​ជីវិត​កុមារភាព​ក្រីក្រ​លំបាករបស់​កញ្ញា ប្រ៊េនឌី មេយ័រស៍ (Brandy Myers) ត្រូវ​បាន​​កំដរបរិយាកាស​​​ឱ្យ​ស្រាកស្រាន្ត​​ដោយ​បទ​​ចម្រៀង​ខ្មែរនៅទឹកដីសហរដ្ឋ​អាមេរិក។ ការ​ចងចាំង​​ដ៏​ដិត​ដាម​​​នេះ​បាន​ធ្វើ​ឱ្យ​​កញ្ញា ប្រ៊េនឌី ចង់​ចេះ​ភាសា​ខ្មែរ និង​​ជម្នះ​រៀនវា​ខ្លួន​ឯង ទាំងពិបាក​រកសៀវភៅសិក្សា​ និង​​​​គ្មាន​នរណា​ជួយ​បង្រៀន​ទាល់​តែសោះ​។

បទពិសោធ​នេះ​បានធ្វើ​ឱ្យ​កញ្ញា​បង្កើត​ Khemara Kids ដើម្បីត្រួសត្រាយ​ផ្លូវ​ដល់​កូន​ខ្មែរ​ជំនាន់ក្រោយ​នៅ​សហរដ្ឋ​អាមេរិក​ ងាយស្រួល​ស្វែង​រក​​សៀវភៅ និង​សម្ភាររៀន​​​ភាសា​ខ្មែរ បន្តអត្តសញ្ញាណ​ពូជពង្ស​សាវតា​រមិនថា ​ពួកគេ​ស្ថិត​នៅទីណាឡើយ។

កើត​ក្នុង​​ឆ្នាំ ១៩៩៣ និង​ធំធាត់​នៅក្នុង​សហគមន៍​មិនសូវ​សម្បូរ​ខ្មែរ​​​នៃ​ទីក្រុងកូឡុំប៊ើស រដ្ឋ​អូហាយ៉ូ កញ្ញា​ ប្រ៊េនឌី មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​ដែល​កើត​នៅ​ទឹកដី​ខេត្ត​កំពង់​ឆ្នាំង ដែល​បាន​ជម្លៀស​ខ្លួន​​តាំង​ពី​កុមារ​មក​​កាន់​​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍​ទី៨០ បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ដួលរំលំ។ ​​ឪពុក​របស់​កញ្ញា​​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​​អាហ្វ្រិក​។

ក្នុងនាម​ជាស្ត្រី​ខ្មែរកាត់​ អាហ្វ្រិក និង​អាមេរិក នាង​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើនតាំងពី​ក្មេង​រហូត​ដល់​ធំពេញ​វ័យ​​​សព្វថ្ងៃ​ ចាប់តាំង​ពី​ការរើសអើង​ជាតិ​សាសន៍​ និង​ពណ៌​សម្បុរ​ រហូត​ដល់ជីវភាព​​​ក្រីក្រ។

ស្ត្រីសហគ្រិន​នៅទីក្រុងឡុងប៊ិក រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មាន​​ប្រជាជន​ខ្មែរ​ជាច្រើន​មិន​សូវ​គោរពផ្ដល់តម្លៃ​ដល់​​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មាន​ជាតិសាសន៍​ដើម​កំណើត​ពាក់កណ្តាល​ស្បែក​ខ្មៅ ដូច្នេះ​គេ​មើល​មិនឃើញ មិនចាត់ទុក​ខ្ញុំ​​ជា​ខ្មែរ​ទេ»​។

​កញ្ញា ប្រ៊េនឌី ដែល​ធ្លាប់​ធ្វើដំណើរ​មក​កម្ពុជា​ជា​ច្រើន​លើក​មកហើយ​នោះ បាន​រំឭក​ប្រាប់ទៀត​ថា៖ «សូម្បី​តែ​ពេល​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ ក៏​ខ្ញុំ​តែងតែ​ពន្យល់​ប្រាប់​អ្នកដទៃ​ថា ខ្ញុំ​​ពិត​ជា​​ខ្មែរ​​មែន​»​ ។​

