ពោធិ៍សាត់: កាលពីពេល​ថ្មីៗនេះ គណនី​បណ្ដាញ​សង្គម​របស់​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន លោក សាយ​ សំអាល់​ បាន​បង្ហោះ​នូវការ​កោត​សរសើរ​ចំពោះ​សមត្ថភាព​ខ្មែរ ដែល​អាចផលិត​នូវ​ផលិផល​ពី​គ្រឿង​ឧបភោគបរិភោគ​ជំនួស​ឱ្យ​សម្ភារ​ប្លាស្ទិក​ ដែល​កំពុង​តែ​ជោរជន់​នៅ​ទូទាំង​ពិភពលោក។

លោក សាយ សំអាល់ បាន​សរសេរ​ដោយ​ភ្ជាប់​រូប​ថត​ប៉ុន្មានសន្លឹក​នៅលើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​ថា​៖ «​យើង​ធ្វើ​បាន​ហើយ! យើង​បាន​ធ្វើ​បំពង់​បឺត​ទឹក​ពី​ម្សៅ​អង្ករ​។ អាច​ឈប់​ប្រើ​បំពង់​បឺត​ធ្វើ​ពី​ប្លាស្ទិក​បាន​»។

រូបភាព​បំពង់​បឺត​ចម្រុះ​ពណ៌​ ​ដូចជា​ពណ៌ស ប្រផេះ ស្វាយ និងបៃតង​ មិន​មែន​ផលិត​ឡើងពី​ប្លាស្ទិក និង​បន្ថែម​ពណ៌​នោះទេ តែវាជា​សារធាតុ​ធម្មជាតិ​ ដូចជា អង្ករ ពោត​ ដំឡូង និង​ស្លឹក​តើយ​ជា​ដើម។ នេះ​បើ​យោងតាម​ ​ម្ចាស់​សិប្បកម្ម ដែល​ស្ថិត​នៅ​ក្នុង​ខេត្ដ​​ពោធិ៍សាត់​។

​សហគ្រាស​​ផលិត​ទុយោបឺតទឹក​អង្ករ បន្លែ និង​ផ្លែឈើ​ទាំងនេះ ត្រូវបាន​បើក​សម្ពោធកាល​ពី​ថ្ងៃទី ៩ ខែ ៩ ឆ្នាំ​ ២០២១ ​នៅ​ក្នុង​ទឹក​ដី​ខេត្ដ​ពោធិ៍សាត់​ ដែល​ត្រូវបាន​ចាត់​ទុក​ជា​ផលិតផល​ដំបូង​នៅ​កម្ពុជា​។

អ្នកស្រីទិត សុខុម​ អាយុ ៤០ ឆ្នាំ ជា​ម្ចាស់​សហគ្រាស​ TK&D បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ថា​៖ «​​ខ្ញុំ​ចាប់ផ្ដើម​នឹក​​ឃើញ​ពីការ​ផលិត​ទុយោបឺត​ពី​ធញ្ញជាតិ​ក្នុង​ការ​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិកបាន​មួយ​ចំនួន​ធំ ក៏ដូចជា​ជួយ​កូន​ខ្មែរ​យើង​ឱ្យ​មាន​ការងារ​ធ្វើ​ផង​ដែរ​»។

ដោយ​បាន​មើល​ឃើញ​ពី​ការ​ផលិត​នូវ​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​ទាំង​នៅ​បណ្ដា​ប្រទេស​ដទៃសហគ្រឹន​ស្ដ្រី​រូប​នេះ​ ចាប់​ផ្ដើម​មា​នអារម្មណ៍​គិត​ថា តើ​កម្ពុជា​អាច​ធ្វើ​បាន​ឬទេ​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទុយោ​ប្លាស្ទិក​?

