The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាស្ដ្រាចារ្យ​ខ្មែរ​ម្នាក់ ប្រមែប្រមូល​វត្ថុ​ចាស់ៗ​ និង​លក់​ចែក​ឱ្យ​អ្នក​ស្រឡាញ់​សម្ភារ​សម័យ​មុន

សាស្ដ្រាចារ្យ​ខ្មែរ​ម្នាក់ ប្រមែប្រមូល​វត្ថុ​ចាស់ៗ​ និង​លក់​ចែក​ឱ្យ​អ្នក​ស្រឡាញ់​សម្ភារ​សម័យ​មុន

Content image - Phnom Penh Post
លោក មឿង ផាន់នី លើកបង្ហាញ​វត្ថុ​ចាស់​ៗ​តាំងពី​ ២ ​ទសវត្សរ៍មុន។ ហុង មិនា

សាស្ដ្រាចារ្យ​ខ្មែរ​ម្នាក់ ប្រមែប្រមូល​វត្ថុ​ចាស់ៗ​ និង​លក់​ចែក​ឱ្យ​អ្នក​ស្រឡាញ់​សម្ភារ​សម័យ​មុន

ភ្នំពេញ: ផ្ដើម​ពី​ការ​រក្សា​ទុក​នូវ​ឆ្នាំង​ខ្វាន់​បុរាណ​ខ្មែរ​អាយុ​កាល​ជាង​ ១០០​ ឆ្នាំ ដែល​លោក មឿង ផាន់នី ខិត​ខំ​លុកលុយ​ទៅ​ដល់​ភូមិ​ឋាន​ដាច់​ស្រយាល​នៃ​ស្រុក​កំពង់​ត្របែក ​ខេត្ដ​ព្រៃវែង​ ដើម្បី​សុំ​ចែក​ទិញ​វត្ថុ​កេរដូនតា​របស់​គ្រួសារ​ ១ ​កាល​ពី​ជាង ១០​​ ឆ្នាំ​មុន ហើយ​លោក​នៅ​តែ​បន្ដ​ប្រមែប្រមូល​វត្ថុ​ចាស់ៗ​រហូត​ដល់​សព្វ​ថ្ងៃ​​។

ជាមួយចំណូលចិត្ដ​រក្សា​ទុក​វត្ថុ​ចាស់​ៗ​តាំងពី​ ២​ ទសវត្សរ៍មុន លោក ផាន់នី នៅ​ខ្វះ​លទ្ធភាព​រហូត​ដល់​អំឡុង​ឆ្នាំ​ ២០​១០ និង​ឆ្នាំ​ ២០១១ លោក​ចាប់​ផ្ដើម​ដាក់​ចិត្ដ​ដាក់​កាយ​ប្រមែប្រមូលវត្ថុ​សម័យ​ដើម​តាំងពី​ផលិតផល​ក្នុង​ស្រុករហូ​ត​ដល់​សម្ភារ​នៅ​បរទេស ដែល​ធ្លាប់​មាន​ប្រើ​ប្រាស់​ក្នុង​សម័យ​អាណានិគមន៍​និយម​បារាំង​។

ចាប់​ពី​វិទ្យុ ប៉ាន់តែ មួក ម៉ាស៊ីន​អង្គុលីលេខ ម៉ាស៊ីន​ថត​ ម៉ាស៊ីន​ចាក់​ឌីស​ រហូត​ដល់​ឆ្នាំង​ស្ពាន់​ និងនាឡិកា​ប៉ោល​ លោក ផាន់នី បាន​ប្រមែប្រមូល​រក្សា​ទុក​បាន​រាប់​រយ​មុខ​នៅ​ក្នុង​ផ្ទះ​ល្វែង​ដ៏​តូច​ចង្អៀត​របស់​លោកនៅឯ​ម្ដុំ​ផ្សារឌុយ​ម៉ិច​​។

ខុស​ពី​តា​ឆ្កួត លោក​ លី ប៉េងហេង ដែល​លោក​បាន​ខិតខំ​ប្រមែប្រមូល​វត្ថុ​ចាស់​តាំងពី​ជាង ២០ ​ឆ្នាំ ដោយ​ផ្ដើម​ពី​ម៉ូតូ​ចាស់​មួយ​គ្រឿង​រហូត​បង្កើត​បាន​ជាសាលពិព័រណ៍​វិមានសុខាក្នុង​រាជធានី​ភ្នំពេញ និង​ប្ដូ​រទៅកាន់​សារមន្ទីរ​វិមាន​សុខា​ក្រុង​សៀមរាប​ លោក មឿង ផាន់នី បាន​ចាប់​យក​ជម្រើស​នៃការ​លក់​ផលិត​ផល​ទាំង​នោះ​ទៅវិញ​។

