The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្នត់​គំនិត​អភិវឌ្ឍ​ន៍យុវជន​សម័យ​ថ្មី ជំរុញ​ឱ្យ​វិស័យ​តម្បាញ​កោះ​ដាច់​ស្ទុះ​ងើប​ឡើង​វិញ​

ផ្នត់​គំនិត​អភិវឌ្ឍ​ន៍យុវជន​សម័យ​ថ្មី ជំរុញ​ឱ្យ​វិស័យ​តម្បាញ​កោះ​ដាច់​ស្ទុះ​ងើប​ឡើង​វិញ​

Content image - Phnom Penh Post
អ្នកស្រី ស សាន លើកផលិតផលតម្បាញនៅភូមិ-សង្កាត់កោះដាច់ កាលពីថ្ងៃ១៧ កក្កដា ។ ហុង មិនា

ផ្នត់​គំនិត​អភិវឌ្ឍ​ន៍យុវជន​សម័យ​ថ្មី ជំរុញ​ឱ្យ​វិស័យ​តម្បាញ​កោះ​ដាច់​ស្ទុះ​ងើប​ឡើង​វិញ​

ភ្នំពេញ : តាំងពី​ដឹង​ក្ដី​មក អ្នក​ស្រី ស សាន មើល​ឃើញ​ម្ដាយ​អង្គុយ​លើ​កី​តម្បាញ​ត្បាញ​ហូល​ផាមួល ស៊ឹង និង​ក្រមា​រហូ​ត​ដល់​ខ្លួន​បាន​ស្នង​ចំណេះ​ដឹង​នេះ​ដោយ​មិន​ដឹង​ខ្លួន​ ថ្វីដ្បិត​តែ​​អ្នកស្រី​មាន​ពិការ​ភាព​ជើងខាង​​ស្ដាំ​តាំងពី​កំណើត​ក៏ដោយ​។

អ្នក​ភូមិ​ដែន​កោះ​ដ៏​ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ដ​ប្រពៃណី​ឡើង​កី​តម្បាញ​ជា​ច្រើន​ទសវត្សរ៍​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ បើ​ទោះបី​ជា​ចំនួន​អ្នក​បន្ដ​អាជីព​នេះ​កាន់តែ​ថម​ថយ​ក៏ដោយ​។

យោង​តាម​សម្ដី​ចៅ​សង្កាត់​កោះ​ដាច់ដែលទើប​ចូល​កាន់​តំណែង​អាណត្ដិ​ទី៥ លោក ប៉ិច ចាម បាន​ឱ្យដឹងថា​ ​កន្លងមកប្រជាជន​នៅ​ក្នុង​សង្កាត់​កោះដាច់​ប្រកបរបរ​តម្បាញ​សឹង​តែ​ ៧០​ ភាគរយ​​។ ប៉ុន្ដែ​ចំនួន​អ្នក​​តម្បាញ​​ក្នុង​​សង្កាត់​កោះ​ដាច់​ង​នៅ​សល់​ត្រឹម​ពី​ ២០ ​ទៅ ៣០​ ភាគរយ ​ដោយសារ​វត្ថុ​ធាតុ​ដើម​មាន​តម្លៃ​ថ្លៃដែល​មិន​សូវ​ផ្ដល់​ផល​ចំណេញ​។

លោក​បាន​ឱ្យ​ដឹងថា​៖ «​អាជីវកម្ម​ប្រមាណ ២០​ ភាគរយ​នេះនៅតែ​បន្ដ​ទៅ​មុខ​ថេរដោយសារ​ផលិតផល​តម្បាញ​នៅមាន​តម្លៃ​ថ្លៃ​គួរ​សម ហើយ​ប្រជាពលរដ្ឋ​ធ្វើ​តម្បាញ​នៅតែ​បន្ដ​អាជីព​ជា​ប្រចាំ​រហូត​ដល់​វ័យ​ចាស់​»។

ដោយសារ​មើល​ឃើញ​ពីការ​ជោរជន់​ផលិតផល​តម្បាញ​ទាំង​របស់​ម្ដាយ និង​អ្នក​ភូមិ​ដទៃ​ទៀត​លក់​មិន​ចេញនិង​មាន​តម្លៃ​ថោក​ អ្នកស្រី ស សាន បច្ចុប្បន្ន​អាយុ ២៨ ​ឆ្នាំ បាន​ចាប់​ផ្ដើម​រិះ​រក​វិធី​ជួយ​លក់​ផលិតផល​ដែល​បាន​ចាល់​នៅតាម​ផ្ទះ​ និង​លើក​កម្ពស់​ប្រពៃណី​តម្បាញ​ឡើង​វិញ។

