ភ្នំពេញៈ ដោយសារតែមានក្តីស្រឡាញ់ខ្លាំងលើមរតកវប្បធម៌សិល្បៈភាពយន្ត និងចម្រៀងខ្មែរ នាយុគសម័យមាស មុនរបបខ្មែរក្រហមនោះ នាពេលថ្មីៗនេះ ក្រុមព្រះសុរិយា បានបង្ហើបឱ្យដឹងពីទិន្នន័យនៃការស្រាវជ្រាវរបស់ខ្លួនក្នុងរយៈពេល ១២ ឆ្នាំ ដោយមានបទចម្រៀង ៥ ៥២០ បទ និងសិល្បករ-សិល្បការិនី មានសរុបចំនួន ៧២ រូប និង ១០ វង់តន្រ្តី ជាចម្រុះតន្រ្តីបុរាណសម័យខ្មែរ។
នេះតាមការបង្ហើបពីគេហទំព័រផ្លូវការនៃក្រុមព្រះសុរិយា បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ ដែលជាថ្ងៃខួបគម្រប់ ១២ ឆ្នាំ នៃការបង្កើតក្រុមព្រះសុរិយា។
គេហទំព័រផ្លូវការនៃក្រុមព្រះសុរិយា បានបង្ហើរសារថា៖ «ចម្រៀងសម័យយុគមាសចំនួន ៥ ៥២០ បទ កំពុងតម្កល់រក្សាទុកនៅក្នុងបណ្ណាសារក្រុមព្រះសុរិយា។ ក្នុងរយៈពេល ១២ ឆ្នាំ ក្នុងបេសកកម្មស្រាវជ្រាវ មរតកភាពយន្ត និងចម្រៀងខ្មែរក្នុងសម័យយុគមាស ក្រុមព្រះសុរិយា បានប្រមូល និងរក្សាទុកនូវចម្រៀងខ្មែរចំនួន ៥ ៥២០ បទ ដោយបានមកពីប្រភពសំខាន់ ៤ គឺពីក្នុងរ៉ូឡូ ពីក្នុងថាសចម្រៀងតូច និងធំ ក្នុងកាសែត និងក្នុងហ្វីលខ្សែភាពយន្ត»។
ប្រភពខាងលើបន្តថា៖ «ដោយក្រុមការងារនៃក្រុមព្រះសុរិយា បានជួសជុល និងចម្លងរក្សាទុកជាហ្វាល់ឌីជីថល យ៉ាងត្រឹមត្រូវ។ ចម្រៀងដែលក្រុមព្រះសុរិយា ខិតខំស្រាវជ្រាវប្រមូលបានទាំងនោះ គឺពីឆ្នាំ ១៩៥៥ រហូតមកទល់នឹងថ្ងៃ ១៧ ខែ មេសា ឆ្នាំ ១៩៧៥។ ទាំងនេះសុទ្ធសឹងតែជាសំនៀងរបស់សិល្បករ សិល្បការិនីខ្មែរ ក្នុងសម័យយុគមាស មានសរុបចំនួន ៧២ រូប និង១០ វង់តន្រ្តី ជាចម្រុះតន្រ្តីបុរាណសម័យខ្មែរ តួយ៉ាងដូចជា ចម្រៀងមនោសញ្ចេតនាស្នេហា ចម្រៀងសមិទ្ធផលសង្គម ចម្រៀងស្នេហាជាតិ ចម្រៀងយុវជន ចម្រៀងភ្លេងការ ចម្រៀងមហោរី ចម្រៀងប្រជាប្រិយ ចម្រៀងរាំកម្សាន្តគ្រប់ចង្វាក់ ចម្រៀងកុមារ ចម្រៀងភាពយន្ត ចម្រៀងក្នុងល្ខោននិយាយជាដើម»។
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បញ្ជាក់ឱ្យដឹងថា៖ «ចំពោះសិល្បករ-សិល្បការិនីចំនួន ៧២ រូប ដែលក្រុមយើងបានស្រាវជ្រាវនោះគឺយើងទទួលបានទិន្នន័យតាមរយៈសំណៅឯកសារទាំងឡាយដូចបានរៀបរាប់រួចមកហើយនោះ ទាំងវិស័យចម្រៀង និងភាពយន្ត។ សម្រាប់អ្នកសិល្បៈភាពយន្ត ដែលយើងបានជួប នាពេលបច្ចុប្បន្នគឺនៅមានចំនួនតិចតួចតែប៉ុណ្ណោះ រួមមានលោកស្រី ឌី សាវេត លោកស្រី វីរៈ តារា លោកស្រី ដួង តារា ហៅ ណុប ណែម និងលោកស្រី សាក់ ស៊ីស្បោង ជាដើម។ ចំណែកបទចម្រៀងវិញ ក្នុងចំណោមចម្រៀងទាំងអស់ មានចម្រៀងចំនួន ១០ ភាគរយ ជាចម្រៀងដ៏កម្រ ដែលមហាជនមិនដែលបានឮជាង ៤០ ឆ្នាំ មកហើយ»។
