ភ្នំពេញៈ នារី​ខ្មែរ​ដែល​ជាវិចិត្រករ ​និយម​រំលេច​នូវ​រូបភាព​សត្វ​ឆ្មា​ នៅ​លើ​ផ្ទាំង​គំនូរ​ កញ្ញា ​កឹម​ កែវសុជាតិ ​បាន​សហការ​ជាមួយ​វិចិត្រករ​អាល្លឺម៉ង់ ​Lars Breuer ​រំលេច​ស្នាដៃ​អក្សរ​សាស្ដ្រ​ រួម​គ្នា​ ទាំង​ ២ ភាសា​ នៅលើ​ផ្ទាំង​គំនូរ​តែ ១ ​ក្នុង​ពិព័រណ៍ In Colla​bora​tion:​ Lars Breuer (Germany) & Koem Keosocheat (Cambodia)​ នៅ Meta House។

វិចិត្រករ​ជនជាតិ​អាល្លឺម៉ង់ ​លោក​ Lars Breuer ​ជាធម្មតា​ ធ្វើការ​ជាមួយ​ការ​ដំឡើង​អក្សរ​បែប​ទ្រង់ទ្រាយ​ធំ ​ដែល​គូរ​តាម​ឯកសារ​យោង​ជា​ប្រភេទ​ប្រវត្តិសាស្ត្រ​សិល្បៈ ​និង​អក្សរសិល្ប៍។ ​វា​ផ្សារភ្ជាប់​រវាង​ស្ថាបត្យកម្ម ​ការរចនា និង​វិចិត្រ​សិល្បៈ​។​

សម្រាប់​ការងារ​នេះ​ គម្រោង​ដំបូង​របស់​លោក​នៅ​អាស៊ី​អាគ្នេយ៍ ​វិចិត្រករ​នឹងធ្វើការ​លើ​អក្សរពុម្ព​ខ្មែរ​រួមបញ្ចូល​គ្នា​ជាមួយ​ឃ្លា​ជា​ភាសា​អង់គ្លេស​។​ បង្ហាញ​ជា​ពណ៌​ខ្មៅ ​និង​ស​ តាម​បែប​ផែន​ នៃ​ភាពស្របគ្នា​នៅលើ​ជញ្ជាំង ​នៃ​លម្ហ​សិល្បៈ ​និង​ភាព​ស៊ី​មេទ្រី​ត្រូវបាន​រចនា​ជា​ទម្រង់​អក្សរ​ទាំង​ ២ ភាសា។​

លោក ​Breuer ​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា​ កាលពី​ ៤ ​ឆ្នាំមុន​ ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ ​ដែល​ចាប់​អារម្មណ៍​នឹង​វប្បធម៌​នៅ​ជនបទ ​ភាពរស់រវើក​ក្នុង​រដ្ឋធានី​ បាន​និយាយថា​៖ «ខ្ញុំ​កំពុង​ធ្វើការ​លើ​គំនូរ​ធំពេញ​ ១ ជញ្ជាំង។ គំនូរ​នេះ ​ផ្ដោត​លើ​អក្សរ​សាស្ដ្រ​ខ្មែរ ​និង​អាល្លឺម៉ង់​។ គំនូរ​របស់​ខ្ញុំ​នឹងមាន​ប្រវែង ​៩ ម៉ែត្រ»។​

លោក Breuer ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖«ប៉ុន្តែ​អក្សរសាស្ដ្រ​ទាំង ២​ ភាសា​នេះ ​ត្រូវបាន​បកប្រែ​ជា​ភាសា​ផ្សេង​ទៀត ​និង​រួមបញ្ចូល​គ្នា ​ដូច្នេះ​លោក​អ្នក​មិនអាច​អានដាច់​ដោយ​ងាយ​ស្រួល​ឡើយ​។ ភាសា​ខ្មែរ​ក្លាយជា​អាល្លឺម៉ង់ ​ហើយ​អាល្លឺម៉ង់​ក្លាយជា​ខ្មែរ​។​វិធី​នេះ​ភាសា​ទាំង២​បង្កើត​គំរូ​អរូបី​ថ្មី​មួយ​ទាំង​ស្រុង»។​

​លោក Breuer ដែល​អះអាងថា ​លោក​បាន​ទៅ​ទស្សនា​សារមន្ទីរ ​និង​ទៅ​កន្លែង​តាំង​ពិ​ព័រណ៍​សហ​សម័យ​ បាន​និយាយ​ថា​៖ «កិច្ចការ​ដ៏​លំបាក​ទី១ ​របស់​ខ្ញុំ​ គឺ​ធ្វើការ​លើ​ការរចនា​សម្រាប់​អក្សរ​ខ្មែរ»។ ដូច្នេះ​លោក​លើកឡើង​ថា ​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​សិល្បករ​ក្នុង​ស្រុក។​

