
កញ្ញា ប៉ូគឹមថេង សុធីតា ដែលជាម្ចាស់ជយលាភី Miss Grand Cambodia 2021។ រូបថត សហការី
ភ្នំពេញៈ ការជ្រើសរើសស្រីស្រស់ធ្វើជាតំណាងជាតិ សម្រាប់ការប្រកួតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ប្រចាំឆ្នាំ ២០២២ ( Miss Grand Cambodia 2022) នេះ មានលក្ខណពិសេសជាងការប្រកួតកន្លងមក ដោយអ្នករៀបចំ បានបង្កើនចំនួនបេក្ខនារីចូលរួមជាតំណាងខេត្ត-ក្រុង ច្រើនជាងមុន និងបើកទទួលបេក្ខនារី ដែលមានឈាមជ័រជាខ្មែរ រស់នៅក្រៅប្រទេសចំនួន ៧ ថែមទៀតផង។
គេហទំព័រផ្លូវការ Miss Grand Cambodia បានប្រកាសឱ្យដឹងថា ឆ្នាំនេះ បេក្ខភាព Miss Grand Cambodia 2022 មានចំនួន ៣៥ នាក់ តំណាងឱ្យ ២៥ រាជធានី-ខេត្ត-ក្រុង រួមទាំងមានបូកបន្ថែមក្រុងបូកគោ ក្រុងប៉ោយប៉ែត ក្រុងបាវិត និងខ្មែរនៅក្រៅប្រទេសចំនួន ៧ ដែលមានប្រជាជនខ្មែររស់នៅច្រើនដូចជា ខ្មែរកម្ពុជាក្រោម ខ្មែរសុរិន្ទ ខ្មែរអូស្ត្រាលី ខ្មែរនូវែលសេឡង់ ខ្មែរបារាំង ខ្មែរអាមេរិកាំង និងខ្មែរកាណាដា។
លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស ដែលទទួលបានសិទ្ធិរៀបចំការ ប្រកួតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជាតាំងពីឆ្នាំ ២០២០ មកនោះ បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការរៀបចំ និងគោលបំណងនៃការរៀបចំថ្មីនេះផងដែរ។
លោក អ៊ិន សុភិន បានឱ្យដឹងថា៖ «យើងចង់ឱ្យបេក្ខនារីមានឈាមជ័រជាខ្មែរ ដែលមានឪពុកម្តាយ រស់នៅក្រៅប្រទេសចូលរួមការប្រកួតមួយនេះ។ យើងចង់បង្ហាញឱ្យពិភពលោកដឹងថា មិនមែនតែខ្មែររស់នៅក្នុងស្រុកកំណើតទេ ទោះបីជាបងប្អូនខ្មែររស់នៅទីណាក៏ដោយ ជាពិសេសខ្មែរ រស់នៅក្រៅប្រទេសជុំវិញពិភពលោក មានការចូលរួមដើម្បីជាតំណាងជាតិខ្លួន មិនថា ខ្មែររស់នៅកម្ពុជាក្រោម ខ្មែរសុរិន្ទ ខ្មែរបារាំង ខ្មែរអូស្រ្តាលី ខ្មែរនូវែលសេឡង់ ខ្មែរអាមេរិក ឬខ្មែរកាណាដា នោះគឺទេ ពួកគាត់អាចចូលរួមបាន ហើយយើងនៅតែរង់ចាំស្វាគមន៍ជានិច្ច»។
លោកបន្តថា៖ «ចំពោះគោលបំណងធំនោះ គឺយើងចង់បង្ហាញពីការបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាពរបស់បងប្អូនខ្មែរ រស់នៅក្នុងស្រុក និងបងប្អូនខ្មែររស់នៅក្រៅប្រទេស តាមរយៈការចូលរួមប្រកួតប្រជែងផ្នែកសម្រស់ក្នុងការប្រកួត Miss Grand Cambodia។ យ៉ាងហោចណាស់ ក៏យើងអាចនាំអារម្មណ៍បងប្អូនជាតិខ្មែរទាំងអស់ បានដឹងអំពីរូបសម្រស់របស់នារីខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងនារីខ្មែររស់នៅក្រៅប្រទេស មានលក្ខណៈបែបណាដែរ»។
កញ្ញា ប៉ូគឹមថេង សុធីតា ជាម្ចាស់មកុដនៃការប្រកួត Miss Grand Cambodia 2021 បានបង្ហាញពីអារម្មណ៍សុទិដ្ឋិនិយម និងចែករំលែកបទពិសោធដល់បេក្ខនារីជំនាន់ក្រោយថា៖ «ទោះភារកិច្ចត្រូវបានបញ្ចប់ តំណាងឱ្យប្រទេសកម្ពុជា នាងខ្ញុំនៅតែមានមោទនភាពបំផុត ដោយបាននាំយកឈ្មោះប្រទេសរបស់ខ្ញុំ ទៅកាន់ឆាកអន្តរជាតិ។ ទោះបីជានៅលើផ្លូវមួយនេះ ពោរពេញដោយឧបសគ្គយ៉ាងណាក៏ដោយ ការរិះគន់ ការបំបាក់ទឹកចិត្ត ការមើលងាយជាច្រើន វាបានបង្រៀនខ្ញុំ ត្រូវតែរឹងមាំ ហើយប្រាប់ខ្លួនឯងថា បន្តដំណើរទៅមុខទៀត»។
