ភ្នំពេញ: យុវជន ជីម ប៉ូលី បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ​ផ្នែក​ធនា​គារ​ហិរញ្ញ​វត្ថុ​ និង​ផ្នែក​ភាសា​អង់​គ្លេស​សម្រាប់​អាជីវ​កម្ម​នៅ​ក្នុង​ស្រុក​រួច​បន្ដ​ការ​សិក្សា​​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ពី​ប្រទេស​អូស្ត្រា​លី។ លើស​ពីនេះ​ ពេល​វិល​មក​មាតុ​ភូមិ​វិញ​ លោក ​ប៉ូលី​ បាន​ធ្វើ​ជា​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ជា​ច្រើន​។

យ៉ាង​ណា​មិញ គ្មាន​នរណា​ជឿ​ថា នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន TADA​ ប្រធាន​ផ្នែក​នៅ​ធនាគារ​វីង ក្រុមហ៊ុន Uber ក្រុម​ហ៊ុន Cellcard និង​ក្រុមហ៊ុន Ezecom បោះបង់​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ មក​បើក​ហាង​កាត់​សក់​ដោយ​គ្មាន​ជំនាញ​ផ្នែក​នេះ​ទាល់​តែ​សោះ​នោះទេ។

លោក ប៉ូលី ដែល​កាន់​តំណែង​ជា​ប្រធាន​គ្រប់​គ្រង​នៅ​ក្រុមហ៊ុន Cellcard ពេល​បញ្ចប់​ការ​សិក្សា​នៅ​បរទេស​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា៖ «​ការ​ជំរុញ​ចិត្ដ​ខ្ញុំ​​ក្នុងការ​បង្កើត​មុខ​របរ​កាត់​សក់នេះ ​ដោយ​សារ​មើល​ឃើញ​ពី​កង្វះ​ខាត​ស្តង់​ដា​ និង​ឱកាស​រីក​ចម្រើន​ខ្ពស់​បើ​ប្រៀប​នឹ​ង​ប្រទេស​អភិវឌ្ឍន៍ ហើយ​ណា​មួយ​ខ្ញុំ​មាន​ទឹក​ចិត្ត​ចង់​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ និង​បង្កើត​ការ​ងារ​ធ្វើ​ដល់​កូន​ខ្មែរ»។

ឆ្លើយ​តប​នឹង​ទស្សនៈ​មួយ​ចំនួនដែល​យល់​ថា ជាង​កាត់​សក់​ជា​របរ​មិន​ពិត​ប្រាកដ ឬ​របរ​សម្រាប់​មនុស្ស​ទាល់​ច្រក​ លោក​ ប៉ូលី បច្ចុប្បន្ន អាយុ​ ៣៣​ ឆ្នាំ បាន​ឱ្យ​ដឹងថា តាម​ពិត​បើ​នៅ​ប្រទេស​អភិវឌ្ឍន៍ វាជា​របរ​មួយ​ដ៏​ថ្លៃ​ថ្នូរ ពិបាក​ធ្វើ និង​តម្រូវ​ឱ្យ​មាន​ទេព​កោ​សល្យ​ខ្ពស់ ​​វា​អាច​រក​ចំណូល​បាន​ច្រើន​។

យុវជន​ដែល​មើល​ឃើញ​ឱកាស​ខ្ពស់​ចំពោះ​របរ​កាត់​សក់​នៅ​កម្ពុជា​រូប​នេះបាន​និយាយ​ថា​៖ «​ដូច្នេះយើង​ឃើញ​បញ្ហា​នេះជា​ឱកាស​មួយ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​កាត់​សក់​ឱ្យ​មាន​ការ​រីក​ចម្រើន​»។

ដោយ​ចាប់​ផ្ដើម​ដំណើរ​ការ​ហាង​កាត់​សក់​ផ្ទាល់​ខ្លួន​នៅពាក់​កណ្ដាល​ឆ្នាំ​ ២០១៩​ លោក ប៉ូលី បាន​អះអាង​ថា លោក​ខ្លួន​ឯង​គ្មាន​ជំនាញ​ខាង​កាត់​សក់​នោះទេ​ តែ​លោក​ចាប់ផ្ដើម​ដោយ​ក្ដី​ស្រ​ឡាញ់​ និង​មាន​ជំនឿ​ចិត្ដ​ថា លោក​អាច​ធ្វើ​បាន​ ទោះ​បី​ជា​មិន​ទាន់​មាន​ជំនាញ​លើ​វិស័យ​នេះ​យ៉ាង​ណា​ក៏​ដោយ​។

