ភ្នំពេញៈ ឆ្លង​កាត់ជីវ​​​​ភាព​​ក​ម្សត់​​ក្នុង​គ្រួសារ​ក្រីក្រ​​ តាំង​ពី​ក្មេង និង​ភ្លក្សរសជាតិជីវិត​​​​ដើរ​លើ​​ផ្លូវ​លំបាក​ដ៏ច្រើន​និង​​​​វែង​ឆ្ងាយ​ ទើប​​លោក ម៉ៃ វឌ្ឍ​នា​ ​អាច​​ប្រែ​​​ក្លាយ​ខ្លួន​ជា​កវី​និពន្ធ​ទំនុកច្រៀង​ មាន​ឈ្មោះ​​​​​​បោះ​សំឡេង ១ ​រូប​​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ឆាណែល​យូធូប​​ ហើយនាពេល​បច្ចុប្ប​ន្ន​​​​ ជា​គ្រូ​បង្រៀន​​ផ្នែក​វិជ្ជា​​​​​និពន្ធ​ចម្រៀង​ នៅ​​សមាគ​អ្នក​​និ​ពន្ធ​ខ្មែរ ដើម្បី​​បន្តចំណេះ​ដឹង​ទៅ​ដល់​ធន​ធាន​​​​ជំនាន់​ក្រោយ​។ ​

ដោយ​សារ​ក្តី​ស្រ​ឡាញ់ និង​ទឹកចិត្ត​ចង់​រក្សា​​​ក្បួនខ្នាត​ នៃ​ទម្រង់​សិល្បៈ​តែង​​និពន្ធ​ចម្រៀង និង​តន្ត្រី​សម័យ​​ ឱ្យមាន​ភាព​ត្រឹមត្រូវ​តាម​ក្បួន​តម្រា​ខ្មែរ​នោះ ទើប​ក្រុម​កវីនិពន្ធ​ចម្រៀង ក៏ដូចជា​កវី​ទំនុក​ភ្លេង ដែល​​មាន​ចិត្ត​ស្របគ្នា សម្រេច​បង្កើត​ឆា​ណែ​ល​មួយ ដើម្បី​ទុកជា​ឃ្លាំង ​រក្សា​នូវ​បណ្តុំ​ស្នាដៃ​បទ​ចម្រៀង​​​​​មនោ​សញ្ចេតនា​ខ្មែរ​ពិតៗ និងមាន​​ក្បួន​តែង​និពន្ធ​ទំនុក​ច្រៀង​គឺ​ Mai Vathana Channel YouTube ពីសំណាក់​អ្នក​និពន្ធ​ទំនុក​ច្រៀង ​មាន​រហស្សនាម​ «កវីជន​បទ» ម៉ៃ វឌ្ឍនា​។​

ឆា​ណែ​លដែល​ជា​​បណ្តុំ​នៃ​បទ​​ចម្រៀង​មនោសញ្ចេតនា​បែប​ខ្មែរ​ពីរោះៗ ជា​សំនៀង​ របស់​សិល្បករ​-​សិល្ប​​ការិនី​​ល្បី ដោយមាន​ក្រុម​អ្នកនិពន្ធ​ទំនុក​ច្រៀង ទំនុក​ភ្លេង និង​សម្រួល​តន្ត្រី សុទ្ធ​តែមាន​កិត្តិ​ស័ព្ទ​​ល្បី​ក្នុងសង្គម​សិល្បៈ​យូរ​ឆ្នាំ​នោះ ឈ្មោះ Mai Vathana Channel YouTube​ ​https:​//www.​youtube.​com/results?search_query=mai+vathana ដែល​បាន​បង្កើតឡើង​ដោយ​កវី​និពន្ធ​​ទំនុក​ច្រៀង​​​​ស្ទាត់ជំនាញ​ តាម​ក្បូន​ខ្នាត​ខ្មែរ​លោក ម៉ៃ វ​ឌ្ឍ​នា តាំងពី​ឆ្នាំ​២០១៧ ​មក​។​

