
កញ្ញា បុស្បា ប៉ាន់ កាន់សញ្ញាបត្ររបស់នាង និងម្តាយរបស់នាង។ រូបថត សហការី
ភាពជោគជ័យនៅក្នុងការក្លាយជាអ្នកនិពន្ធបទភ្លេង និងបញ្ចប់ការសិក្សាផ្នែកតន្ត្រីខ្មែរពីសាកលវិទ្យាល័យខេមប្រ៊ីជ កាលពីថ្ងៃទី ២៤ ខែកក្កដា កន្លងទៅ វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះសម្រាប់ កញ្ញា បុស្បា ប៉ាន់ ក្នុងការឈានជើងចូលទៅក្នុងពិភពលោក និងចាប់ផ្តើមដំណើរក្នុងការស្វែងរកឱកាសបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ។
តន្ត្រីតែងតែស្ថិតនៅក្នុងដួងចិត្តរបស់កញ្ញា ហើយកាន់តែពាក់ព័ន្ធវាកាន់តែធ្វើឱ្យកញ្ញាយល់ពីគោលបំណង នៅក្នុងជិវិតកាន់តែច្បាស់។ នេះហើយជាអ្វីដែល បុស្បា ប៉ាន់ ចង់ធ្វើសម្រាប់សិល្បៈខ្មែរក្នុងនាមជាកូនខ្មែរ ១ រូប។
តាំងពីអាយុ ៧ ឆ្នាំ កញ្ញាត្រូវបានគេស្គាល់ថា ជាតារាចម្រៀងវ័យក្មេង ១ រូប ដោយបច្ចុប្បន្នកញ្ញាបានក្លាយជាអ្នកនិពន្ធបទភ្លេងត្រឹមវ័យ ២៥ ឆ្នាំ ដែលត្រៀមនឹងបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ ក្នុងនាមជាអ្នកតំណាងផ្នែកជាច្រើនឱ្យកម្ពុជា និងបង្ហាញថា ប្រទេសកម្ពុជា មានអ្វីៗជាច្រើនទៀត ដែលត្រូវបង្ហាញ មិនមែនគ្រាន់តែជាប្រទេសទន់ខ្សោយដែលងើបចេញពីសង្គ្រាមនោះទេ។
រំឭកដល់ការសិក្សាបន្ទាប់ពីកញ្ញាបានបញ្ចប់ថ្នាក់អនុបណ្ឌិតរយៈពេល ៩ ខែ ដើម្បីក្លាយជាអ្នកនិពន្ធបទភ្លេងស្ត្រីខ្មែរដំបូងគេ កញ្ញាបានផ្តល់បទសម្ភាសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ និងបានបញ្ជាក់យ៉ាងច្បាស់ថា មានអ្នកនិពន្ធបទភ្លេងខ្មែរ ២ រូបមុនកញ្ញា គឺលោក អ៊ុង ជិនណារី និងលោក ហ៊ឹម សុភី ប៉ុន្តែអ្វីដែលកញ្ញាចង់និយាយគឺថា កញ្ញា គឺជាអ្នកនិពន្ធបទភ្លេងស្ត្រីខ្មែរដំបូងគេ។
កញ្ញានិយាយដោយសំណើចថា៖ «ជាដំបូង ខ្ញុំគួរនិយាយថា ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានកើតជាជនជាតិខ្មែរ និងជាអ្នកនិពន្ធបទភ្លេងស្ត្រីខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ធំបែបនេះ។ ម៉្យាងវិញទៀត ខ្ញុំក៏មានមោទនភាពនៅពេលគេនិយាយថា អូ! ខ្ញុំមិនគួរជាខ្មែរតែម្នាក់គួរតែមានខ្មែរដទៃទៀតរៀននៅសាលាផ្សេង ជាខ្មែរបញ្ចប់ការសិក្សាមិនថាពីសាលាតូចឬសាលាធំ។ ខ្ញុំយល់ថា វាជាមោទនភាពចម្រុះហើយដឹងថា យើងមានការងារជាច្រើនដែលត្រូវធ្វើ»។
