ភ្នំពេញៈ កម្មវិធី​រដូវ​វប្បធម៌​ដែលជា​គំនិត​ផ្ដូ​ច​ផ្ដើម​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​តាំង​ពីឆ្នាំ​ ២០១៨ ​គឺជា​បណ្ដុំ​នៃ​កម្មវិធី​សិល្បៈ​វប្បធម៌​រួមមាន​ ការ​សម្ដែង​ស្នាដៃ​សិល្បៈ​ទស្សនីយ​ភាព សិក្ខា​សាលា ​ត​ថ​កថា និង​ភាព​យន្ត​ឯក​សារ​ខ្លីៗ​ជាដើម​។

​កម្មវិធី​រដូវ​វប្បធម៌​នេះ​តែង​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​មួយ​ជាក់​លាក់​ខុស​គ្នា​ជា​រៀងរាល់​ឆ្នាំ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​សិល្បករ​គ្រប់រូប​កាន់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ស្នាដៃ​និង​សកម្ម​ភាព​ថ្មី​ជុំវិញ​ប្រធាន​បទ​នីមួយៗ​តាម​រយៈ ​«មូល​និធិ​ដំឡើង​ស្នា​ដៃថ្មី»​ របស់​អង្គការ​។

​បន្ទាប់ពី​បញ្ចប់​កម្មវិធី​រដូវ​វប្បធម៌​កាល​ពី​ខែឧសភា​កន្លង​ទៅ ​អង្គការ​បាន​ចាប់​ផ្ដើម​បន្ត​ផ្សព្វ​ផ្សាយ​ឱ្យ​សិល្បករ​ដាក់​ពាក្យ​ ដើម្បី​ទទួល​បាន​មូល​និធិ​ធ្វើ​ស្នាដៃ​របស់​ខ្លួន​បង្ហាញ​ជូន​ដល់​ទស្សនិក​ជន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​សម្រាប់​ឆ្នាំ​ ២០២៣ ​ខាង​មុខ ​ដោយ​ថ្ងៃ​ផុត​កំណត់​គឺ​រហូត​ដល់​ថ្ងៃទី​ ១៥ ​ខែ​ សីហា ឆ្នាំ​ ២០២២​។

កញ្ញា ​យ៉ុន​ សុខ​ខន ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍ​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​មែន​ទែន​ទៅ​កម្មវិធី​រដូវ​វប្ប​ធម៌​ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​ហើយ​យើង​ធ្វើ​តាំង​ពី​ឆ្នាំ​ ២០១៨​ មក​ម្ល៉េះ​។ ប៉ុន្តែ​ក៏មាន​ការ​ខក​ខាន​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២១ ដូច​នេះ ឆ្នាំ ២០២៣​ ខាង​មុខ នឹង​ជា​លើក​ទី​៤ ​របស់​យើង​»​។

​កញ្ញាឱ្យដឹង​ដែរ​ថា គោល​បំណង​ធំ​នៃ​កម្មវិធី​រដូវ​វប្បធម៌​ចែក​ចេញជា​ ២​ ធំៗ។ ទី​១ គឺ​ប្រើ​កម្មវិធី​ជា​វេទិកា​សម្រាប់​បង្ហាញ​ពី​ទេព​កោសល្យ​និង​គំនិត​ច្នៃ​ប្រឌិត​របស់​សិល្បករ​តាម​រយៈ​រឿងរ៉ាវ​ដែល​មាន​អត្ថន័យ​ពាក់​ព័ន្ធ​នឹង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

បើ​តាមកញ្ញា យ៉ុ​ន សុខ​ខន ក្នុង​នោះ​ភាគ​ច្រើន​ស្នាដៃ​ដំឡើង​ដោយ​សិល្បករ​វ័យក្មេង​ដែល​អង្គការ​ដើរតួ​ដូចជា​ក្បាល​មេក្រូ​សម្រាប់​ពួក​គាត់ ដើម្បីឱ្យ​សំឡេង​របស់​គាត់​កាន់តែ​ឮនិង​ជំរុញ​សិល្បៈ​ពួក​គាត់​ឱ្យទៅ ​១ កម្រិត​ទៀត​ដែល​និយាយ​ពី​បញ្ហា​ពិភព​លោក​។