លោក ម៉ៃ វឌ្ឍនា (Mai Vathana) ជា​អ្នក​មាន​ស្រុក​កំណើត​​ នៅ​ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។ លោក​​មាន​ប្រវតិ្ត​កម្សត់​ក្នុង​ជីវភាព​នៃ​គ្រួសារ​ក្រីក្រ​ ដោយ​ធ្លាប់បាន​​ផ្អាក​ការ​សិក្សា​​១​រយៈ​​នាអំឡុង​ពេល​​កំពុង​​រៀន​ថ្នាក់​ទី​១១​នៅ​វិទ្យា​ល័យ​ស្រុក​ឯកភ្នំ។​

លោក ម៉ៃ វឌ្ឍនា បង្ហើបឱ្យ​ដឹង​​ថា ដោយ​សារ​តែ​ជីវភាព​ខ្វះ​ខាត លោក​បាន​ផ្អាក​ការ​សិក្សា​​កម្រិត​វិទ្យា​ល័យ​ត្រឹម​ថ្នាក់ទី​១១ មួយ​រយៈ​ក្នុង​ឆ្នាំ​សិក្សា​ឆ្នាំ​ ១៩៩៤​-១៩៩៥។​

​​ក្រោយ​មក​លោក​ក៏​បាន​សុំ​​ឪពុក​ម្តាយ​មក​ស្នាក់​នៅ ​​«​វត្ត​​ស្វាយ​​ជ្រំ» ជាមួយ​​ព្រះសង្ឃ ឆ្ងាយ​ពី​ភូមិ​កំណើត ដែល​ស្ថិត​នៅ​​ស្រុកឯកភ្នំដដែល​ ដើម្បី​​បន្ត​​​​ការ​​សិក្សា​រហូត​ចប់​ថ្នាក់ទី១២ នៅ​​​ឆ្នាំបន្ទាប់​។

តែ​លោក​​ក៏​បាន​បោះបង់​​ការ​សិក្សារយៈពេល​ ៤ ប្រាំ បន្ត​ទៀត​ដែរ ក្រោយ​ពី​ចប់​ថ្នាក់​ទី១២ ដោយ​សុំ​​​​ឪពុក​ម្តាយ ​​ទៅ​ធ្វើ​ការងារ​ជា​ពល​ករ​ នៅ​ប្រទេស​​ថៃប៉ុន្មាន​ឆ្នាំ​។ ​

លុះ​ដល់​ចុង​ឆ្នាំ​ ១៩៩៩ ទើប​លោក​បាន​វិល​មក​ស្រុក​ខ្មែរ និង​​ដើម​ឆ្នាំ ២០០០ បាន​​ចេញ​ពី​ស្រុក​កំណើត​ មក​​រក​​ការ​ងារធ្វើ នៅ​ទី​ក្រុង​ភ្នំពេញ​ ដោយ​បាន​ចាប់​ផ្តើម​ការ​ងារដំបូង​ជា​ជាង​​សំណង់ ជាអ្នក​ស្តារ​​​លូ ជា​អ្នក​ជួស​ជុល​បង្គន់ និង​ជា​ជាង​រៀប​ឥដ្ឋ​ការ៉ូឡា ដោយ​ផ្ញើ​ជីវិត​ស្នាក់​នៅ​​​​តាម​សំយាប​ផ្ទះ​​ជួល​គេ ព្រោះ​តែ​ជីវ​ភាព​ខ្វះ​ខាត ​គ្មាន​​ប្រាក់​​ជួល​ផ្ទះ​ស្នាក់​នៅ​។ បន្ទាប់​មក​ទៀត​ លោក ម៉ៃ វឌ្ឍនា ​បាន​​រៀន​វិជ្ជា​កាត់​ដេរ បន្ទាប់​ពី​​បាន​ស្គាល់​ស្រ្តី​មាន​ចិត្ត​ធម៌​ម្នាក់។​