លោក យាង វណ្ឌី បន្តថា៖ «ក្រៅពីនេះ ពួកគាត់បានទទួលមរណភាព កាលសម័យខ្មែរក្រហម និងមានមួយចំនួនទៀតផងដែរ នៅរស់រានមានជីវិតគឺទាំងជាអ្នកសិល្បៈចម្រៀង និងតារាភាពយន្ត ពេលយើងបានជួបផ្ទាល់ ហើយសុំ ធ្វើសម្ភាសនោះ គឺត្រូវបានពួកគាត់បដិសេធមិនប្រាប់ពីហេតុផល និងចង់ចេញមុខ ហើយកាលដែលពួកគាត់បដិសេធនេះ ត្រូវយើងគិតថា ទំនងជាអាចបណ្តាលមកពីពួកគាត់មិនចង់នឹកឃើញនូវរឿងរ៉ាវពីអតីតកាល ដែលមានភាពជូរចត់ បានដិតជាប់ក្នុងអារម្មណ៍ពួកគាត់កាលពីសម័យខ្មែរក្រហម»។
សម្រាប់ក្រុមព្រះសុរិយា មានបេសកកម្មស្រាវជ្រាវ ភាពយន្ត ចម្រៀង និងប្រវត្តិនៃឥស្សរជនជាន់ខ្ពស់ខ្មែរ ព្រមទាំងព្រះរាជវង្សានុវង្សខ្មែរ មុនរបបខ្មែរក្រហម ដោយមានសមាជិកអចិន្រ្តៃយ៍នៃក្រុមលោក យាង វណ្ឌី ជាប្រធានក្រុម និងលោក វីរៈ វ៉ារ៉ានី ជាអនុប្រធានក្រុមព្រះសុរិយា និងជាអ្នកសរសេរអត្ថបទបរិយាយ រួមទាំងក្រុមការងារចំនួន ៤-៥ នាក់ទៀត បានបន្តការងារស្រាវជ្រាវរបស់ខ្លួនអស់រយៈពេល ១២ ឆ្នាំ មកហើយ ដោយបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងមានការជួយឧបត្ថម្ភពីសប្បុរសជន ដែលមានទឹកចិត្តស្រឡាញ់វិស័យសិល្បៈវប្បធម៌។
លោក យាង វណ្ឌី បង្ហើបឱ្យដឹងពីប្រវត្តិដើមទងនៃការបង្កើតជាក្រុមព្រះសុរិយាថា៖ «ចំពោះបេកសកកម្មនេះ កាលដំបូងឡើយ បានកកើតឡើងដោយលោក វីរៈ វ៉ារ៉ានី និងក្រុមការងារគាត់មាន ៤-៥ នាក់ នៅឆ្នាំ ២០១០ ហើយខ្ញុំបានចូលរួមជាមួយពួកគាត់ នៅឆ្នាំ ២០១៣ ក្រោយពីខ្ញុំបានជួបក្រុមគាត់នៅសាលាហ្ស៊ាមែន ហើយនៅឆ្នាំដដែលនេះ យើងបានរៀបចំព្រឹត្តិការណ៍ធំមួយ បង្ហាញពីបេកសកកម្មនៃក្រុមព្រះសុរិយា ខណៈដើមឆ្នាំ ២០១៤ ក្រុមយើងបានរកឃើញដុំហ្វ៊ីលចំនួន ៧ ដុំ ខេត្តកំពង់ចាម ហើយយើងបានទៅទិញហ្វ៊ីលទាំងនោះមកធ្វើការរក្សាទុក»។
លោកបានបន្ថែមថា៖ «ក្រោយមកទៀត យើងទទួលបានព័ត៌មានពីមិត្ត បង្ហើបប្រាប់ថា សំណៅឯកសារស្តីសិល្បៈខ្មែរ នាសម័យកាលមុនឆ្នាំ ១៩៧៥ ក៏មានច្រើនដែរ នៅប្រទេសថៃ។ ក្រោយពីឮដំណឹងនេះ ពួកយើងក៏ចេញទៅប្រទេសថៃ ដើម្បីតាមរកទិញដុំហ្វ៊ីលមួយចំនួន ទៅតាមលទ្ធភាពរបស់ក្រុមយើង»។
លោកក៏បានលើកឡើងដែរថា ទោះបីជាពេលនេះ ក្រុមព្រះសុរិយា បង្ហាញទិន្នន័យនៃការស្រាវជ្រាវរបស់ខ្លួន ដែលមានចំនួនបទចម្រៀង ៥ ៥២០ បទ និងសិល្បករ-សិល្បការិនីចំនួន ៧២ រូប នៅក្នុងសម័យយុគមាស ចន្លោះឆ្នាំ ១៩៥៥-ឆ្នាំ ១៩៧៥ មិនមែនមានន័យថា បញ្ឈប់បេសកកម្មរបស់ក្រុមនោះឡើយ។