កញ្ញា​ កឹម កែវសុជាតិ​ ក៏បាន​ឱ្យ​ដឹង​ពី​មូលហេតុ​ ដែល​កញ្ញា​សហការ​ជាមួយ​សិល្បករ​អាល្លឺម៉ង់​ ចំពោះ​ពិព័រណ៍​នៅ​ Meta House ​នេះ​ផង​ដែរ។ ការសហការ ​គឺ​ដោយសារ​តែ​ជា​ឱកាស​បង្កើត​ទំនាក់​ទំនង​ ចែក​រំលែក​នូវ​វប្បធម៌ ​អរិយធម៌ ​ដែល​មាន​តាំងពី​អតីតកាល ​និង​កំពុង​បន្ដ​ដល់​បច្ចុប្បន្ន​កាល​។

សិល្បការិនី​ ដែល​កែច្នៃ​បន្ថែម​កម្រង​ខ្សែ​ក្រចៅ ​និង​រមូរ​បន្ទះ​គាថា​ ព័ទ្ធ​ជុំវិញលើ​ឈុត​សម្លៀកបំពាក់​មាន​ស្រាប់​ដើម្បី​ចូលរួម​ការ​តាំង​ពិព័រណ៍​ «ស្ដ្រី​ ២០២១» ​ក្នុង​ន័យ​រំលេច​ចក្ខុ​វែង​ឆ្ងាយ​របស់​ស្ដ្រី និង​ការចាប់​ផ្ដើម​ពី​ចំណុច​តូចៗ​ក្នុង​ការ​សម្រេច​គោល​ដៅ​ធំ​ក្នុង​ឆាក​ជីវិតនិយាយថា​៖ «នៅ​ក្នុង​ចំណុច​មួយ​ចំនួន ​យើង​អាច​និយាយ​បាន​ថា ​សិល្បៈ​របស់​យើង​មាន​ភាព​ស្រដៀង​គ្នា​ ពីព្រោះ​យើង​បាន​ឈរ​នៅលើ​វប្បធម៌)​ នៃ​ការចែក​រំលែក​ ក៏ដូចជា ​ការឆ្លុះ​បញ្ចាំង​ចក្ខុវិស័យ​ដូច​គ្នា»។

កញ្ញា​កែវ​សុជាតិ ​ដែល​មកពី​ខេត្ដ​កំពត ​និង​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «វា​គឺជា​ឱកាស​សមាហរណកម្ម​ស្នាដៃ ​ក៏ដូចជា​ការផ្សព្វផ្សាយ​ទេពកោសល្យ​សិល្បៈ​រចនា​អក្សរសាស្ដ្រ​ជាដើម»។

វិចិត្រករអាល្លឺម៉ង់ លោក Lars Breuer បង្ហាញពិព័រណ៍នៅ Meta House។ រូបថត ហេង ជីវ័ន

វិចិត្រករ ​Breuer ​និយាយថា ​នៅពេល​ដែល​លោក​បានធ្វើ​ផែនការ​ដំបូង​សម្រាប់​គម្រោង​ការតាំង​ពិ​ព័រណ៍​នៅ​ភ្នំពេញ ​លោក​ផ្ទាល់​មាន​គំនិត​ក្នុង​ការបញ្ចូល​គ្នា​នូវ​សិល្បៈ​របស់​ខ្លួន​ជាមួយ​នឹង​សិល្បករ​ក្នុង​ស្រុក។​

លោក​ថា​ Meta House ​ស្នើ​ឱ្យ​ធ្វើការ​ជាមួយ​កញ្ញា​កែវ​សុជាតិ​។ ការផ្លាស់ប្តូរ ​និង​កិច្ចសហ​ប្រតិបត្តិការ​ បាន​ចាប់ផ្តើម​រួច​ហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​នៅពេលដែល​ពួកគេ​កំពុង​ធ្វើការ​លើ​លិខិត​អញ្ជើញ​ ដោយ​រួមបញ្ចូល​គ្នា​ នូវ​សំណេរ​អក្សរ​ដែល​សរសេរ​ដោយ​ដៃ​របស់​កញ្ញា​ជាមួយនឹង​ការវាយ​អក្សរ​ដ៏​លំបាក​អាន​របស់​លោក។​

