ភ្នំពេញៈ ក្រោយ​ពី​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​គណៈគ្រប់​គ្រង ​លោក​គ្រូ ​អ្នកគ្រូ ​និង​សិស្សានុ​សិស្ស​ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​មានការ​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ​ស្តីពី​ការផ្លាស់ប្តូរ​សិល្បៈ ​ទស្សនីយភាព​ និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព ​រវាង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ជាមួយ​សមាគ​មអតីត​និស្សិត​សាកល​វិទ្យា​ល័យ​វិចិត្រ​សិល្បៈ​ខ្មែរ​ នៅ​ប្រទេស​បារាំង​ដែល​ហៅ​កាត់​ថា ​«AEKUBACF»។

ពិធី​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​សិល្បៈ​ទស្សនីយភាព​ និង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព​នេះ ​ត្រូវបាន​ធ្វើឡើង​នៅ​ឯ​សាល​មហោ​ស្រព​ពិមាន​អាកាស ​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ កាល​ពី​ថ្ងៃទី ១៧ ​ខែ សីហា ​ឆ្នាំ ២០២២ ​ដោយ​មាន​ការចូល​រួម​ពី​សំណាក់​​លោក ​ហេង កំសាន្ត ​ជា​នាយក​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ និង​អ្នកស្រី ​អ៊ុង វ៉ានថា ​ជា​ប្រធាន​សមាគម​អតីត​និស្សិត​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ខ្មែរ​នៅ​ប្រទេស​បារាំង។​

​លោក ​ហេង កំសាន្ត ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «សម្រាប់​កិច្ច​ព្រៀម​ព្រៀង​នោះ​ យើង​មាន​កិច្ចពិភាក្សា​រួម​គ្នា​លើ​ ៩ ចំណុ​ចផ្សេងៗ ​ដោយ​គោល​បំណង​សំខាន់​គឺ​ចង់​បង្កើត​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ផ្នែក​សិល្បៈ​រវាង​សិស្សានុសិស្ស​សាលាមធ្យម​វិចិត្រ​សិល្បៈ​នៅ​ប្រទេស​ខ្មែរ ​និង​សិស្សានុ​សិស្ស​ជា​កូន​ខ្មែរ​ ដែល​កើត​ និង​កំពុង​តែ​រស់​នៅ​ប្រទេស​បារាំង​ កំពុង​តែ​ខ្វះខាត​ធនធាន​គ្រូ​បង្ហាត់​បង្រៀន​ផ្នែក​សិល្បៈ​មួយ​ចំនួន ​ដូចជា ​របាំ ​ល្ខោន​បាសាក់ ​និង​ល្ខោន​យីកេ​ជាដើម»​។

លោក​ កំសាន្ត ​បន្តថា​៖ «ដោយសារ​មើល​ឃើញ​ថា ​នា​រយៈ​ពេល​ ១០-២០​ ឆ្នាំ​ចុង​ក្រោយ​នេះ ​វិស័យ​សិល្បៈ​ខាង​លើនេះ ​មាន​ការស្រុត​ចុះ​នូវ​ប្រជាប្រិយ​ភាព​ ទើប​នាំឱ្យ​មាន​ការចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​រវាង​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​និង​សមាគម​សិល្បៈ ​AEKUBACF ​ប្រទេស​បារាំង ​ដែលនឹង​មាន​ការ​រៀបចំ​នូវ​គម្រោង​ព្រឹត្តិការណ៍​សម្តែង​រួម​គ្នា​របស់​សិស្សានុសិស្ស​ទាំង ២​ ភាគី​ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២៣ ​តទៅ»។​​