អ្នកស្រីបាន​និយាយ​ថា​៖ «កន្លង​មក អ្នក​ភូមិ​យើង​ឈប់​ត្បាញ និង​ទៅ​ធ្វើការ​រោង​ចក្រ​ច្រើន​ ដែល​ខ្ញុំ​គិ​តថា ប្រហែល ៥០​ ភាគរយ​បាន​បោះបង់​អាជីព​តម្បាញ​។ ថ្មីៗ​នេះ យើង​មើល​ឃើញ​ថា​មាន​សមាគម​ផ្សេងៗ​ចុះ​មក​រក​ទិញធ្វើ​ឱ្យ​ពួកគាត់​មាន​ការងារ​ធ្វើ​ឡើង​វិញ។ដោយ​ឡែក​ក្រោយ​ពី​ធូរស្បើយ​កូវីដ​យើង​ឃើញ​សម្ទុះ​នៃការ​គាំទ្រ​ផលិត​ផល​ខ្មែរ​មាន​ច្រើន​ឡើង​វិញដែរ​»។

ដោយ​មិន​ច្បាស់​ពី​ទម្លាប់​តម្បាញ​មុនៗ ក្នុង​នាម​​ជា​យុវជន​ជំនាន់​ក្រោយ​ម្នាក់​អ្នកស្រី សាន ​ទើប​ចាប់​ផ្ដើម​លក់​ស៊ឹង​ខ្មែរ​ពេល​កូវីដ​ចូល​មក​លើ​ក​ដំបូង​បំផុត ដោយសារ​អ្នកស្រី​​មើល​ឃើញ​ថា ប្រជា​ជន​ត្បាញ​ច្រើន ស្រាប់តែ​កូវីដ​ចូល​មក​ផលិត​ផល​ស៊ឹង ហូល​ ផាមួង​ លក់​មិន​ចេញ​​ ហើយ​ឈ្មួញ​បន្ថោក​​តម្លៃ​ថែម​ទៀត​​។

អ្នកស្រីបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ម្ដាយ​ខ្ញុំ​ផ្ទាល់​ខំ​ត្បាញ​ តែ​អត់​មាន​ទីផ្សារ ខ្ញុំ​មាន​គំនិត​ចង់​ជួយ​ស្វែង​រក​ទីផ្សារ​​ឱ្យ​​ពួកគាត់​។ដំបូងខ្ញុំ​ក៏​មិន​គិត​ចង់​បង្កើត​ធំដុំ​អីដែរដោយ​សារ​ម្ដាយ​ខ្ញុំ​ត្បាញ​បានតែ​ឈ្មួញ​មក​ទិញ​ដល់​កន្លែងឱ្យ​តម្លៃ​ថោក។ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ទិញ​ពី​បង​ប្អូន​ជិត​ខាង​ទាំង​អស់ហើយ​ពួក​គាត់​ចេះតែ​យក​មក​លក់​ឱ្យ​»។

ស្ដ្រី​ដែល​ធ្លាប់​រក​កម្រៃ​ពី​តម្បាញ​កាល​នៅ​សិក្សា​បាន​​ដឹង​ពី​របៀប​នៃការ​ត្បាញ​យ៉ាងដូច​ម្ដេច​ដើម្បី​ឱ្យ​ផលិតផល​​​ល្អប្រកប​ដោយ​គុណភាពខ្ពស់​។

អ្នកស្រី សាន បាន​ឱ្យដឹងថា​៖ «​យើង​ពង្រឹង​លើ​គុណ​ភាព​តម្បាញ​ឱ្យ​កាន់តែ​ល្អ​ស្អាត​ ពេញ​ខ្នាត​ និង​បង្កើន​ការ​ច្នៃ​ប្រឌិត​ចំពោះ​រង​ជើង​សំពត់​ដើម្បី​ភាព​ទាក់​ទាញ​ជាពិសេស​អ្នក​ត្បាញ​ទទួល​បាន​កម្រៃ​ខ្ពស់​និង​អ្នក​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ក៏​អាច​ទទួល​បាន»​។