លោក​និយាយថា​៖ «កញ្ញា​កែវ​សុជាតិ​បានសម្រេច​ចិត្ត​ធ្វើការ​គូរគំនូរ​អក្សរខ្មែរ​ សម្រាប់​ការតាំង​ពិព័រណ៍​រួម​របស់​យើង​ផងដែរ។ ​កញ្ញា​បាន​ធ្វើសំណើ​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ការងារ​របស់​កញ្ញា»។​

ក្រៅពី​គំនូរ​ចម្រុះ​ពណ៌​នៅលើ​ផ្ទាំង​ក្រណាត់ ​លោក Breuer ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​សិល្បៈ​ ដែលមាន​មូលដ្ឋាន​លើ​អក្សរ​សាស្ដ្រ។ ដូច្នេះ​លោក​កំពុងធ្វើការ​ជាមួយ​នឹង​ការវាយ​អក្សរ​ដែល​បាន​រចនា​ដោយ​ខ្លួន​ឯង។​

លោក​និយាយថា​៖ «លើក​នេះ​ការតាំងពិព័រណ៍​របស់​ខ្ញុំ​ នៅ Meta House គឺជា​ពិព័រណ៍​តែ១គត់​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​កម្ពុជា។​​ប៉ុន្តែ​ខ្ញុំ​កំពុង​ធ្វើការ​លើ​ផែនការ​ថ្មី ​សម្រាប់​គម្រោង​កិច្ចសហ​ប្រតិបត្តិការ ​និង​ការផ្លាស់ប្តូរ ​រវាង​កម្ពុជា ​និង​អាល្លឺម៉ង់​រួច​ហើយ។​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុងការ​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ»។​

ជាមួយ​ស្នាដៃ​ ១ ផ្ទាំង ​ឈ្មោះថា ​«និគ្គហិត» ​ពណ៌​សខ្មៅ​លើ​ក្រណាត់​ទំហំ ​១០០x២០០ សង់ទីម៉ែត្រ​ កញ្ញា​កែវសុជាតិ​បាន​អះអាង​ថា ​ក្នុង​រូប​គំនូរ​នេះ ​វា​មិនមែន​គ្រាន់តែ​ជា​ផ្ទាំង​គំនូរ​ សម្រាប់​ទស្សនា​ធម្មតា​ទេ ​តែ​ជា​ឱកាស​ក្នុង​ការស្វែង​យល់​អំពី​វប្បធម៌ ​អរិយធម៌ ​និង​ការវិវឌ្ឍ​ទៅតាម​សម័យ​កាល។

កញ្ញា​បន្ដថា​ ពាក្យ ​«និគ្គហិត»​(នាមស័ព្ទ)​(បាលី) ​ជាឈ្មោះ​គ្រឿង​សម្គាល់​ មាន​រូប​សណ្ឋាន​ជា​សូន្យ​មូល​យ៉ាង​នេះ​ «០»។ វា​ជា​ភាគ​ល្អិត​ និង​ជាបច្ច័យ​ក្នុង​ការចាប់​ផ្ដើម​ផ្សារ​ភ្ជាប់​ពី​វត្ថុ​ ១ ​ទៅ​វត្ថុ​ផ្សេង​ទៀត​ ជា​ហេតុ​ដែល​នាំ​ឱ្យ​មាន​ផល​ប្រព្រឹត្ដ។

កញ្ញា​ឱ្យដឹងថា​៖ «តួយ៉ាង​ ដូចជា​ដូនតា​ ១ ​នេះ​ បាន​បង្កើត​សិល្បៈ​ សាសនា ​ការ​អប់រំ ​និង​សំណង់​ស្ថាបត្យកម្ម​ ដែល​បង្កប់​នូវ​ពហុ​សាស្ដ្រ​ដ៏​អស្ចារ្យ​ជា​ច្រើន​ សម្រាប់​កូនចៅ​គោរព​ និង​យក​មក​សិក្សា​ស្រាវជ្រាវ​ឈាន​ទៅដល់​ការបង្កើត​អ្វី​ថ្មីៗ​ផង​ដែរ»។

អស់​រយៈពេល​ជាង​ ១៥ ឆ្នាំ​មកហើយ ​ដែល​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-អាល្លឺម៉ង់ ​Meta House Phnom Penh ផ្សព្វ​ផ្សាយ​ការផ្លាស់ប្តូរ ​រវាង​សិល្បករ​ខ្មែរ ​និង​អាល្លឺម៉ង់​។​

