ភ្នំពេញៈ ដោយ​សារ​មើល​ឃើញ​កង្វះ​ខាត​ នៃ​ធនធាន​មនុស្ស​ផ្នែក​ឧស្សាហកម្ម​ភាពយន្ត​ និង​ចង់​បំពេញ​តម្រូវការ​អ្នក​ចាប់​អារម្មណ៍​លើ​វិស័យ​ផលិត​ភាពយន្ត​ខ្មែរ​នោះ​ ទើប​ក្រុម​ផលិតករ​ជំនាញ​ភាពយន្ត​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ផលិត​ភាពយន្ត​ខ្នាត​ខ្លី ​ដែល​មាន​រយៈពេល​ ៤ ខែ។

វគ្គ​សិក្សា​ផលិត​ភាពយន្ត​ខ្លីនេះ​ នឹង​ចាប់​ផ្តើម​ចូល​រៀន​នៅ​ថ្ងៃ​ទី ១៣ ​ខែសីហា ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៧​ ខែ វិច្ឆិកា ​ឆ្នាំ​ ២០២២​ ដែល​រៀបចំ​ឡើង​ ដោយ​ក្រុម​ផលិតករ​ជំនាញ​ភាពយន្ត​ នៃ​វិទ្យាស្ថាន​ជំនាញ​កម្ពុជា​ (PIC) ​ដោយ​សហការ​ជាមួយ​ដេប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍ ​(DMC)​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ លើក​ដំបូង​នេះ​ សិក្ខាកាម​ អាច​នឹង​ទទួល​បាន​វិញ្ញា​បនបត្រ​បញ្ជាក់​ការសិក្សា​ និង​យល់​ដឹង​ពី​ជំនាញ​បច្ចេកទេស​មួយចំនួន​ក្នុង​វិស័យ​ផលិត​ភាពយន្ត​ រួមមាន​ ជំនាញ​សរសេរ​អត្ថបទ​ភាព​យន្ត​ខ្លី​ ជំនាញ​គ្រប់គ្រង​ការផលិត​ ជំនាញ​ដឹក​នាំ​រឿង ​បច្ចេកទេស​កាមេរ៉ា ​បច្ចេកទេស​ពន្លឺ ​បច្ចេកទេស​កាត់ត​ភាពយន្ត​ និង​កែ​ពណ៌​ និង​ការផលិត​ភាពយន្ត​ខ្នាត​ខ្លី​ផ្ទាល់​ខ្លួន​រួម​គ្នា​មួយ​ក្រោយ​ពី​ចប់​វគ្គ​។​ នេះ​បើ​តាម​លោក​អ៊ុង ប៊ុនអ៊ី​ ជាគ្រូបណ្តុះ​បណ្តាល​សម្រាប់​វគ្គ​សិក្សា​ការផលិត​ភាពយន្ត​ខ្នាតខ្លី​លើ​ជំនាញ​គ្រប់​គ្រង​ការផលិត ​នៃ​វិទ្យាស្ថាន​ជំនាញ​កម្ពុជា​(PIC)​ថ្មី​ៗ​នេះ។​​​

លោក​ អ៊ុង ប៊ុនអ៊ី ​មាន​បទពិសោធ​ជាង​ ១០ ឆ្នាំ​ លើ​ការបណ្តុះបណ្តាល​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និង​ជាអ្នកជំនាញ​ផ្នែក​ផលិត​វីដេអូ ​កម្មវិធី​ទូរទស្សន៍ ​ភាពយន្ត​ឯកសារ​ និង​ភាពយន្ត​ខ្នាតខ្លី​តាំង​ពី​ឆ្នាំ​ ២០០៨​ មក។ លោក​ប៊ុនអ៊ី ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​ផ្នែក​សារព័ត៌មាន​អន្តរជាតិ ​ពី​សាកល​វិទ្យាល័យ ​Hong Kong Baptist​ និង​ទទួល​បាន​វិញ្ញា​បនបត្រ​វិជ្ជាជីវៈ​ផ្នែក​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ ​ប្រទេស​អាល្លឺម៉ង់។​

