ភ្នំពេញៈ កម្ម​វិធី​​ប្រកួត​ប្រជែង​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ ដែល​ប្លែក​​មិន​ធ្លាប់​មាន​ឈ្មោះ «​ល្ខោន​ខ្មែរ​» ចាប់​​​ផ្តើម​​រដូវ​កាល​ទី​១ ឆ្នាំ​ ២០២២ ក្រោម​វិញ្ញាសា​ «ទម្រង់​របាំ​ក្បាច់បុរាណខ្មែរ» ដែល​រៀបចំ​ដោយ​​​ស​ហ​​​​​ភាព​សហព័ន្ធ​​យុវ​ជន​កម្ពុជា ​ខេត្ត​ស្វាយ​រៀង មាន​ការ​គាំទ្រ​​ដោយ​ក្រសួង​​​វប្បធម៌ និង​វិចិត្រ​សិល្បៈ និ​ង​​សហ​​ការ​​ផ្សព្វ​​ផ្សាយ​ដោយ​ទូរ​ទស្សន៍​បាយ័ន។​​

កម្មវិធីនេះ​ នឹងផ្តល់​នូវ​ឱកាស​ទៅ​ដល់សាធារណជន​ចូលរួម​ប្រកួត​ តាមរយៈ​ការថតជា​ វីដេអូ​សម្តែង​​ក្នុង​​វិញ្ញា​​​សា​​​ទម្រង់​របាំក្បាច់​បុរាណខែ្មរ។​ អ្វីដែលកាន់តែ​ពិសេសទៀតនោះគឺ​ បេក្ខជន​ទាំងអស់​នឹង​បាន​​​ជួប​ និង​​ទទួល​បាន​នូវ​ឱកាសរៀន​សូត្រ​បន្ថែម​ ពីសំណាក់​គណៈកម្មការ​ ក៏ដូចជា​គ្រូបង្វឹក ដែល​សុទ្ធ​​​​សឹង​​​​​​​ជាវីរ​សិល្បករ សិល្បការិនី របាំបុរាណ ​និង​ព្រឹទ្ធាចារ្យ ឬ​សាស្រ្តាចារ្យ​ មាន​បទ​ពិសោធយូរ​ឆ្នាំ​​ក្នុង​​​វិស័យ​សិល្បៈ​បុរាណ​នេះ​​។

សម្រាប់​ក្រុម​​​បេក្ខជន​ ដែល​បាន​ចូល​ប្រកួត​​ នឹងបា​នជួប​ជាមួយ​គណៈ​កម្ម​ការ​ទាំង​​៤រូប ​ដែល​សុទ្ធ​សឹង​ជា​​កំពូល​​សិល្បករ សិល្បការិនី​របាំបុរាណ ​និងជា​ព្រឹទ្ធាចារ្យ​ មាន​បទ​ពិសោធយូរឆ្នាំ​លើ​វិស័យ​នេះរួមមាន​ ១-លោក​​សាស្ត្រាចារ្យ ព្រឿង ឈៀង ជំនាញរបាំ​តួ​នាយ​រង​ស្វា ២-លោកស្រី​ព្រឹទ្ធា​ចារ្យ ​ប៉ែន សុខ​​​ហួន ជំនាញរបាំ​តួនាយ​រង ៣-លោកស្រី​សាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ជំនាញរបាំ​តួ​នាយ​រង​យក្ស​ និង លោកស្រី​សាស្រ្តាចារ្យ សំ សត្យា ជំនាញរបាំ​តួនាង​។​

លោក ឈី កុលបុត្រា ប្រធាន​ក្រុម​​ដឹកនាំ​រៀបចំ​កម្ម​វិធី​ល្ខោន​ខ្មែរ ​រដូវ​កាល​ទី​១​ ឆ្នាំ​ ២០២២ ​​វ័យ ​៣៧ ឆ្នាំ​​ បាន​​ឱ្យដឹង​​ថា៖ «លោក​​​ទាំង​ ៤ រូប​ ​មិនត្រឹមតែ​ជាគណៈកម្មការ​​ ដាក់ពិ​ន្ទុ​យ៉ាង​សុក្រឹត​នោះ​ទេ ថែម​​​​ទាំង​​​​ជាគ្រូបង្វឹក​ដោយផ្ទាល់​ ទៅ​ដល់​ក្រុម​បេក្ខជនប្រកួតផងដែរ​ ហើយ​នេះ​ក៏​ជា​ឱកាស​ ដ៏​​ពិសេស​មួយ ​​​​សម្រាប់​ក្រុម​បេក្ខជនប្រឡង​ ​​​ក្នុងការដក​ស្រង់នូវ​បទ​ពិសោធ និង​ចំណេះ​ជំនាញ​សិល្បៈ​​​របាំ​​ពី​ព្រឹទ្ធា​​ចារ្យ​​​​សិល្បៈ​​​ទាំង ​៤ ​រូប។

