ភ្នំពេញៈ ក្រុម​ការងារ​ខាង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​ ២០២២ បាន​រៀបចំ​ថត​ឧបករណ៍​តន្ត្រី​ស្លឹក​ជាមួយ​លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ដែល​ជា​ធនធាន​សេសសល់​ដ៏កម្រ ចេះ​ផ្លុំស្លឹក ដើម្បី​ចងក្រង​ទុកជា​ឯកសារ ឬ​សម្រាប់​ជា​គុណប្រយោជន៍ ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ពី​សិល្បៈ ឧបករណ៍​ភ្លេង​ដ៏កម្រ​មួយ​នេះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​។

បើតាម​អ្នកសិក្សា​ស្រាវជ្រាវ​តន្ត្រី​ផ្លុំស្លឹក គឺជា​តន្ដ្រី​ប្រពៃណី​ ១ ​ប្រភេទ​ដែល​ប្រជាជន​នៅតាម​ជនបទ​តែងតែ​ផ្លុំ​កម្សាន្ត កែ​អផ្សុក​នៅ​តាម​ស្រុកស្រែ​ចម្ការ ជាពិសេស​ក្រុម​ហ្មដំរី ឬ​អ្នកដើរ​ព្រៃ គឺ​គេ​តែងតែ​ផ្លុំស្លឹក​នេះ ដើម្បី​ហៅ សត្វ ដូចជា​សត្វ​ឈ្លូស ឬ​សត្វ​ដំរី​ជាដើម​។

លោក​ ឈាង ឆដាភ័ក្ត្រ ប្រធាន​ស្តីទី​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យដឹង​អំពី​ការគាំទ្រ​ក្នុង​ការរៀបចំ​ថត​ចងក្រង​ពី​ឧបករណ៍​តន្ត្រី​ផ្លុំស្លឹក​របស់​លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ផងដែរ​ថា នេះ​ជា​ការចងក្រង និង​រក្សាទុក​នូវ​ប្រភេទ​សិល្បៈ​ដ៏កម្រ​មួយ​នេះ ដោយ​ចាប់​ផ្តើមចេញពី​ធនធាន​អ្នក​ចេះ​នៅសល់​តិចតួច​ និង​បន្ត​ការស្រាវជ្រាវ​បន្ថែម​។

លោក​ ឆដាភ័ក្ត្រ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ដោយសារ​ពុំ​សូវ​ឃើញ​មាន​ឯកសារ​ច្រើន​ដែល​បន្សល់ទុក​អំពី​ឧបករណ៍​ភ្លេង​ស្លឹក​នេះ ហើយ​ជំនាញ​ផ្លុំស្លឹក ដែលជា​ឧបករណ៍​តន្ត្រី​ ១ ​ប្រភេទ​ដ៏កម្រ​នេះ ក៏មាន​អ្នកចេះ​ផ្លុំ​តិច​ណាស់​ក្នុងពេល​ឥឡូវនេះ​»​។

លោក​បន្ថែមថា​៖ «​ក្រោយពី​ដឹងថា លោក​ព្រឹទ្ធាចារ្យ ឈន សំអាត គាត់​ចេះ​ផ្លុំ ទើប​ខាង​ក្រុម​ការងារ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​រៀបចំ​ចងក្រង​ថត​ទុកជា​ឯកសារ និង​ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ​បន្តទៅ​ថ្ងៃមុខ​លើ​សិល្បៈ​ឧបករណ៍​តន្ត្រី​ស្លឹក​នេះ​»​។

បច្ចុប្បន្ន​លោក​ព្រឹទ្ធាចារ្យ ឈន សំអាត មាន​វ័យ​ ៦៣​ ឆ្នាំ​ជា​មន្ត្រី​ចូលនិវត្តន៍ ប៉ុន្តែ​នៅ​បម្រើ​ការងារ​ធ្វើជា​ជំនួយការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោយពី​លោក​ព្រឹទ្ធាចារ្យ​បាន​បម្រើ​ការងារ តាំងពី​ឆ្នាំ ​១៩៧៩ ​មក​នៅ​ផ្នែក​របាំ​ប្រពៃណី​ក្នុង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​។

លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ភូមិ និង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​ដែល​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​បន្ត​ពី​ឪពុកម្តាយ​មក ដែល​ជា​តន្ត្រីករ​ប្រពៃណី​ខ្មែរ ប្រចាំ​ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​។

លោក​ ឈន សំអាត ក៏​ជា​ប្អូនប្រុស​ពៅ​របស់​លោក​ព្រឹទ្ធាចារ្យ ពេជ្រទុំក្រវិល ដែល​កើត​ឆ្នាំ​ ១៩៤៣ និង​ទទួល​មរណភាព​នៅ​ឆ្នាំ​ ២០១៥ (​ឈ្មោះ​ពិត ឈន ទត​)​។ លោក​ជា​អតីត​បញ្ញវន្ត​ខ្មែរ​ ១ ​រូប​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​ផ្នែក​សម្តែង​ដ៏ល្បី​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ក៏​ជា​តួ​សម្តែង​ប្រចាំ​រោង​មហោស្រព​សិល្បៈ​នៅ​ចុង​ទសវត្សរ៍ ឆ្នាំ​ ១៩៦០ និង​ជា​អ្នក​បាន​ជួយ​កែសម្រួល​ឱ្យមាន​ការសម្តែង​សិល្បៈ​នានា​ឡើងវិញ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​។

លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ជា​សិល្បករ​ជើងចាស់​ ១ ​រូប​ដែលមាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​សិល្បៈ​ច្រើន​ទម្រង់​ដោយ​លោក​ធ្លាប់ជា​អ្នករបាំ​ប្រជាប្រិយ ជា​តួសម្តែង ល្ខោនបាសាក់ ល្ខោន​យីកេ និង​ជា​តន្ត្រីករ​នៃ​ឧបករណ៍​ភ្លេង​ខ្លុយ និង​ស្លឹក ដែល​បាន​ឆ្លងកាត់​បទពិសោធ​ផ្នែក​សិល្បៈ​ជាច្រើន​ជំនាន់​ប្រមាណ​ជាង​ ៤ ​ទសវត្សរ៍​មកហើយ​។

លោក​ ឈន សំអាត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ចន្លោះ​ឆ្នាំ​ ១៩៧២-៧៣ លោក​បាន​រៀន​របាំ និង​ធ្លាប់បាន​ប្រឡង​ជាប់​ជា​តួសម្តែង​ល្ខោនបាសាក់​វ័យក្មេង​ជាងគេ គឺ​ក្នុង​វ័យ ​១៥ ​ឆ្នាំ នៅ​ឆ្នាំ​ ១៩៧៣​។

លោក​ ឈន សំអាត បញ្ជាក់ថា​៖ «​កាល​សម័យ​នោះ ​(​ឆ្នាំ​ ១៩៧២-១៩៧៣) ខ្ញុំ​ធ្លាប់បាន​សម្តែង​ជា​តួ​ត្លុក​ក្នុង​ល្ខោនបាសាក់ និង​សម្តែង​ល្ខោន​យីកេ ធ្លាប់​ដើរ​ជា​តួអង្គ​ម៉ឺន​ងួន ក្នុង​រឿង​ទុំទាវ និង​តួ​ផ្យាណយ​ក្នុង​រឿង​ម៉ាក់ថឺង​»​។

លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ក្នុង​ពិធី​រៀបចំ​ផ្លុំស្លឹក​ថត​រក្សាទុក ​កាលពី​ថ្ងៃទី​ ៤ សីហា​។ រូប ក្រសួង​វប្បធម៌

ដោយឡែក​នៅ​ចន្លោះ​ឆ្នាំ ១៩៨១-៨២ លោក​ ឈន សំអាត បាន​ចូលរៀន​ជំនាញ​ឧបករណ៍​ភ្លេង​ខ្លុយ​ក៏​ចាប់ផ្តើម​រៀន​ផ្លុំស្លឹក​ជា​បណ្តើរៗ​ផងដែរ ប៉ុន្តែ​មិនទាន់​ចេះ​ស្ទាត់​ឡើយ និង​បាន​ប្រកប​ជា​អ្នក​សម្តែង​របាំ​ប្រជាប្រិយ ឬ​របាំ​ប្រពៃណី​នានា ដូចជា​របាំ​ក្ងោក របាំ​គោះត្រឡោក និង​របាំ​ឆៃយ៉ាំ​។

