ភ្នំពេញៈ​ ក្រណាត់​ស្ត្រី មាន​វត្ត​មាននៅ​កម្ពុជា​តាំង​ពីឆ្នាំ​ ២០១៦ ​ដែល​បង្កើត​ឡើងដោយ​កញ្ញា​ ហុក ​សុវណ្ណ​វ​ត្តី ក្នុង​ការ​ផ្ដល់​ជម្រើស​ឱ្យ​ស្ត្រី​ប្រើ​ប្រាស់​ជំនួស​សំឡី​អនាម័យ​ ដើម្បី​លើក​ស្ទួយ​បរិស្ថាន ​និង​មិន​ប៉ះ​ពាល់​សុខភាព​មាត់​ស្បួ​ន​ព្រម​ទាំង​ជួយ​សន្សំ​សំចៃ​ថវិកា។

បន្ថែម​ពីលើ​ការចុះ​បង្រៀន​ការ​ដេរ​ក្រណាត់​ស្ត្រី និង​ពី​វដ្ត​រដូវ​ដូច​កន្លង​មក​ កញ្ញា​មាន​ទស្សនវិស័យ​ចង់ឃើញ​ «​ការ​ដេរ​ក្រណាត់​ស្ត្រី​» ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​រប​ស់រ​ដ្ឋ ឱ្យ​សិស្ស​ពី​ ១​ ជំនាន់​ទៅ​ ១​ ជំនាន់ ដឹង​ពី​ជម្រើស​ផ្សេង​សម្រាប់​ពេល​មក​រដូវ និង​ជា​ជំនាញ​ជីវិត​ដែល​គាត់​អាច​ប្រើប្រាស់​បាន​។​

​ដោយរំឭក​ឡើងវិញ​​ទាក់ទង​នឹង​ការ​បំផុស​គំនិត​បង្កើត​ក្រណាត់​ស្ត្រី​នេះ​ឡើងកញ្ញា​ ហុក សុវណ្ណ​វ​ត្តី បាន​អះអាង​ថា​ដំបូង​ឡើយ​ដោយ​សារ​តែ​ខ្លួន​កញ្ញា​ផ្ទាល់​មាន​បញ្ហា​អាលែក​ហ្ស៊ី​ជាមួយ​នឹង​សំឡី​អនាម័​យ​។​

​សហ​គ្រិន​ស្នេហា​បរិស្ថាន​ដែល​បាន​ការ​សិក្សា​ការងារ​ផ្នែក​ទំនាក់​ទំនង​និង​ច្បាប់​ភាសា​អង់​គ្លេស​រូបនេះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា​៖ «​កាល​នោះ ​ខ្ញុំ​អត់​មាន​ជម្រើស​ទេ មាន​តែ​ប្រើ​សំឡី​អនា​ម័យ​។ ពេល​ខ្ញុំ​បាន​ទៅ​រៀន​នៅ​ថៃ ចុង​ឆ្នាំ ២០១៦​ ខ្ញុំ​ក៏​ស្គាល់​អ្នក​ដែល​គាត់​លក់​ក្រណាត់​ស្ត្រី​នៅ​ឥណ្ឌា គាត់​ក៏​ឱ្យ​ខ្ញុំ​ប្រើ​។ ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ និង​ចង់​យក​មក​ចែក​រំលែក​គំនិត​ហ្នឹង​នៅ​ខ្មែរ​»​។

​កញ្ញាបាន​បន្ថែម​ថា ក្រណា​ត់​ភាគ​ច្រើន​ជា​ក្រណាត់ PUL ក្រណាត់​ឆត្រ ឬ​ក្រណាត់​ដែល​មិន​ជ្រាប​ទឹក ​ហើយ​ស្ដើង យក​មក​ប្រើ​ការពារ​កុំឱ្យ​ប្រឡាក់​ខោ​។

