រូបថត​សិល្បៈ​បង្កប់​រឿងរ៉ាវ​ដែល​មនុស្ស​តិចតួច​បាន​ដឹង​អំពី​ជីវិត​ជនភៀសខ្លួន​ខ្មែរ​នៅ​ជប៉ុន​នឹងត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ «​រស់រាន​» ជំពូក​ ៤ (ALIVE IV) ឯ​ទីក្រុង​តូក្យូ និង​ក្រុង​យូកូហាម៉ា នៅ​ខែសីហា និង​កញ្ញា​។

ស្ថិតក្នុង​ចំណោម​ស្នាដៃ​ទាំងនោះ អ្នក​ថតរូប​បែប​សិល្បៈ គឹម ហាក់ បាន​ផ្ដិត​យក​រូបភាព​កាសែត​ចម្រៀង​ពី​ជំរំ​ជន​ភៀសខ្លួន និង​លិខិត​ឆ្លងដែន​ពី​ជាង​ ៤០​ ឆ្នាំមុន ជា​របស់របរ​បរិយាយ​រឿងរ៉ាវ​ការចងចាំ​នៃ​គ្រួសារ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ការងារ​គម្រោង ALIVE (​រស់រាន​) ​ទាក់ទង​ជាមួយ​អនុស្សាវរីយ៍​របស់​ប្រជាជន​ខ្មែរ​យើង ដែល​គាត់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម ដោយ​ផ្ដោតលើ​វត្ថុ​របស់របរ​»​។ កើត​នៅ​ខេត្ត​បាត់ដំបង ២ ​ឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​ដួលរលំ លោក គឹម ហាក់ បាន​ស្ដាប់​គ្រួសារ​ដំណាល​ប្រាប់​ពី​រឿងរ៉ាវ​របប​​វាលពិឃាត និង​មាន​អារម្មណ៍​ដិតដាម​ជាប់​តាំងពី​កុមារភាព​។

លោក​បាន​វិវឌ្ឍ​ខ្លួន​ចេញពី​អាជីព​វិស័យ​ទេសចរណ៍​មក​ចាប់​ក្រេប​ចំណេះដឹង​អាជីព​ថតរូប​ទាំង​ក្នុងស្រុក និង​នៅ​ប្រទេស​តំបន់​អាស៊ាន​ក្នុង​បំណង​លើក​កម្ពស់​ការយល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កំណើត​។

លោក​បានចាប់ផ្ដើម​គម្រោង «​រស់រាន​» លើកដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៤ រួច​បន្ត​ជំពូក​ទី​ ២ នៅ​អូស្ត្រាលី ក្នុង​ឆ្នាំ​ ២០១៥ និង​ជំពូក​ទី​ ៣ នៅ​នូវែលសេឡង់​ក្នុង​ឆ្នាំ​ ២០១៨ ដោយ​ធ្វើ​កិច្ចការ​ជាមួយ​ប្រជាជន​ខ្មែរ​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស​។ ក្រោយពី​មានការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (Japan Foundation Asia Centre) ក្នុង​ឆ្នាំ ២០២០ លោក​បាន​ចំណាយពេល ៣ ​ខែ សិក្សា​ស្រាវជ្រាវ​ពី​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដោយសារ​លោក​មាន​បទពិសោធ​សហការ​ជាមួយ​ក្រុម​សិល្បៈ​នៅ​ជប៉ុន​ចំនួន ៥-៦ ​ដង​ហើយ តែ​លោក​ពុំដែល​ជួប​ខ្មែរ​ទាល់​តែសោះ​។

លោក គឹម ហាក់ លើកឡើង​ថា​៖ «​ពេល​យើង​និយាយ​ពី​ជនភៀសខ្លួន គាត់​ជ្រើសរើស​ប្រទេស ​៣ ​ដំបូង​គេ​មាន អាមេរិក អូស្ត្រាលី និង​បារាំង ហើយ​យើង​កម្រឮ​នៅ​នូវែលសេឡង់ ឬ​ជប៉ុន​។ បើ​ជប៉ុន​យើង​សឹងតែ​អត់​ឮ​ទាល់តែ​សោះ អាហ្នឹង​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​ធ្វើ​នៅ​ប្រទេស​ជប៉ុន​»​។