លុះ​​​ឆ្នាំ​ ២០០១ លោក​បាន​ចូល​បម្រើ​ការ​ងារ​ជា​កម្មករ​រោង​ចក្រ​មួយ​ នៅ​ម្តុំអូរបែក​ក្អម និងក្រោយ​ពី​បាន​​បម្រើ​​ការ​​​​នៅ​ក្រុម​ហ៊ុន​មួយ បាន​ប្រាក់​ខែ​ដំបូង ៤០ ដុល្លារ ក្នុង​នាម​ជា​តំណាង​ឱ្យ​​កម្មករ​រោង​ចក្រ​ និង​​ជា​ពេល​វេលា​ ដែល​លោក ម៉ៃ វឌ្ឍនា​ ​បាន​សន្សំ និង​សង្វាត​បន្ត​ការ​សិក្សា​​​ នៅ​មហាវិទ្យា​ល័យ​ ​ ដោយ​​​បាន​​បញ្ចប់​ការ​សិក្សា​​បរិញ្ញាបត្រ​ផ្នែក​នីតិ​សាស្រ្ត​ឆ្នាំ ​២០១០។

ចំពោះ​ការ​តែ​ង​​និពន្ធ​​​ចម្រៀង​វិញ​លោក ម៉ៃ វឌ្ឍនា មាន​ចំណូល​ចិត្ត ​​និង​បាន​រៀនតាក់​តែង​ដោយ​ខ្លួន​ឯង​​តាម​ចំណេះ​ចេះ​តាម​សៀវភៅ ​តាំង​ពី​​កាល​នៅ​រៀន​​​វិទ្យាល័យ​មក​ម្ល៉េះ តែ​ការ​ប្រឡូក​មក​ជា​អ្នក​និពន្ធ​​​ចម្រៀងបែប​ផ្លូវ​​ការ ​​​គឺ​បាន​កើត​ឡើង ​នាអំឡុង​​ឆ្នាំ​ ២០១៤-២០១៥​។

លោក ម៉ៃ វឌ្ឍនា បាន​បញ្ជាក់​ពី​ការចាប់​ផ្តើម​សរសេរ​បទ​ចម្រៀង និង​រៀន​បន្ថែម នូវ​​វិជ្ជានិពន្ធ​របស់​ខ្លួន​​ថា៖ «ចន្លោះ​ឆ្នាំ ២០១៤-​២០១៥ ខ្ញុំ​មាន​ទឹក​ចិត្ត​ រំឭក​ការ​សរសេរ​ ចង​ក្រង​ស្នាដៃ​និពន្ធ ​ដែល​​ខ្ញុំ​​​បាន​​បាត់​​បង់​​ក្នុង​កំណត់ត្រា​​របស់​ខ្ញុំ​​​ បាន​តាក់​​តែង​ក្នុង​​សៀវភៅ​សរសេរ​ដៃ​ ដែល​មាន​នៅ​សេសសល់​កាល​​ពី​ខ្ញុំ​​​​ នៅ​​​ធ្វើ​ការ​ងារ​ជា​ង​សំណង់​​នោះ​។ ​នៅ​​​ឆ្នាំ​ ២០១៧ ទើបបាន​ខ្ញុំ​​មក​ចូល​​រៀន​បន្ថែម​ នូវ​​វិជ្ជា​​​និពន្ធ​​ជាមួយ​​សមាគម​អ្នក​និពន្ធ​ខ្មែរ​។ នាពេល​នេះ ខ្ញុំ​បាន​រៀន​សូត្រ​អំពី​មូល​ដ្ឋាន​ នៃ​ការ​​​​តែង​​និពន្ធ​​​​ច្រើន កាន់​តែ​យល់​​ច្បាស់​​លើ​វិស័យ​នេះ»​។​