ភាពជោគជ័យរបស់កញ្ញា បាននាំមកនូវផលវិជ្ជមាន ក្នុងការបើកផ្នត់គំនិតរបស់ប្រជាជនខ្មែរ ឱ្យយល់ថា វាអាចទៅរួច ហើយជាពិសេស ក្នុងនាមជាស្ត្រី ដែលជារឿយៗតែងតែត្រូវបានដាក់កម្រិតដោយផ្នត់គំនិតរបស់សង្គមដែលថា ក្មេងស្រីគួរតែរៀបការនៅអាយុប៉ុណ្ណេះ គួរសិក្សានៅកម្រិតប៉ុណ្ណេះ ហើយត្រូវរៀបការនិងបង្កើតកូននៅអាយុប៉ុណ្ណេះ។
នៅពីក្រោយរឿងនោះ មានមនុស្ស៣ក្រុម ដែលកញ្ញាយល់ថា កញ្ញាជាមនុស្សមានសំណាងណាស់ដែលមានពួកគាត់ និងបានជួបពួកគាត់នៅក្នុងជីវិត ដែលពួកគាត់ទាំងនោះតែងតែជឿជាក់លើកញ្ញាសូម្បីតែកញ្ញាធ្លាក់ដល់ចំណុចទាបបំផុតក្តី។ អ្នកទាំងនោះគឺឪពុកម្តាយរបស់កញ្ញាលោក អ៊ុង ជិនណារី និងលោកគ្រូអ្នកគ្រូទាំងអស់របស់កញ្ញា។
កញ្ញាបញ្ជាក់ថា៖ «ក្នុងនាមជាខ្មែរខ្ញុំពិតជាមានមោទនភាពណាស់ ពីព្រោះឪពុកម្តាយខ្ញុំតែងតែរំឭកខ្ញុំអំពីប្រភពរបស់ខ្ញុំក្នុងនាមជាខ្មែរ។ ពេលនោះ លោក អ៊ុង ជិនណារី ស្ទើរតែដូចឪពុកទី២ របស់ខ្ញុំទៅហើយ បើនិយាយពីអាជីពនិពន្ធបទភ្លេង»។
លោក អ៊ុង ជិនណារី គឺជាមនុស្សម្នាក់ដែលបាននិយាយជាមួយឪពុកម្តាយកញ្ញា ដើម្បីឱ្យបញ្ជូនកញ្ញាទៅសិក្សានៅសាលាតន្ត្រី ពេលដែលគាត់បានជួបកញ្ញាលើកដំបូងនៅអាយុ ១៤ ឆ្នាំ។ កញ្ញាតែងតែទៅសុំដំបូន្មានពីគាត់ពេលដែលកញ្ញាមានចម្ងល់អ្វីមួយ ឬពេលខ្លះមនុស្សមួយចំនួន នៅក្នុងសាលាមិនសូវល្អជាមួយកញ្ញា ដោយសារកញ្ញាគឺជាខ្មែរ។
យុវត្តីដែលដែលមានទេពកោសល្យខាងតន្ត្រីរូបនេះបានបន្ថែមថា៖ «ខ្ញុំបានជួបគ្រូល្អៗជាច្រើនក្នុងជីវិតរបស់ខ្ញុំ។ សូម្បីនៅពេលខ្ញុំសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈនៅភ្នំពេញ ក៏ដូចជាគ្រូដែលខ្ញុំបានជួបនៅសហរដ្ឋអាមេរិក នៅបូស្តុន ពួកគាត់ជឿជាក់លើខ្ញុំខ្លាំងណាស់។ ពេលនេះខ្ញុំមានវ័យ ២៥ ឆ្នាំហើយ ហើយខ្ញុំដឹងថា ការមានគ្រូល្អបានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តកាន់តែខ្លាំង»។