លោក​ប្រាប់ពី​គោល​បំណង​បើក​វគ្គ​បណ្តុះ​បណ្តាល​ និង​លក្ខខណ្ឌ​ចូល​រៀន ​របស់​សិក្ខាកាម​ថា​៖ «ដោយសារ​បាន​មើល​ឃើញ​ពី​ភាព​ខ្វះខាត​នៃ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឧស្សា​ហកម្ម​ភាពយន្ត​ខ្មែរ​នោះ​ ទើប​ក្រុម​យើងបាន​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ជា​លើក​ដំបូង​ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ជាក់​ស្តែង​របស់​អ្នក​និយម​ស្រឡាញ់​ ឬ​ចាប់​អារម្មណ៍​លើ​វិស័យ​ភាពយន្ត​ដែល​ត្រូវការ​សិក្សា​រយៈពេល​ខ្លី​ តែ​ទទួល​បាន​ចំណេះ​ជំនាញ​អាច​ប្រែក្លាយ​ខ្លួនឯង​ទៅ​ជា​អ្នកផលិត​ភាពយន្ត​ខ្នាត​ខ្លី​បាន»។​

លោក​ប៊ុន​អ៊ី​ ឱ្យ​ដឹង​ថា​៖«វគ្គ​សិក្សា​នេះ ​យើង​បើក​ទូលាយ​ទៅ​ដល់​សាធារណជន​ សិស្ស​ និង​និស្សិត​ចូលរៀន។​ យើង​នឹង​ទទួល​យក​ចំនួន​ត្រឹម​ចន្លោះ​ពី ​១៥ ​ទៅ ​២០ នាក់​ប៉ុណ្ណោះ​ សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​១វគ្គៗ។ ចំពោះ​វគ្គ​ដំបូង​នេះ ​យើង​នឹង​ចាប់​ផ្តើមចូល​រៀន​នៅ​ថ្ងៃ​ទី ១៣​ ខែ​សីហា ​រហូតដល់​ថ្ងៃ​ទី ២៧​ ខែ វិច្ចិកា ​ឆ្នាំ​ ២០២២ ​ក្នុង​តម្លៃ​សិក្សា​ម្នាក់​ចំនួន​ ៤៩៥ ដុល្លារ។ ហើយ​សិក្ខាកាម​អាច​ទំនាក់​ទំនង​ចុះឈ្មោះ​បាន​តាម​លេខ​ទូរស័ព្ទ​ 012 502 836/015 456767»។​

លោក​ អ៊ឹង ប៊ុនអ៊ី ​ក៏​បាន​បន្ថែម​ដែរ​ថា ​ខាង​សាលា​ក៏​មាន​ការបញ្ចុះ​តម្លៃ​ សម្រាប់​ការចុះ​ឈ្មោះ​រួមគ្នា​ជា​ក្រុម ​ដូចជា​ ក្រុម​មាន​ចំនួន ​៣ នាក់ ​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ ១៥ ភាគរយ ​និង​ក្រុម​ចំនួន​៥នាក់ ​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ ២០ ភាគរយ​។ ហើយ​ដើម្បី​លើក​ទឹកចិត្ត​ស្រ្តី​ក្នុង​វិស័យ​ភាពយន្ត​ សាលា​ក៏​មាន​ការបញ្ចុះ​តម្លៃ​ពិសេស ​សម្រាប់​សិស្សស្រី​ចំនួន​ ២០​ ភាគរយ។

សម្រាប់​ការសិក្សា​វគ្គ​ផលិត​ភាពយន្ត​ខ្នាតខ្លី​នេះ ​ស្ថិត​ក្រោម​ការបណ្តុះ​បណ្តាល ​របស់​ក្រុម​គ្រូបង្រៀន​ សុទ្ធតែជា​អ្នកជំនាញ​ផ្នែក​ភាពយន្ត ​និង​វីដេអូ​ផ្ទាល់​ ដែល​បាន​បញ្ចប់​ការសិក្សា ​និង​ធ្លាប់ទទួល​បាន​ការបណ្តុះបណ្តាល​ពី​សាកល​វិទ្យាល័យ​ល្បីៗ​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ និង​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ភាពយន្ត។​​

លោក​ ញ៉ែម ពិសិដ្ឋ ​ជា​គ្រូបណ្តុះបណ្តាល​ម្នាក់​លើ​ជំនាញ​ដឹកនាំ​រឿង ​ហើយ​បច្ចុប្បន្ន ​លោក​ពិសិដ្ឋ​ ជា​គ្រូ​ផ្នែក​ផលិត​វីដេអូ​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជាអ្នក​ដឹកនាំ​រឿង​ឯករាជ្យ​សម្រាប់​ភាពយន្ត​ខ្នាតខ្នី ​ភាពយន្ត​ឯកសារ ​វីដេអូ​ផ្សព្វផ្សាយ​ និង​មាន​បទពិសោធ​លើ​វិស័យ​នេះ​តាំង​ពី​ឆ្នាំ ២០១៣។ លោក​ ពិសិដ្ឋ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពីសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​​