លោក វឌ្ឍនា រំឭក​ពី​បទ​ចម្រៀង​ដំបូង ​ដែល​នាំ​អារម្មណ៍​មហា​ជន​ទទួល​​ស្គាល់​ស្នាដៃ​លោក​ ក្រោយ​ពេល​បាន​ដាក់​បញ្ចូល​​ទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប​ថា៖ «ដំបូង​ ខ្ញុំបាន​​ចាប់ផ្តើម​សាក​​​ល្បង​​និពន្ធ​បទ​ចម្រៀង​ ហើយស្វែង​រក​​​អ្នក​សហ​ការ​ ដែល​មាន​ស្ទូឌីយោ​ថត​ ហើយ​ក៏​បាន​ជួប​​​​មិត្ត​ភក្តិ​ឈ្មោះ ឆាយ សុភ័ណ្ឌ និង​​បានជួប​​លោក យ៉ង ពៅ ដែល​​ជាអ្នក​សម្រួល​តន្រ្តី និង​អ្នក​និពន្ធ​ភ្លេង​ដ៏​ល្បី​ម្នាក់​ និង​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​បញ្ចេញ​ស្នាដៃ​»។

សម្រាប់​​ការ​ថត​ចម្រៀង ៤ ​បទ​​ដំបូង​នោះ រួម​មាន​​​​​បទ​ «ពេជ្ឃឃាត​អាស៊ីត» បទ«អង្រឹង​ឪពុក» បទ​«ម្លប់​​ស្នេហ៍​ក្រោម​​ដំបូល​​រោង​ចក្រ» ដែលជា​ពេល​លោក​​ បាន​ស្គាល់លោក​គ្រូភ្លេង​ដ៏ល្បី​ គឺ​លោក​​​គ្រូ​ អ៊ុក សំ​អាត និង​​បទ ​«ឈាម​ប្រុស​សាមាន្យ» គឺ​ជា​ពេល​វេលា​បាន​ស្គាល់​ តារា​ចម្រៀង​ស្រី​មាន​​សំឡេង​ពី​រោះ​ ​​ពេជ្រ ចរិយា​។​​

គួរ​​បញ្ជាក់​ដែរ​ថា បទ​«ឈាម​ប្រុស​សាមាន្យ» គឺ​ជា​ចំណង​ជើង​បទ​ចម្រៀង​មួយ ដែល​លោក ម៉ៃ វឌ្ឍនា បាន​​សរ​សេរ​កាល​ពី​ថ្ងៃទី ២៤ ខែ ​កុម្ភៈ ឆ្នាំ ២០១៦ ស្តី​អំពីជី​វិត​ស្នេហា របស់​នារី​កម្មករ​កាត់​ដេរ​ម្នាក់ បម្រើ​​​​ការនៅ​រោង​ចក្រ​កាត់​ដេរ ស្ថិត​​ក្នុង​ភូមិ​សាស្ត្រ​ផ្សារ​សំណង់ ១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួល​​គោក ទី​ក្រុង​ភ្នំពេញ។ ដ្បិត​តែនេះ​គ្រាន់​តែ​​ជា​ផ្ទាំង​ទស្សនីយ​ភាព​ដ៏តូច​មួយ​ក៏ពិតមែន​ តែ​សង្គម​កម្មករ​រោង​ចក្រ ស្ថិត​នៅក្រោម​ក្រសែ​ភ្នែក​​​ដ៏តូចទាប​​របស់​អ្នក​មាន​ប្រាក់។ ​នារី​​កាត់​ដេរ ​ត្រូវក្លាយ​ជា​ជន ដែល​​គេ​​ប្រមាញ់​​តណ្ហា​ក្រោម​អំណាច​ទឹក​ប្រាក់​ បោក​បញ្ឆោត ដោយ​ប្រែឈ្មោះ​ថា​ជា​ «ស្រី​រោង​​​ចក្រ​»។​