​អ្នកស្រី​សង្កេត​ឃើញ​ថា អ្នក​ភូមិ​ក្បាល​កោះ​ចាប់​ផ្ដើម​អាជីព​តម្បាញ​នេះ​មាន​ការ​កើន​ឡើង​ច្រើន​ដែរ​ ហើយ​ឥឡូវ​សំពត់​ក៏​បាន​​ឡើង​ថ្លៃ​ ដោយ​សារ​ប្រជា​ពលរដ្ឋ​គាំទ្រ​ស្នាដៃ​ផលិត​ផល​ខ្មែរ ជា​ពិសេស ស៊ឺង​ខ្មែរ។ ​អ្នក​ភូមិ​​ចាប់​ផ្ដើម​ត្បាញ​ច្រើន​ហើយ​អ្នកស្រី​​ជា​ឈ្មួញ​កណ្ដាល​ឬ​ជា​អ្នក​ដើរ​តាម​កី​ ព្យា​យាម​ឱ្យ​តម្លៃ​ស្នាដៃ​ក្នុង​ស្រុក​និង​ពង្រឹង​គុណ​ភាព​។

អ្នកស្រី​ សួន ​សំណាង អាយុ​ ៤៤ ឆ្នាំ ដែល​បាន​ផ្អាក​របរ​តម្បាញ​ជា​អាជីព​របស់​ខ្លួន​៣០​ឆ្នាំមួយ​រយៈ ដោ​យ​ចាក​ចេញ​ពី​កោះ​​មក​ធ្វើ​ការ​ងារ​ជា​សន្ដិសុខ​ក្នុង​​ផ្សារ​ទំនើប​មួយ​​ជាមួយ​ស្វាមី​ដោយសារ​តែ​បញ្ហា​កូវីដ​ធ្វើ​ឱ្យ​ផលិត​ផល​របស់​អ្នកស្រី​លក់​មិន​ចេញ​។ប៉ុន្ដែ​នៅពេល​គិត​ដល់​បញ្ហា​ការ​សិក្សា​របស់​កូន​ពៅ​អាយុ​៧ឆ្នាំ ដែល​មិន​បាន​ចូលរៀន ពួកគេ​បាន​សម្រេច​ចិត្ដ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំបែង​វិញ​។

ជា​មួយ​កត្ដា​ ២ ​យ៉ាង គឺ​មើល​ការ​ខុស​ត្រូវ​កូន​ៗ​រៀន​សូត្រ​និង​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​មុន​ចំពោះ​របរ​តម្បាញ រួមទាំង​ការ​ឡើង​កី​ឱ្យ​ពី​សំណាក់​អ្នក​ស្រី សាន អ្នកស្រី សំណាង​ បាន​កាន់​ថ្ករ និង​ជាន់​ឈ្នាន់​កី​ជា​ថ្មី​។

អ្នកស្រី​ សំណាង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ពេល​អង្គុយ​ត្បាញ​សំពត់​នៅ​ក្រោម​ផ្ទះ​ខ្ទម​ថា​៖«​ដោយ​សារ​កូនខ្ញុំ​អាយុ​ច្រើន​ដែរអត់​បាន​ចូល​រៀននិង​ណា​មួយ ផលិត​ផល​តម្បាញ​បាន​ថ្លៃ​ជាង​មុន​ ពួក​ខ្ញុំ​ក៏​សម្រេច​ចិត្ដ​ត្រឡប់​ទៅ​ផ្ទះវិញ។ខ្ញុំ​ចាប់​ផ្ដើម​ឡើង​កី​តម្បាញ​ ហើយ​ប្ដី​ខ្ញុំ​ធ្វើ​ជា​កម្មករ​សំណង់​។ ដោយ​ខ្ញុំ​មាន​កី​តម្បាញ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​ពឹង​អាស្រ័យ​លើ​ក្មួយ សាន ជា​ផ្ដល់​អំបោះ និង​ក្បាច់​ផ្កា​»។

ស្ដ្រី​​ជាសហ​គ្រិន​មាន​ពិការភាព​ជើង​ស្ដាំ​រូប​នេះ​បាន​បង្កើត​ទំព័រ​ហ្វេស​ប៊ុក​សិប្ប​កម្ម​តម្បាញ​កោះដាច់​ក្នុង​ភូមិក្បាល​កោះ សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វារ ដើម្បី​​ផ្សព្វ​ផ្សាយ និង​លក់​ផលិត​ផល​តម្បាញ​។