លោក ប៉ូលី បាន​យល់​ស្រប​ថា បើ​បើក​ហាង​ដើម្បី​ឆាប់​ទាញ​យក​ចំណូល​រយៈ​ពេល​ខ្លី​ ប្រហែល​ជា​លោក​មិន​ហ៊ាន​ប្រថុយ​នោះទេ​ តែ​លោក​សម្លឹង​មើល​វែង​ឆ្ងាយ​ និង​ការ​រីក​ចម្រើន​រយៈ​ពេល​យូរ​ចំពោះ​របរ​ហាង​កាត់​សក់​នេះ​។

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​បើ​ថ្ងៃ​ក្រោយយើង​អាច​កសាង​វិស័យ​នេះ​ឱ្យ​រីក​ចម្រើន​ មិន​ត្រឹមតែ​យើង​អាច​ទទួល​ផល​ចំណូល​បាន​ល្អ​នោះទេ​ តែ​ថែម​ទាំង​បាន​ជួយ​កូន​ខ្មែរ​ជា​ច្រើន​មាន​ការ​ងារ​ធ្វើ​ និងបាន​ជួយ​ដល់​អតិថិ​ជន​ជា​ច្រើន​អាច​ទទួល​បាន​សេវា​ប្រកប​ដោយ​ស្ដង់​ដា​ល្អ​»។

លោក​ទទួល​ស្គាល់​ថា នៅ​កម្ពុជា​មាន​ហាង​កាត់​សក់​ជាច្រើន​មិន​អាច​គិត​ថ្លៃ​ខ្ពស់​ពី​ភ្ញៀវ​បាន​ដូច​នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​​នោះទេ​។ លោក​បាន​លើក​ឡើង​ថា​៖ «​ទី១ ​យើង​មិនទាន់​មាន​ស្ដង់ដា​ច្បាស់​លាស់​ ទី២ ប្រជា​ជន​ក៏​មិន​ទាន់​ហ៊ាន​ចំណាយ​ខ្ពស់​នៅ​ឡើយ​»។

ទោះជាយ៉ាង​ណា​ លោក​បាន​អះអាង​ថា ទាំង​អស់​នេះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ ពីព្រោះ​និន្នាការ​ប្រទេស​កម្ពុជា​កំពុង​តែ​អភិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់​ឈរ​ ហើយ​ចំនួន​អ្នក​ដែល​ត្រូវ​ការ​ស្ដង់ដា​ល្អ​កាន់តែ​ច្រើន​ ហើយ​អ្នក​ត្រូវការ​ការងារ​ក៏​កាន់តែ​ច្រើន​។ ដូច្នេះ ការ​បំពាក់​បំប៉ន​ និង​បណ្ដុះ​បណ្ដាល​ផ្នែក​កាត់​សក់​មាន​សារៈ​សំខាន់​ណាស់​។

លោក ប៉ូលី បាន​បន្ដថា​៖ «​ចំពោះ​បញ្ហា​ស្ដង់​ដា​សម្រាប់​ហាង​របស់​យើង​ ដែល​មាន​ឈ្មោះ​ខុសៗ​គ្នា តែ​ហាង​នីមួយៗ​សុទ្ធ​តែ​មាន​ស្ដង់ដា​ ពីព្រោះ​ទាំង​ការ​តុប​តែង កម្រិត​អនា​ម័យ កម្រិត​ជំនាញ​របស់​បុគ្គលិក​សុទ្ធ​តែ​ត្រូវ​បាន​គិត​គូរ និង​រៀបចំ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​ធានា​ថា ពី​ហាង​មួយ​ទៅ​ហាង​មួយ​ មាន​ស្ដង់​ដា​ដូចគ្នា ហើយ​អតិ​ថិជន​ពុំ​ចាំបាច់​មក​រក​ហាង​ដដែលៗ​ក៏បាន​ ពោល​គឺ​ពួកគាត់​អាច​ទៅ​ទីណា​ក៏​ទទួល​បាន​បទ​ពិសោធ​ល្អ​ដូច​ៗ​គ្នា​»។

​ចំពោះ​ការ​ចាប់​ដៃ​គូ​ជាមួយ​ជាង​កាត់​សក់​ក្នុង​ស្រុក​ លោក អេង ប៉ាវ ដែល​បាន​សិក្សា​ជំនាញ​កាត់​សក់នេះ​ដំបូង​នៅ​ឆ្នាំ​ ២០០៩​ លោក​ប៉ូលីបាន​អះអាង​ថា​ ជាង​កាត់​សក់​ដែល​លេង​ខ្លួន​បែប​ទាន់​សម័យ​ ជា​មួយ​នឹង​ក្រវិល​ខ្មៅ​លើ​ទង​ត្រចៀក​ទាំង​សង​ខាង​ និង​ស្នាម​សាក់​លើ​ដៃទាំង​គូជា​អ្នក​មាន​ជំនាញ​និង​មាន​ទេព​កោស​ល្យ​ល្អ​ឥត​ខ្ចោះ​។

