ស្នាដៃ​របស់​ខ្លួន»។

ដោយ​ឡែក​ការ​តាក់តែង​រាល់​សំណេរ​នានា អ្នក​​និពន្ធ​ ក៏អាច​បញ្ចេញ​គំនិត​ទស្សនៈ​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន​ ការ​រិះគន់​តាម​បែប​សិល្ប៍វិធី​ តាមរយៈ​​ការ​ប្រើប្រាស់​តួអង្គ​ ក្នុង​រឿងឱ្យ​និយាយ​នូវអ្វី​ដែល​អ្នក​និពន្ធ​ចង់​​និយាយ​ពាក់ព័ន្ធ​​នឹង​បញ្ហា​នានា​ក្នុង​សង្គម។ ​វា​បាន​ផ្ដល់​ការ​កម្សាន្ត​សម្រាប់​ខ្លួន​ឯង​ និង​​អ្នកដទៃ ​ហើយ​​ស្នាដៃ​នឹង​ក្លាយជា​ចំណែក​មួយ​ទុក​សម្រាប់​អ្នកជំនាន់​​ក្រោយ​ឱ្យគេ​បាន​យល់ និង​ដឹង​អំពី​ទិដ្ឋភាព​សង្គម​ក្នុង​សម័យ​​ដែល​យើង​បាន​ឆ្លងកាត់ និង​​អាច​​បង្កប់​នូវ​ទស្សនៈ​អប់រំ​ និង​ជាចំណែក​មួយ ទុក​​សម្រាប់​អ្នកអាន​ឈ្វេង​យល់ និង​វិភាគ​​បន្ត​តាម​សេរីភាព​របស់​ពួកគេ។​

ក្នុង​នាមជា​អ្នក​តែង​និពន្ធ​ជំនាន់​ក្រោ​យ​នេះ​កញ្ញាលឹម ផាន់​ណា ក៏បាន​ស្វែង​យល់​​ចំពោះ​វិធីសាស្រ្ត​តែង​និពន្ធ និង​មុខងារ​តែង​និពន្ធ ​នាសម័យ​បច្ចុប្បន្ន និង​អតីតកាល​ផងដែរ​ ជាពិសេស​ ​ក្នុង​​តួនាទី​​ស្រ្តី​ជា​អ្នកនិពន្ធ​តែម្តង។ ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្លះ មាន​សភាព​ដដែលៗ គ្រាន់​តែ​អ្នកនិពន្ធ​ប្ដូរ​តែ​​ឈ្មោះ​​តួអង្គ តែ​សាច់រឿង​ទាំងមូល​ពុំសូវ​ខុស​ប្លែក​ពី​ស្នាដៃ​មុនៗ​ឡើយ។ ​ស្នាដៃ​ខ្លះទៀត​គ្រាន់តែ​មើល​ពី​ដំបូង​អាច​ស្មាន​ដឹង​ដល់​សាច់រឿង​ខាង​ចុង ​ព្រោះពី ១ រឿង​​ទៅ ១ រឿង ​​អ្នកនិពន្ធ​ពុំសូវ​មាន​អ្វី​ប្លែក​ក្នុង​ស្នាដៃ​របស់​ខ្លួន​ឡើ​យ ពោល​គឺ​រក្សា​របៀប​និពន្ធ​ដដែលៗ ដែល​ពុំសូវ​មាន​អ្វី​ថ្មីប្លែក។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ក៏នៅ​មាន​អ្នក​និពន្ធ​មួយ​ចំនួន​ ដែល​មាន​ស្នាដៃ​ល្អៗ ទៅ​តាម​កម្រិត​សមត្ថភាព​របស់​ពួកគាត់​ដែរ។​

ក្នុង​នាម​ជា​អ្នកនិពន្ធ​ផង​ និង​ជា​​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត​ផង កញ្ញា ផាន់​ណា លើក​ឡើង​ថា៖ «​នៅ​ពេល​យើង​អាន​សៀវភៅ​​របស់​អ្នកនិពន្ធ​​ក្នុង​​សម័យ​អតីតកាល ​តួយ៉ាង​ក្នុង​ទសវត្សរ៍ទី ៦០ យើង​ហាក់​ទៅ​​ដល់​សម័យ​នោះ​ដូច​បាន​ដឹ​ងអំពី​ជីវភាព និង​ទិដ្ឋភាព​​សង្គម ក៏ដូចជា​ស្ថានភាព​នយោបាយ​ក្នុង​សម័យ​នោះ​ដែរ។ ឧទាហរណ៍​​ដូចជា រឿង​មាលា​ដួងចិត្ត​ជាដើម។ ​ស្នាដៃ​អតីតកាល ​អ្នក​និពន្ធ​ម្នាក់ ​មាន​សាច់​រឿង​​ប្លែក​​ពី​អ្នកនិពន្ធ​ម្នាក់​​ទៀត។ ពួកគាត់​មាន​អត្តសញ្ញាណ​ខុសៗគ្នា​ ក្នុង​ស្នាដៃ​របស់​ខ្លួន»។​