រីឯ​​លក្ខ​ខណ្ឌ​ចូល​រួមវិញ​មាន​ភាព​​​ងាយ​ស្រួល​​ ​ដោយគ្រាន់តែ​​បំពេញពាក្យ​ចូល​រួម​ប្រកួត​ ​ភ្ជាប់​​ជា​មួយ​ការ​​បង់​ប្រាក់​​ត្រឹម​តែ ១ ​ម៉ឺន​​រៀល ​​និង​វីដេអូ​ សម្ដែង​ទម្រង់​​​របាំ​ក្បាច់​បុរាណ​ខ្មែរ​ណា​មួយ ​ដោយ​យ៉ាង​តិច​មានរយៈ​ពេល ៥ នាទី រួច​ផ្ញើ​មកកាន់​ទំព័រ​ហ្វេស​ប៊ុក​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្ត​ស្វាយ​រៀង ឬ​តេ​ឡេ​​ក្រាម​​​​លេខទូរ​ស័ព្ទ ០៩៩ ៩១៤១២១​ ដែល​មាន​ឈ្មោះថា​ «ល្ខោនខ្មែរ UYFC SVR»។ ចំណែ​ក​​​​ការ​​ទទួល​​​ពាក្យ​ចូលរួមប្រកួត ​និងវី​ដេអូ ចាប់​ពី​ថ្ងៃ​​ទី ២៥ ខែកក្កដា តទៅ​រហូត​ដល់​ថ្ងៃទី ៨ ខែ កញ្ញា ​ឆ្នាំ​​ ២០២២​ ខណៈ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ នឹង​ធ្វើ​នៅ​ខែធ្នូ ឆ្នាំ​ ២០២២ ឯណោះ។

លោក កុលបុត្រា បាន​បញ្ជាក់​ថា៖ «លក្ខ​ខណ្ឌចូលរួម​ប្រកួត ​ក្រុមនីមួយៗ​​ ត្រូវមាន​សមាជិកចាប់ពី ៥ នាក់​​ឡើង​ទៅ​ ហើយ​ក្រុមទាំងអស់​ មិនអាច​ផ្លាស់ប្តូរ​នូវ​សមាសភាពក្រុមខ្លួនឯង​ ដោយយក​អ្នក​ផ្សេង​​​​ជំនួស​​បានឡើយ។​ ក្រុមទាំង​អស់​ត្រូវ​រក្សា​ចំនួន​សមាជិក ក្រុម​ឱ្យនៅដ​ដែល ពោល​គឺ​មិន​អាច​បន្ថយ ​ឬ​​​បន្ថែម​នោះទេ។​ លើស​ពី​នេះ ក្រុម​បេក្ខជន​​ប្រកួត​​ តម្រូវ​ឱ្យ​ថតវីដអូ ​សម្ដែង​ទម្រង់​របាំ​ក្បាច់​បុរាណ​​ខ្មែរ​ណាមួយ​ យ៉ាងតិចមាន​រយៈ​ពេល​​ ៥ នាទី ដោយមាន​ការ​​ស្លៀក​សម្លៀក​បំពាក់​ និង​តុប​តែង​គ្រឿង​​​កាយ​​ទៅតាម​ទម្រង់​របាំបុរាណ​នោះ ​ឬ​ស្លៀក​​ក្បិន និង​​អាវហាត់​របាំ។ ការ​ចូល​រួម​ប្រកួត​គឺ​បើក​ទូលាយ​​សម្រាប់​សាធារណជន ខណៈ​កុមារតូចៗ​ ត្រូវ​បានលើកទឹកចិត្ត»។​