ក្រោយ​ពី​គិត​ដល់​អត្ថប្រយោជន៍​នៃ​មុខជំនួញ​ផង និង​កិច្ចការ​ជួយ​ដល់​បរិស្ថាន​ផង ស្ដ្រី​ខ្មែរ​រូប​នេះ រួម​នឹង​ស្វាម៉ី​ចាប់​ផ្ដើម​បង្កើត​សហគ្រាស​មួយ​ដោយ​ផ្ដោត​លើ​ការ​ផលិត​ផលិតផល​នានា​ ជំនួស​ប្លាស្ទិក​។

ជាដំបូងសហគ្រាស​ TK&D ដែល​សម្ពោធ​យក​ថ្ងៃ​ហុងស៊ុយ​ ធ្វើ​ការ​ផលិត​ទុយោបឺត​ទឹក​​ពី​ម្សៅ​អង្ករដោយ​លាយ​ជាមួយ​ល្បាយ​ផ្សេងៗ​ទៀត​ មិន​មាន​សារធាតុ​គីមី​ និង​បញ្ចេញ​លទ្ធផល​ជា​ទុយោ​បឺត​តែម្ដង​ តាម​រយៈ​ដំណើរ​ការ​របស់​ម៉ាស៊ីន​នាំចូល​ពី​បរទេស​។

អ្នកស្រីសុខុមបាន​ឱ្យដឹងថា​៖​«វា​មាន​ផលិតផល​ទុយោ​រសជាតិ​ផ្សេងៗ ដូចជាបន្លែនិង​ផ្លែ​ឈើ​មួយ​ចំនួន​រួម​មានពោត ដំឡូង​ ស្លឹកតើយ​។ វាមាន​រសជាតិ​ប្លែកៗ​ទៅតាម​កសិផល​ផងនិង​បង្កើត​ជា​ពណ៌​ស្រស់ស្អាត​ថែម​ទៀត​»។

ក្នុង​នាម​ជា​អ្នក​គាំទ្រនិង​ប្រើប្រាស់​ផលិតផល​ទុយោបឺតទឹក​ដែល​អាច​ហូប​បានលោកឈាន សុធារ៉ា បាន​សាក​ល្បង​ទិញ​ប្រើ​ប្រាស់​ និង​បាន​កោត​សរសើរ​ ចំពោះ​គុណភាព​ផលិតផល​ក្នុង​ស្រុក​ថ្មី​នេះ​។

លោក សុធារ៉ា ដែល​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ អំពី​ចំណាប់​អារម្មណ៍​របស់លោក​ថា​៖ «​ខ្ញុំ​ទើប​នឹង​ប្រើ​ប្រាស់​ទេ​ តែ​ល្អ​បឺត​ទឹក​បាន​ច្រើន​»។

​យុវជនដែល​ចូលចិត្ដ​ប្រើ​ប្រាស់​ផលិតផល​ជួយ​បរិស្ថាន​រូប​នេះបាន​បន្ដថា​៖ «​​ខ្ញុំ​គិត​ថា វា​ជួយ​កាត់​បន្ថយ​ប្លាស្ទិក​ផង​និង​ជួយ​ដល់​ការ​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​ផងទៅតាម​លទ្ធភាពនិង​បែប​បទ​កែច្នៃ​នៃវត្ថុ​ធាតុ​ដើម​ ដែល​អាច​ធ្វើ​ទៅបាន​ ឱ្យអស់​លទ្ធភាព​»។

លោក សុធារ៉ា បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​បឺត​ទឹក​អស់ លោក​សាក​ទទួល​ទាន​ទុយោបឺត​តែម្ដង​ ដោយវាមាន​សភាព​ស្រួយ​ ដូច​នំ​ស្រួយ​ និង​រសជាតិ​ឆ្ងាញ់​គ្រាន់បើ​។

​ថ្វីដ្បិតតែ​ទុយោ​បឺតទឹក​ទាំងនេះ​ ផលិ​តឡើង​ពី​ម្ស៉ៅ​អង្ករយ៉ាង​ណាក៏ដោយ អ្នក​ត្រូវការ​បឺត​ទឹក ឬភេសជ្ជៈ​ត្រជាក់ៗ​ផ្សេងៗ​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​រលាយ​សារធាតុ​ទៅតាម​ទឹក​នោះទេ​។