លោក ម៉ៃ វឌ្ឍនា បាន​បរិយា​យក្នុង​ហ្វេសប៊ុក​ពី​ការ​តែង​និពន្ធ​បទ ​«ឈាម​ប្រុស​សាមាន្យ» នេះ​ថា៖ «​​កាល​​នោះ ខ្ញុំ​​មាន​គំនិត​ថា និពន្ធ​បទនេះ​ឡើង នៅ​ក្នុង​គោលបំណង​បង្ហាញ​ពី ផ្នែក​មួយ​នៃ​ដំបូល​រោង​ចក្រ និង​​លើក​​ឡើង​ក្នុ​ង​​ន័យ តស៊ូ​មតិ​ការ​ពារ​​សេចក្តីថ្លៃថ្នូរ ​របស់នារី​រោង​ចក្រ ​និង​​ទារ​រក​​សេចក្តី​​មេត្តា​​​​ពី​​​បុរស​​ទាំង​នោះផង។ បទ​នេះ ខ្ញុំយក​ទៅដាក់​ជូន​លោក យ៉ង ពៅ និង​បាន​ផលិត​នៅថ្ងៃទី ២៦ ខែ​មីថុនា​​ ឆ្នាំ២០១៦ នៅ​ឯ​ BOSABA STUDIO»។

លោក ម៉ៃ វ​ឌ្ឍ​នា ក៏​បាន​​​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ ពី​ការ​​បង្កើត​ឆាណែល​​ដំបូង​​នៅ​​ឆ្នាំ​ ២០១៧ ថា មាន​បទ​​ចម្រៀង​​ប្រហែល ​៤-១០ ​បទ​តែប៉ុណ្ណោះ​ បាន​បង្ហោះ​​​តាម​​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ឯង​។

តែ​ក្រោយពី​ទទួល​បាន​ការពិគ្រោះ​ពី​កវី​ទំនុក​​ភ្លេង និង​សម្រួល​​តន្ត្រី​លោក យ៉ង់ ពៅ មក​ក៏​សម្រេច​បង្កើត​ជា​ឆា​ណែ​ល​យូ​ធូប​មួយទៀត ដើម្បី​បញ្ចូល​បទ​ចម្រៀង ដែល​ជា​ការរក្សា​ទុក​នូវ​ស្នាដៃ​ខ្លួន​បាន​ខំ​បង្កើត​​។ ដោយ​ពេល​នោះ​លោក យ៉ង ពៅ គាត់​ប្រាប់ថា ក្រែងលោ​បទ​ចម្រៀង​​​​ទាំងអស់​នេះ​ អាច​បាន​ផល​ប្រយោជន៍​ខ្លះ​ពី​ក្រុមហ៊ុន YouTube ហើយ​​នៅ​ឆ្នាំ​ ២០១៨ ក៏ទទួល​បាន​ការគាំទ្រពី​អ្នកគាំទ្រ​តាម​រយៈ​ឆាណែល​ Mai Vathana Channel YouTube​។ ​

មក​ដល់​ពេល​នេះ បទ​ចម្រៀង​នៅ​ឆា​ណែ​ល​វ​ឌ្ឍ​នា មាន​ប្រហែល​ជាង ៥០-៦០ បទ ដោយ​មាន​ទាំង​បទ​​ចម្រៀង​​ជា​ប្រភេទ Audio ប្រហែល​ជាង​ ​២០-៣០ បទ ហើយ​គឺជា​បទ​ចម្រៀង​ ដែលមាន​ការថត​សម្តែង​​កាយ​វិការ (MV) តាម​អត្ថន័យ​នៃ​បទ​នីមួយៗ​។ បទ​ភាគច្រើន​ នៅក្នុង​​ឆា​ណែ​ល​ Mai Vathana Channel YouTube​ គឺ​​​​​បាន​ផ្តោត​សំខាន់​ ទៅ​លើ​ការផលិត​បទ​ចម្រៀង​ បែបមនោ​សញ្ចេតនា ស្នេហា​​​​ស្រុក​ស្រែ​ចម្ការ និង​លក្ខណៈ​​បែបជាតិ​​ខ្មែរ​។​