យោងតាម​របាយការណ៍​ពី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ចន្លោះ​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ ១៩៩៧ ប្រទេស​ជប៉ុន ទទួល​បាន​ជនភៀសខ្លួន​ចំនួន ១ ២២៣ នាក់​ពី​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ជនភៀសខ្លួន ១០ ៧២៧ ​នាក់ ​ពី​ប្រទេស​នៅ​ឥណ្ឌូចិន​។ អ្នក​ថតរូប​បែប​សិល្បៈ​រូបនេះ​បាន​និយាយ​ទៀត​ថា​៖ «​ហ្នឹង​ជា​មូលហេតុ​ដែល​ខ្ញុំ​សួរ​សំណួរ​ខ្លួនឯង​ថា នៅ​ប្រទេស​ជប៉ុន​ហ្នឹង​មាន​ខ្មែរ​ឬ​អត់​? ខ្ញុំ​ក៏​ធ្វើការ​ស្រាវជ្រាវ​មុននឹង​ខ្ញុំ​ធ្វើ​គម្រោង​ហ្នឹង ដោយ​ចាប់ផ្ដើម​ជួប​ខ្មែរ​យើង​ខ្លះៗ​»​។

គម្រោង «​រស់រាន​» ជំពូក​ទី​ ៤ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន ដោយ​លោក​បាន​ជ្រើសរើស​តំបន់​ដែលមាន​ខ្មែរ​រស់នៅ​ច្រើន គឺ​ខេត្ត​កាណាហ្គាវ៉ា ក្រុង​តូក្យូ និង​ខេត្ត​សៃតាម៉ា​។ លោក​បាន​ទៅ​ជួប​ខ្មែរ​ចំនួន​ ១២​ គ្រួសារ ដើម្បី​ជជែក ស្ដាប់​រឿងរ៉ាវ និង​ផ្ដិត​យក​រូបភាព​ឯកសារ​ពី​វត្ថុ​ពាក់ព័ន្ធ​នឹង​ខ្សែជីវិត​តស៊ូ​យ៉ាង​រឹងមាំ​ហែល​ឆ្លង​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់​។ លោក គឹម ហាក់ បាន​និយាយ​ថា​៖ «​ប្រទេស​ជប៉ុន ខ្ញុំ​ផ្ដោត​រាង​ផ្សេង​បន្តិច​ទៅលើ​អតីត​និស្សិត​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន ហើយ​នៅពេល​ដែល​របប​ខ្មែរក្រហម​ហ្នឹង​កើតឡើង គាត់​ជាប់គាំង​នៅ​ទីនោះ​»​។

លោក​បាន​លើកឡើង​ថា ប្រធានបទ​ពី​ជនរងគ្រោះ សម័យ​ខ្មែរក្រហម​ភាគច្រើន​សំដៅលើ​អ្នកមាន​បទពិសោធ​ឆ្លងកាត់​របប​នោះ​តែម្ដង ខណៈ​ដែល​និស្សិត​ជាប់គាំង​នៅក្រៅ​ប្រទេស​ក៏បាន​ប្រឈម​នឹង​ការព្រាត់ប្រាស់​ក្រុម​គ្រួសារ​មាន​បញ្ហា​ផ្លូវចិត្ត និង​អនាគត​ដ៏ស្រពេច​ស្រពិល​។