មនុស្សខ្លះ ប្រហែលជាចង់ដឹងអំពីដំណើរជីវិតរបស់កញ្ញាក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេង។ កញ្ញាឱ្យដឹងថា ពេលកញ្ញាមានអាយុ ១៨ ឆ្នាំ កញ្ញាបានសួរខ្លួនឯងអំពីផ្លូវណាដែលកញ្ញាចង់ដើរ។
កញ្ញាចូលចិត្តច្រៀង ប៉ុន្តែកញ្ញាក៏ចង់បង្ហាញអ្នកដទៃថា វប្បធម៌ខ្មែរក៏ស័ក្តិសមនឹងទទួលបាននូវការសិក្សាផងដែរ ហើយគួរតែមានកម្មវិធីសិក្សាជាភាសាខ្មែរ និងគួរមានការវិនិយោគបន្ថែម ទៅលើការសិក្សានៃវប្បធម៌ខ្មែរ។ នេះហើយជាអ្វីដែលនាំឱ្យកញ្ញាក្លាយជាអ្នកនិពន្ធបទភ្លេង។
និយាយដល់ការសិក្សាផ្នែកតែងនិពន្ធបទភ្លេង នៅថ្នាក់អនុបណ្ឌិត គឺកញ្ញាត្រូវបានតម្រូវឱ្យសរសេរនិក្ខេបបទស្តីអំពីការបំផុសគំនិតរបស់កញ្ញា ក្រោមប្រធានបទ «ការបញ្ជាក់ភាពជាខ្មែរ៖ លទ្ធភាពការប្រព្រឹត្តរបស់ខ្មែរនៅក្នុងតន្រ្តីបច្ចិមប្រទេស» គឺកើតចេញពីសំណួររបស់កញ្ញាដែលបានចោទសួរថា «តើខ្ញុំអាចសរសេរតន្ត្រីសិល្បៈកម្រិតខ្ពស់នៅអឺរ៉ុបដោយរបៀបណា ខណៈខ្ញុំនៅតែរក្សាអត្តសញ្ញាណជាតិខ្មែររបស់ខ្ញុំ?»។
កញ្ញាបញ្ជាក់ថា៖ «ពេលខ្លះខ្ញុំសួរខ្លួនឯងថា តើខ្ញុំនៅតែជាខ្មែរដែរឬទេ ប្រសិនបើខ្ញុំច្រៀងបទនោះដែលមិនមែនជារបស់ខ្មែរ? វាគឺជាសំណួរដ៏ពិបាក ដូច្នេះគ្មានអ្នកណាអាចផ្តល់ចម្លើយពិតប្រាកដដល់ខ្ញុំទេ នោះហើយជាមូលហេតុដែលនាំឱ្យខ្ញុំសរសេរនិក្ខេបបទលើបញ្ហានេះ»។
ដូច្នេះនៅក្នុងនិក្ខេបបទរបស់របស់កញ្ញា មានបំណងចង់បកស្រាយបរិបទសិល្បៈខ្មែរនៅក្នុងតន្ត្រីសិល្បៈបស្ចិមប្រទេស និងរបៀបស្វែងរកភ្នាក់ងារវប្បធម៌នៅក្នុងសកលភាវូបនីយកម្មនៃឧស្សាហកម្មតន្ត្រីដែលផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់វប្បធម៌ផ្សេងៗ។
បុស្បា ប៉ាន់ បានលើកឡើងថា អត្តសញ្ញាណរបស់មនុស្សម្នាក់ៗ កើតចេញពីខាងក្នុង ដូច្នេះមនុស្សមិនគួរពឹងផ្អែកលើការអប់រំបែបលោកខាងលិចច្រើនពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការអប់រំបែបនោះគឺជាឧបករណ៍សម្រាប់អ្នកដើម្បីសម្រេចថា អ្នកជានរណាក្នុងនាមជាជនជាតិខ្មែរ។