ព្រោះតែ​បទ​ចម្រៀង​នីមួយៗ ទាមទារ​លក្ខណៈ​ផ្ចិតផ្ចង់​តាម​ក្បួនខ្នាត​នោះ ការ​ចំណាយ​ពេល​វេលា​ទាំង​និពន្ធ​ទំនុកច្រៀង ទំនុក​ភ្លេង ការសម្រួល​តន្ត្រី ការ​​ថត​សំឡេង និង​ការថត​សម្តែង​ផងដែរ​នោះ ត្រូវ​ស៊ីពេល​ចន្លោះ​ពី​កន្លះ​ខែ​ទៅ១​ខែ ទើប​អាច​ផលិត​បាន​ចម្រៀង ១ បទ​ពេញ​​លេញ​​។

​លោក ម៉ៃ វ​ឌ្ឍ​នា បញ្ជាក់​ឱ្យដឹងថា​៖ «​យើង​អាច​និយាយ​បាន​ថា ចម្រៀង ១ បទ អាច​ស្មើនឹង​សាច់​រឿង​​កន្លះ​រឿង ឬ ១ រឿង ព្រោះ​ស្នាដៃ​ចម្រៀង​ខ្មែរ​យើង មាន​លក្ខណៈ​ជា​ស្នាដៃ​សិល្បៈ​អក្សរ​សិល្ប៍​។​ អ៊ីចឹង ១ បទ ធ្វើ​យ៉ាង​តិច​ប្រើពេល​កន្លះ​ខែ ទៅ ១ ខែ ខណៈ​ការ​តែង​និពន្ធ​អាច​ប្រើពេល​១​​ថ្ងៃ​ទៅ ២ ថ្ងៃ តាក់​តែង​ជា​ករណី​មាន​​អារម្មណ៍ល្អ​»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​មាន​តន្ត្រីករ​ដ៏​ចំណាន​លោក យ៉ង ពៅ ជា​អ្នក​បច្ចេក​ទេស​សំឡេង ជា​អ្នក​លេង​​​ហ្គី​តា បាស់ និង​សូ​ឡូ និង​លេង​ព្យ៉ា​ណូ ខណៈ​លោក​គ្រូ អ៊ុក សំអាត គឺជា​អ្នកនិពន្ធ​បទ​ភ្លេង និង​​​សម្រួល​តន្ត្រី ដ៏​ប៉ិន​ប្រសប់ ហើយ​ខ្ញុំ (​ម៉ៃ វ​ឌ្ឍ​នា​) ជា​អ្នក​តែង​ទំនុក​ច្រៀង​។ សម្រាប់​បទ​ចម្រៀង​យើង​​​​ថត​នៅ​ស្ទូ​ឌី​យោ​ចំនួន ២-៣ កន្លែង​តាំងពីដើម​។ ក្នុងនោះ​មាន​ស្ទូ​ឌី​យោ របស់លោក គង់ ពិសិដ្ឋ និង​ស្ទូ​​ឌី​​យោ Live Band សម្រាប់​ថត​បែប​ប្រគំ​ជា​ក្រុម (Band) ផងដែរ​»​។

ទោះបីជា​មិនមាន​តុល្យភាព​នៃ​ការផលិត​បទ​ចម្រៀង និង​ប្រាក់កម្រៃ​ពី​ក្រុមហ៊ុន YouTube និង​បាន​ពី​​ការជួយ​ឧបត្ថម្ភ​ពី​សាមីខ្លួន ដែល​ចូលចិត្ត​ការ​តាក់​តែង​បទ​ចម្រៀង​មនោ​​ស​ញ្ចេ​ត​នា បែប​ស្រុកស្រែ​​នោះ​​ក្តី ក៏​អ្នកនិពន្ធ​ទំនុក​ច្រៀង មាន​រហស្ស​នាម​ថា «​កវី​ជន​​បទ​» រូបនេះ នៅតែ​ចង់​បន្ត​នូវ​ឆន្ទៈ​ខិតខំ​និពន្ធ និង​ផលិត​បទ​​ចម្រៀង​បែប​ខ្មែរ​នេះ ក្នុង​គោល​​បំណង​ធំ​រួមមួយ​របស់​ក្រុម​កវី​លោកឥត​ងាករេ​។