​ពន្យល់​ពី​របៀប​ដែល​វា​ជួយ​ដល់​សុខភាព​ស្ត្រី និង​ស្រួល​ប្រើ​ប្រាស់​យ៉ាង​ណាខ្លះ​នោះ កញ្ញា ​បាន​រៀបរាប់​ថា​ក្រណាត់​នេះ ប្រើ​រួច​បោក​ទឹក​ឡើង​វិញ ដូចនេះ​វា​ជួយ​សន្សំ​សំចៃ​ថវិកា​បាន​ច្រើន ​ដោយ១​អាច​ប្រើ​បាន ៣-៥​ឆ្នាំ​ទៅ​តាម​ការ​ថែរ​របស់​អ្នក​ប្រើ​ម្នាក់ៗ​។

​ស្ថាបនិក​ «Green Lady Cambodia» វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​វា​ចំណេញ​បាន​ទាំង​សុខ​ភាព និង​លុយ​ជាពិសេស​អ្នក​ដែល​អាលែក​ហ្ស៊ី​ដូច​ខ្ញុំឬ​អ្នក​ដែល​ចង់​ផ្លាស់​ប្ដូរ​ទម្លាប់​ល្អ​វិញ​ដើម្បី​ជួយ​ការពារ​បរិស្ថាន​។ ធម្មតា​សំឡី​អនាម័យ​​គេ​អត់​ឱ្យប្រើ​លើស​ពី ៣-៤​ ម៉ោង​ទេ តែ​ក្រណាត់​ស្ត្រី​អាច​ពាក់​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​ឱ្យតែ​វា​អត់​ទាន់​ជ្រាប​។ វា​ល្អ​ចំពោះ​សុខ​ភាព​ស្បែក និង​មាត់​ស្បូន​យើង​បាន​ច្រើន​ជាង​សំឡី​»​។

​កញ្ញា ​សុវណ្ណ​វ​ត្តី​ ថា មុន​ដំបូង​ដែល​ចាប់​ផ្ដើម​ធ្វើ ​កញ្ញា​គ្រាន់​តែ​ចង់​ចែករំ​លែក​ពីព័ត៌​មាន​ក្រណាត់​ស្ត្រី ​ហើយ​ធ្វើ​តែ​ទៅលើ​វដ្ត​រដូវ តែ​ពេល​យូរៗ​ទៅ ​វា​បាន​រីក​ទៅ​ជា​ការ​ទាក់​ទង​កា​រលូត​លាស់ ​បញ្ហា​សុខភាព​ផ្លូវភេទ​ និង​បន្ត​ពូជ​។

​សព្វ​ថ្ងៃ​កញ្ញា​ថា​ កំពុង​ព្យា​យាម​សហ​ការ​ជា​មួយ​អង្គការ ​United Nations Population Fund (UNFPA Cambodia) ទាក់​ទង​នឹង​ការ​បង្ហាត់​បង្រៀន​ហើយ​ក៏មាន​ធ្វើការ​ជា​មួយ​អង្គការ​ផ្សេងៗ​ទៀត ​តាម​រយៈ​កញ្ចប់​សង្គម​ដែល​អង្គការ​អាច​កុម្ម៉ង់​ក្រណាត់​ស្ត្រី​ហើយក៏​យកទៅ​បង្រៀន​សិស្ស​ ឬ​ចែក​ក្រណាត់​ស្ត្រី​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ​។

​កញ្ញា​ថា​ កញ្ញា​មាន​ជា​កញ្ចប់​ក្រណាត់​ស្ត្រី​សង្គម​ដែល​ផលិត​ឱ្យមាន​តម្លៃ​ទាប​សម្រាប់​អង្គការ​ដែល​ចង់​ចែក​ចាយ​ក្រណាត់​ស្ត្រី​ឬ​បង្កើន​ឱ្យមាន​ការ​យល់​ដឹង​ពី​អនា​ម័យ​វដ្ត​រដូវ ការ​ដេរ​ក្រណាត់​ដោយ​ខ្លួន​ឯង​ដល់​សហ​គមន៍​។ ការធ្វើ​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត និង​បង្កើតជា​ជម្រើស​ ជាការ​ចែក​ក្រណាត់​ស្ត្រី​ ជំនួស​ការចែក​សំឡី​អនា​ម័យ​ប្លា​ស្ទិ​ក​ដល់​អង្គការ​នានា​ដែល​ធ្វើការ​ ឬមាន​គម្រោង​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​អនា​ម័យ​ពេល​មក​រដូវ​ជាដើម​។​