​ក្រៅពី​​ប្រឈម​នឹងការរើសអើង ​កញ្ញាមិន​អាចបំភ្លេច​បាន​ទេ​នូវ​​កុមារភាព​​​ធំធាត់​ក្នុង​គ្រួសារ​ក្រីក្រក្រោម​ការ​ចិញ្ចឹម​បីបាច់​ពី​អ្នក​ម្ដាយ​ជាស្ត្រី​មេម៉ាយ ដែល​ត្រូវ​ធ្វើការ​ជាច្រើន​ដើម្បី​រកប្រាក់មក​ផ្គត់ផ្គង់គ្រួសារ​។

យ៉ាងណាមិញ កញ្ញា ប្រ៊េនឌី ក៏​ចងចាំ​នូវ​រឿងរ៉ាវ​ល្អៗ​ដូច​ជា​អារម្មណ៍​រីករាយ​នឹងសំឡេង​តន្ត្រីខ្មែរ​ដែល​ចាក់​កំដរ​​ការ​ជួបជុំក្រុម​គ្រួសារ​របស់នាង។

ស្ថាបនិក Khemara Kids វ័យ ​២៩ ​ឆ្នាំ​រូបនេះ បាន​រៀបរាប់ទៀត​ថា៖ «អនុស្សាវរីយ៍​កាល​កុមារភាព​របស់​ខ្ញុំ​គឺ​ការ​ស្ទូចត្រី​ជាមួយ​ម៉ាក់ និង​មីង​របស់ខ្ញុំ ហើយយើង​ស្តាប់ភ្លេង​ខ្មែរ ​ធ្វើ​ម្ហូប​ខ្មែរ​ជាមួយគ្នា និង​លេង​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់​ខ្ញុំ​»។

កញ្ញា​បាន​ប្រាប់ទៀត​ថា៖ «កាលនោះ​ខ្ញុំ​មាន​អាយុ​ប្រហែល ៨ ឆ្នាំ​ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ស្គាល់​ពាក្យ​ជាភាសា​ខ្មែរ​​នៅ​លើ​អេក្រង់ច្រៀង​ខារ៉ាអូខេ​។ ពាក្យ​ដំបូង​ដែល​ខ្ញុំ​រៀន​អានដោយ​ការ​ចំណាំ​​គឺ​ពាក្យ «បង» និង «អូន»។​

បទ​ចម្រៀងខ្មែរ​​បាន​បំផុស​ឱ្យ​​កញ្ញា​ ប្រ៊េនឌី ​ចង់រៀនភាសា​ខ្មែរ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ម្តាយ​របស់​កញ្ញា​​មិន​អាច​​ជួយ​បង្រៀនបាន​ ដោយសារ​តែ​អ្នកស្រី​មាន​វ័យ​តូច​ពេក​​​ក្នុង​របប​ខ្មែរក្រហមជា​វេលា​ខ្មៅងងឹត​​ ដែល​​ប្រព័ន្ធ​​អប់រំ​ជាតិ​ត្រូវបាន​​ដួលរលំ។

ដោយ​គ្មាន​ជម្រើស​ធនធាន​សិក្សា កញ្ញាបាន​រៀន​​ភាសា​ខ្មែរ​ដោយ​ខ្លួន​ឯង​តាមរយៈ​ការមើលអក្សរ​ខ្មែរ​លើ​វីដេអូ​​ខារ៉ាអូខេ​ខ្មែរ​ ដែល​កញ្ញា​តែងតែ​ចាក់​តាំងពីព្រឹក​ដល់យប់។

កញ្ញា ប្រ៊េនឌី ស្រឡាញ់​តន្ត្រី​ខ្មែរ​គ្រប់ទម្រង់​ទាំងអស់ ចាប់តាំងពី​បទចម្រៀង​បុរាណ​រហូតដល់​ប្រពៃណី​របាំ​ប្រជាប្រិយ​ដូចជា រាំវង់ និង​កន្ទ្រឹម​ជាដើម។ កញ្ញា​ក៏​ចូលចិត្ត​ស្តាប់​ចម្រៀង​ខ្មែរ​ឆ្លង​ជំនាន់​មិនថា​បទ​ចាស់ៗ​​​ពីអធិរាជ​សំឡេង​មាស​ ស៊ីន ស៊ី​សាមុត និង រស់ សេរី​សុទ្ធា រហូត​ដល់​សិល្បករ​សម័យថ្មី ដូចជា តារារ៉េប វណ្ណដា ជាដើម​។​