លើស​ពី​នេះ​លោក​បន្ដ​ថា​ អេង​ ប៉ាវ ជា​មនុស្ស​ល្អមាន​ភាព​ស្មោះ​ត្រង់ និង​មាន​ចក្ខុវិស័យ​ដូច​គ្នា​ចំពោះ​វិស័យ​នេះ​ ជាពិសេស​អ្នក​ទាំង ២ ​មាន​ជំនាញ​ខុស​គ្នា​រៀង​ខ្លួន​ ដែល​អាច​បំពេញ​ភាព​ខ្វះ​ខាត​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​។

ថ្លែង​ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ប៉ាវ ស្ថិត​ក្នុង​បន្ទប់​តុបតែង​ដោយ​រូបថតនិង​វត្ថុ​ចាស់ៗ​បន្សល់​ពី​ទស​វត្សរ៍​សម័យ​មាស ចង់​ចាប់​ដៃគូ​ជាមួយ​លោក ប៉ូលី ដោយ​សារ​ពួកគេ​ចង់​អភិវឌ្ឍ​វិស័យ​កាត់​សក់​នៅ​កម្ពុជា​ឱ្យ​មាន​កម្រិត​ស្ដង់​ដា​ អាច​ប្រកួត​ប្រជែង​ទីផ្សារ​អន្ដរ​ជាតិ​ ចង់​ជួយ​ជាង​កាត់​សក់បង្កើន​ប្រាក់​ចំណូល​ខ្ពស់​សម​រម្យ​និង​កែប្រែ​វិស័យ​មួយ​នេះ​ពី​លក្ខណៈ​ប្រពៃ​ណី​ឱ្យ​ទាន់​សម័យ​។

លោក​ ប៉ាវ អាយុ ៣០ ​ឆ្នាំ ដែល​បញ្ចប់​ការ​សិក្សា​ត្រឹម​ឆ្នាំទី​២ ជំនាញ​សេដ្ឋកិច្ច​ នៅ​សាក​វិទ្យា​ល័យ​ ​ចម្រើន​ពហុ​បច្ចេក​វិទ្យាបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ដោយ​មើល​ឃើញ​ពី​សមត្ថ​ភាព​ ស្នាដៃ​ដឹក​នាំអាជីវ​កម្ម​ និង​មើល​ឃើញ​ពី​កខ្វះ​ខាត​ក្រុម​ការងារ​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ក្នុងការ​ជំរុញ​អាជីវ​កម្ម​ឱ្យ​រីក​ចម្រើន​ លោក​ ប៉ូលី ជា​ជម្រើស​ដ៏​ស័ក្ដិ​សម​បំផុត​។ គាត់​មាន​ការ​យល់​ដឹង​ខ្ពស់​ជាមួយ​បទពិសោធ​ រួម​ទាំង​យើង​ទាំង​២​មាន​ជំនាញ​ផ្សេងៗ​ដែល​ជួយ​បំពេញ​ឱ្យ​គ្នា​»។

​ការកាត់​សក់​ទាំង៣​សាខា​របស់​យុវ​ជន​ទាំង​ ២​ នាក់ រួម​មាន​ ហាង​ Kambuja ជា​ហាង​លំដាប់​ខ្ពស់តម្លៃ​កាត់​សក់​ម្ដង​ ១៥ ​ដុល្លារ​, ហាង​ Simple ជា​ហាង​លំដាប់​មធ្យម​មាន​ ៦ ​សាខា​ តម្លៃ ៧ ដុល្លារ​ និង​ហាង ​5 Barber ជា​ហាង​លំដាប់​ទាប​មាន​ ២ សាខា ​តម្លៃ​ ២,៥ ដុល្លារ​។

លោក ប៉ាវ​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​ក្នុង​និង​ក្រៅប្រទេស​ក៏ដូចជា ​ការ​បំបែក​ស្ទីល​ម៉ូដ​សក់​ផ្ទាល់​ខ្លួនបាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​លោក​ជា​អ្នក​គ្រប់​គ្រង​ហាង​កាត់​សក់​នៅ​គ្រប់​សា​ខា ​និង​ឆ្លៀត​ពេល​ទទួល​ភ្ញៀវ​ដែល​ណាត់​ជួប​មុន​ ដែល​លោក​កាត់​នៅ​ Kam​buja ​Barbar​shop​ មាន​ទីតាំង​នៅ​ទួល​ទំពូង​ក្នុ​ងតម្លៃ ​៣២ ​ដុល្លារ​​។