​កញ្ញាបាន​បញ្ជាក់​ថា​៖ «​ជាក់​ស្ដែង​ដូចជា​ខេត្ត​រតន​គិរី ខ្ញុំបាន​ធ្វើការ​ជា​មួយ​ UNFPA និង​ធ្វើ​ការជា​មួយ​សុខ​ភាព​សិក្សា​ដែល​នៅ​ជាមួយ​ក្រសួង​អប់រំ​។ឯការ​ទៅ​ខេត្ត​កំពតនិ​ង​កំពង់​សោម​[ព្រះសីហនុ]​គឺជា​កញ្ចប់​សង្គម​ដែល​យើង​តែង​តែ​ធ្វើ​»​។​

​នៅ​ពេល​សួរនាំ​ពី​មូលហេតុ​ដែល​នាំឱ្យ​កញ្ញា​បាន​ឈាន​ទៅដល់​ការគិត​គូរអំពី​ការ​បូ​កប​ញ្ចូល​ការ​ដេរ​ក្រណាត់​ស្ត្រី ទៅ​ក្នុង​កម្មវិធី​សិក្សារ​ដ្ឋ ដោយ​មិន​ចាំ​បាច់​ត្រូវតែទៅ​បង្រៀន​សិស្ស​១ថ្នាក់​ម្ដងៗ​ កញ្ញា​បាន​ថ្លែង​ថា ​មាន​ការ​ជំរុញ​ពី​ខាង​សុខ​ភាព​សិក្សា​ផង ​និង​ខាង UNFPA ផង​ ដែល​មែន​ទែន​ទៅ ​វា​ជា​ទស្ស​នវិស័យ​របស់​កញ្ញា​ស្រាប់​ដែរ​។​

​កញ្ញាបន្ថែម​ថា​៖ «​យើង​សហ​ការ​ធ្វើ​ជាមួយ​គ្នា​ទៅ​ ហើយក៏​អញ្ជើញ​ខាង​ក្រសួង​អប់រំ​ឱ្យ​គាត់​ចុះម​ក យើង​បង្រៀន​ទាក់​ទង​ជា​មួយ​ការ​លូត​លាស់ និង​បង្រៀន​ដេរ​ដើម្បី​សង់​ជា​ភ័ស្តុតាង​ ហើយ​ស្នើ​ទៅ​ថ្នាក់​លើ​។ ប្រសិន​បើ​ពួក​គាត់​យល់​ព្រម​យើង​ប្រហែល​ជា​អាច​មាន​វា​នៅ​ក្នុង​កម្មវិ​ធីសិក្សា​។ តែ​យើង​ដឹងថា​វា​ប្រើ​ពេល​យូរ​ទៀត​»​។

​ក្រឡេក​មក​មើល​ពីអ្វី​ដែល​កញ្ញា​បាន​បង្រៀន​សិស្ស​នៅ​តាម​ខេត្តដូច​ជា​ រតនគិរី ​កញ្ញា​ ថា​ កញ្ញា​បាន​បង្រៀន​ពី​របៀប​ដេរ​ក្រណាត់​វដ្ត​រដូវ ​ហើយ​ក៏មាន​ធ្វើជា​កូន​សៀវភៅ​តូច​មួយ​ដែល​និយាយ​អំពី​បទ​ពិសោធ​បង្រៀន​ក្មេង​ស្រី​កន្លង​មក​។