កញ្ញា​បាន​លើកឡើង​ថា៖ «ខ្ញុំ​​មិនអាច​និយាយ​ថា ​បទ​មួយណា​ជា​បទ​ដែល​ខ្ញុំ​ចូលចិត្តបំផុត​នោះទេ​។ ខ្ញុំ​ចូលចិត្ត​តន្ត្រី​ខ្មែរ​គ្រប់ចង្វាក់ គ្រប់ប្រភេទ គឺ​​ចូលចិត្ត​ទាំងអស់​។ តែ​ក្នុង​ចំណោម​នោះ ​​អ្នកចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត​​ជាងគេ​គឺ ​ទូច ស៊ុន​និ​ច ដែល​ខ្ញុំ​នៅ​តែ​ចូលចិត្ត និង​តែងតែ​ស្ដាប់ចម្រៀង​របស់គាត់​រហូតមកដល់​សព្វថ្ងៃ​នេះ»។

​ក្រៅពី​ការ​រៀន​ភាសា​ខ្មែរ​តាម​បទចម្រៀង កញ្ញា ប្រ៊េនឌី នៅ​តែ​ពិបាក​រក​ឯកសារ សៀវភៅ​ និង​សម្ភារ​រៀនសូត្រ​​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​។ នៅ​សហរដ្ឋ​អាមេរិក នាងអាច​​រកបាន​ត្រឹមតែ​​​អំពី​ប្រទេស​កម្ពុជា​ក្នុង​អត្ថបទ​​​​ដកស្រង់​ខ្លីៗ​ពី​សៀវភៅ​​ និងឯកសារមួយចំនួន​នៅ​​បណ្ណាល័យ​ឯទីនោះ​។​

កញ្ញាបាន​រំឭក​ប្រាប់ថា៖ «ពេល​ខ្ញុំ​អាយុ​ប្រហែល​ ១០ ​ឆ្នាំ មានគេ​​​ជូន​សៀវភៅនិពន្ធ​ដោយ​អ្នកស្រី លឿង អ៊ុង ចំណង​ជើង​ថា «មុន​ដំបូង​គេ​សម្លាប់​ប៉ា​របស់​​ខ្ញុំ» ហើយ​វាក៏​​ជា​សៀវភៅ​ដំបូងបង្អស់​ដែល​ខ្ញុំ​អាន​ដោយ​ខ្លួនឯង​»។​

​ក្រៅពី​ក្ដីប្រាថ្នា​ចង់ចេះ​ភាសា​ខ្មែរ កញ្ញា ប្រ៊េនឌី តែងតែ​មាន​អារម្មណ៍​ថា ខ្លួនជា​ខ្មែរហើយមានក្ដីសុបិន​ចង់​​ធ្វើ​ការ​​ជាមួយ​យុវជន​កម្ពុជា​។​

​កញ្ញា​បាន​មកលេង​ប្រទេស​កំណើត​របស់​អ្នកម្ដាយ​​ជាច្រើន​ដង​ចាប់តាំងពី​ឆ្នាំ ២០១៥ និងលើក​ចុង​ក្រោយ​អំឡុងពេល​​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ក្នុង​ខែមេសា​​កន្លងទៅ​​ថ្មីៗ​នេះ​។​

សហគ្រិន​រូបនេះ​បាន​អះអាង​ថា៖ «​អ្វីដែល​ខ្ញុំ​ស្រឡាញ់​ពី​ឫសគល់​សាវតា​ររបស់ខ្ញុំ​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ គឺ​ភាពស្រស់ស្អាត​នៃ​វប្បធម៌ និង​ប្រជាជន​យើង ចេះ​តស៊ូ​តាំងពី​បុរាណ​រហូតមកដល់​បច្ចុប្បន្ន​។ បុព្វបុរស​ខ្មែរ​ពិតជា​​មនុស្ស​អស្ចារ្យ​គួរ​ឱ្យ​ទទួលស្គាល់​»​។​

