ភ្នំពេញៈ អង្គការ​សម្អាត​ទន្លេ​សមុទ្រ ​គ្រោង​នឹងដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ដែល​ច្នៃ​ចេញពី​សំរាម​ដែល​ប្រមូលបាន​ពី​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុងពិព័រណ៍ជា​សាធារណៈ ​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ បន្ទាប់ពី​អ្នកស្ម័គ្រចិត្ត​ចូលរួម​កែច្នៃ​សំរាម​ជាង ​១០ នាក់​ បានបញ្ចប់​ការងារ​កែច្នៃ​របស់​ខ្លួន​ជាបន្ត​បន្ទាប់។

កាលពីដើម​ខែសីហា ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ ​បានប្រកាស​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ចូលរួម​កែច្នៃ​សំរាម​ដែល​ប្រ​មូល​បាន​ពី​ទន្លេ​ទាំង ៣ ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ ៨០ តោន ​ឱ្យក្លាយ​ទៅជា​សិល្បៈ​នានា ក្នុង​ន័យ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​ និង​ជំរុញ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​សំរាម។

ការជូន​ដំណឹងរ​បស់​អង្គការ​សម្អាត​ទន្លេ​សមុទ្រ ​បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ដឹងថា ​ការតាំង​ពិព័រណ៍​សិល្បៈ ​ដែល​បាន​កែច្នៃ​ពី​សំរាម​នេះ ​មាន​គោលបំណង​ផ្លាស់ប្តូរ​ទស្សនៈ​ដែល​ខ្លួន​មានមក​លើ​សំរាម ​ខណៈ​សំរាម ​គឺជា​ផ្នែក​មួយ​នៃ​បរិស្ថាន ​ហើយ​មិនគួរ​ព្រងើយ​កន្តើយ​ឡើយ។ តាម​ការប្រកាស​របស់​អង្គការ​សម្អាត​ទន្លេ​សមុទ្រ ​ការតាំងពិព័រណ៍​សិល្បៈ​ដែល​បាន​កែច្នៃ​ពី​សំរាម ​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ម៉ោង​ ៦ ល្ងាច ​នៅផ្ទះ​មេត្តា​ រាជធានី​ភ្នំពេញ។ សាធារណជន​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី​ អំពី​ស្នាដៃ​របស់​អ្នក​ស្ម័គ្រចិត្ត ​ដែល​បាន​ចូលរួម​កែច្នៃ​សំរាម​ទាំងនោះ​ឱ្យទៅ​ជា​សិល្បៈ​ដ៏​មាន​តម្លៃ។

អង្គការ​នេះ​បញ្ជាក់ថា​៖ «សម្ភារ​ត្រូវបាន​ចាត់ទុកថា ​ជា​សំរាម​ ឬ​អត់ ​គឺ​វា​អាស្រ័យ​លើ​តម្លៃ​ ដែល​អ្នក​បានផ្តល់​ឱ្យទៅ​លើ​វត្ថុ​ទាំង​នោះ។ ទោះយ៉ាង​ណា​ក៏ដោយ ​មិនមែន​គ្រប់គ្នា ​សុទ្ធតែ​មើលឃើញ​វត្ថុ​ទាំងនោះ​ដូចគ្នា ​តាមរបៀប​ដូចគ្នា​នោះ​ទេ។ វិចិត្រករ​ដែលមាន​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​នេះ ​បាន​រកឃើញ​ភាពស្រស់ស្អាត​នៅក្នុង​សំរាម ​ដែល​ប្រមូលបាន​ពី​ទន្លេ ​និង​តំបន់​ជុំវិញ​របស់​អង្គការ​សម្អាត​ទន្លេ​សមុទ្រ»។

កញ្ញា​ភាព ​ច័ន្ទ​ជាលីន ​ជំនួយការ​ផ្នែក​ទីផ្សារ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​ ​ប្រាប់ ភ្នំ​ពេញ​ ប៉ុស្តិ៍ថា​ ជំនួស​ឱ្យ​ការគិតថា​ សំរាម​ជា​រឿង​មួយ​ដែល​ចៀសវាង ​គ្រប់គ្នា​គួរតែ​ចាត់វិធានការ​ដោយ​ចាប់ផ្តើម​ប្រមូល​សំរាម​ ធ្វើការ​កែច្នៃ​ឡើងវិញ ​និង​ធ្វើឱ្យ​ការគ្រប់គ្រង​សំរាម​មាន​ជា​អាទិភាព។

កញ្ញា​បន្តថា ​សម្ភារ​ដែល​ហាក់​គ្មាន​តម្លៃ​នៅ​ពេលនេះ​ គឺ​ត្រូវបាន​ប្រែក្លាយ​ទៅជា​ស្នាដៃ​សិល្បៈ​ប្លែកៗ​តាមរយៈ​ចក្ខុ​វិស័យ​របស់​សិល្បករ ​ហើយ​អាច​ផ្តល់​នូវ​ភាពរីករាយ​ទៅដល់​សាធារណជន​ ក្នុង​ការតាំង​ពិព័រណ៍​ នាពេល​ខាង​មុខ​នេះ។