​នៅក្នុង​នោះ វា​មាន​ទាក់​ទង​នឹង​ការ​លូត​លាស់ ​ភាព​ពេញ​វ័យ ការ​ប្រែ​រូបរាង ​និង​ការ​មាន​ផ្ទៃពោះ​ និយាយ​រួម​គឺ​ទាំង​សុខ​ភាព​ផ្លូវ​ភេទ សុខ​ភាព​បន្ត​ពូជ​ វដ្ដ​រដូវ​ ដែល​​សៀវភៅ​នោះ​ផ្ដល់​ប្រយោជន៍​សម្រាប់​ទាំង​ក្មេង​ប្រុស​និង​ក្មេង​ស្រី​។ ​រីឯចំពោះ​ការ​បង្រៀន​គឺចាប់​ពី​ថ្នាក់​អនុវិទ្យា​ល័យ​ទៅ​ដោយ​មាន​ការ​បែងចែក​ថ្នាក់​បង្រៀន​ស្រី និង​ប្រុស​ផ្សេង​គ្នា​។

​យ៉ាង​ណាក្ដី ​កញ្ញា​បានថ្លែងថា​៖«​ប៉ុន្តែខ្ញុំ​កំពុង​យក​មតិយោប​ល់​ពី​ក្មេងៗ​ពេល​ទៅ​បង្រៀន​ម្ដងៗ​ហ្នឹង​ត្រ​ឡប់​មកវិញ​ទាក់​ទង​នឹង​ចំណាប់​អារម្មណ៍​របស់គា​ត់ និង​អ្វីដែ​ល​គាត់​ត្រូវ​ដឹង​ទៅ​តាម​អាយុ​ ហើយ​សង្ឃឹម​ថា​ វា​នឹង​កាន់​តែ​ល្អ​ទៅៗ​ជា​មួយ​នឹង​យោ​បល់​របស់​អ្នក​ទាំង​អស់​គ្នា។ខ្ញុំ​ក៏​ចង់​បញ្ចូល​វិធីសាស្ត្រ​ពន្យា​រកំ​ណើត​ខ្លះ​នៅ​ពេល​ក្រោយផង​ដែរ»​​។

បើ​តាម​កញ្ញា ហុក សុវណ្ណ​វ​ត្តី ​លទ្ធផល​គឺមាន​ការ​ល្អប្រសើរ​ មានការ​ចាប់​អារម្ម​ណ៍ និង​ចូល​រួម​ច្រើន​ទាំង​ក្មេង​ប្រុស និង​ស្រី​។តែ​ចំពោះ​កញ្ញា​ផ្ទាល់​គឺ​ចង់​ទៅខាង​រតន​គិរី​ច្រើន​ដង​ទៀត​ដោយ​សារ​មាន​បំណង​ចង់ទៅ​ដល់​សាលា​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​​​។​

​កញ្ញាបាន​ឱ្យដឹងថា​ ក្មេងៗ​មាន​ការ​ចាប់​អារម្ម​ណ៍ ហើយ​វា​បាន​ប្រយោ​ជន៍​ច្រើន​ដល់​សិស្ស​ ជា​ពិសេស​អ្នក​ដែល​នៅ​ក្នុង​សាលា​ ហើយ​ពួក​គាត់​អត់​សូវ​មាន​លុយ​ទេ ១​ខែ​គាត់​បាន​តែ ​៥-៦​ពាន់ ។ ប្រសិន​បើគាត់​ជា​មនុស្ស​ស្រី​គាត់​ត្រូវ​ទិញ​សំឡី​អនាម័យ​ទៀត ​ដូច្នេះ ​ការ​ដេរ​ក្រណាត់​ស្ត្រី​ជួយ​សន្សំ​លុយ ​និង​ថែរក្សា​សុខ​ភាព​គាត់​។