បច្ចុប្បន្នសារមន្ទីរ​វិមាន​សុខា​របស់​លោក លី ប៉េងហេង ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​របស់​របរ​ចាស់ៗ​ សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​​ជាមួយ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ជនជាតិ​ខ្មែរ ៥ ០០០ រៀល និង​ជនបរទេស ២​ ម៉ឺន​រៀល ក៏ដូចជា​ថត​​ព្រីវែដឌីង ៤០ ​ម៉ឺន​រៀល។

ជាមួយ​លទ្ធភាព​ថវិកា​មាន​កំណត់ គួបផ្សំ​នឹង​ទីតាំង​​តូច​ចង្អៀត​មិន​អំណោយ​ផល​សម្រាប់​ការ​រក្សា​ទុក​ជា​បន្ដ​បន្ទាប់ ក្ដី​បំណង​ចង់​បង្កើត​សារមន្ទីរ​ផ្ទាល់​ខ្លួន​ បាន​ប្រែក្លាយ​ជា​ចំណូល​ចិត្ដ​ចង់​ចែក​រំលែក​របស់​ដែល​ខ្លួន​ខិតខំ​ស្វែង​រក​បាន​ដល់​អ្នក​ដទៃ និង​បន្ដ​រុករក​វត្ថុ​ប្លែកៗ​ចូល​មក​វិញ​។ វាហាក់​ដូចជា​ចរន្ដ​ចេញ​ចូល​ដើម្បី​លំនឹង​សេដ្ឋកិច្ច​ផង និង​ការ​ចែក​រំលែក​ផង​។

លោក ផាន់នី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា៖ «​អ្នក​ប្រមែប្រមូល​វត្ថុ​ចាស់ៗ​មាន​ជម្រើស​ផ្សេងៗ​គ្នា​។ ​ទី១ យើង​លក់​វត្ថុ​ទាំង​នេះ សម្រាប់​អ្នក​ចង់​ទិញ​ទុក​ រំឭក​អនុស្សាវរីយ៍​ដើម្បី​ដាក់​តាំង​នៅ​តាម​គេហឋាន និង​តាម​រីសត​ផ្សេងៗ​។ បើសិន​ជា​ខ្ញុំ​ទិញ​មក​ទុក​ចោល វាហាក់ដូចជា​ការ​បិទទុក​មិន​ឱ្យ​មហាជន​ស្គាល់​។ ទី២ ខ្ញុំ​ប្រមូល​ទិញ​វត្ថុ​ចាស់ៗ​ក្នុង​គោល​បំណង​ធ្វើ​ជំនួញ​តិច​តួច គ្រាន់​បាន​ថវិកា​ដើម្បី​ស្វែង​រក​របស់​ផ្សេងៗ​បន្ដ​ទៀត​ ពីព្រោះ​យើង​ត្រូវការ​ចំណាយ​ដើម​ទុន​ច្រើន»​។

សាស្ដ្រាចារ្យ ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង និងនៅ​​វិទ្យាស្ថាន​​អេស៊ីលីដា វ័យ ៥២​ ឆ្នាំ​រូប​នេះ​បាន​បន្ដថា​៖​ «មួយ​វិញទៀត ខ្ញុំ​ចង់​ឱ្យ​កូន​ខ្មែរ​បាន​ស្គាល់​វត្ថុ​ចាស់ៗ ដែល​កូន​ខ្មែរ​ខ្លះ​មិន​ធ្លាប់​បាន​ស្គាល់​ផង​ និង​មិន​ធ្លាប់​ឃើញ​ថែម​ទៀត​។ មនុស្សសម័យ​ឥឡូវ​ពេញ​និយម​វត្ថុ vintage ដែល​គាត់​រំឭក​ដល់សម័យ​ដើម​ សម័យ​ជឿន​លឿន ឬ Golden Age»។