កញ្ញា​បញ្ជាក់ថា​៖ «សម្រាប់​យើង ​សំរាម​មិនមាន​តម្លៃ​ទេ តែ​វា​ជា​ធនធាន​សម្ភារ ​ដែល​អាច​មាន​ប្រយោជន៍។ ជា​រៀង​រាល់​ថ្ងៃ ​យើង​រកឃើញ​វត្ថុ​គួរឱ្យ​ចាប់អារម្មណ៍ ​និង​សម្ភារ​ចម្រុះ​ពណ៌​នៅក្នុង​សំរាម​ទាំង​នោះ។ ដូច្នេះ ​យើង​គិតថា​ យើង​អាច​សហការ​ជាមួយ​សិល្បករ​ក្នុងស្រុក​ ដើម្បី​បង្ហាញ​កំណប់​ក្នុង​ធុង​សំរាម​របស់​យើង»។

យុវជន​ សុខ សុភក្តី ​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ ២ នាក់​ផ្សេង​ទៀត ​ដែល​បាន​ចូលរួម​កែច្នៃ​សំរាម​ទៅជា​សិល្បៈ​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣១​ សីហា​ថា ​លោកពិត​ជាមាន​មោទនភាព ​ដែល​បាន​ចូលរួមចំណែក​កែច្នៃ​សំរាម​ទាំង​នេះ​ឱ្យទៅ​ជា​សិល្បៈ​មាន​ប្រយោជន៍។ ក្នុងនាម​ជា​សិល្បករ​ ជា​ខ្មែរ ​ដែល​ភាគច្រើន​សុទ្ធតែជា​ជនបរទេស ​យុវជន​រូបនេះ ​រំពឹង​ថា ​ស្នាដៃ​ដែល​ក្រុម​ខ្លួន​បានកែច្នៃ​នេះ ​នឹងចូលរួម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​បញ្ហា​សំរាម ​និង​ចូល​រួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា។

យុវជន​រូបនេះ​បន្តថា​៖ «ស្នាដៃ​របស់​ខ្ញុំ​មិនទាន់​រួចរាល់​ ១០០ ភាគរយ​ទេ ​គឺ​យើង​កំពុង​បន្តធ្វើ​នៅ​ឡើយ។ ប៉ុន្តែ​វា​នឹង​រួចរាល់​មុន​ថ្ងៃ​តាំង​ពិព័រណ៍​ខាង​មុខ។ ស្នាដៃ​របស់​ខ្ញុំ ​គឺ​ធ្វើជា​រូប​អង្គរវត្ត ​ដោយ​យកចេញ​ពី​សំរាម​ដែល​ពួកគាត់​បាន​បារ​ចេញពី​ទន្លេ។ ខ្ញុំ​បាន​ទៅ​ប្រមូល​សំរាម​ជា[ប្រភេទ]​ខ្សែភ្លើង ​ដោយ​ឆ្កឹះ​យក​តែ​ខ្សែជ័រៗ ​ហើយ​ខ្ញុំ​ត្រូវការ​របស់​ទាំង​ហ្នឹង​ពី​គាត់​ ដើម្បី​យកមក​ច្នៃ​ឱ្យចេញ​ជា​រូបភាព​អង្គរវត្ត»។

លោក ​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួងប​រិស្ថាន ​ធ្លាប់​បានលើកឡើងថា ​ការផ្តល់​ឱកាស​ឱ្យ​សាធារណជន ​បាន​ចូល​រូម​កែច្នៃ​សំរាម​ដែល​ប្រមូលបាន​ពី​ទន្លេ ​ហើយ​យកមក​កែច្នៃ​ជាវត្ថុ​សិល្បៈ​ផ្សេងៗ​ គឺជា​រឿង​ល្អ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការបង្ហាញ ​និង​ការអប់រំ​ទៅដល់​ប្រជាពលរដ្ឋ​អំពី​ផលប៉ះពាល់​ពី​សំរាម។ លោក​ចាត់ទុក​ថា ​បេសកកម្ម​របស់​អង្គការ​នេះ​ បាន​ចូលរួម​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​សំរាម ​ដែល​អាច​យកមក​ច្នៃ​ជា​ប្រយោជន៍ ​និង​ប្រើប្រាស់​ឡើងវិញ​បាន ​ដើម្បី​លុបបំបាត់​ផ្នត់​គំនិត​ថា ​សំរាម ​គឺជា​របស់​គ្មាន​ប្រយោជន៍​។

លោក​បញ្ជាក់ថា​៖ «ការគ្រប់គ្រង​សំរាម​នេះ​គឺជា​ចំណុច​សំខាន់ ​ដែល​យើង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ​និង​ញែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​របស់​វា។ ការងារ​នេះ​ មិនមែនជា​ការងារ ​ដោយឡែក​ណា​មួយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ ​គឺជា​ការរួម​គ្នា​របស់​ប្រជាពលរដ្ឋ ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​ក្រុមហ៊ុន​ឯកជន ​ដែល​ទទួល​សិទ្ធិ​ក្នុង​ការប្រមូល​សំរាម»។

បើ​តាម​លោក ​នេត្រ ភក្ត្រា ​បច្ចុប្បន្ន​សំរាម​ដែល​បង្កើត​នៅ​កម្ពុជា​រាល់ថ្ងៃ ​គឺ​មាន​ជាង ​១ ម៉ឺន​តោន ​ហើយ​ក្នុង​ ១ ឆ្នាំ ​ជាង​ ៤ លាន​តោន ​ក្នុងនោះ​ពី ​៦៥ ​ទៅ​ ៦៨ ភាគរយ ​ជា​សំណល់​សរីរាង្គ ​ដែល​អាច​ច្នៃ​ជា​ជី​កំប៉ុស ​និង​សំរាម​ជាង ​ ២០ ភាគរយ​ ជា​សំណល់​ប្លាស្ទិក ​ដែល​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន ​ខណៈ​ ១០​ ភាគរយ​ជា​សំណល់​រឹង៕