​បន្ថែម​ពីនេះ​ទៀត កញ្ញាបាន​បង្ហា​ញពី​សារៈ​សំខាន់​នៃ​ការ​បង្រៀន​ពី​បញ្ហា​ទាំង​អស់​នេះ​ដល់​ក្មេងៗ​ថា​៖ «​ដំបូង​បំផុត​ខ្ញុំ​ចង់ឱ្យ​ពួកគាត់​ដឹងថា ​គាត់​មាន​ជម្រើស​ផ្សេង​ពី​សំឡី​អនា​ម័យ​។​ទី​២ភាព​អៀ​នខ្មាសវា​​ប៉ះពាល់​ដល់​សុខភាព​គាត់​ខ្លាំង​។ ខ្ញុំ​គិតថា​ គ្រប់​គ្នា​ដឹងថា​ផ្លូវ​ភេទ និង​សុខ​ភាព​បន្ត​ពូជ​មាន​សារៈ​សំខាន់​ក្នុង​ជីវិត​មនុស្ស។​ ដូច្នេះ​យើង​មានតែ​ត្រូវ​ដឹង ​ហ៊ាន​បើក​ចិត្ត​ស្ដាប់​ទាំង​អស់​គ្នា​។ ខ្ញុំ​គិតថា​ការងារ​នឹង​ត្រូវតែ​បន្ត​រហូត​ដល់​ក្មេងៗ​បាន​ដឹង​ហ៊ាន​និយាយ​ និង​បើក​ចិត្ត​»។

តាម​រយៈ​ការ​សម្ភាស​របស់​អង្គ​ការ លោក​នាយក ​ទិត្យ វីរ៉ា ជា​គណៈ​គ្រប់​គ្រង​នៃ​វិទ្យា​ល័យ​ ប៊ូ ថង អូរ​ជុំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ​ខេត្ត​រតនគិរី បា​ន​ថ្លែង​អំណរគុណ​ចំពោះអ​ង្គកា​រ UNFPA ដែលបាន​សហ​ការគ្នាជា​មួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ​បាន​ផ្ដល់​នូវ​បទ​ពិសោធ និង​ផ្ដល់​នូវ​គ្រូ​ឧទ្ទេស ​ដើម្បី​ចុះមក​អប់រំ​ បណ្ដុះ​បណ្ដាល​ សិស្ស​ដែលជា​នារី ជា​កុមារី​ ឱ្យ​ទទួល​បាន​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​បន្ដ​ពូជ​ សុខ​ភាព​ផ្លូវ​ភេទ សុខ​ភាព​សិក្សា ដែលជា​វត្ថុ​បំណង​ដ៏​សំខាន់ ​ដែល​សាលា​ក៏ដូច​ជា​សហ​គមន៍​ទាំង​មូល​ចង់បាន​។​ចំណេក សិស្ស​ក៏​បាន​ចែក​រំលែក​ពីបទ​ពិសោធ​ដែល​រៀន​បាន​ផង​ដែរ​។

សិស្ស​ម្នាក់​ដែល​ត្រូវ​បាន​សម្ភាសដោយ​អង្គការ​ UNFPA នោះ​បាន​លើក​ឡើង​ថា​៖ «​វគ្គ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាងគេគឺ​វគ្គ​កាត់​ដេរ​ក្រណាត់​ស្ត្រី ព្រោះ​ខ្ញុំ​គិតថា​ បច្ចុប្បន្ន​នេះ​យើង​ចំណាយ​ថវិកា​ទៅលើ​សំឡី​អនា​ម័យ​ច្រើន​។ ដល់​ពេល​យើង​ចេះ​ការធ្វើ​ក្រណាត់​ស្ត្រី​ខ្លួន​ឯង វា​ប្រើ​បានយូរ​ឆ្នាំ វា​ចំណេញ​ទាំង​ថវិកា ​ហើយ​នៅ​ពេល​ដែល​យើង​បាន​ចែក​រំលែក​ទៅ​អ្នក​ផ្សេង​ទៀត​ វា​ជួយ​សន្សំ​សំចៃ​ប្រាក់​ថែម​ទៀត​»​។​