លោក​និយាយ​ថា​៖ «​នៅពេល​គាត់​ទៅ​រៀន គាត់​រំពឹង​ថា ត្រឡប់មក​ប្រទេស​កំណើត​វិញ​ នៅពេល​រៀន​ចប់ ប៉ុន្តែ​មាន​សម័យ​ខ្មែរក្រហម​កើតឡើង​អ៊ីចឹង គាត់​អត់​អាច​ត្រឡប់​មក​វិញ​បាន​។ គាត់​បាត់បង់​សមាជិក​គ្រួសារ​អត់​ដឹង​មូលហេតុ អត់ដឹង​ទៅណា​ទៅ​ណី មួយ​ទៀត​គាត់​ប្រឈម​នឹង​វិបត្តិ​ផ្លូវចិត្ត​»​។ ក្នុងពេល​បំពេញ​កិច្ចការ​ស្រាវជ្រាវ លោក​ក៏បាន​ជួប​ជជែក និង​ថតរូប​ជុំ​គ្រួសារ​អតីតជន​ភៀសខ្លួន​ខ្មែរ​ដំបូង​គេ​ដែល​បាន​ទៅដល់​ប្រទេស​ជប៉ុន​ ក្រោយ​សម័យ​ខ្មែរក្រហម​។ លោក​បាន​រៀបរាប់​ពី​អារម្មណ៍​ក្រោយ​បញ្ចប់​កិច្ចការ​នេះ​ថា​៖ «១ ​ឆ្នាំកន្លងមក មាន​សមាជិក​គ្រួសារ​គាត់​ម្នាក់​ស្លាប់​។ អ៊ីចឹង​វា​ហាក់បី​ដូចជា​មាន​អ្វី​ដិតដាម​សម្រាប់​ខ្ញុំ​»​។

ដោយសារ​គម្រោង «​រស់រាន​» បាន​បន្ត​ដល់​ជំពូក​ទី​ ៤ ម្ចាស់​ស្នាដៃ​ព្យាយាម​រក​របស់របរ​រឿងរ៉ាវ​ប្លែកៗ​ពី​ជំពូក ១​ ទៅ​ជំពូក​ ១​។ ក្នុង​ដំណើរ​ភៀសខ្លួន​មក​ទឹកដី​ជប៉ុន​ របស់របរ​ដូចជា​នាឡិកា​ដៃ រូបថត​គ្រួសារ និង​ក្រវិល ដើរតួ​ជា​នាវា​ដឹកនាំ​ការចងចាំ​ពី​មាតុភូមិ​កំណើត​មក​ប្រទេស​ថ្មី​មួយទៀត​។ លោក គឹម ហាក់ និយាយ​ថា​៖ «​យើង​ព្យាយាម​រក​របស់​ណា​ដែល​យើង​អត់​ទាន់​បាន​ស្រាវជ្រាវ អត់​ទាន់​បាន​ចងក្រង ដូចជា​កាសែត​ចម្រៀង ដោយសារ​ខ្ញុំ​ដឹងថា ក្នុង​សម័យ​ខ្មែរក្រហម គេ​អត់ឱ្យ​ស្ដាប់​ចម្រៀង​សោះ​ហើយ​សិល្បករ​ផ្នែក​តន្ត្រី​បាន​បាត់បង់ និង​ស្លាប់​ច្រើន​»​។

ដោយសារ​មនុស្ស​នៅតែ​ត្រូវការ​តន្ត្រី ដូច្នេះ​គ្រួសារ​មួយ​បាន​ថត​ចម្រៀង​លក់​ឱ្យ​ជនជាតិ​ខ្មែរ​នៅ​ជំរំ​ជនភៀសខ្លួន​។ កាសែត​ចម្រៀង​ទាំងនោះ​ក៏ត្រូវ​បាន​ពួកគេ​វេច​យក​ទៅ​តាម​ខ្លួន ក្នុង​ដំណើរ​ចាកចេញ​ពី​ជំរំ​ទៅកាន់​ប្រទេស​ទី​ ៣​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ដល់ពេល​គាត់​យក​ទៅ​ដល់​ប្រទេស​ជប៉ុន គាត់​អត់​អាច​រកស៊ី ធ្វើ​អាជីវកម្ម​អ្វី​ទៀត​បានទេ​។ អ៊ីចឹង​កាសែត​ចម្រៀង​ហ្នឹង​វា​លែង​មានន័យ ប៉ុន្តែ​គាត់​នៅ​តែ​រក្សាទុក​»​។ នៅមាន​របស់របរ​អស់​សុពលភាព​ផ្សេងទៀត​ ដែល​គ្រួសារ​ខ្មែរ​ថែរក្សា​ទុក​នៅ​ប្រទេស​ជប៉ុន ដូចជា​លិខិត​ឆ្លងដែន​សម័យ​លន់នល់​ជាដើម​។