បេក្ខ​​ជន​ទូទាំង ២៥ រាជធានី​-​ខេត្ត ចូល​រួម​ប្រកួត​កម្ម​វិធី​ល្ខោន​ខ្មែរ ​រដូវ​កាល​ទី​១ នេះ មិន​​ត្រឹម​តែ​​ជា​ការ​​​​​​​ចូល​រួមប្រកួត ដើម្បី​​ទាំង​​​អស់​គ្នានោះ​ទេ​ គឺថែម​ទាំង​ការ​​ចូលរួមគាំទ្រ ​អភិរក្ស ​និង​លើ​ក​ស្ទួយ​​សិល្បៈ​​​​​​​បុរាណ​ខ្មែរ​ ឱ្យមានភាពរីកចម្រើន និងគង់វង្ស​ ជាពិសេស​នោះ គាស់​រំលើង​មក​វិញ​នូ​វ​ទម្រង់​ណា​មួ​យ​ ​ដែល​ប្រឈមមុខ​​នឹង​ការបាត់បង់​​​ ទៅ​ដល់​ស្រទាប់​​យុវជន​យុវ​នារី។​ ​​ការ​​ចាប់​ផ្តើម​រដូវ​កាល​ទី​១ នៃ​កម្ម​វិធី​ល្ខោន​ខ្មែរ​នេះ ​​​​មាន​​​​លក្ខណៈ​ថ្មី​ប្លែក​ពី​ការ​ប្រកួត​មុនៗ គឺ​វង់​ភ្លេង​តន្រ្តី​ខ្មែរ រដូវ​កាលទី​១ និង​​ទី២ ដែល​​​ខាង​​ក្រុម​ការ​ងារ​​​​​សហភាព​ស​ហព័ន្ធ​​យុវ​​ជន​​កម្ពុជា​ ខេត្ត​ស្វាយ​រៀង ធ្លាប់​បាន​រៀបចំ​​។

លោក ឈី កុលបុត្រា ប្រាប់​ឱ្យ​ដឹង​ពី​គោល​បំណង​ធំ​សំខាន់ៗ​​​ថា៖ «ការ​​រៀបចំ​កម្ម​វិធី​ល្ខោន​ខ្មែរ រដូវ​កាល​​ទី​១ នេះ ទី​១ ចង់​បណ្ដុះ​​​មនសិការ​​​​យុវជន ឱ្យ​​មាន​ស្មារតី​​ស្រឡាញ់​ និង​​គាំទ្រ​​វប្បធម៌សិល្បៈ​ខ្មែរ​បែប​​​បុរាណ​ ទី​២ ចង់​​ថែ​រក្សា​ អភិរក្ស​មរតក​វប្បធម៌​បុរាណ​ និង​ផ្សព្វ​ផ្សាយ​​អំ​ពីទី​ផ្សារ​ នៃ​​​ទម្រង់​​សិល្បៈ​​​​​​​បុរាណ​​​​មួយ​នេះ និង​​ទី​៣​ ចង់​ផ្សារ​​ភ្ជាប់​នូវ​ទំនាក់​ទំនង ​រវាង​សិល្បករ-សិល្បការិនី ជំនាន់​ចាស់ និង​​​ជំនាន់​ថ្មី​ ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​ជំនាញ​សិល្បៈ​ខ្លួន»​។

លោក កុលបុត្រា ក៏​​បាន​លើកពី​​អត្ថ​ប្រយោជន៍​​​​របស់​បេក្ខជន​ ក្រោយ​ពី​​​​ប្រកួត ​​នា​ពេល​​​ក​ន្លង​មក​ផង​ដែរ​ថា៖ «​​យ៉ាង​ហោច​ណាស់ ​ក៏ក្រុម​សិល្ប​ករ-សិល្បការិនី ត្រូវ​បានស្រទាប់​​មហាជន​ ស្គាល់​​​ក្រុម​ខ្លួន នា​​​ពេល​​​​ប្រកួត​។ ជា​ឧទាហរណ៍ ដូចជា​​ក្រុម​វង់​ភ្លេង​តន្រ្តី អីចឹង ពួកគាត់​ត្រូវ​បាន​បង​ប្អូន​​​ខ្មែរ ​នៅ​​តាម​មូល​​​​​​ដ្ឋាន​សហគមន៍​ខ្លួនផ្ទាល់​​ ​បាន​​​ទាក់​ទង​​ ឬជួល​​ទៅ​សម្តែង​​ពេល​​មាន​​​រៀបចំ​កម្ម​វិធី​​នានា​ ដោយ​​​​ចំណុច​​​នេះហើយ​​យើង​ចាត់​ទុក​ថា គឺ​ជា​ការ​ជួយ​ផ្សព្វ​ផ្សាយ និង​​ទី​ផ្សារ​សិល្បៈ​ ដល់​សិល្ប​ករ​-សិល្ប​ការិនីខ្មែ​រ​យើង​​​​»។​