តន្ត្រីករ​ផ្លុំស្លឹក​ដ៏កម្រ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​លុះ​មកដល់​ចន្លោះ​ឆ្នាំ ​១៩៩៥-៩៦ ទើប​ខ្ញុំ​អាច​ចេះ​ផ្លុំស្លឹក​រហូត​ដល់​បច្ចុប្បន្ន​។ ការរៀន​ផ្លុំស្លឹក​នេះ គឺ​ចាប់តាំងពី​ជំនាន់​ខ្ញុំ​បាន​ចូលរៀន​ឧបករណ៍​ខ្លុយ​មក​ម្ល៉េះ ហើយ​ក្រៅពីនេះ ខ្ញុំ ​[​គឺជា​] ​អ្នករបាំ​ប្រពៃណី​ប្រចាំ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដែល​ភាគច្រើន​សម្តែង​របាំ​ក្ងោក របាំ​គោះ​ត្រឡោក និង​របាំ​ឆៃយ៉ាំ​ជាដើម​»​។

ក្រោយពី​បាន​រៀន​ចេះ​ផ្លុំស្លឹក​នេះ​ស្ទាត់​ជំនាញ​មក លោក​ព្រឹទ្ធាចារ្យ​ ឈន សំអាត ក៏បាន​សន្សំ​ចិត្ត ដើម្បី​បង្ហាត់​បង្រៀន​បន្តទៅ​អ្នក​ជំនាន់​ក្រោយៗ​ដែរ នៅឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

លោក​ ឈន សំអាត ប្រាប់ថា​៖ «​កន្លងមក ធ្លាប់​បើក​ទទួល​បង្រៀន​សិស្ស​ដែរ នៅ​សាលា​វិចិត្រសិល្បៈ តែ​សិល្បៈ​តន្ត្រី​ផ្លុំស្លឹក​នេះ វា​ហាក់​មាន​ភាពលំបាក​ណាស់ សម្រាប់​ស្រូប​សិស្ស​ចូលរៀន​។ វា​សឹងតែ​គ្មាន​អ្នក​ចាប់​អារម្មណ៍​ចូលរៀន​ឡើយ ហើយ​បើ​មាន​ការចូលរៀន​វិញ ក៏​មិនទាន់​មាន​អ្នកណា​អាច​ចាប់អារម្មណ៍​ខ្លាំង យក​ធ្វើជា​អាជីព​នោះទេ​»​។

ចំពោះ​បច្ចេកទេស​ផ្លុំស្លឹក​នេះ ក៏​ទាមទារ​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកទេស​ផ្លុំ​ខ្យល់​ឱ្យបាន​ខ្លាំង និង​បច្ចេកទេស​នៃ​ការប្រើប្រាស់​បបូរមាត់​ទាំង​ ២ ក្នុង​ការ​កៀប​ស្លឹក ដើម្បី​ធ្វើយ៉ាងណា​អាច​បញ្ចេញ​ជា​សូរសំឡេង​ប្រគំ​ជា​បទចម្រៀង​នានា ហើយ​ក៏មាន​ប្រភេទ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​មួយចំនួន​ទៀតផង ទើប​អាច​ផ្លុំ​បានឮ​សំឡេង​ល្អ​។

លោក​ព្រឹទ្ធាចារ្យ​លើកឡើង​ថា​៖ «​ចំពោះ​ការ​ផ្លុំស្លឹក​នេះ អាច​ផ្លុំ​លេង​បាន​គ្រប់​ប្រភេទ តាម​បទ​ចម្រៀង​ណា ដែល​ខ្លួន​យើង​ចេះ​ចាំបាន គឺ​អាស្រ័យ​ទៅលើ​បច្ចេកទេស​នៃ​ការផ្លុំស្លឹក​បត់បែន​ទៅ​តាម​បទចម្រៀង​ប៉ុណ្ណោះ​»​។