លោក ម៉ៃ វ​ឌ្ឍ​នា បាន​លើកឡើងថា​៖ «​គោល​បំណង​ធំ​គឺ​យើង​ចង់​រក្សា​ទុកជា​ឯកសារ ដែល​បានធ្វើ​ជុំគ្នា ទាំង​អ្នក​តែង​​និពន្ធ​​ទំនុក​ច្រៀង និង​ភ្លេង​ហើយ​ចង់​សាបព្រោះ​នូវ​អ្វី​ជា​គំរូ ចំណេះ​​ជំនាញ​នៃ​សិល្បៈ​វិធី​តែង​និពន្ធ​បទ​ចម្រៀង​ខ្មែរ ប្រកប​ដោយ​គុណ​ធម៌ សីល​ធម៌ ហើយក៏​ចង់​ទប់​ស្កាត់​នូវ​​ការ​ហៀរ​ចូល ឬ​បាចសាច​នូវ​ឥទ្ធិពល​វប្បធម៌ បរទេស​មិនល្អ​ផង​ដែរ​ នៅក្នុង​វិស័យនិពន្ធ​នេះ​»​។​

តាម​ការ​កត់​សម្គាល់​របស់​លោក​ មើល​ឃើញ​ថា ​រយៈ​ពេល​ ២-៣ ឆ្នាំ ចុង​ក្រោយ​នេះ ក៏​ឃើញ​មា​ន​​​​ភាព​ប្រែ​​ប្រួល ឬ​មានការ​កែទម្រង់​ពី​ Channel YouTube របស់​​ក្រុម​អ្នក​ផលិត​បទ​ចម្រៀង​ខ្មែរ​ ជំនាន់​ក្រោយ ​​ដែល​មិន​សូវមាន​វិធី​សាស្ត្រ​តែង​​​តាម​បែប​ខ្មែរ​នោះ​ដែរ​ គឺមាន​កែប្រែ​ខ្លះ ទំនងជាអាច​​មក​ពី​ការ​​ផ្សព្វ​ផ្សាយ​​ពី​​ ឆា​ណែល​​​របស់​លោក​ នា​មួយ​រយៈពេល​នេះ​ហើយ​​​។

​យ៉ាង​ណា​មិញ កវី​និពន្ធ​មាន​សំនួន​វោហារស័ព្ទ​ណែង​ណង ក្នុង​សំណេរ​បទ​ចម្រៀង​ បែប​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ ដែល​មាន​​ស្រុក​កំណើត​​នៅ​ខេត្ត​បាត់​ដំបង និង​កើត​នៅ​ឆ្នាំ​១៩៧៦ រូប​នេះ ក៏​មាន​សំណូមពរ​ដល់​កវី​និពន្ធ​ជំនាន់​ក្រោយ​ៗ​ដែរ ដើម្បី​កសាង​​​បាន​នូវ​គុណ​​តម្លៃខ្លួន​ឯង​ផ្ទាល់ និង​​សង្គម​ជាតិ​។