​ទី​២ គឺអង្គការ​ចង់​បង្កើតជា​កន្លែង​ដែល​ឱ្យ​សិល្បករ​ ប្រតិ​បត្តិ​ករ ផ្នែក​សិល្បៈ​វប្បធម៌​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត មាន​ឱកាស​ក្នុង​ការ​ដេញ​ដោល​ផ្លាស់​ប្តូរ​គំនិត​យោ​បល់ ទស្សនៈ​ផ្សេងៗ​នៅ​ជុំវិញ​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​។

កញ្ញា សុខ​ខន បាន​បន្ថែម​ថា៖«​ជា​រៀង​រាល់​ឆ្នាំ​យើង​មាន​ប្រធាន​បទ​ផ្សេងៗ​ហើយ​ប្រធាន​បទ​ហ្នឹង​ត្រូវ​បាន​ប្រើ​ជា​ទិស​ដៅ​ក្នុង​ការ​រចនា​សកម្ម​ភាព​ក៏​ដូចជា​ព្រឹត្តិ​ការណ៍​ទាំង​មូល​នៅ​ក្នុង​កម្មវិធី​។ឧទា​ហរណ៍​ក្នុង​ឆ្នាំ​ ២០២៣ ​ខាង​មុខ​កម្មវិធី​រដូវ​វប្បធម៌​របស់​យើង​មាន​ប្រធាន​បទ «​តែឯង ​តែ​យើង​»​។ ដូចនេះ​រាល់​ស្នាដៃ ​ឬ​កិច្ចពិ​ភាក្សា​អី​នឹង​ត្រូវបាន​ធ្វើឡើង​ជុំវិញ​ប្រធាន​បទ​នេះ​»​។

កញ្ញា​បាន​ឱ្យ​ដឹង​ដែរ​ថា អ្វី​ដែល​មាន​ភាព​ខុស​ប្លែក​សម្រាប់ឆ្នាំ ២០២៣ គឺ​កន្លង​មក ​អង្គការ​តែង​តែ​ជា​អ្នក​រៀបចំ​និង​រចនា​កម្មវិធី​ខ្លួន​ឯង ប៉ុន្តែ​លើក​នេះ​អង្គការ​បាន​ជ្រើស​រើស​អ្នក​ជាប់​អា​ហា​រូប​ករណ៍​ដែល​ហៅ​ថា​ «ទស្សន​កម្មវិធី​សិល្បៈ» ៣ ​រូប​ ដើម្បី​ឱ្យ​ពួក​គាត់​ជាអ្នក​រៀបចំ និង​រចនា​កម្ម​វិធី​រដូវ​វប្ប​ធម៌​ម្ដង​។​

សម្រាប់​គោល​ដៅ​ធំ​នៃ «ទស្សន​កម្មវិធី​សិល្បៈ​» វិញ គឺ​ចង់​បណ្តុះ​បណ្តាល​សក្តានុ​ពល​ជំនាញ​នៃ​ការ​រចនា​កម្មវិធី ដល់​អ្នក​​ទទួល​បាន​អាហា​រូប​ករ​ណ៍​ទាំង​៣​នាក់ដោយ​ធ្វើការ​ជាមួយ​អ្នកដឹកនាំ​ដើម្បី​កសាង​សមត្ថភាព​ពួក​គាត់​ក្នុង​ការ​អនុវត្ត​ការ​រចនា​កម្មវិធី​រដូវ​វប្ប​ធម៌​ខាង​មុខ​។

កញ្ញា សុខ​ខន ​បញ្ជាក់​ថា៖ «​អ្នក​ជាប់​អាហា​រូបករណ៍​ទាំង​៣​រូប នឹង​មាន​ការអនុវត្ត​ជាក់ស្ដែង​ដោយ​ពួក​គាត់​នឹង​ជា​អ្នក​ជ្រើស​រើស​ប្រធាន​បទ ស្នាដៃ សកម្ម​ភាព​សិល្បករ​ទាក់​ទង​នឹង​ប្រធាន​បទ​និង​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជាមួយ​យើង​។ ពួក​គាត់​ក៏​មាន​ទស្សនកិច្ច​សិក្សា​ទៅ​ឈៀង​​ម៉ៃនិង​បាង​កក ហើយ​មាន​សកម្ម​ភាព​ ទស្សនកិច្ច​ទៅ​ទីតាំង​សិល្បៈ​វប្បធម៌​នៅ​ក្នុង​ស្រុក​ដែរ​»​។