ជាមួយ​ការបើក​ហាង​ដែល​មាន​តម្លៃ​កាត់​សក់​ចាប់​ពី ២,៥​ ដុល្លារ ​រហូត​ដល់ ​១៥​ ដុល្លារ​ ពួកគេ​ចង់​ឱ្យ​គ្រប់​ប្រភេទ​អតិថិ​ជន​អាច​ទទួល​បាន​នូវ​ការ​កាត់​សក់​ស្ដង់​ដា​ទៅ​តាម​លទ្ធភាព​របស់​អតិថិ​ជនហើយ​ពួកគេ​ចង់​ផ្ដល់​ឱកាស​ដល់​បុគ្គលិក​មាន​ជំនាញ​កម្រិត​មធ្យម​អាច​មើល​ឃើញ​ពី​ឱកាស​អភិវឌ្ឍ​ខ្លួនក៏ដូច​ជា ​អាច​ឡើង​ទៅ​កាត់​នៅ​ហាង​មាន​ស្ដង់​ដា​ខ្ពស់​បំផុត​។

ពួកគេ​បាន​ឱ្យដឹង​ពីភាព​ខុស​គ្នា​រវាង​ហាង​តម្លៃ​ ២,៥​ ដុល្លារ​ និងហាង​តម្លៃ ១៥​ ដុល្លារ​ថា​ វា​ខុស​លើ​ទំហំ​ហាង​ កា​ររៀប​ចំ​តុប​តែង កម្រិត​ស្ដង់ដា​បុគ្គ​លិក ​ការ​ផ្ដល់​ជូន​បន្ថែម ដូច​ជា កាហ្វេ​ជាដើម​។ ប៉ុន្ដែ​អ្នក​ទាំង​ ២ ​អះអាង​ថា ពី​ហាង​ ១​ ទៅ​ហាង ​១ ទាំង ៦ ​សាខា​ ផ្ដោត​លើ​ស្ដង់​ដា​រួម​ដែល​ល្អ​គ្រប់​គ្រាន់​សម្រាប់​អតិថិ​ជន​។

ដោយ​មាន​មហិច្ឆ​តា​ពង្រីក​រហូត​ដល់ ១០០​ សាខា អ្នក​ជំនាញ​ផ្នែក​គ្រប់​គ្រង​អាជីវ​កម្មនិង​អ្នក​ជំនាញ​លេង​ម៉ូដ​សក់​រូប​នេះ រំពឹង​ថា នឹង​ប្រើ​រយៈ​ពេល ២-៣​ ឆ្នាំ​។ ប៉ុន្ដែ​ពួកគេ​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា វា​មិន​មែន​ជា​រឿង​សំខាន់​បំផុត​នោះទេ​ អ្វីដែល​ស្ថិត​ក្នុង​គំនិត​ស្នូល​របស់​ពួក​គេ​សេវា​កម្ម​ប្រ​កប​ដោយ​ស្ដង់​ដា​ឋិតឋេរ​និង​ធានា​ឱ្យ​បាន​នូវការ​រីក​ចម្រើន​រាល់​ថ្ងៃ។

យោង​តាម​លោក ប៉ូលី បាន​ឱ្យ​ដឹង​ថា​៖ «​ម្យ៉ាង​វិញ​ទៀត យើង​ក៏​គ្មាន​មហិច្ឆ​តា​ចង់​កាន់​កាប់​ហាង​ទាំង​អស់​នោះទេ យើង​គ្រាន់​តែ​បង្កើត​សាខា​ និង​រៀបចំ​លក្ខណៈ ​Franchise ដើម្បី​ឱ្យ​ប្រជាជន​ និង​អតិថិ​ជន​ទូទាំង​ប្រទេស​អាច​ទទួល​បាន​នូវ​ស្ដង់​ដា​នៃការ​កាត់​សក់​រួម​មួយ​»។

ដោយ​អះអាង​ថា ​បុគ្គលិក​សម្រាប់​សា​ខា​ហាង​ទាំង ៦ ត្រូវបា​ន​បណ្ដុះ​បណ្ដាល​បន្ថែម​ពី៣ខែទៅ ១ ​ឆ្នាំ​ទៅ​តាម​បទ​ពិសោធ​ និង​ភាព​ឈ្លាសវៃរបស់​ពួក​គេ លោ​កប៉ាវបាន​អះអាង​ថា លោក​គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ចាក​ចោល​ក្ដី​ស្រមៃ​បង្កើត​ហាង ១០០​ សាខា​នោះទេ​ ដោយ​នេះ​ជា​ការ​កំណត់​គោល​ដៅ​របស់​ពួក​គេ​។

លោក​ ប៉ូលី​ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិត​ថាវិស័យ​នេះ​មិន​មែន​ជា​វិស័យ​ថ្មី​ទេ​ តែ​ឱកាស​នៅតែ​ខ្ពស់​សម្រាប់​ប្រទេស​យើង​។ ដូច្នេះខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូលរួម​ពីសំ​ណាក់​អ្នក​វិនិយោគ​នានា​ ជាង​កាត់​សក់ និង​ហាង​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​»៕