អ្នក​ថតរូប​បែប​សិល្បៈ​រូបនេះ​និយាយ​ថា​៖ «​លិខិត​ឆ្លងដែន​គាត់​លែង​ប្រើការ​បាន​ហើយ ប៉ុន្តែ​គាត់​នៅតែ​រក្សាទុក ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​របស់​គាត់​»​។ របស់របរ​ទាំងនេះ​នឹង​រំលេច​ក្នុង​ពិព័រណ៍ «​រស់រាន​» ជំពូក​ ៤ ដែល​គាំទ្រ​ដោយ​មូលនិធិ​នូវែលសេឡង់ Rei Foundation Limited ក្នុង​បំណង​រំលេច​នូវ​ភាព​សំខាន់​នៃ​ការចែករំលែក​ការចងចាំ​ពី​អតីតកាល និង​ផ្សារភ្ជាប់​ទៅ​អនាគតកាល​។

ពិព័រណ៍​នេះ ក៏​ផ្ដល់​ឱកាស​ដល់​កូន​ខ្មែរ​នៅ​ជប៉ុន​ចូលរួម​សន្ទនា​ពី​ប្រវត្តិសាស្ត្រ​បន្ត​ជំនាន់ ក៏ដូចជា​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​គ្រប់​ជាតិ​សាសន៍​ស្វែងយល់ និង​ទទួល​គ្នា​ទៅវិញ​ទៅមក​ដោយ​ពុំមាន​របាំង​វប្បធម៌​។ លោក គឹម ហាក់ បាន​សម្គាល់​ថា​៖ «​ខ្មែរ​មាន​អត្តសញ្ញាណ​ផ្ទាល់ ភាសា ម្ហូបអាហារ សម្លៀកបំពាក់ ជាដើម​។ ប៉ុន្តែ​ប្រទេស​ដែល​គាត់​ទៅ​រស់នៅ​គាត់​ក៏​ទទួល​យក​វប្បធម៌​របស់​ប្រទេស​ហ្នឹង​ដែរ ដូចជា ទម្លាប់​ដែល​គាត់​រស់នៅ និង​វប្បធម៌​ខ្មែរ​រស់នៅ​ជប៉ុន​ស្រដៀង​ជប៉ុន​អ៊ីចឹងទៅ​»​។

ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៩ ដល់ ២៨ ខែសីហា ឆ្នាំ​ ២០២២ នៅ Spiral Garden (Spiral 1F) ទីក្រុង​តូក្យូ និង​ពី​ថ្ងៃទី​ ៩ ដល់​ ២៥ ខែកញ្ញា នៅ Elevated Studio Site-A Gallery ទីក្រុង​យូកូហាម៉ា ជាមួយ​វត្តមាន​ម្ចាស់​ស្នាដៃ​ទៅ​ចូលរួម​បើក​សម្ពោធ​ផងដែរ​។

ការធ្វើ​ពិព័រណ៍​នៅ​ ២​ ទីតាំង​ខុសគ្នា​ត្រូវបាន​លោក​លើក​ហេតុផល​ថា​៖ «​នៅ​ទីក្រុង​តូក្យូ​យើង​ចង់ឱ្យ​សហគមន៍​ជប៉ុន គាត់​បាន​ឃើញ បាន​ដឹងឮ​ពី​សហគមន៍​ខ្មែរ​នៅ​ទីនោះ ហើយ​យើង​សម្រេច​ចិត្ត​ថា​ធ្វើ​នៅ​ខេត្ត​កាណាហ្គាវ៉ា ដោយសារ​វា​កៀក​ហ្នឹង​សហគមន៍​ខ្មែរ​ដែល​គាត់​នៅ​ហ្នឹង នៅ​ក្រុង​យូកូហាម៉ា​»​។ លោក​បន្តថា​៖ «​យើង​នឹង​អញ្ជើញ​ពួកគាត់ [​ក្រុមគ្រួសារ​ខ្មែរ​នៅ​ជប៉ុន​] សំខាន់ ដោយសារ​អាហ្នឹង​វា​ជា​ការ​គោរព​ដល់​ពួកគាត់​ដែរ យើង​អញ្ជើញ​​ពួកគាត់​មក​ចូលរួម​ឱ្យបាន​ច្រើន​បំផុត​នៅ​ថ្ងៃ​សម្ពោធ​ការតាំង​ពិព័រណ៍​ហ្នឹង​»​។