អ្នកស្រី សាន បាន​និយាយ​ថា ប្រជាជន​មួយ​ចំនួន​អត់​ស្គាល់​អ្វី​ទៅជា​ស៊ឹង​ខ្មែរ ជា​ហូល​ ផាមួង​ខ្មែរ និង​សូត្រ​នោះ​។ ដូច្នេះអ្នកស្រី​​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជួយ​ផ្សព្វ​ផ្សាយ​ទីផ្សារ​បន្ថែម​ដល់​ផលិត​ផល​អ្នក​ភូមិ​​។ ពី​មុន ​ផលិត​ផល​​ភាគ​ច្រើន​ត្រូវ​បាន​យក​ទៅ​បោះដុំនៅ​ទីផ្សារ​ តែ​ឥឡូវ​ពួកវា​​ត្រូវបាន​បង្ហោះ​លក់​លើ​ហ្វេស​ប៊ុក​ដោយ​មាន​អតិថិ​ជន​ចម្រុះ​មក​ពី​គ្រប់​ខេត្ដ​ទិញ​។

ចំពោះ​ការ​ជួយ​រក​ទីផ្សារ​តាម​រយៈ​ការ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ក្នុង​ភូមិ​នេះ ​អ្នកស្រី​​ចាប់​ផ្ដើម​ពីការ​សាក​ល្បង​ទិញ​បន្ដិច​ម្ដង​ៗ​ ដោយ​ផ្អែក​លើ​កត្ដា​ជីវភាព​ផ្ទាល់​ខ្លួន​ និង​សភាព​ជា​ជន​មាន​ពិការ​ភាព​ទៀត​។

អ្នក​លក់​ផលិត​ផល​ពី​តម្បាញ​​ជំនាន់​ក្រោយ​រូប​នេះ​​មាន​គំនិត​ចង់​ជួយ​សហគមន៍​ដោយ​សារ​អ្នកស្រី​​ធ្លាប់​​​ចូលរួម​កិច្ចការ​សហគ​មន៍​ផ្សេងៗ តាម​រយៈ​សិក្ខា​សាលា និង​បាន​រៀន​សូត្រ​ច្រើន ដែល​​មាន​ផ្នត់​គំនិត​ចង់​ជួយ​សហ​គមន៍​របស់​ខ្លួន​។

អ្នកស្រី​បាន​បន្ដថា​៖ «ខ្ញុំទិញ​ពីអ្នក​តម្បាញ​បន្ដិច​ម្ដងៗហើយ​ក៏​ទទួល​បាន​អ្នក​ជួយ​គាំទ្រ​និង​ទិញ​យក​ទៅ​លក់​បន្ដ​។ អ៊ីចឹង ខ្ញុំ​កាន់​តែ​ពង្រីក​រហូត​ដល់​សព្វ​ថ្ងៃ​។ អតិថិ​ជន​របស់​យើង​បច្ចុប្បន្ន​មាន​ចម្រុះ​ តាំងពី​អ្នក​លក់​នៅ​ផ្សារ និង​អ្នក​ទិញ​រាយ​។ យើង​លែង​ខ្លាច​ខ្វះ​ទីផ្សារ​ដូច​មុន​ទៀត​ហើយ បើទោះ​បីជា​យើង​អត់​មាន​ភ្ញៀវ​ទិញ​រាយ ក៏​យើង​មាន​ភ្ញៀវ​ទទួល​បោះ​ដុំ​ជា​ប្រចាំ​»។

​កន្លង​មក ចំពោះ​ផលិតផល​របស់​អ្នក​តម្បាញ​តែងតែ​ជួប​ឧបសគ្គ​ ដូចជា ​ការ​ត្បាញ​ឥត​គ្រប់​ម៉ែត្រ និង​រួញ​ដោយ​ការ​ទាក់​ ពីព្រោះ​វាជា​តម្បាញ​ដោយ​ដៃ​។

ក្នុង​នាម​ជា​អ្នក​លក់ អ្នកស្រី សាន បាន​អះអាង​ថា បើ​​យក​ផលិត​ផល​មួយ​ដែល​អត់​គុណ​ភាព​ទៅ​លក់ វា​​ប្រាកដ​ជា​លក់មិន​ដាច់​និង​រក​ទីផ្សារ​អត់​បាន​។ដូច្នេះ​​អ្នកស្រី​​ចាប់ផ្ដើម​ពិនិត្យ​លើ​គុណភាព​តម្បាញ​​ថាតើ​ពួកគេ​ត្បាញ​ស្អាត​ឬនៅ ឬ​គ្រប់​លក្ខខណ្ឌ​និង​​ត្រូវ​ចំពោះ​ចំណង់​ចំណូល​ចិត្ដ​របស់​អតិថិ​ជន​ឬអត់​?