លោក ផាន់នី និយាយ​ពេល​ដៃ​កំពុង​សារ៉េ​ប៉ុស្ដិ៍​វិទ្យុ​លើ​រ៉ាឌីយ៉ូ​សម័យ​ដើម ១ ​គ្រឿង​ ដែល​នៅ​អាច​ចាប់​ប៉ុស្ដិ៍​វិទ្យុ​នា​ពេល​បច្ចុប្បន្នថា​ ​វត្ថុ​​ខ្លះ ​​ដែល​មិន​ប្រើ​អគ្គិសនី​ នៅ​​អាច​ដំណើរ​ការ​ទៅ​បាន​ ដូចជា​ម៉ាស៊ីន​វាយអង្គុលីលេខ​ជាដើម​។ នេះជា​ស្នាដៃ​របស់​មនុស្ស​ជំនាន់​មុន។

លោក​បាន​ឱ្យដឹង​ថា​ វត្ថុ​ទាំង​នេះ​នៅ​សេសសល់​តាម​បណ្ដា​ខេត្ដ​នានា​ទូទាំង​ប្រទេស​។ វត្ថុ​ភាគ​ច្រើន​ មាន​សភាព​ចាស់​ច្រែះ​ចាប់ ពុកផុយ ហើយលោក​ក៏​ប្រមែប្រមូល​វត្ថុ​មាន​​ប្រភព​យក​មក​ពី​ប្រទេស​អឺរ៉ុប ដែល​ធ្លាប់​ធ្វើ​អាណានិគមន៍​លើ​ប្រទេស​កម្ពុជា​​ ដូចជា ​​បារាំង ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​ដូច​គ្នានៅក្នុង​ស្រុក​​ ដូចជា រ៉ាឌីយ៉ូ តាំងពី​ជាង ៦០ ​ឆ្នាំ និង​ជាង ១០០ ​ឆ្នាំ​។

លោក​បាន​និយាយនៅ​ក្បែរ​វត្ថុ​ចាស់ៗ​តូច​ធំ​ជាង ​១០០ ​មុខក្នុង​ផ្ទះ​របស់​លោក​​ថា​៖ «ការ​ស្វែងរក​វត្ថុ​ចាស់ៗ​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តៗ​គ្នា​ ទៅកាន់​មិត្ដភក្ដិ និង​ក្រុម​គ្រួសារ​ ក៏ដូចជា​អ្នក​ស្គាល់​គ្នា។ ចំណែក​ឯការ​ទិញ​នៅ​ក្រៅ​ប្រទេស ខ្ញុំ​មាន​ប្អូន​​ម្នាក់​​នៅ​បារាំង​ ដែល​គាត់​​ទិញ​ឱ្យ​ខ្ញុំ​»។

លោក​បន្ដថា​ ​​នៅ​​បរទេស​ តាម​តំបន់​ខ្លះ ឬក៏ទីក្រុង​ខ្លះ គេ​​​ឱ្យ​តម្លៃ​ខ្ពស់​លើ​វត្ថុ​ចាស់ៗ​ទាំងនេះ ដែល​លោក​​អត់​អាច​ទិញ​បាន​។ ប៉ុន្ដែ​នៅ​តំបន់​ខ្លះ​ទៀត គេ​យក​មក​លក់​ឱ្យ​លុះ​ត្រា​តែ​ឪពុក​ម្ដាយ ឬ​ជីដូន​ជីតា​គេ​ស្លាប់​បាត់​ ហើយ​នៅ​មនុស្ស​ជំនាន់​ក្រោយ គាត់​មិន​ដឹង​ទុក​ធ្វើ​អ្វី។ គេ​យក​មក​លក់​នៅ​តាម​វិចិត្រសាល​ណាមួយ ឬ​នៅតាម​ផ្សារ​ជជុះ​។

លោកបាន​អះអាង​ថា​៖ «​ប៉ុន្ដែ​យើង​កម្រ​ទិញ​បាន​ ដោយសារ​ឥឡូវ​នេះ​មនុស្ស​មាន​ទស្សនៈ​ស្រឡាញ់​វត្ថុ​ចាស់ៗ​ដូច​គ្នា​មាន​ច្រើន​។ អ៊ីចឹង វត្ថុ​ទាំង​នោះ ចាប់​ផ្ដើម​មាន​តម្លៃ​ខ្ពស់​។ នៅ​​ស្រុកខ្មែរ មាន​ភាគ​តិច​ណាស់​ដែល​ឱ្យ​តម្លៃ​។ ភាគ​ច្រើននៅ​ថៃ និង​វៀតណាម​ ដោយ​វៀតណាម​គេ​លេង​ច្រើន​ណាស់ តាំងពី​ឡាន ម៉ូតូ ស្បែក​ជើង មួកជាដើម​។ យើង​គឺជា​ជំហាន​ក្រោយ ដូចជា រូប​ខ្ញុំ មាន​តិច​តួច​ណាស់​»។