កញ្ញា ​សេរី វណ្ណ​កុ​សន ជា​សិល្ប​ករ​ម្នាក់​ក្នុង​ចំណោម​៣​រូប​ដែល​ទទួល​បាន​អាហា​រូប​ករណ៍បាន​និយាយ​ថា ​កម្មវិធី​ «ទស្សន​កម្មវិធី​សិល្បៈ​» នេះ​ជាអ្វី​ដែល​នៅក្នុង​ស្រុក​ខ្មែរ​មិន​ទាន់​មាន ​ហើយ​កញ្ញា​បាន​ទទួល​ការ​បង្ហាត់​បង្ហាញ​ច្រើនពី​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ​។

ក្នុងនោះ​ គឺមាន​គ្រូដឹ​កនាំ​ម្នាក់ជា​អ្នក​ជួយ​ណែនាំ​បន្ថែម​ទៅ​លើ​ការងារ​ដែល​ក្រុម​កញ្ញា​ទាំង ​៣​ នាក់ (ស្រី ២ ប្រុស​ ១) ដូចជា​ការ​ជ្រើស​រើស​ប្រធាន​បទ​សម្រាប់​កម្មវិធី​ធ្វើការ​ជ្រើស​រើស​ស្នាដៃ​ឱ្យស្រប​ទៅ​នឹង​ប្រធាន​បទ​​ដែល​បាន​កំណត់ ​ហើយ​ដើម្បី​បញ្ចេញ​ស្នា​ដៃ​រៀបចំ​កម្មវិធី​ទាំង​មូល​។​

​កញ្ញា​បាន​ចែក​រំលែក​បន្ថែម​ទៅលើ​​ដំណើរ​ការ​សិក្សា​ថា​៖ «​យើងបាន​ទៅ​សិក្សា​អំពី​សិ​ល្បករ​នៅថៃ​ដែល​គាត់​មាន​ជំនាញ​ផ្នែក​រៀបចំ​បន្ទាប់​មក​យើង​មក​ស្រុក​ខ្មែរ​​រៀន​ស្ដាប់​ពី​បទ​ពិសោធវា​គ្មិ​ន​ក្នុង​ជំនាញ​រៀបចំ​ហ្នឹង​ដែរ​មុន​នឹង​យើង​មាន​ឱកាស​អនុវត្ត​ផ្ទាល់»​។

​ជា​មន្ត្រី​បម្រើការ​នៅសា​លា​ភូមិន្ទ​វិចិត្រសិ​ល្បៈហើយក៏​ជា​សិល្បករ​ទម្រង់​ក្បាច់​បុរាណ​កញ្ញា ​វណ្ណ​ កុ​សន ​បាន​បក​ស្រាយ​ពី​ហេតុ​ផល​ដែល​កញ្ញា​និង​ក្រុម​កញ្ញា​ជ្រើស​រើស​ប្រធាន​បទ «​តែ​ឯង តែ​យើង​»​។​

​កញ្ញា​បាន​រៀបរាប់​ថា​ គឺ​ដំបូង​មើល​ទៅ​លើ​បទពិ​សោធ​រៀងៗខ្លួ​ន​ អ្នក​នៅ​ជុំវិញ​ខ្លួន​ក្នុង​រង្វង់​សិល្បៈ​និង​សង្គម​ ដូច្នេះ​ក៏​ចង់​លើក​រឿង​រ៉ាវ​ទាក់​ទង​អំពី​បុគ្គលិក​ភាព​មក​និយាយ​។