កញ្ញាបានបន្ថែមថា៖ «មានមនុស្សជាច្រើនដែលបានអាននិក្ខេបបទរបស់ខ្ញុំ នឹងមិនទៅសិក្សានៅប្រទេសលោកខាងលិចទេ ពីព្រោះពួកគេយល់ថា ពួកគេមិនចង់ទទួលរងឥទ្ធិពល។ នោះមិនមែនជាចំណុចល្អទេ។ ការអប់រំគ្រាន់តែផ្តល់ឱ្យអ្នកនូវទស្សនៈផ្សេងគ្នា អំពីរបៀបចូលទៅជិតតន្ត្រី របៀបលេងតន្ត្រី និងរបៀបស្តាប់ពិភពលោក»។
នៅក្នុងនិក្ខេបបទរបស់កញ្ញាបានសរសេរថា៖ «ការងារនេះគឺមានគោលបំណងសម្រាប់អ្នកហាត់តន្ត្រី និងអ្នកប្រាជ្ញ ជាពិសេសអ្នកនិពន្ធបទភ្លេង ដែលយល់ថា ខ្លួនគេបាត់បង់រវាងការរំពឹងទុក និងភាពពិតប្រាកដរបស់ខ្លួនឯងនៅក្នុងវិស័យនេះ។ ខ្ញុំសង្ឃឹមថា អ្នកនិពន្ធបទភ្លេងចម្លងវប្បធម៌នឹងយល់កាន់តែច្បាស់ អំពីអារម្មណ៍នៃការផ្លាស់ប្តូររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យអភិវឌ្ឍការស្វែងយល់ពីវប្បធម៌ផ្សេងទៀត ដែលពួកគេយល់ថាមានភាពស៊ីចង្វាក់គ្នាបំផុត ជាមួយនឹងការងាររបស់ពួកគេ»។
និយាយឱ្យស្មោះត្រង់ទៅ កញ្ញាអាចនិយាយថា បទភ្លេងរបស់កញ្ញាគឺខ្មែរ-អឺរ៉ុប។
កញ្ញាបញ្ជាក់ថា៖ «ដោយសារខ្ញុំគឺជាអ្នកណា តាមរយៈការសិក្សារបស់ខ្ញុំ ហើយខ្ញុំគឺជាអ្នកណា ក្នុងនាមខ្ញុំជាស្ត្រីខ្មែរម្នាក់។ នៅក្នុងតន្ត្រីផ្ទាល់ ខ្ញុំបានខិតខំប្រឹងប្រែងក្នុងការសរសេរអំពីអត្តសញ្ញាណរបស់ខ្ញុំ និងពីប្រភពដែលដែលខ្ញុំមក។ ទោះបីមិនជាក់ស្តែងអំពីប្រទេសកម្ពុជា ប៉ុន្តែខ្ញុំតែងតែព្យាយាមធ្វើឱ្យមានទំនាក់ទំនង និងព្យាយាមគិតថា តើខ្ញុំជានរណា? តើខ្ញុំសរសេរតន្ត្រីដែលជារបស់ខ្ញុំ ឬក៏ខ្ញុំកំពុងព្យាយាមសរសេរតន្ត្រីដែលចម្លងពីតន្ត្រីលោកខាងលិច?»។
បុស្បា ប៉ាន់ បានចូលបម្រើការងារជាមួយក្រុមហ៊ុន Hal Leonard Europe កាលពីឆ្នាំមុន ជាឧស្សាហកម្មផ្សព្វផ្សាយតន្ត្រីដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ទោះបីកញ្ញាស្រលាញ់និងរីករាយជាមួយការងារផ្នែកសម្របសម្រួលនិងផ្តល់យុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយកាតាឡុក Choral និង Classical របស់ Hal Leonard Europe នៅទូទាំងចក្រភពអង់គ្លេសនិងដែនដីអឺរ៉ុបក្តីក៏កញ្ញាសួរថា នៅទីបំផុតតើនេះជាអ្វីដែលកញ្ញាត្រូវធ្វើឬ? កញ្ញានិយាយថា កញ្ញាត្រូវការរយៈពេល ១ ឆ្នាំទៀត ដើម្បីសម្រេចចិត្ត។