​លោក ផាន់នី បាន​និយាយថា លោក​បាន​ប្រមែប្រមូល​វត្ថុ​ចាស់ៗ​បាន​ច្រើន​ដែរ តែ​​ចាស់ៗ​ធ្វើ​ការ​រាជការ​តែងតែ​ម​កទិញ​បន្ដ​​វិញ ដោយ​វា​រំលស់​អស់​ខ្លះជាបន្ដ​បន្ទាប់​​ដែរ​។ វា​វិល​ទៅ​វិលមក​ ដោយ​លក់​ចេញ​ខ្លះ និង​ទិញ​វត្ថុ​ប្លែកៗ​ចូល​ទៀត​។

ជា​អ្នកដឹក​ជញ្ជូន​វត្ថុ​ចាស់ៗ​សម្រាប់​តុបតែង​រីសត​ភូមិ​រំដួល លោក សែន កុសល ជា​បុគ្គលិក​រីសត​បាន​ឱ្យដឹងថា ថៅកែ​របស់​លោក​ ចូលចិត្ដ​តុបតែង​វត្ថុ​ចាស់ៗ​ទាំង​នៅភោជនីយដ្ឋាន​ និង​គេហឋាន​ផ្ទាល់​របស់​លោក​។

លោក កុសល ដែល​បម្រើ​ការ​នៅ​ភោជនីយដ្ឋាន​ភូមិ​រំដួល​ ហួស​ស្ពាន​ព្រែក​សំរោង​បន្ដិច បាន​និយាយថា​៖ «​ថៅកែរបស់ខ្ញុំ​បាន​ទិញ​ម៉ាស៊ីន​ដេរ ម៉ាស៊ីន​កិន​កាហ្វេ ម៉ាស៊ីន​គិត​លុយ​ពីដើម​ និង​នៅ​មាន​ច្រើន​ទៀត​»។

លោក ផាន់នី អតីត​មន្ដ្រី​រាជការ​ម្នាក់ បាន​បន្ថែម​ថា ​​វត្ថុ​ខ្លះ ​​ស្ទើរ​តែ​រក​អត់​បាន​តែម្ដង​ពីព្រោះ​គេ​អត់​បញ្ចេញ​លក់​ឱ្យ។ វា​ជា​វត្ថុ​កម្រ ដូចជា ម៉ាស៊ីន​ចាក់​ឌីស (gramophone thomas edison) អ្នក​ប្រមែប្រមូល​ពិបាករក​ ដែល​គំរូដើម​របស់វា​ផលិត​ក្នុង​ឆ្នាំ​ ១ ៨០០ ជាង ហើយ​នៅ​ផ្ទះរបស់លោក​មាន​ម៉ូដែល​មួយ​ផលិ​ត​ក្នុង​ឆ្នាំ​ ១៩១១​។

ជាមួយការ​​​ប្រមែប្រមូល​វត្ថុ​អាយុកាល​​ចាប់​តាំងពី​ឆ្នាំ​ ១៩១១ រហូត​ដល់​ទសវត្សរ៍ឆ្នាំ​១៩៨០​ លោក ផាន់នី បាន​អះអាង​ថា​ ​ម៉ាស៊ីន​ថត​របស់​លោក​​មាន​អាយុ​កាល​តាំងពី ១៩១៥​ និង​ឆ្នាំ​ ១៩៥៣​ ហើយ​នៅ​ក្នុង​ស្ដុក​នា​ពេល​នេះ មាន​រាប់​រយមុខ​​ដែរ​ទាំង​តូច​ទាំង​ធំ​ ដូចជា វិទ្យុ ម៉ាស៊ីន​កិន​កាហ្វេ នាឡិកា ម៉ាស៊ីន​អង្គុលីលេខ (៥-៦ ​គ្រឿង) រ៉ាឌីយ៉ូត្រេនស៊ីសិន​ធំៗ (៧-៨​ គ្រឿង)។