កញ្ញា​បាន​បន្ថែម​ថា៖ «​ផ្នត់​គំនិត​អវិជ្ជ​មាន​មួយ​ចំនួន​ដែល​មាន​នៅក្នុង​សង្គម​ខ្មែរដែល​កើត​មាន​លើ​បុគ្គល​ឬ​មនុស្ស​ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេបាន​ជះ​ឥទ្ធិពល​ទៅលើ​សកម្ម​ភាព​ការគិត​និង​ប៉ះពាល់​ផ្លូវ​ចិត្ត​ពួក​គាត់​ដោយ​រង​សម្ពាធ​នូវការ​រើស​អើង​ អាច​ទាំង​ខ្លួន​គាត់​ឬ​ជំនាញ​របស់​ពួក​គាត់​​។ ទោះជា​យ៉ាង​ណា យើង​ជឿ​ថា ​ប្រធាន​បទ​នេះ​នឹង​បើក​ចំហ​ឱ្យ​ទាំង​អស់​គ្នា​ចូលរួម​បក​ស្រាយ​ទៅតាម​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​ទាំង​ពី​ជ្រុង​នៃ​គំនិត​សិល្បក​រនិង អ្នក​ចូល​រួម​ទស្សនា​ផង​ដែរ​»។

​ជាមួ​យនឹង​ការលើក​ឡើង​ដូចនេះ​ កញ្ញា​ក៏បាន​លើកទឹ​កចិត្ត​ឱ្យ​សិល្បក​រ​ចូលរួម​ដាក់​ពាក្យ​ក្នុង «មូលនិ​ធិ​ដំឡើង​ស្នាដៃ​ថ្មី» ដែល​តម្រូវ​ឱ្យ​សិល្បករ​សាក​ល្បង​អ្វីៗ​ដែល​ថ្មីនិង​ដក​ពិសោធ​ពី​ជំនាញ​ខ្លួនឯង​បន្ថែម​ទៀត​ដើម្បី​ឱ្យ​វា​អាច​កើត​ចេញ​ជា​រូប​រាង​បាន​។

ក្នុងនោះ​​វណ្ណ ​កុ​សន បាន​ឱ្យដឹង​ថា​នឹង​មាន​ការ​ជ្រើស​រើស​យក ៤​ ស្នាដៃ​ សម្រាប់​គម្រោង​សម្ដែង​ក្នុង​អំឡុង​ខែ​ ២ នៅ​ភ្នំពេញ​ និង​ខែ​មីនា​ ឆ្នាំ​ ២០២៣​ តាម​បណ្ដា​ខេត្ត​។ សម្រាប់ «​មូល​និធិ​ដំឡើង​ស្នាដៃ​ថ្មី​»​ នេះ​សិល្បករ​នឹងទទួលបានថវិកាដល់​ ៥ ០០០ ​ដុល្លារ​ សម្រាប់​សា្ន​ដៃ​ទស្សនីយ​ភាព​បែបឌីជី​ថល​ និង​ ៤ ០០០​ ដុល្លារ​ សម្រាប់​សា្ន​ដៃ​សម្ដែង​។

ប្រសិន​បើ​សិល្បករ​មាន​គំនិត​ថ្មី​ដែល​ចង់​បង្ហាញ​ ឬ​ការបក​ស្រាយ​អ្វី​មួយ​ដែល​ទាក់​ទង​នឹង​ប្រធាន​បទ «​តែឯង​តែ​យើង​» អាច​ចូល​រួម​ដាក់​ពាក្យ​ដែល​នឹង​ផុត​កំនត់​នៅ​ថ្ងៃ​ ១៥ ខែ ​សីហា ឆ្នាំ​ ២០២២​។

កញ្ញា សុខ​ខន បាន​បញ្ជាក់​បន្ថែម​ដែរ​ថា៖ «បើ​យើង​មើល​លើ​បរិបទ​របស់​យើង​ គឺ​សិល្បករ​យើង​ក៏​មាន​គំនិត​ច្នៃ​ប្រឌិត​ស្រាប់​ហើយ​គ្រាន់​តែ​ខ្វះខាត​​ថវិកាក្នុង​ការ​ធ្វើ​ឲ្យ​វាចេញ​ជា​រូបរាង​។ ​ជា​ជាង​ដែល​យើង​ទៅរក​ស្នា​ដៃ​ដែលមាន

ស្រា​ប់យើង​ស៊ូ​បង្ក​លទ្ធ​ភាព​ឱ្យ​សិល្បករ​គិតហើ​យ​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ឱ្យ​ស៊ី​ចង្វាក់​ជាមួយ​នឹង​ប្រធាន​ប​ទរបស់​យើង​វិញ»​៕