គម្រោង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​នោះ ​ផ្តោត​សំខាន់​លើ​ការយក​ទស្សនីយភាព​នៃ​ការសម្តែង​សាច់​រឿង​នានា ​ទៅ​តាម​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់ ​និង​លោ្ខន​យីកេ​ និង​របាំ​ផងដែរ​។ ​លើស​ពី​នេះ ​ក៏នឹង​​មាន​ការផ្លាស់​ប្តូរ​គ្នា​រវាង​គ្រូ​បង្រៀន​សិល្បៈ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ក្នុង​ស្រុក​ខ្មែរ ​និង​គ្រូ​ខ្មែរ​បង្រៀន​សិល្បៈ​នៅ​បារាំង​ទៀត​ផង។ ចំពោះ​គោលដៅ​នៃ​កិច្ច​ព្រម​ព្រៀងនេះ ​នឹង​ចូល​រួមក្នុង​ការលើក​ស្ទួយ​ទម្រង់​សិល្បៈ​ដែល​ស្រុត​ចុះ​ប្រជាប្រិយភាព​នេះ​ឡើង​មក​វិញ​ផង​ដែរ។ នេះ​បើ​តាម​លោក​ហេង ​កំសាន្ត។​​

បើ​តាម​លោក​ ហេង កំសាន្ត ​សមាគម ​AEKUBACF ​នៅ​ប្រទេស​បារាំង​ គឺ​មាន​ទ្រង់​ទ្រាយ​ធំ​សម្រាប់​បណ្តុះ​បណ្តាល​សិល្បៈ​ខ្មែរ​ដល់​យុវជន ​ឬ​កូន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​ ដោយ​ខាង​សមាគម​ មាន​ការបែង​ចែក​ជា​ផ្នែក​សំខាន់ៗ​ធំចំនួ​ន​ ៣ ​គឺ​មាន​ផ្នែក​សិល្បៈ​ទស្សនីយ​ភាព ​ផ្នែក​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ​និង​ផ្នែក​ស្រាវជ្រាវ។ ​

នាយក​សាលា​មធ្យម​វិចិត្រ​សិល្បៈ​រូប​នេះ ​បញ្ជាក់​ថា ​សម្រាប់​វត្តមាន​ នៃ​ក្រុម​សមាគម ​AEKUBACF ​នៅ​ប្រទេស​បារាំង​ នៅ​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីនេះ ​ក្នុង​បេសកកម្ម​រយៈ​ពេល​២​សប្តាហ៍​បាន​នាំ​យក​ក្រុម​ទាំង​៣ផ្នែក​នោះ​មក​តែ​ម្តង។​​ ១ ​ក្រុម ​នៅ​ក្នុង​ចំណោម​៣​ផ្នែក ​គឺ​ជា​ក្រុម​សម្តែង​សិល្បៈ​ ដែល​បាន​សម្តែង​សិល្បៈ​ទស្សនីយ​ភាព​នៅ​សាល​មហោស្រព​ចុតមុខ ​កាល​ពី​ថ្ងៃ​ទី ១៥​ ខែ សីហា ​ឆ្នាំ​ ២០២២។

លោក​ កំសាន្ត ​ឱ្យដឹងថា​៖ « ១ ​ក្រុម​ទៀត​បាន​ទៅ​ធ្វើ​កិច្ចការ​ពួកគេ​នៅ​ខេត្ត​សៀមរាប ​និង​ក្រុម​ទី​៣ ​ជា​ក្រុមបាន​ជួយ​ចាត់​ចែង​ការងារ​ នៃ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង ​ស្តីពី​ការផ្លាស់ប្តូរ​សិល្បៈ ​ទស្សនីយភាព ​និង​ពង្រីក​ទំនាក់​ទំនង ​មិត្តភាព ​រវាង​សាលា​មធ្យម​វិចិត្រសិល្បៈ ​ជាមួយ​នឹង​សមា​គមន៍​សិល្បៈ ​AEKUBACF ​ប្រទេស​បារាំង ​នៅ​សាល​មហោ​ស្រព​ពិមាន​អាកាស​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​កាល​ពី​ថ្ងៃទី ១៧ ​ខែ​ សីហា ​ឆ្នាំ​ ២០២២»៕​