លោក យាង វណ្ឌី ប្រាប់ថា៖ «ដោយសាររយៈពេលប៉ុន្មានឆ្នាំក្នុងពេលវិបត្តិកូវីដ នៅឡើយទេ។ ព្រោះហេតុផល យើងគឺជាក្រុមយុវជនស្រាវជ្រាវលក្ខណៈឯកជនមួយ មិនទាន់មានការជួយឧបត្ថម្ភទាំងផ្នែកធានារ៉ាប់រងអាយុជីវិត ទាំងផ្នែកថវិកា ដូច្នេះយើងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើកត្តាសុខភាពជាចម្បង ចាំពេលស្ថានភាពធូរស្បើយខ្លាំង និងទទួលបានជំនួយពីក្រុមសប្បុរសជន ដែលតែងតែបានជួយបរិច្ចាគតាមគណនីយ្យធនាគារ ABA, Wing និង ACLEDA ដែលមាននៅក្នុង Channel YouTube របស់យើង តាមសទ្ធាចិត្តជ្រះថ្លា បូកសរុបប្រចាំខែ ចាប់ពី ១ ដុល្លារ ឡើងទៅ ឬចាប់ពី ១ ០០០ រៀល ឡើងទៅនោះ។ បេសកកម្មរបស់យើងគឺនៅតែបន្តការស្រាវជ្រាវដដែល»។
បើតាមស្តាប់ការរៀបរាប់នោះ ពិតជាមានសេចក្តីត្រេកអរណាស់ ប្រសិនបើក្រុមព្រះសុរិយា មានការជួយជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុនឯកជន ឬពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំពេញនូវកង្វះខាតរបស់ក្រុមនោះ ដើម្បីលើកទឹកចិត្តក្រុមខ្លួនបន្តការងារទៅមុខដោយរលូន។
លោក លោក យាង វណ្ឌី បញ្ជាក់ថា៖ «ប្រសិនបើ ក្រុមព្រះសរិយា មានការគាំទ្រទទួលស្គាល់ពីតម្លៃការងារស្រាវជ្រាវ ដើម្បីរក្សានូវមរតកសិល្បៈចម្រៀង និងភាពយន្ត នាយុគសម័យមាសនេះ ហើយមានជួយឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជន ឬខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោះយើងពិតជាត្រេកអរក្រៃលែង និងរីករាយក្នុងការបន្តការងារនេះ ទៅមុខឱ្យបានរលូនល្អជាក់ជាមិនខានឡើយ»។
គួររំឭកដែរថា កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២ នេះ ក្រុមព្រះសុរិយា បានបង្ហាញពីការស្រាវជ្រាវឃើញចម្រៀងក្នុងខ្សែភាពយន្តចំនួន ៤៥ បទ បកស្រាយដោយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដែលបានបាត់ស្រមោលសូន្យឈឹងកន្លងមក។
លោក វីរៈ វ៉ារ៉ានី ជាអនុប្រធានក្រុមព្រះសុរិយា បានបង្ហើបឱ្យដឹងថា៖ «សព្វថ្ងៃមរតកចម្រៀងរបស់លោកស្រី រស់ សេរីសុទ្ធា នៅសេសសល់មិនតិចជាង ១ ៥០០ បទនោះទេ ដោយចម្រៀងទាំងនោះបានបម្រើអារម្មណ៍មហាប្រិយមិត្តទាំងក្មេងទាំងចាស់ ជារៀងរាល់ថ្ងៃ ហើយក៏មានសិល្បករមួយចំនួន និងផលិតកម្មចម្រៀងមួយចំនួនធំបានយកចម្រៀងរបស់លោកស្រីទៅផលិតឡើងវិញជាហូរហែ។ ក្នុងដំណើរស្រាវជ្រាវរបស់ក្រុមព្រះសុរិយា បានរកឃើញចម្រៀងក្នុងភាពយន្តចំនួន ៤៥ បទ ជាសំនៀងរបស់លោកស្រី ត្រូវបានបាត់បង់ មិនឃើញមាននៅសេសសល់ឡើយ»។
លោកបន្តថា បទចម្រៀងទាំង ៤៥ បទនេះ ក្រុមព្រះសុរិយា បានរកឃើញជាសំណល់អត្ថបទ និងតាមរយៈការចងចាំរបស់មហាប្រិយមិត្ត តួយ៉ាងដូចជាបទ «បក្សីចាកមេឃ» បញ្ចូលក្នុងខ្សែភាពយន្តរឿង« បក្សីចាកមេឃ» ឆ្នាំ ១៩៦៨ បទ«ទំនួញព្រះនាងព្រះពាយផាត់» បញ្ចូលក្នុងខ្សែភាពយន្តរឿង «ឆន្ទមឿង» បទ «ដាវរឿងដាវរោយ» បញ្ចូលក្នុងខ្សែភាពយន្តរឿង «ដាវរឿងដាវរោយ» បទ «ទំនួញកេសរបទុម» បញ្ចូលក្នុងខ្សែភាពយន្តរឿង «ហង្សយន្ត» ជាដើម៕