នារីវ័យ ២៥ ឆ្នាំរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំគិតថា ខ្ញុំបានជួបមនុស្សដែលខ្វល់ខ្វាយពីអ្វីដែលខ្ញុំធ្វើ ហើយគេឱ្យតម្លៃខ្ញុំ។ ប៉ុន្តែខ្ញុំប្រហែលជាត្រូវការពេល ១ ឆ្នាំទៀត ដើម្បីធ្វើការសម្រេចចិត្តថា តើខ្ញុំចង់បន្តធ្វើការងារនេះដោយសារខ្ញុំស្រឡាញ់វា ឬក៏ខ្ញុំចង់បន្តការសិក្សាទៀត? ខ្ញុំមិនដឹងទេ ប៉ុន្តែប្រហែលជាខ្ញុំអាចរកវិធីផ្សេងដើម្បីលើកស្ទួយសិល្បៈរបស់យើងបាន»។
ទាក់ទងនឹងការលើកស្ទួយសិល្បៈខ្មែរ កញ្ញាលើកឡើងថា កញ្ញាចង់សរសេរលើកកម្ពស់អំពីតន្ត្រីខ្មែរ ហើយក៏នឹងមានជាភាសាខ្មែរផងដែរ។ នេះជាអ្វីដែលកញ្ញាសង្ឃឹមសម្រាប់និក្ខេបបទរបស់កញ្ញាផងដែរ។
កញ្ញាបន្ថែមថា ប្រសិនបើអ្នកលើកឡើងពីទស្សនៈបែបនោះ ហើយអ្នកដែលជជែកជាមួយអ្នក គឺមានតែជាជនជាតិមកពីបស្ចិមប្រទេស នោះអ្នកមិនផ្តល់ឱកាសឱ្យខ្មែរដូចគ្នាក្នុងការជជែកវែកញែកនោះទេ។ វាតែងតែមានអារម្មណ៍ល្អក្នុងការទទួលបាននូវការទទួលស្គាល់នៅក្នុងពិភពលោក ប៉ុន្តែវាសំខាន់ដូចគ្នាដែលត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍របស់អ្នក។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំក៏ចង់ឱ្យនិក្ខេបបទរបស់ខ្ញុំមានជាភាសាខ្មែរដែរ។ ក្នុងរយៈពេលវែង ខ្ញុំចង់មានពេលវេលា មានថវិកា ដើម្បីអាចបកប្រែគ្រប់យ៉ាងទៅជាភាសាខ្មែរ»។
កញ្ គិតចង់បន្តការសិក្សា ប៉ុន្តែវាពិតជាពិបាកក្នុងការស្វែងរកថ្នាក់ PhD ដែលស័ក្តិសម។
កញ្ញាបានបន្ថែមទៀតថា៖ «ខ្ញុំតែងតែចាប់អារម្មណ៍ក្នុងការលើកស្ទួយសិល្បៈខ្មែរ ហើយខ្ញុំមិនមែនចង់រៀនឱ្យចប់ថ្នាក់ PhD ហើយភ្លាមៗ ក៏សម្រេចថាមិនចង់នោះទេ។ នោះហើយជាមូលហេតុដែលខ្ញុំយល់ថា វាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការស្វែងរកកម្មវិធីសិក្សាដ៏ល្អមួយដើម្បីនៅជាមួយមនុស្សដែលជឿជាក់លើខ្ញុំ។ ខ្ញុំចង់មានឥទ្ធិពលវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា ឬពិភពលោក ដែលយកចិត្តទុកដាក់លើតន្ត្រីខ្មែរបំផុត»៕