​កញ្ញា​មាន​បំណង​ចង់​បើក​សាលា​សម្រាប់​កុមារ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​នាងមិនទាន់​​មាន​ស្ថិរភាព​​ផ្នែក​ហិរញ្ញវត្ថុ​ សម្រាប់​កិច្ចការ​ធំដុំបែបនេះទេ។ ​​ដូច្នេះ កញ្ញា​ក៏បង្វែរ​ទៅ​​គិត​លើ​រឿង​ផ្សេងទៀត​គឺ​ការ​រួមចំណែក​លើកកម្ពស់​ការរៀន​ភាសា​ខ្មែរ​ដល់​មនុស្ស​ជំនាន់​ក្រោយ​នៅ​សហរដ្ឋអាមេរិក។

កញ្ញា ប្រ៊េនឌី បាន​និយាយ​ថា៖ «​ខ្ញុំ​ចាប់អារម្មណ៍លើ​បញ្ហា​​​កង្វះ​ធនធានរៀន​ភាសា​​ខ្មែរ ដែល​យើង​មាន​នៅ​​ទីនេះ​ [សហរដ្ឋ​អាមេរិក] ក្នុងបណ្ដា​​រដ្ឋ​មួយចំនួន​។ ខ្ញុំក៏​​គិតថា ធ្វើ​ដូចម្តេច​ទើប​យើង​អាច​យក​សម្ភារ​សិក្សា​អក្សរ​ខ្មែរ​មក​ដាក់​ក្បែរ​ដៃ​ក្រុម​​គ្រួសារ​ខ្មែរ ដើម្បី​ឱ្យពួកគេ​អាច​​បន្ត​ឫសគល់​​ភាសា​នេះ​ដល់​ក្មេង​ជំនាន់​ក្រោយ​»​។​

​ក្នុងអំឡុងពេល​នៃ​ការបិទខ្ទប់​ក្នុង​ខែឧសភា ឆ្នាំ ២០២០ កញ្ញា​ក៏បាន​សម្រេច​បើក​ហាង​អន​ឡាញ​ Khemara Kids ដើម្បី​ផ្តល់ជូន​នូវ​សៀវភៅ​រឿងនិទាន​ និង​រូបភាព​ពីរ​ភាសា​ ជា​ភាសា​​ខ្មែរ និង​អង់គ្លេស ដោយ​អង្គការ​​ស៊ីប៉ា ដែល​កញ្ញា​បានចាត់ទុកថា​ជាកម្រង​​សៀវភៅ​កុមារ​គុណភាពល្អ​ពីបូព៌ា​ប្រទេស​​​​​។​

ក្រៅពីសៀវភៅភាសាខ្មែរ​ នៅមាន​សម្ភារ​សិក្សា​រួមមាន អក្ខរក្រម​ឈើ​ខ្មែរ និង​ល្បែង​ផ្គុំ​លេខ កាត​រូបភាព​រំលេច​តួអក្សរ និងពាក្យ ព្រមទាំង​សៀវភៅ​សំឡេង​អេឡិចត្រូនិក​។​

កញ្ញា ប្រ៊េនឌី បាន​លើកឡើង​ថា៖ «យើង​ក៏មាន​សម្ភាររៀន​ព្យញ្ជនៈ ស្រៈ និង​លេខ​ជា​ភាសា​ខ្មែរ និង​បង្កើត​ខ្លឹមសារ​មាតិកាលើ​ YouTube ឆា​នែ​ល Khemara Kids ជា​ភាសា​ខ្មែរ និង​អង់គ្លេស​សម្រាប់​ស្វាគមន៍​មនុស្ស​គ្រប់វ័យ​»។​

​សព្វថ្ងៃ​សៀវភៅ​ភាគច្រើន​ដែល​ Khemara Kids មាន​​​លក់​ត្រូវបាន​ជាវពី​អង្គការ​​ស៊ី​ប៉ា ប៉ុន្តែ​​សហគ្រិន​រូបនេះ​គ្រោង​នឹងបន្ថែម​​សៀវភៅ​បទនិពន្ធ​​ដើម​មួយចំនួន ដូចជា​សៀវភៅ​លំហាត់​សម្រាប់​​កុមារ និង​សៀវភៅ​រឿង​និទាន​ប្លែកៗ​ជាច្រើនទៀត​។​