​កញ្ញា​ ហុក ​សុវណ្ណ​វ​ត្តី បាន​ឱ្យដឹងថា​ បច្ចុប្បន្ន​មាន​គេ​ស្គាល់​ក្រណាត់​ស្ត្រី​ច្រើន​ដែរ ​ជា​ពិសេស​អង្គ​ការ​ដែលស្គា​ល់តៗ​គ្នា​ ហើយ​កញ្ញា​ក៏​ចាប់​ផ្ដើម​មាន​ភ្ញៀវ​ចាស់រួម​ទាំង​មាន​ការ​ដាក់​ផ្ញើ​លក់​នៅ​ក្នុង​ហាង​ ៣-៤​ កន្លែង​ផង​ដែរ​។

ម្យ៉ាង​ទៀត​អ្វីដែល​កញ្ញា​ចង់​សាក​ល្បង​ធ្វើនៅ​ជំហាន​បន្ទាប់​គឺ​កញ្ញា​ចង់​ផលិត​ក​ប្បាស​ដើម្បី​បង្កើត​ចេញ​ជា​ក្រណាត់​ខ្លួន​ឯង​ ដោយ​កញ្ញា​ក៏​ឱ្យ​គ្រាប់​កប្បាស​ទៅ​ក្មេង​ដាំ ព្រោះ​ចង់​ឱ្យ​ក្មេង​ដឹងថា​ វា​មិន​មែន​ជា​របស់​មក​ពីណា​ទេ វា​សុទ្ធ​តែ​ជា​របស់​ខ្មែរ​។ មួយ​ទៀត​កញ្ញា​មាន​ការ​សហ​ការ​ជា​មួយ ​Stoptheshameperiod.com ដែល​ចង់​ផលិត​សំឡី​ដែល​អាច​រលាយ​​ក្នុង​ដី​វិញ​បាន​ ដោយ​ប្រើ​ហើយ​បោះ​ចោល​តែម្ដ​ង ដើម្បី​ចែក​វា​ដល់​ក្មេងស្រី​នៅ​តំបន់​ឆ្ងាយ​ដែល​អត់​មាន​ទឹក​ស្អាត​​។

​កញ្ញាប​ន្ថែម​ទៀត​ថា អ្វី​ដែល​កញ្ញា​សប្បាយ​ចិត្ត​ហើយ​ចង់​ឃើញ​បន្ត​គឺ​ក្មេង​ជំនាន់​ក្រោយ​មាន​អ្នក​ធ្វើ​ការទាក់​ទង​នឹង​វដ្ត​រដូវ រួម​ទាំង​មាន​ជា​កម្ម​វិធី​ទាក់​ទង​នឹង​រោគ​ស្ត្រី​។

​ក​ញ្ញា ​សុវណ្ណ​វ​ត្តី​ ថា​៖ «​ខ្ញុំ​មាន​មោទន​ភាព​ដែល​គាត់​ក្លាហាន​ ហើយ​ខ្វាយ​ខ្វល់​ពី​សង្គម​ សហគ​មន៍​គាត់ ​ហ៊ាន​ធ្វើ​ទាក់​ទង​នឹង​រោគ​ស្ត្រី​យើង ​ព្រោះ​យើង​ដឹងថា​ ស្រុក​ខ្មែរ​យើង ​នៅ​មាន​ភាព​ខ្មាស​អៀន​ច្រើន​។ខ្ញុំ​មានតែ​ផ្ដាំផ្ញើ​ឱ្យ​ក្មេង និង​ស្ត្រីដឹង​ថា​ គាត់​មាន​ជម្រើស​និង​ចង់ឱ្យ​គាត់​បើក​ចិត្ត​ទូលាយ​ឱ្យ​យល់​ដឹង​ពី​រឿង​ហ្នឹងទាំ​ង​សុខភាព​គាត់​និង​គ្រួសារ​គាត់​»​៕