កញ្ញា ប៉ូគឹមថេង សុធីតា បន្ថែមថា៖ «ទោះបីមានមួយចំនួនតូច ព្យាយាមជាន់ពន្លិច រិះគន់ខ្ញុំ មើលមកខ្ញុំមិនល្អយ៉ាងណាក៏ដោយ ព្រោះយ៉ាងណាពួកគាត់ក៏នៅតែជាប្រជាជាតិតែមួយ ដែលនាងខ្ញុំត្រូវតំណាងឱ្យ នាងខ្ញុំនៅតែចែករំលែកអ្វីដែលល្អៗ ទៅកាន់ពិភពលោកថា ប្រទេសរបស់ខ្ញុំ ពោរពេញទៅដោយក្ដីស្រឡាញ់ ការគោរពដ៏កក់ក្តៅបំផុត»។ នេះជាអ្វី ដែលកញ្ញាបានធ្វើរួចហើយ ហើយកញ្ញាសង្ឃឹមថា ប្អូនៗជំនាន់ក្រោយ និងកាន់តែរឹងមាំហើយក្លាហាន ដើម្បីសម្រេចក្ដីស្រមៃដែលខ្លួនឯងចង់បាន។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ សម្រាប់បេក្ខនារីជយលាភី ៥ រូបចុងក្រោយនៃការប្រកួតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២២ នេះ នឹងទទួលបានឱកាសធ្វើជាតំណាងជាតិកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិនានាផងដែរ។
ជយលាភីម្ចាស់មកុដ (Winner) នឹងត្រូវក្លាយជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss Grand international 2022 ខណៈម្ចាស់ជយលាភីរងទី១ (1st Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss Supranational 2023 ម្ចាស់ជយលាភីរងទី២ (2nd Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss Global 2023 ចំណែកម្ចាស់ជយលាភីរងទី៣ (3rd Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss InterGlobal 2022 និងម្ចាស់ជយលាភីរងទី៤ (4th Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួតអន្តរជាតិ Miss Polo International 2022។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ ដល់ទី ២០ ខែ កក្កដា ឆ្នាំ ២០២២ បេក្ខភាពបវរកញ្ញាចំនួន ៥០ រូប ត្រូវបានធ្វើការបោះឆ្នោតដើម្បីជ្រើសរើសរកម្នាក់ ដែលមានប្រជាប្រិយភាពទៅកាន់បេក្ខភាពផ្លូវការទាំង ៣៥ រូប។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានរៀបចំសន្និសីទសារព័ត៌មានបង្ហាញបេក្ខភាពទាំង ៣៥ រូប ហើយនៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២២ នឹងមានការបង្ហាញបេក្ខភាពទាំង ៣៥ រូប និងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសយកម្នាក់ ដែលមានប្រជាប្រិយភាពទៅកាន់បេក្ខភាពកំពូលទាំង ១៥ រូប ចុងក្រោយ តាមរយៈរូបថត និងវីដេអូ។
ដោយឡែកថ្ងៃទី ២២ ខែសីហា ជាកម្មវិធីប្រកួតឈុតហែលទឹក ថ្ងៃទី ២៤ ខែសីហា ជាកម្មវិធីឈុតតំណាងជាតិ នៅថ្ងៃទី ២៥ ខែសីហា ជាកម្មវិធីប្រកួតបឋម និងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២ គឺជាកម្មវិធីការប្រកួតផ្តាច់ព្រ័ត្រ។
ចំពោះមកុដថ្មី សម្រាប់មកុដជយលាភីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២២ នេះ ត្រូវគេបង្ហើបថា ត្រូវបានគេរចនាដ៏ប្រណីត មានតម្លៃរហូតដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ ខណៈកញ្ញា ប៉ូគឹមថេង សុធីតា ដែលជាម្ចាស់ជយលាភី Miss Grand Cambodia 2021 ទើបតែទទួលបានមកុដថ្មី ជាកម្មសិទ្ធិផ្ទាល់ខ្លួនពីស្ថាប័នកញ្ញាឯក ដ៏អស្ចារ្យនៃកម្ពុជា មានតម្លៃ ៣ ម៉ឺនដុល្លារ៕