ស្ដ្រី​ដែល​ដើរ​ដោយ​ជំនួយ​ឈើ​ច្រត់​ជន​ពិការ​រូបនេះ​បាន​និយាយ​ថា​៖ «​រហូត​មកទល់​ពេល​នេះ យើង​នៅតែ​ពង្រឹង​ជា​រៀងរហូត​។ ដល់តែ​ពេល​ពួកគាត់​វ៉ៃ​ខុស ក៏​យើង​នៅតែ​ជួយ​ទិញ​ពួកគាត់​ ដោយ​យើង​ចង់​លើក​ទឹក​ចិត្ដ​ពួកគាត់​ឱ្យ​បន្ដ តែ​យើង​ប្រាប់​គាត់​អំពី​ចំណុច​ខ្វះ​ខា​តដើម្បី​​ធ្វើ​ការ​កែប្រែ​ពីព្រោះ​គុណភាព​ខ្ពស់​ផ្ដល់​ចំណូល​ដល់​ពួក​គាត់​ក៏​ខ្ពស់​ដែរ»។

យ៉ាង​ណា​មិញ ស្ដ្រី​វ័យ ២៨​ ឆ្នាំរូប​នេះ​ទទួល​ស្គាល់​ថា ការណែ​នាំ​មនុស្ស​ចាស់​ឱ្យ​​តម្រែ​តម្រង់​ទម្លាប់​នៃការ​ត្បាញ​បែប​ប្រពៃណី​ ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​គុណភាព​សម្រប​តាម​តម្រូវ​ការ​ទីផ្សារ​មាន​ការលំបាក​ខ្លះៗ។

អ្នកស្រី សាន បាន​និយាយថា​ ​មាន​មីងៗ និង​អ៊ំៗ​មួយ​ចំនួន​ទទួល​យក​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្វះ​ខាត។ ប៉ុន្ដែ​អ៊ំៗ​ខ្លះ​ទៀត​នៅ​តែ​ប្រកាន់​គំនិត​ខ្លួន​ឯងដោយ​មិន​ព្រម​ធ្វើ​តាម​ការ​ពង្រីង​គុណ​ភាព​​នោះទេ​ដោយ​សារ​ពួកគាត់​នៅ​មាន​ផ្នត់​គំនិត​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ដ​គាត់​។

អ្នកស្រី​បាន​បន្ដ​ថា​៖«​ខ្ញុំ​ក៏​មិន​ហ៊ាន​បង្ខំ​គាត់​ដែរ​។ប្រសិន​បើគាត់​ទទួល​យក​នូវអ្វីដែ​ល​យើង​ប្រាប់​ទៅ​ដើម្បី​កែលម្អ​ គាត់​ទទួល​ជោគជ័យ​តាម​នោះ​ដែរ។ប៉ុន្ដែ​ចំពោះ​គាត់​អត់​ធ្វើ​តាម មាន​ភាគ​តិច​ណាស់ ពួកគាត់​ក៏​មិន​ហ៊ាន​យក​មក​លក់​ឱ្យ​ដែរ​ដោយ​ព្យាយាម​លក់​ឱ្យ​អ្នក​ផ្សេង​នៅ​ឆ្ងាយ​ជា​មួយ​កម្រៃ​ថោក​។ប្រហែល​ជា​គាត់​យល់​ថាខ្ញុំ​នៅ​ក្មេង​ប្រដៅ​ចាស់​អីចឹង​»។

​ជាក់ស្ដែង ពី​មុនស៊ឹង​ខ្មែរ​​ ១ ​ក្បិន​ អាច​រក​កម្រៃ​ត្រឹមតែ ២ ​ម៉ឺន ៣ ​ម៉ឺន​ ទៅ ៤ ​ម៉ឺន​រៀល​​ប៉ុណ្ណោះ​​​ ដោយសារពួកគេ​​​ធ្លាប់​ធ្វើ​ថ្ករ ពី ​១០ ទៅ ​២០​ ដែល​ផលិត​នូវ​ផលិតផល​មាន​តម្លៃ​​​ថោក។​ តែ​ឥឡូវ​ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យ​ប្ដូរ​ទៅប្រើ​ថ្ករ ២៥ និង​ ៣០​ ​ដែល​អាច​លក់​ក្នុង​​តម្លៃ​រហូត​ដល់ ៨ ​ម៉ឺន​រៀល​។