ពាក្យពេចន៍​​សន្ទនា​​ ការ​រៀបរាប់​សាច់​រឿង​​ពោរ​ពេញ​ដោយ​អត្ថន័យ ​អត្ថរូប ​អត្ថរស​ ប្រកបដោយ​​ភាសា​អក្សរសិល្ប៍ ​និង​ទស្សនៈ​ ស៊ី​ជម្រៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន​។ ផ្ទុយ​គ្នា​មកវិញ ​សម្រាប់​បច្ចុប្បន្ន​អ្នកនិពន្ធ​ស្រករ​ក្រោយ​មួយ​ចំនួន​ ដែល​បាន​សរសេរ​ស្នាដៃ​​រឿង​អំពី​សម័យ​សង្គម​​រាស្រ្ដនិយម​​ក្ដី​ សាច់រឿង​នោះ​ ពុំទាន់​បាន​ធ្វើ​ឱ្យអ្នក​អាន​បាន​ទៅ​ដល់​សម័យកាល​នោះ​​ឡើយ ដោយ​ហេតុ​ថា ទី ១ គាត់​ពុំបាន​ឆ្លង​កាត់ ​និងរ​ស់នៅ​ផ្ទាល់​​ក្នុង​សម័យ​នោះ ​និងទី ២​ គាត់​ពុំបាន​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ ​នាំឱ្យ​ស្នាដៃ​​របស់​គាត់​មាន​លក្ខណៈ​ស្រមើស្រមៃ​​ច្រើន​ជាង​ការ​ឆ្លុះ​បញ្ចាំង​​ពី​ទិដ្ឋភាព​​សង្គម​ក្នុង​សម័យ​នោះ។

កញ្ញាបញ្ជាក់​ថា៖ «ដូច្នេះ​ហើយ ​ក្នុង​នាម​ជា​អ្នកនិពន្ធ ​ប្រសិន​បើ​ចង់​សរសេរ​ពី​​សម័យ​អតីតកាល គួរ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ ​ចៀស​វាង​ស្រមើស្រមៃ​ជ្រុល ​នាំ​ឱ្យ​សាច់​រឿង​ឃ្លាត​ឆ្ងាយ​ពី​តថភាព​​សង្គម​នាសម័យ​នោះ។ ម្យ៉ាងវិញ​ទៀត​​ អ្នកនិពន្ធ​គួរព្យាយាម​​រិះរក​គំនិត​ថ្មីៗ បង្កើត​​សាច់រឿង​ដែល​ប្លែក​ដើម្បី​កុំឱ្យ​សាច់រឿង​របស់​ខ្លួន​មាន​លក្ខណៈ​ច្រំដែល​ទៅ​នឹង​​ស្នាដៃ​មុនៗ»។

​ពិតណាស់​ ដែលគេ​តែង​និយាយ​ថា​ យើងមិន​អាច​​សរសេរ​​តម្រូវ​​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​នោះទេ​ ប៉ុន្តែ​មតិ​ស្ថាបនា​​របស់​អ្នកដទៃ ​ក៏ជា​ចំណុច​សំខាន់ ​ដែល​យើង​គួរ​យក​មក​ពិចារណា​ផងដែរ​ ក្រៅពី​​នេះ អ្នកនិពន្ធ ​គួរ​ព្យាយាម​​ជ្រើសរើស​ស្នាដៃ​ល្អៗ​របស់​អ្នកនិពន្ធ​​សម័យ​មុន​មក​អាន​ និង​សិក្សា​រៀនសូត្រ​​ឱ្យបាន​​ច្រើន ​ដើម្បី​ពង្រីក​ចំណេះដឹង​​របស់​ខ្លួន​លើ​ផ្នែក​តែង​និពន្ធ។ ​

ជា​​មតិយោ​បល់​ផ្តាំ​ផ្ញើ ដើម្បី​​​​ចែក​រំលែក​ជា​គំនិត​​ក្នុងការ​​ចូលរួម​​ថែរក្សា​មរតក​វប្បធម៌​​ផ្នែក​អក្សរសាស្រ្ត​ខ្មែរ​ សម្រាប់​ជា​​ធនធាន​អ្នកនិពន្ធ​ជំនាន់​ក្រោយ​កញ្ញា​ថា​៖ «​អ្នកនិពន្ធ​​ជំនាន់​ក្រោយ ​គួរ​មាន​ការ​សិក្សា​ស្រាវជ្រាវ​​ឱ្យ​បាន​ច្រើន​ អំពី​ចំណេះដឹង​ផ្នែក​តែង​និពន្ធ​និង​ខិតខំ​អនុវត្តការ​និពន្ធ​ឱ្យ​ក្លាយជា​ទម្លាប់​ ព្រមទាំង​ពង្រឹង​សមត្ថភាព​គ្រប់​ពេលវេលា ​ដោយ​ត្រូវ​ក្រើន​រំឭក​ខ្លួនឯង​ថា ​ខ្លួន​ត្រូវ​បង្កើត​ស្នាដៃ​ថ្មីៗ ប្លែកៗ ​ដែល​ជា​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​​របស់​យើង ចៀស​វាង​ការ​ចម្លង​ស្នាដៃ​របស់​​អ្នកដទៃ ​ឬ​ដើរ​តាម​អត្តសញ្ញាណ​របស់​អ្នកដទៃ»៕​