អ្នកស្រី សុខុម បាន​អះអាង​ថា​៖ «​បើសិនជា​ប្រើ​ទុយោនេះ​ជាមួយ​ទឹក​ត្រជាក់ យើង​អាច​ប្រើ​វាបាន​យូរ​។ ពេល​យើង​បឺតអស់​ភេសជ្ជៈ​ក្នុងកែវប្រហែល១​ម៉ោង​ក្រោយទើប​វា​ទន់​។ វាមាន​លក្ខណៈ​ប្រហាក់​ប្រហែល​នុយដែរ​​ ហើយ​វា​មិន​ខុស​ពី​នំ​នោះទេ។ ចំណែក​ឯទឹក​ក្ដៅ​ឧណ្ហៗ​ ក៏វា​មិន​ឆាប់​រលាយ​រហូត​ដល់​យើង​បឺត​ទឹក​មិន​ទាន់​នោះដែរ​»។

អ្នកស្រីបន្ដថា ​ទោះបីជា​​​បឺត​ភេសជ្ជៈ​រួច​ មិន​ចង់​ញ៉ាំវាដោយ​​បោះ​វា​ចោល​ ក៏វា​ឆាប់​រលាយ​ជា​ដី​ផង​ដែរ។ វាពិត​ជា​មាន​គុណ​ប្រយោជន៍​ច្រើន​។

ចំពោះ​នីតិវិធីនៃការ​ផលិត​ទុយោបឺត​ដែល​អាច​ទទួលទាន​បាន​ទាំងនេះ ម្ចាស់សហគ្រាស​រូប​នេះបាន​ឱ្យ​ដឹងថា ម្សៅ​អង្ករ​ គឺជា​ធាតុ​ផ្សំ​ចម្បង​ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ម៉ាស៊ីន​កូរ​ រួច​លាយ​ពណ៌​ទៅតាម​ការ​ចង់​បាន​ តែ​ការ​លាយ​ពណ៌​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ថ្នាំ​ពណ៌​នោះទេ វាជា​ការ​ប្រើ​ប្រាស់​ជាមួយ​ផលិតផល​កសិផល​ដទៃ​ទៀត​។

បំពង់​បឺត​ទឹក​ចម្រុះពណ៌ ធ្វើពី​ម្សៅ​អង្ករ​របស់​អ្នក​ខេត្តពោធិ៍សាត់។ រូបថត សហការី​

ជាក់ស្ដែងបើ​ចង់បាន​ពណ៌​បៃតងម្សៅ​អង្ករ​ត្រូវបាន​លាយ​ជា​មួយ​ស្លឹក​តើយហើយ​បើ​ចង់​បាន​ពណ៌​លឿងម្សៅ​អង្ករ​ត្រូវ​បាន​លាយ​ជា​មួយ​ម្សៅ​ស្វាយ​ ដែលអ្នកស្រីសុខុមអះអាង​ថា សុទ្ធតែ​សារធាតុ​ធម្មជាតិ​ពិតៗ​។

ក្រោយ​ពី​លាយជា​ល្បាយ​សព្វ​សាច់​ ម៉ាស៊ីន​នឹង​ដំណើរការ​ទាញ​ល្បាយ​ដោយ​កៀប​សង្កត់​ឱ្យ​ណែន​ មុន​ពេល​រុញ​ចេញជា​បំពង់​ទុយោ​វែងៗនិង​ត្រូវបាន​កាត់​តម្រឹមស្មើៗ​គ្នា​។

អ្នកស្រីសុខុមបាន​ឱ្យដឹងថា​៖​«​​បច្ចុប្បន្ន​នេះទុយោ​បឺតមិន​ប៉ះពាល់​​បរិស្ថាន​នេះ​មាន​ច្រើន​រសជាតិនិង​ច្រើន​ពណ៌​ ដូចជា​អង្ករ ពោត តើយ ការ៉ុតនិង​ដំឡូង​ ហើយ​យើង​នៅ​ច្នៃ​បន្ថែម​រសជាតិ​ផ្សេងៗ​ទៀត​»។