ដំបូង​ ​អ្នក​តម្បាញ​ចាស់ៗ​​មិន​ព្រមធ្វើ​តាម​នោះ​​ទេ ដោយ​សារ​ត្រូវ​ចំណាយ​សម្ភារ​និង​លុយ​កាក់​ច្រើន​។ នៅពេល​ពួក​គេ​​មើល​ឃើញមាន​អ្នក​ត្បាញ​ទៅ​លក់​បាន​ថ្លៃ ពួកគេ​ចាប់​ផ្ដើម​​ថ្លឹង​ថ្លែង និង​​សម្រេច​ចិត្ដ​ធ្វើ​តាម​ដែរ។

អ្នកស្រី សាន បាន​អះអាង​ថា​៖ «ជាក់​ស្ដែង​ ខ្ញុំ​ធ្វើ​ការ​ជាមួយ​អ្នក​តម្បាញ​ក្នុង​ភូមិ​ក្បាល​កោះ​ចំនួន​ ២០ ​គ្រួសារ តែ​គ្រួសារ​ខ្លះ​មាន​កី​តម្បាញ​លើស​ពី​ ១​ ដែល​កើន​ឡើង​ពី ១០​ គ្រួសារ​ អំឡុង​ពេល​ពលរដ្ឋ​បាន​បញ្ឈប់​ការ​ត្បាញ»​។

​អ្នកស្រី​ក៏​មើល​ឃើញ​នៅតាម​ភូមិ​ផ្សេងៗ​ក៏​មាន​ការ​កើន​ឡើង​នៃការ​ត្បាញ​ដោយសារ​មាន​អ្នក​ប្រមូល​ទិញ​ដូច​​អ្នកស្រី​​ដែរ​។ ទោះបីជា​អ្នក​ជួយ​លក់​ផលិត​ផល​សហ​គមន៍​ទាំងនេះ​​មិន​បាន​លក់​ចេញ​ក្រៅ​ស្រុក​យ៉ា​ង​ណាក៏ដោយ ក៏​មាន​ម៉ូយ​របស់​ពួកគេ​​ខ្លះ​បាន​ទិញ​ទៅ​លក់​បន្ដ​នៅ​បរ​ទេស​ផង​ដែរ​។

អតិថិ​ជន​ភាគ​ច្រើន​ទិញ​យក​ទៅ​លក់​បន្ដ​តាម​អន​ឡាញ​ដែល​មាន​ការ​គាំទ្រ​ច្រើន​ពី​មន្ដ្រី​រាជការ​ គ្រូ​បង្រៀន និង​ក្រុមហ៊ុន​ផ្សេងៗ​ ជាពិសេស​ប្រភេទ​ស៊ឹង​ខ្មែរ​។

ដោយ​ការ​ទិញ​អំបោះ​នាំ​ចូល​ពី​ប្រទេស​ចិន និង​ប្រទេស​ជិតខាង ដែល​មាន​តម្លៃ​ថោក​ និង​សម្បូរ​បែប​ អ្នកស្រី សាន បាន​អះអាង​ថា​៖ «ខ្ញុំ​ពិត​ជា​ចង់​ពង្រីក​វិសាល​ភាព​ទិញ​បន្ដ​ទៅ​ភូមិ​ផ្សេងៗ​ទៀត​នៅ​សង្កាត់​កោះ​ដាច់»​។

បច្ចុប្បន្ន​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុកសិប្បកម្ម​តម្បាញ​កោះ​ដាច់​រូ​បនេះទិញ​អំបោះ​ពី ​៥០០ ទៅ ១ ០០០ ​គីឡូ​ក្រាម​ដាក់​ផ្ទះសម្រាប់​​ជួយ​ឡើង​កី​ឱ្យអ្នក​គ្មាន​លទ្ធភាព​​​។ អ្នកស្រី​​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​ ហើយ​បើ​កាន់តែ​ទៅ​ឆ្ងាយ​ពី​ភូមិ​ទៀត វា​កាន់តែ​មិន​​​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​វាទាក់​ទង​នឹង​ផលិត​ផល និង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ទៀត​​។