លោក ម៉ៃ វឌ្ឍនា​ លើក​ឡើង​ថា​៖ «តាម​រយៈ​ការ​ចាប់​អាជីព​និពន្ធ​​ចម្រៀង​តាំង​ពី​ឆ្នាំ​ ២០១៥ ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​សម្រាប់​បងប្អូន​​ថា មុន​នឹង​ចាប់​អាជីព​ជា​អ្នកនិពន្ធ​១​រូប (មិន​​ថា និពន្ធ​ចម្រៀង ឬ​និពន្ធ​ប្រលោម​លោក) យើង​ត្រូ​វ​មាន​មូល​ដ្ឋាន​ ខាង​វិជ្ជាតែង​និពន្ធ​ ឱ្យ​បាន​ច្បាស់លាស់​ដូចជា ​ទ្រឹស្តី​​អក្សរ​សាស្ត្រ អក្សរ​សិល្បិ៍ សិក្សា​ពី​សិល្បៈ​តូរ្យ​តន្តី្រ ស្វែង​យល់​ទំនៀម​ទម្លាប់​ប្រពៃណី​វប្បធម៌​ជាតិ​​ខ្លួន​។ ត្រូវ​ចេះ​រៀបចំ និង​​បង្កើត​គំនិត​ថ្មីៗ​ សម្រាប់​ការ​តែង​និពន្ធ​ ដែល​មាន​លក្ខណៈជា​របស់​ខ្លួន​ឯង មិន​មែន​យក​របស់​គេ​មក​ច្នៃ​​ ឬ​លុប​សំណេរ​ដើម​គេ​ខ្លះ ហើយ​បំពេញបន្ថែម​ថា ជា​របស់​ខ្លួន​នោះ​ទេ​។ ​​

លោក ម៉ៃ វឌ្ឍនា ដែល​​បានក្លាយ​​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​គ្រូ​បង្រៀន​វិជ្ជា​តែង​​និពន្ធ​​​​​បទ​ចម្រៀង ចាប់​ពី​ឆ្នាំ​​​ ២០១៨ មក​ដល់​បច្ចុប្បន្ន​​ ក៏​បាន​លើក​ឡើង​អំពី​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ទៀត​របស់​​លោក​ ​​​​ទៅ​ថ្ងៃ​អនា​គត​គឺ​​ការ​​និពន្ធ​រឿង​ប្រលោម​លោកខ្លី​ៗ។

ដោយ​ឡែក​គេ​ក៏​ឃើញ​ថា មាន​តារាចម្រៀង​ល្បីៗ ក៏បាន​​​បក​ស្រាយ​​ចម្រៀង​នៅ​ក្នុង​ឆា​ណែ​ល​យូ​ធូប ​​វ​ឌ្ឍ​នា (Mai Vathana Channel YouTube) រួមមាន​ដូចជា​លោក ឯក ស៊ី​ដេ លោក ជិន វ​ឌ្ឍ​នា លោក ឌី ថា​រ៉ែ​ន នាយ ពែ​កមី អ្នក​នាង ឆោម ច័ន្ទ​​​នេ​ត និង​អ្នក​នាង ពេជ្រ ចរិយា​ ផង​ដែរ។

​មាន​បទ​ចម្រៀង​មួយ​ចំនួន​ ដែល​ទទួល​បាន​​ភាព​ល្បី​ពី​មហាជន​ដូចជា​បទ​«​ផ្លែ​​ស្នេហ៍» បទ«អប្សរ​ជ្រោះ​ភ្នំគូ​លែន» «សុំពឹង​អ្នកពាម»​ ​បទ​«ស្វាយ​ជ្រំទ្រនំ​ខ្ញុំ»​ ​បទ​«សំបុត្រ​មរណៈ» បទ​«ព្រែក​ហ្លួង​ដួង​ចិត្ត» បទ​«តួឯកជាយ​ដែន» បទ​«ម្ចាស់ កណ្តៀវ​ស្នេហ៍» បទ​«ទឹក​ឃ្មុំ​ឦសាន» បទ​«បណ្តាំ​ភ្នំជី​ប៉ាង» និង​បទ​«បឹង​ធំ»​ ជា​ដើម រួម​ទាំង​​បទ​ពី​រោះ​ៗ​​​ជាច្រើន​ទៀត​៕​ ​