លោក​បាន​បន្តថា​៖ «​ចំណែក​ស្លឹក​ផ្លុំ​វិញ​ឱ្យតែ​ជា​ប្រភេទ​ឈើ​មាន​លក្ខណៈ​ស្វិត គឺអាច​យកមក​ផ្លុំ​បាន​។ តែបើ​តាម​បទពិសោធ​ខ្ញុំ​នោះ ស្លឹកឈើ​ដែល​អាច​ផ្លុំ​បានឮ​ល្អ និង​មាន​គុណភាព​ល្អ គឺមាន​ដូចជា​ស្លឹក​រំដួល ស្លឹក​ជ្រៃ និង​ស្លឹក​លំពង់​ (​ស្រដៀង​ស្លឹក​សង្កែ​)»​។

សិល្បៈ​ផ្លុំស្លឹក​ហាក់​មិនទាន់​ឃើញ​មាន​ឯកសារ​ណា​បាន​បញ្ជាក់​ច្បាស់​ពី​ប្រភព​ដើម​នោះឡើយ ដោយ​គ្រាន់តែ​ជា​សិល្បៈ​ដែល​ចេះ​តៗ​គ្នា ហើយ​ច្រើនតែ​និយម​លេង ឬ​ផ្លុំ​ក្នុង​បរិយាកាស​បែប​ស្រងេះ​ស្រងោច លន្លង់​លន្លោច ឬ​បណ្តែតអារម្មណ៍​របស់​មនុស្ស​ណា​ម្នាក់​ ដើម្បី​រំសាយ​អារម្មណ៍ ឬ​កម្សាន្ត​អារម្មណ៍​។

លោក​ព្រឹទ្ធាចារ្យ​បាន​ឱ្យដឹង​ទៀតថា​៖ «​ឧបករណ៍​តន្ត្រី​ស្លឹក​នេះ គេ​តែងតែ​ផ្លុំ​កម្សាន្ត​លេង បែប​ជា​ការកែ​អផ្សុក​នៅ​តាម​ស្រុក​ស្រែចម្ការ ជាពិសេស ក្រុម​ហ្មដំរី ឬ​អ្នកដើរ​ព្រៃ គឺ​គេ​តែងតែ​ផ្លុំស្លឹក ដើម្បី​ហៅ​សត្វ ដូចជា​សត្វ​ឈ្លូស ឬ​សត្វ​ដំរី ជាដើម​»​។

ដោយសារ​ក្តី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ជំនាញ​សិល្បៈ​ផ្លុំស្លឹក​នេះ និង​ធ្លាប់​បាន​ឃើញ​មាន​វីដេអូ​ថត​អ្នកចេះ​ផ្លុំស្លឹក​ពូកែ​ជាង​ខ្លួន​ទៅទៀត​បង្ហោះ​តាម​បណ្តាញ​សង្គម​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស លោក​ព្រឹទ្ធាចារ្យ ឈន សំអាត ក៏បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ប្រកាស​ផ្សព្វផ្សាយ​ទៅដល់​ពួកគាត់ និង​ជួយ​ប្រមែ​ប្រមូល​ធនធាន​អ្នកចេះ​ផ្នែក​ឧបករណ៍​តន្ត្រី​ស្លឹក​នេះ​ផងដែរ​។

ព្រឹទ្ធាចារ្យ ឈន សំអាត បាន​ថ្លែង​ថា​៖ «​បន្ថែម​ពី​សេចក្តី​រីករាយ​ដោយ​ឃើញ​ខាង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​រៀបចំ​ការថត​ទុកជា​ឯកសារ​ជាមួយ​ខ្ញុំ​នោះ ក៏​គួរតែ​ប្រមែប្រមូល​អ្នកចេះ​ផ្លុំ​ស្លឹក​នៅ​ទី​នានា មក​បង្ហាញ​សមត្ថភាព និង​គាំទ្រ​ពួកគាត់ និង​ថត​ចងក្រង​ទុក​ជា​ឯកសារ ទុក​បន្តទៅ​ជំនាន់​ក្រោយៗ​។ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​បងប្អូន​ខ្មែរ​យើង​នៅ​តាម​ទីជនបទ​មួយចំនួន​មាន​ទេពកោសល្យ​ល្អ​ក្នុង​ការផ្លុំស្លឹក​នេះដែរ នាពេល​បច្ចុប្បន្ន​តាមរយៈ​ការថត​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​»៕