លោក​បាន​លើក​ឡើង​ពី​វត្ថុសំណព្វ​ចិត្ដ​ថា​៖ «មាន​វត្ថុ​មួយ​ក្នុង​ស្រុក​ដែល​មាន​ភាព​វិសេស​សម្រាប់​ខ្ញុំ គឺម៉ាស៊ីន​អង្គុលីលេខ ដែល​បន្សល់​ទុក​តាំងពី​សម័យ​លន់ណុល​។ គេ​នៅ​ប្រើ​ក្នុង​ក្រសួង​ព័ត៌មាន ហើយ​ខ្ញុំ​សុំ​ទិញ​ពី​ក្រសួង​ព័ត៌មាន​មក​។ ១​ទៀត គឺ​ជញ្ជី​ង​ត្រី​ផលិត​ពី​ស្ពាន់​ វាមាន​លក្ខណពិសេស»។

លោក​បន្ដ​ថា​៖ «​វត្ថុ​វិសេស​១​ទៀត គឺ​ឆ្នាំង​ខ្វាន់ ជា​ឆ្នាំង​ដាំបាយ​សម័យ​ដើម​ក្នុង​ស្រុក​កំពង់​ត្របែក​ ខេត្ដ​ព្រៃវែង​ប្រហែល​អាយុ​កាល​ជាង ១០០ ​ឆ្នាំ​។ ​វត្ថុ​ទាំង​នេះ​ខ្ញុំ​អត់​លក់​ទេ​ ដោយសារ​វា​ពិសេស។ វត្ថុ​អត់​លក់ដូរ​មាន​ប្រមាណ ១០​មុខ​ដែរ​។ វត្ថុ​​ដែល​ខ្ញុំ​ប្រមែប្រមូល​ទាំង​នោះ ភាគ​ច្រើន​នៅ​អាច​ប្រើការ​បាន​ ហើយ​វត្ថុ​ប្រើ​លែង​បាន​ភាគ​ច្រើន​ជាង​គ្រឿង​អេឡិចត្រូនិក​ ដូចជា Cash Register ក្នុង​ឆ្នាំ​ ១៩៦៤​»។

លោក​មាន​កាមេរ៉ា​ខ្លះ ​​អាយុ​កាល​​តាំងពី​ឆ្នាំ​ ១៨០០ ក្រាស់ និង​ឆ្នាំ ​១៩០០​ ​ដូចជា កាមេរ៉ា​ពោះវៀន​ជ្រូក​វែង​ៗ​ ជួនកាល​​មនុស្ស​ភាគច្រើន​​អត់​ដែល​បានស្គាល់​ផង​ ដោយ​វាមាន​បណ្ដោយកន្លះ​ម៉ែត្រ និង​ទទឹង​ ៣ ​តិក​។

ចំពោះ​តម្លៃ​វា​អាស្រ័យ​ទៅលើ​តូចធំ សម្ភារ​ និង​អាយុ​កាល​របស់​វា ដែល​វា​កាន់តែ​ចាស់​ កាន់តែ​ថ្លៃ​។ វា​អត់​ដូច​របស់​ថ្មី ដែល​​​អាច​រក​តាម​ផ្សារ​បាន​។

ជា​អ្នក​ប្រមែប្រមូល​វត្ថុ​ចាស់ៗ​ម្នាក់ និង​ជា​អតិថិជនរបស់លោក ផាន់នី លោក ហោ ប៊ុនហុង អាយុ ៦៣ ​ឆ្នាំ បាន​រក្សា​ទុក​​វត្ថុ​បន្សល់​តាំងពី​សម័យ​លង្វែក​ ក៏ដូចជា​ផលិត​នូវ​វត្ថុ​ថ្មីៗ ដែល​ចម្លង​ពី​គំរូ​បុរាណ​ជា​ច្រើន​ថែម​ទៀត។

លោក ប៊ុនហុង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​បាន​ទិញ​ប៉ាន់តែ​ពីគាត់​ ដែល​មាន​ប្រភព​ពី​ប្រទេស​ជប៉ុន និង​មួក​ស្បែក​គោ​មករក្សា​ទុក ដើម្បី​ចង់រំឭក​អនុស្សាវរីយ៍​ពី​ដើម​មក​ ដែល​នឹក​ឃើញ​ថា កាល​ពី​សម័យ​មុន យើង​បាន​ប្រើ​របស់​អ៊ីចឹងៗ វា​មាន​ភាព​ថ្លៃ​ថ្នូរ​។ បើ​ចាស់ៗ​ដូចគ្នា គេ​មើល​មក ឃើញ​ថា យើង​អស្ចារ្យ ដែល​មាន​របស់​ល្អៗ​»។