យោង​តាម​អ្នកស្រី​ Nicolaus Mesterharm ​ស្ថាបនិក ​Meta House ​ក្នុង​រយៈពេល​ ២ ឆ្នាំ ​ក្នុង​អំឡុងពេល ​ជំងឺ​កូវីដ ១៩​ ការរៀបចំ​កម្មវិធី​សិល្បៈ ​គឺ​មិនអាច​ទៅរួច​នោះ​ទេ។​

អ្នកស្រី​និយាយថា ​លោក​ Lars Breuer ​គឺជា​វិចិត្រករ​ជនជាតិ​អាល្លឺម៉ង់​ដំបូង​គេ​ ដែល​តាំងពិព័រណ៍​នៅ ​Meta House បន្ទាប់​ពី​ជំងឺ​រាតត្បាត​។ កូវីដ ១៩​ បាន​ជះ​ឥទ្ធិពល​លើ​ឆាក​សិល្បៈ​ ក្នុង​កម្រិត​សកលលោក​ ដោយ​វិចិត្រសាល​ ត្រូវបាន​បិទ​ទ្វារ​ ហើយ​សិល្បករ​ជាច្រើន​បាន​បាត់បង់​ប្រាក់​ចំណូល។​

សិល្បករ​អាច​ជួបតែ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ ហើយ​ដូច​មនុស្ស​គ្រប់រូប​ដែរ ពួកគេ​មិនអាច​ធ្វើដំណើរ ​និង​ចែក​រំលែក​គំនិត​របស់​ពួកគេ​ជាមួយ​ពិភពលោក​បាន​ទេ។​

អ្នកស្រី​ Nicolaus ​និយាយថា​៖ «យើង​មាន​អារម្មណ៍​ធូរស្រាល​ ដែល​ឥឡូវនេះ ​ការធ្វើដំណើរ ​និង​ធ្វើការ​នៅ​បរទេស​អាចធ្វើ​ទៅ​បាន​ម្តង​ទៀត​។ ការចល័ត​របស់​សិល្បករ ​និង​អ្នកជំនាញ​វប្បធម៌ ​គឺ​ចាំបាច់សម្រាប់​ហេតុផល​ជាច្រើន​ រួមមាន ​ការទទួល​បាន​ឱកាស​ការងារ​ថ្មី​ ទស្សនិកជន ​និង​ទីផ្សារ ​ការបង្កើត​ការងារ​ក្នុង​វិស័យ​វប្បធម៌ ​និង​ច្នៃប្រឌិត ​ការផ្សព្វផ្សាយ​ភាព​ចម្រុះ​នៃ​វប្បធម៌ ​និង​កិច្ចសន្ទនា​អន្តរ​វប្បធម៌ ​និង​បណ្តាញ ​និង​ការកសាង​ភាពជា​ដៃគូ»។​

អ្នកស្រី​បន្ដ​ថា ​តាំងពី​ដំណាក់កាល​ធ្វើ​ផែនការ​ដំបូង ​លោក ​Breuer ​ចង់​ស្វែងរក​សម​ភាគី​កម្ពុជា​ដើម្បី​តាំង​ពិព័រណ៍​ជាមួយ​។​ពួក​គេ​សប្បាយ​ចិត្ត​ខ្លាំងណាស់​ដែល​បាន​ធ្វើការ​ជាមួយ​សិល្បការិនី ​កញ្ញា​កឹម កែវ​សុជាតិ ​ក្នុង​កម្មវិធី​នេះ​។​

ដោយ​ចាប់ផ្ដើម​សម្ពោធ​នៅថ្ងៃ​ទី ៩ ខែ​សីហា​ វេលា​ម៉ោង ៦ ​ល្ងាច ​ពិព័រណ៍ ​In Collaboration: Lars Breuer (Germany) ​​& Koem Keosocheat (Cambodia) ​មានរយៈ​ពេល ២០ ​ថ្ងៃ រហូត​ដល់ ​ថ្ងៃទី ​២៨​ ខែសីហា​។

អ្នកស្រី ​Nicolaus បញ្ជាក់​ថា​៖ «យើង​ទន្ទឹងរង់ចាំ​ការបើក​កិច្ចសហការ​គម្រោង​ថ្មី​នេះ ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃអង្គារ​ ទី ៩ [សីហា]​ ចាប់​ពី​ម៉ោង ៦ ​ល្ងាច​តទៅ​។ យើង​ស្វាគមន៍​មហាជន​គ្រប់​រូប​។ ​អ្នកសិល្បៈ​ទាំង ២​ នឹង​ឆ្លើយ​សំណួរ​នានា​របស់​មហាជន​»៕