កញ្ញា​ សុធា អ៊ីណេស ​គ្រូបណ្តុះ​បណ្តាល​លើ​ជំនាញ​និពន្ធ​អត្ថបទ​ភាពយន្ត ​ដែល​បច្ចុប្បន្ន ​កញ្ញា​ជា​គ្រូផ្នែក​ផលិត​វីដេអូ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជាផលិតករ​ភាពយន្ត​ឯករាជ្យ។ កញ្ញា​មាន​បទពិសោធ​ផ្នែក​ផលិត​ភាពយន្ត ​ដឹក​នាំ​រឿង​ និង​និពន្ធ​អត្ថបទ​ភាពយន្ត ​តាំង​ពី​ឆ្នាំ​ ២០១១​។ កញ្ញា​ អ៊ីណេស ​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​​

លោក ​មុនី កណ្ណដារង្គ ​ជាគ្រូបណ្តុះ​បណ្តាល​ម្នាក់​លើ​ជំនាញ​ដឹក​នាំរឿង។ ​បច្ចុប្បន្ន​លោក ​ជា​អ្នក​ដឹកនាំ​រឿង​ឯករាជ្យ​ សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី ​និង​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​និង​មាន​បទពិសោធ​ក្នុង​វិស័យ​នេះ​តាំង​ពី​ឆ្នាំ​២០១២​។ លោក​កណ្ណ​ដារង្គ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ភាពយន្ត ​និង​វីដេអូ ​ពី​សាកលវិទ្យាល័យ ​Dongseo ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក​ ហ៊ីម ធីដេត ​ជា​គ្រូ​បណ្តុះ​បណ្តាល​លើ​ជំនាញ​ Cinematography ​និង​បច្ចេក​ទេស​កាត់ត​ភាពយន្ត។ បច្ចុប្បន្ន​លោក​ជាអ្នក ​Cinematographer ​និង​អ្នកកាត់ត​ ​សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​ ភាពយន្ត​ខ្នាត​វែង​ វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ លោក​មាន​បទពិសោធ​ក្នុង​វិស័យ​នេះ​ពី​ឆ្នាំ​ ២០១៧​ មក។ លោក​ធីដេត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ​Cinematography ​ពី​សាកល​វិទ្យាល័យ ​Dongseo ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​​

ប្រធាន​នាយកដ្ឋាន​ភាពយន្ត ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​លោក​ ប៉ុក បូរក្ស ​បាន​សម្តែង​ការសាទរ ​និង​គាំទ្រ​ចំពោះ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​វគ្គ​ខ្លី​ នៃ​ការផលិត​ភាពយន្ត​ខ្នាតខ្លី​នេះ​ផង​ដែរ​ ព្រោះថា​ សកម្មភាព​នេះ​ គឺ​ជា​ការចូល​រួម​ចំណែក​ក្នុង​ការបណ្តុះ​ធនធាន​មនុស្ស​ផ្នែក​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា។​

លោក ​បូរក្ស ​បញ្ជាក់​ថា​៖ «ទោះបី​នេះ ​គឺ​ជា​វគ្គ​សិក្សា​រយៈពេល​ខ្លី ​មិន​ដូចជា​ការបណ្តុះ​បណ្តាល​បែប​កម្រិត​ឆ្នាំ​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ផ្សេងៗ​ទៀត​ក្តី​ ក៏​វគ្គសិក្សា​នេះ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការបណ្តុះ​ធនធាន​មនុស្ស​លើ​វិស័យ​ភាពយន្ត​ខ្មែរ»។

លោក​បន្ថែមថា​៖ «ការពិត​ទៅ​សម្រាប់​ធនធាន ​នៃ​វិស័យ​ភាពយន្ត​នេះ ​ក៏​ពិបាក​ក្នុង​ការបណ្តុះបណ្តាល​ផង​ដែរ ​គឺ​ទាមទារ​ឱ្យ​សិក្ខាកាម​មាន​ទេព​កោសល្យ ​និង​ស្រឡាញ់​ចូល​ចិត្ត​ផ្នែក​នេះ​ខ្លាំង​ ទើប​អាច​ក្លាយជា​គ្រាប់​ពូជ​បន្ត​ទៅ​ថ្ងៃ​មុខ។​ យើង​ពិត​ជា​គាំទ្រ ​និង​កោត​សរសើរ​ក្រុម​ផលិតករ​នៃ​វិទ្យាស្ថាន​ជំនាញ​កម្ពុជា ​(PIC)​ ដែល​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង ​សម្រាប់​បណ្តុះ ​និង​បង្កើត​ធនធាន​មនុស្ស​លើ​វិស័យ​ភាពយន្ត»៕​