ក្រោយពីដំណើរការ​បាន​ជាង​២​ឆ្នាំ កញ្ញា​បាន​បង្ហាញ​ការគាំទ្រ​ថា៖ «​រហូតមកដល់​ពេលនេះ ខ្ញុំទទួល​បាន​​មតិ​វិជ្ជមាន​ទាំងអស់ ដែល​ភាគច្រើន​ជា​គ្រួសារ​រីករាយ​ក្នុងការ​ទទួលបាន​ធនធាន​សិក្សា​ជា​ភាសា​ខ្មែរ​»។​

ក្រៅពី​ជាសហគ្រិន​ផ្គត់ផ្គង់​សៀវភៅ និងសម្ភារ​សិក្សាខេមរ​ភាសា កញ្ញា ប្រ៊េន​ឌី ក៏​ទើបតែ​បញ្ចប់វគ្គខ្លី​ភាសា​ខ្មែរ​រយៈ​ពេល​ ២ ​ខែ និង​ព្យាយាម​និយាយភាសា​មរតក​ខាង​ម្ដាយឱ្យ​បាន​ច្រើន​តាមដែលអាច​ធ្វើ​ទៅ​បាន។

កញ្ញា​បាន​បញ្ជាក់ថា៖ «​​ខ្ញុំតែង​តែ​ខំ​និយាយ​ភាសា​ខ្មែរ​ជាមួយ​មិត្ត​ភក្តិ បង​ប្អូន និង​ក្រុមគ្រួសារ​​​​របស់ខ្ញុំ​គ្រប់ពេលវេលាឱ្យ​តែ​យើង​អាចឆ្លៀតបាន ហើយ​ខ្ញុំ​ក៏​កំពុង​ព្យាយាម​បន្ត​បង្រៀន​សមាជិក​គ្រួសារ​ជំនាន់​​ក្រោយ ដូចជា​ក្មួយ​ៗ​របស់ខ្ញុំ ដែល​កំពុង​តែ​រៀនភាសា​ខ្មែរ​ពី​ខ្ញុំ​ផង​ដែរ»។​

កញ្ញា​បាន​បន្ត​ថា៖ «អ្វីដែលខ្ញុំអាចធ្វើបានគឺ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​មិនថា​ក្មេង មិនថា​ចាស់​ ឱ្យ​រៀន​ភាសា​ខ្មែរ និង​ជួយ​ឱ្យ​វប្បធម៌​នេះ​រស់រាន​តាម​ដែល​អាច​ធ្វើទៅបាន»។

ពេលនេះ កញ្ញា ប្រ៊េនឌី កំពុង​តែ​អាន​សៀវភៅ​ Earth in flower អំពី​របាំ​បុរាណ និង​របាំ​ព្រះរាជទ្រព្យ​​ខ្មែរ​។

សារ​ដែល​កញ្ញា​ចង់​ថ្លែង​ប្រាប់ទៅ​ពលរដ្ឋ​​ខ្មែរអាមេរិក​ផ្សេងទៀត​ ក៏​​មិនឆ្ងាយពី​អត្ថន័យ​បទមចម្រៀង​ដ៏​ល្បី​ល្បាញ​មួយ​​នៅ​​កម្ពុជា​ដែរ។

ស្ថាបនិក Khemara Kids បាន​និយាយថា៖ «សារ​របស់ខ្ញុំទៅ​កាន់​ខ្មែរ​អាមេរិក​ទាំងអស់គ្នា​គឺ "Time to Rise” ជា​វេលា​ដែល​យើង​គួរ​តែ​រះ​ត្រដែត​ហើយ ដូចជា​បទចម្រៀង​រ៉េប​របស់ វណ្ណដា អ៊ីចឹង។ វា​ជា​ពេល​​ដែល​យើង​ត្រូវ​រួបរួមគ្នា​ជា​មនុស្សជាតិ និង​ផ្ដល់តម្លៃ​ដល់​វប្បធម៌​យើង ​ដោយ​សម្លឹង​ឆ្ពោះទៅ អនាគត​​នៃ​សង្គម​យើង​សព្វ​ថ្ងៃ​នេះ»៕