​ម្ចាស់​សហគ្រាស ដែល​មាន​បុគ្គលិក​ជា​អ្នក​ភូមិ​ជិត​ខាង​ក្នុង​ស្រុក​ក្រគរ​ខេត្ដពោធិ៍សាត់ជាង ១០០​ នាក់ ​រូបនេះបាន​លើកឡើង​ថា ​​ក្នុង​១​ថ្ងៃសិប្បកម្ម TK&D អាច​ផលិត​ទុយោ​បាន​ច្រើន​ដែរ ដូចជា​ចូល​ប្រហែល​ជាង ១០០​ កេស​ ដោយ​ចាប់ផ្ដើម​បញ្រ្ជាប​ទៅតាម​​ទីផ្សារមួយ​ចំនួន​​បន្ដិច​ម្ដងៗ ដូចជា​ ផ្សារ​ទំនើប​ម៉ាក្រូនិង​ស្នាដៃ​ម៉ែ​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាន​ថ្លែង​ថា​៖ «ក្រសួងសូម​ថ្លែង​នូវការ​កោត​សរសើរ​​ចំពោះ​ក្រុមហ៊ុន​ នូវការ​កែច្នៃ​ផលិតផល​កែវ​ ក្រដាស បំពង់បឺត​ពីដំឡូង​ អង្ករ ជាវត្ថុ​ធាតុ​ដើម​ធម្មជាតិ ដែល​គេ​ហៅ​ថា ជីវប្លាស្ទិក ងាយ​រលាយ​ក្នុង​បរិយកាស​ និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ការ​ប្រើ​ប្រាស់​នូវ​របស់​របរ​ទាំង​នេះ​គឺធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​មាន​សុខភាព​ល្អ និងមាន​ផាសុកភាព»​។

​លោក បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ទៅលើ​ការ​ប្រើ​ប្រាស់​នូវ​ផលិតផល​ប្លាស្ទិក និងបាន​ផ្លាស់​ប្ដូរ​នូវ​ឥរិយាបថ​ចំពោះ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​តាម​រយៈ​ការ​ច្រក​ថង់​រួម​ឬ​ងាក​ទៅ​ប្រើ​ប្រាស់​នូវ​កន្ដ្រក​បរិស្ថាន ដប​ទឹក​ដែលអាច​ប្រើ​ប្រាស់​បាន​ឡើង​វិញ ដោយ​នៅ​​តាម​ភោជនីយដ្ឋាន​បាន​អនុវត្ដ​នូវ​គោលការណ៍​ (Zero Plastic) ​គឺ​មិន​មាន​ប្លាស្ទិក​នៅ​ទីនោះទេ ហើយ​សាលា​រៀន​មួយ​ចំនួន​ ក៏​បាន​ចាប់​ផ្ដើម​អនុវត្ដ​ផង​ដែរ។

លោក​​លើក​ឡើង​ថា​៖ «​យើង​ស្នើសុំ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ឥរិយាបថ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ឬ​ប្រើ​ប្រាស់​ជម្រើស​ផលិត​ផល​ផលិត​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​។ ជាក់ស្ដែង ចំពោះ​ផលិតផល​ប្រើ​ម្ដង​បោះ​ចោល ដូចជា បំពង់បឺត ត្រូវ​បាន​កាត់​បន្ថយ​នៅ​តាម​ភោជនីយដ្ឋាន​ ​ជំនួស​ដោយ​បំពង់​បឺត​ធ្វើ​ពី​ក្រដាស ឫស្សី ដើម​ស្លឹក​គ្រៃ ឬ​ថ្នក់ទឹក​ជាដើម​»។

យ៉ាងណាមិញ អ្នកស្រីសុខុម​ទទួល​ស្កាល់​ថា វាមិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយទេ ដោយសារ​សហគ្រាស​​ទើប​ចាប់ផ្ដើម​ដំណើរ​ការ​ពី​ដើម​ឆ្នាំ​ ២០២២ តិចៗ​នៅឡើយ​។