ស្ដ្រី​មាន​ពិការ​ភាព​ដែល​មិន​ចុះ​ចាញ់​នឹង​ភាព​ខ្វះ​ខាត​ពី​ធម្ម​ជាតិ​រូប​នេះបាន​បញ្ជាក់​ថា​៖ «ខ្ញុំ​នឹង​គិត​តាម​របៀប​នេះវិញ​ដោយ​ឱ្យ​អ្នក​ភូមិ​នោះ​ប្រមូល​ទិញ ហើយ​យើង​ទិញ​ពី​ពួក​គាត់​វិញ​។ បច្ចុប្បន្ន ខ្ញុំ​មាន​អ្នកប្រមូល​ទិញ​បន្ដ​២​នាក់​ដែរ​នៅ​ភូមិ​ផ្សេង​»។

ទោះជាយ៉ាង​ណា​ អ្នកស្រី សាន ក៏​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ជំនាញ​ប្រពៃ​ណី​របស់​អ្នក​កោះ​ដាច់​ដោយ​សារតែ​ក្មេងៗ​ជំនាន់​ក្រោយ​មិន​សូវ​ចាប់​អារម្មណ៍​ជំនាញ​ដ៏​ស្មុគ​ស្មាញ​នេះ​។

អ្នកស្រី​បាន​ឱ្យដឹង​ថា​ការ​លើកថ្ករ​មាន ​២ ​ប្រភេទ​ គឺថ្ករ​កំណើត​ស្ថិត​នៅ​ខាងលើ​ដែល​សម្រាប់​អ្នក​ត្បាញ​ប្រើ​ឈ្នាន់​ខាង​ក្រោម​ជាន់​​ដោយ​មាន​ចំនួនពី ២ ទៅ ៣ ​ឬ ៤ ​ថ្ករ ​ វា​អាស្រ័យ​លើ​ការ​ត្បាញ​ពី​ស៊ឹង​ឬ​សូត្រ​។ បើ​ធ្វើ​ពី​ស៊ឹង​ថ្ករ​​កំណើត គេ​ប្រើ​ ២​ ថ្ករ​។ មួយ​ទៀត ​គឺជា​ថ្ករផ្កា ឬ​គោម​ក្បាច់​រង​ជើង​ដែល​ទាម​ទារ​អ្នក​ជំនាញ​រៀប​ចំ​ធ្វើ​ដោយ​សារ​វា​មាន​លក្ខណៈ​ស្មុគ​ស្មាញ​។

អ្នកស្រី​ សាន​ បញ្ជាក់​ថា​៖ «​ឥឡូវ​នេះខ្ញុំ​មិន​ទាន់​ឃើញ​មាន​អ្នក​ចាប់​អារម្មណ៍​ចង់​បន្ដ​វេនច្រើ​ន​នោះទេ​​ចំពោះ​ជំនាញ​ចាប់​ថ្ករ គោម​ក្បាច់​រង​ជើង​ឬថ្ករ ​ផ្កា​នេះ​នៅ​ឡើយ​ទេ​។ និយាយ​ពី​កី​តម្បាញ​ វាមាន​ច្រើន​ផ្នែក​ទៀត ដូចជា​ អ្នក​ធ្វើ​ថ្ករ ឈ្នាន់ និង​ធ្វើ​រ៉ក​សម្រាប់​ដាក់​យឹត​យោង​ត្បាញ​ដោយ​មាន​ច្រើន​ប្រភេទ​ទៀត»។

លោក ប៉ិច ចាម ទទួល​ស្គាល់​ថា បច្ចប្បន្ន​នេះ​កី​តម្បាញ​ក្នុង​សង្កាត់​កោះ​ដាច់​មាន​ការ​កើន​ឡើង​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ដោយ​សារ​តែ​វាមាន​តម្លៃ​ខ្ពស់​ជាង​មុន​។​

លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​​ថា​៖ «​នៅតាម​ភូមិ​ទាំង​អស់​នៃ​សង្កាត់​កោះ​ដាច់​យើង​មើល​ឃើញ​ចំនួន​កី​តម្បា​ញ​ចំនួន​ប្រមាណ​ ១ ៣០០ កី​។ វា​មាន​ការ​កើន​ឡើង​វិញ​ចំពោះ​អ្នក​តម្បាញ​ក្នុង​ទូទាំង​សង្កាត់​របស់​យើង​»៕

អត្ថបទគួរចាប់អារម្មណ៍