បន្ថែម​ពីលើ​ការតាំង​ស្នាដៃ​រូបថត​សិល្បៈ សៀវភៅ​ពី​គម្រោង «​រស់រាន​» ជំពូក​ទី​ ៤ ក៏​គ្រោង​នឹង​សម្រេចការ​បោះពុម្ព​ជា ៣ ភាសា ជប៉ុន ខ្មែរ និង​អង់គ្លេស ក្នុង​ពេល​ដំណាលគ្នា​ដែរ​។ ដោយសារ​ស្នាដៃ​សៀវភៅ «​រស់រាន​» ជំពូក​ទី​ ៣ របស់លោក​ត្រូវបាន​ទិញ​សិទ្ធិ​ ដោយសារ​មន្ទីរ​សង្គ្រាម​ក្រុង​អ៊កលែន និង​រក្សា​ទុកជា​ធនធាន​សំខាន់​សម្រាប់​ពលរដ្ឋ​ជំនាន់​ក្រោយ លោក គឹម ហាក់ បាន​ប្រាប់ថា​៖ «​ដល់ពេល​ខ្ញុំ​ធ្វើ​គម្រោង «​រស់រាន​» ជំពូក​ទី​ ៤ ខាង​ជប៉ុន​គេ​សុំឱ្យ​បោះពុម្ព​ដែរ អ៊ីចឹង​យើង​ក៏​ចាប់ផ្ដើម​បោះពុម្ព​ដែរ​»​។

សៀវភៅ​ជំពូក​ទី​ ៤ មាន​ចំនួន ២៦៤ ទំព័រ ដោយ​ផ្ដោតលើ​រូបថត​ក្រុមគ្រួសារ​នៅ​ប្រទេស​ជប៉ុន​ជាង ៤០ ​រូប និង​រូបភាព​ពី​ជំពូក​ទី​ ៣ ​ខ្លះ ដើម្បី​ធ្វើជា​ស្ពាន​ភ្ជាប់​ពី​ជំពូក​ ១ ​ទៅ​ជំពូក​ ១​។ តាម​ធម្មតា ជា​រៀងរាល់ពេល​ដែល​លោក គឹម ហាក់ ធ្វើ​​ពិព័រណ៍​នៅ​បរទេស លោក​តែងតែ​ព្យាយាម​នាំយក​ស្នាដៃ​របស់លោក​មក​ដាក់​តាំងនៅ​ប្រទេស​កម្ពុជា​។ លោក​ថា​៖ «​ដូចជា ជំពូក​ ៣ បន្ទាប់ពី​ធ្វើ​ពិព័រណ៍​នៅ​នូវែលសេឡង់​ហើយ ខ្ញុំ​បាន​យក​មក​តាំងនៅ​ស្រុក​ខ្មែរ កាល​ហ្នឹង​តាំងនៅ​មជ្ឈមណ្ឌល​បុប្ផាណា​។ ប៉ុន្តែ​សម្រាប់​ជំពូក​ ៤ ឱ្យ​កិច្ចការ​នៅ​ប្រទេស​ជប៉ុន​ចប់​ស្រួលបួល​សិន ចាំ​គ្រោង​បន្តទៀត​»​។

អ្នក​ថតរូប​បែប​សិល្បៈ​រូបនេះ​បានឱ្យ​ដឹងថា​៖ «​គម្រោង​របស់ខ្ញុំ​ត្រូវ​ធ្វើ​ឱ្យបាន​យ៉ាងហោច ៧ ​ជំពូក​។ ជំពូក​ទី​ ៥ នៅ​អឺរ៉ុប យើង​ជ្រើសរើស​ប្រទេស​ណាមួយ​មក​ធ្វើ ១ ឬ​ ២ ​តំណាងឱ្យ​អឺរ៉ុប យើង​អត់​អាច​ធ្វើ​ទាំងអស់​បានទេ​។ សម្រាប់​ជំពូក​ទី​ ៦ នៅ​អាមេរិក និង​ជំពូក​ទី​ ៧​ នៅ​កាដាណា​។ នៅពេលដែល​យើង​ចប់​បាន​យើង​ធ្វើ​កិច្ចការ​នៅ​សៀវភៅ​ធំ​តែម្ដង​»៕