​អតីត​អ្នក​ឌីហ្សាញ​សួន​ចូល​និវត្ដន៍​រូប​នេះ បាន​ឱ្យ​ដឹងថា ជាពិសេស ​លោក​​ថែរក្សា​ទុក​វត្ថុ​ចាស់ៗ​ជា​របស់​ខ្មែរ​​ ជា​វប្បធម៌​របស់​ខ្មែរ​​ ដើម្បី​ធ្វើ​ការ​អភិរក្ស​ កុំ​ឱ្យបាត់បង់​នៅ​ថ្ងៃក្រោយ​។ លោក​ក៏​បាន​ធ្វើ​វត្ថុ​ចម្លង​ច្រើន​ដែរ​ពី​សម័យ​កាល​សតវត្សរ៍​ទី ១៥ ដូចជា លង្ហិន ​​ប៉ាន់តែ​ ​​ចម្លាក់​ ផ្ទះ​ជំនាន់​ដើម ផ្ដិល​ខាត់ ទូ តុត្រៃ​រាប់​រយ​ឆ្នាំ​។

​បច្ចុប្បន្ន​នេះ លោក​កំពុង​​សង់​ផ្ទះ​បុរាណ​​ ដូចជា ផ្ទះ​ប៉ិត​ ផ្ទះ​កន្តាំង ផ្ទះ​គ្រឹង​​។ ​លោក​​ចង់​ទុក​តាំង​បង្ហាញ​ឱ្យ​ក្មេងៗ​មើល​ក្នុង​ទឹក​ដី​​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​ ហើយ​លោក​​ធ្វើ​ចម្ការ​ល្មើ​ និង​បង្កើត​ជារីសតសារមន្ទីរ​។ ​

មិនខុស​ពីលោក ប៊ុនហុង ប៉ុន្មាន លោក ផាននី ក៏​មាន​បំណង​​​ចង់​បង្កើត​ជា​សារមន្ទីរ​ដាក់​វត្ថុ​ទាំង​នេះ តែលោក​​ខ្វះ​លទ្ធភាព ពីព្រោះ​​សារមន្ទីរ​​ត្រូវការ​ដី ត្រូវ​វការ​ផ្ទះ​ធំ ជាពិសេស​ដើម​ទុន​។

លោក​បាន​បញ្ជាក់ថា ជា​ធម្មតា អ្នក​ប្រមែប្រមូល​វត្ថុ​ទាំង​នេះ មាន​គោល​ដៅ​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បើក​ជា​វិចិត្រសាល ឬ​កូន​សារមន្ទីរ​តូច​មួយ​ លក់​កាហ្វេ​ក្នុង​នោះ​ ខណៈ​លោក​​មាន​គោល​ដៅ​ផ្សេងៗ​រៀង​ៗ​ខ្លួន​។

លោក ផាន់នី​ បាន​ឱ្យដឹងថា​៖ «ភាគ​ច្រើន អតិថិជន​របស់ខ្ញុំ​ជាមន្ដ្រីរាជការ​ចាស់ៗ​ ទិញ​លម្អ​គេហឋាន និង​បង្ហាញ​កូន​ចៅ​របស់​គាត់​ឱ្យ​ស្គាល់​វត្ថុ​ទាំង​នោះ ដែល​បាត់​រូប​រាង​។ អ្នកខ្លះ និយាយថា ពួកគាត់​ធ្លាប់​ឃើញ​ក្នុង​ភាពយន្ដ​ចិន និងជប៉ុន តែ​ឥឡូវ​ឃើញ​ផ្ទាល់​។ អ្នក​ខ្លះ​ទៀត​ទិញ​ក្នុង​បំណង​ដេគ័រ​ហាងកាហ្វេ ​បូទិក និង​ឡោច ដើម្បី​ឱ្យ​អតិថិជន​របស់​គាត់​គ្រប់​វ័យ​បាន​ស្គាល់​វត្ថុ​ចាស់​ប្លែកៗ​»។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​ចាស់ៗ​ក្នុង​សម័យ​មាស​ទាំងនោះ សូម​ទៅកាន់​ហ្វេសប៊ុក​ Collection Bikes & Vintage Clocks ដែលមាន​ទីតាំង​ហាង​នៅ​ម្ដុំ​ផ្សារ​ឌុយ​ម៉ិច​៕ ​

អត្ថបទគួរចាប់អារម្មណ៍