ចំពោះ​​ការ​ប្រកួត​កម្ម​វិធី​ល្ខោន​ខ្មែរ​ រដូវ​កាល​ទី​១ ​ឆ្នាំ​ ២០២២ នេះ នឹង​ចម្រាញ់​យក​ជយ​​លាភី​ចំនួន​ ៣ ក្រុម​ ចុ​ង​ក្រោយ ដែល​មាន​ប្រាក់​រង្វាន់​សរុប​ ២៤ លាន រៀល ដោយ​​ជយលាភីលេខ ១ ទទួល​បាន​​​​ទឹក​ប្រាក់ចំនួន ១២ លានរៀល ជយលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន ៨ លានរៀល និង​ជយ​លាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៤​ លាន​រៀល។​

របាំខ្មែរ គឺជាសិល្បៈនៃការរាំ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ​ មាន​ច្រើនបែប​សណ្ឋាន​​​​ទៅ​តាម​តំបន់​​​ក្នុ​ងប្រទេសកម្ពុជា ហើយ​ជា​ទូទៅ​​របាំ​ខ្មែរ​ មាន​បែង​ចែកជា​របាំ​បុរាណ​ខ្មែរ​ របាំ​​ប្រពៃណី​ខ្មែរ របាំ​​​ប្រជាប្រិយ​ខ្មែរ របាំ​ជន​ជាតិ និង​របាំសហសម័យជាដើម។

របាំបុរាណខ្មែរ​​ គឺ​ជារបាំ​ថ្លៃថ្នូរដែលសម្តែង​សម្រាប់​តែសែរាជវង្ស ឬ អ្នកមាន​ឋានៈ​បុណ្យ​ស័ក្ដិធំៗ​ក្នុង​ជួរ​មន្ត្រី​រាជការប៉ុណ្ណោះ របាំបុរាណខ្មែរ​គឺជា​ការសម្ដែង​បង្ហាញ​ក្បាច់រាំ ​ដែល​មា​ន​ស្ទីល​បែបខ្ពស់​ដែល​មាន​​ប្រភព​ចេញពីរាជវង្ស។​​

ការសម្តែង​របាំបុរាណ​រួមមាន​អ្នករាំ​សម្លៀកបំពាក់​នៃការតុបតែង​ប្រដាប់​​​ដោយគ្រឿងអលង្ការត្បូង និងតន្រ្តី ដែល​សម្ដែង​ដោយក្រុម​តន្រ្តី​ប្រចាំ​​ព្រះបរមរាជវាំង។

របាំ​​បុរាណខ្មែរ​ត្រូវ​គេយល់ថា ជារបាំ​ ដែល​​បង្ហាញពីការសាសងគ្នារបស់ពពួកទេវ ដែល​ដក​ស្រង់​ចេញ​​​​​​ ពី​​​ខ្សែ​រឿងទេវៈ​​ដ៏អស្ចារ្យ​ក៏​ដូច​ជា​ការ​​​គោរព ចំពោះព្រះមហាក្សត្រ ​និងភ្ញៀវ​​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​។

នៅ​​ពាក់​កណ្តាល​សតវត្សរ៍ទី២០​ វាត្រូវបាន​​ណែនាំ​​ដល់​សាធារណជន​​ទូ​ទៅ​​​ហើយ​​ត្រូវបាន​គេប្រារព្ធ​ជា​​ទូទៅថា ​​ជានិមិត្តរូប​​នៃវប្បធម៌ខ្មែរ​​ ដែលជា​ទូទៅត្រូវបា​ន​គេ ​​អនុវត្ត​​ក្នុងអំឡុង​​ពេល​​មាន​ព្រឹត្តិ​ការណ៍​​សា​ធា​រណៈ​​ ថ្ងៃឈប់សម្រាក​ និង​សម្រាប់​ភ្ញៀវទេស​ចរ​មក​ទស្សនា​ប្រទេស​កម្ពុជា។

របាំបុរាណ​​ ដ៏អស្ចារ្យរបស់ខ្មែរ ​គឺរបាំព្រះរាជទ្រព្យ ​ដែល​ត្រូវបាន​ចុះ នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិ​​ក​ភ​​ណ្ឌ អរូបីយ​ពិភពលោករបស់​យូណេស្កូ កាល​ពី​ថ្ងៃ​ទី ៧ ខែ ​​វិច្ឆិកា ឆ្នាំ​ ២០០៣៕​