ការ​លក់​ផលិតផល​ទុយោបឺត​ធម្មជាតិ ដែល​ផលិត​ពី​អង្ករ​ ឬ​ស្រូវ​សាលី​ទាំងនេះ មិន​មែន​ជា​ផលិតផល​ប្រើ​ប្រាស់​លើក​ដំបូង​នៅ​ក្នុង​ស្រុ​កនោះ​ទេ ដោយសារ​មាន​ទំព័រ​អនឡាញ​ជា​ច្រើន​ បាន​ដាក់​លក់​វត្ថុ​ទាំង​នោះ​ជាច្រើន​។ ប៉ុន្ដែ​ទុយោបឺតនិង​ផលិតផល​ផ្សេងៗទាំង​នោះ​គឺជា​ការ​នាំ​ចូល​ពី​បរទេស​។

ដោយសារតែ​ទីផ្សារ​នៅ​មិន​ទាន់​មាន​ការ​ពេញ​និយម គួប​ផ្សំ​នឹង​ផលិតផល​មិន​ប៉ះពាល់​បរិស្ថា​ននានា​នៅ​មាន​កម្រិត​បរិមាណ​ផ្គត់​ផ្គង់​ទាប ការ​ស្វែង​រក​ទិញ​ផលិតផល​ទាំង​នេះ​ហាក់​ដូចជា​មាន​ការ​លំបាក​។

បំពង់​បឺត​ទឹក​ចម្រុះពណ៌ ធ្វើពី​ម្សៅ​អង្ករ​របស់​អ្នក​ខេត្តពោធិ៍សាត់។ រូបថត សហការី​

ជាក់ស្ដែងអ្នកស្រីស៊ីន ម៉ាឡា ដែលបាន​កុម្ម៉ង់​ផលិតផល​ទុយោបឺត​ស្មៅស្រូវ(សាលី) និង​ម្សៅ​អង្ករជា​ផលិតផល​នាំ​ចូល​ពី​បរទេស​តាម​អនឡាញមិន​ត្រូវបាន​ម្ចាស់​ផេក​ដឹក​ទំនិញ​ឱ្យ​នោះទេ​។

អ្នកស្រីបាន​ឱ្យ​ដឹង​ថា​៖ «​វា​ប្រហែល​ដោយសារ​ផលិតផល​មា​នតិច​ ការ​កុម្ម៉ង់​ច្រើន​ អ្នក​លក់​ដឹក​មិន​ទាន់​ឬយ៉ាង​ណា​។ ប៉ុន្ដែ​កាល​ខ្ញុំ​កុម្ម៉ង់​នោះទុយោបឺតធម្មជាតិ​១០០​ដើម​មាន​តម្លៃ ៥​ដុល្លារ​ តែ​ឥឡូវ​មាន​តម្លៃត្រឹមតែ ២ ទៅ ៣​ដុល្លារ​ប៉ុណ្ណោះ​»។

ចំពោះ​ផលិតផល​ក្នុ​ង​ស្រុក​នៅ​សហគ្រាស​ TK&Dទុយោបឺត​អង្ករ ដំឡូង ពោត ឬ​ការ៉ុតមាន​តម្លៃលក់​រាយ ១ម៉ឺន​រៀល​ក្នុង​១​កញ្ចប់​ដែលមាន​ទុយោ ៥០​ដើម​។

រំឭក​ដល់​ការ​គាំទ្រ​ និង​ការ​បង្ហោះ​ផលិតផលរបស់​ខ្លួន​ នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​រដ្ឋមន្ដ្រីបរិស្ថាន អ្នកស្រី សុខុម មានការ​សប្បាយ​រីករាយ និង​មាន​កម្លាំង​ចិត្ដ​ក្នុង​ការ​បន្ដ​កិច្ចការ​ចូលរួម​ចំណែក​ជួយ​បរិស្ថាន​បន្ដ​ទៀត​។

អ្នកស្រី បានថ្លែង​​​ចំពោះការ​គាំទ្រ​ពី​សំណាក់រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថានថា៖​ «ខ្ញុំមាន​អារម្មណ៍​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ពេល​​ឃើញ​រដ្ឋមន្ដ្រី​ គាត់​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​តាម​រយៈ​ការ​ចែករំលែក​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។ គាត់បាន​​ណែនាំ​​ដល់​អគ្គរាជទូត​ជប៉ុន ​ដល់​ផលិតផល​ទុយោ​បឺត​មិនប្រើ​ប្លាស្ទិក​របស់​ខ្មែរ​យើង​»៕ ​