
ផ្ទះតូចមានសភាពរខេករខាក ដែលលោក អ៊ឹង កាលាង សាងសង់ឡើងសម្រាប់លក់។ រូបថត សហការី
ភ្នំពេញ: ផ្ទះឈើ ១ ខ្នង ប្រក់ស័ង្កសី រំលេចគ្រោងសសរសម្បុរខ្មៅដូចធ្យូង ហើយសម្ភារជាច្រើនត្រូវបានមើលឃើញចងរណែងរណោងជាមួយធ្នឹម ដោយមានទាំងទូកឈើមួយចងចំទើតខ្ពស់ ដែលទំនងជាទឹកទើបស្រកផុត។ ផ្ទះនេះមានទំហំទទឹងទ្រវែង ផ្នែកខាងឆ្វេងមានដំបូលដាច់ដោយឡែកកម្ពស់ ២ ជាន់ ជាន់ក្រោមហ៊ុមព័ទ្ធដោយស័ង្កសី និងរុក្ខជាតិដោតលើផើងស្នោ។
ចំណែកឯផ្នែកខាងស្ដាំមានដំបូលកាត់ទទឹងវែង មើលឃើញពីរបស់របររាយប៉ាយជាច្រើន ដូចជា បោយដួសទឹក ពាងទឹក ស្នួរហាលខោអាវ ជណ្ដើរ និងរបស់របរផ្សេងៗទៀត។
មើលតាមសណ្ឋានផ្ទះ វាហាក់ដូចជាផ្ទះនៅលើភូមិបណ្ដែតក្នុងសហគមន៍ក្រីក្រមួយនៅឯតំបន់លំនៅឋានសំណង់មិនរៀបរយ ឬភូមិទេសចរណ៍បណ្ដែតទឹក។
បើវាជាផ្ទះពិតប្រាកដនៅតាមទីឋានដូចបានរៀបរាប់ខាងលើនោះ វាគ្មានអ្វីគួរឱ្យអស្ចារ្យ និងចាប់អារម្មណ៍ឡើយ។ ប៉ុន្ដែអ្វីដែលទាក់ចិត្ដ និងក្រសែភ្នែកមហាជនឱ្យសម្លឹកមិនប៉ប្រិចនោះ គឺវាជាផ្ទះដ៏តូច ដែលរចនាឡើងយ៉ាងផ្ចិតផ្ចង់ រហូតដល់អ្នកបានឃើញហើយ ជញ្ជក់មាត់ស្ងើចសរសើរចំពោះទេពកោសល្យអ្នកផលិត។
នេះជាសមិទ្ធផលស្នាដៃកសាងផ្ទះកម្ពស់លើជង្គង់បន្ដិចដំបូងបំផុតរបស់លោក អ៊ឹង កាលាង ដែលផលិតឡើងពីក្ដីស្រឡាញ់ និងចង់បង្ហាញថា កូនខ្មែរអាចមានសមត្ថភាពរចនាផ្ទះសិល្បៈតូចៗដើម្បីប្រកួតប្រជែងជាមួយយុវជនបរទេស។
លោក លាង បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំចាប់ផ្ដើមផលិតផ្ទះធំនេះមុនគេដោយមានទំហំជម្រៅផ្ទះកន្លះម៉ែត្រ កម្ពស់ជាងកន្លះម៉ែត្រ និងមុខកាត់ជិត ១ ម៉ែត្រ។ វាមិនមែនជាគំរូផ្ទះរបស់នរណាម្នាក់ឡើយ ដោយវាកើតឡើងពីការស្រមៃរបស់ខ្ញុំ ដែលខ្ញុំធ្លាប់ធ្វើដំណើរឃើញទិដ្ឋភាពបែបនេះនៅតាមភូមិឋានជនបទនានា»។
ក្នុងនាមជាអ្នកស្រឡាញ់ធម្មជាតិម្នាក់ លោក លាង អាយុ ៣៨ ឆ្នាំ មានបំណងចង់ធ្វើអ្វីមួយឱ្យមានលក្ខណពិសេសសម្រាប់ខ្លួនឯង។ លោកចាប់ផ្ដើមរៀបចំតុបតែងទូត្រីជាមួយការបន្ថែមរុក្ខជាតិស្អាតៗសម្រាប់ជាជម្រកត្រី។
លោកមើលឃើញពីការផលិតផ្ទះបណ្ដែតទឹកបែបនេះនៅតាមបណ្ដាប្រទេសជិតខាង ហើយបូករួមនឹងការស្រឡាញ់ផ្ទះបែបបុរាណខ្មែរ ក្នុងជីវិតពិតលោកលាងគិតថា បើគេអាចធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ។ លោកចង់ឱ្យបរទេសដឹងពីសមត្ថភាព និងទេពកោសល្យរបស់ខ្មែរ។
ជាមួយចំណេះដឹងផ្នែកឌីហ្សាញផ្ទៃក្នុងខ្លះដែរ លោក លាង បានស្វ័យសិក្សាពីបណ្ដាញសង្គមយូធូប ដោយចាប់អារម្មណ៍លើការរចនាម៉ូដផ្ទះបែបរខេករខាកនេះ ទៅតាមធម្មជាតិរបស់សហគមជនបទ។
ដំបូលស័ង្កសីច្រែះស៊ី ប្រក់ប្រគងប្រគាក់គ្មានសណ្ដាប់ធ្នាប់ដោយមានទាំងកញ្ច្រែងហាលត្រីងៀត ជញ្ជាំងក្ដារវែង ខ្លី និងកញ្ឆិតកញ្ឆតដ៏ស័ក្ដិសមឥតខ្ចោះផ្ទះក្បែរមាត់ទឹកនេះត្រូវបានភរិយារបស់លោកលាងនិយាយបន្ទរប្រាប់ពីក្រោយចំពោះប្រភេទផ្ទះដែលលោកបានសាងសង់ឡើងដំបូងនោះថា «វាជាផ្ទះកន្តាំងកូនកាត់»។
បុរសដែលបម្រើការឱ្យក្រុមហ៊ុនចិនរូបនេះបានឱ្យដឹងថា៖ «ខ្ញុំអាចសាងសង់ផ្ទះគ្រប់ប្រភេទទៅតាមការកុម្ម៉ង់របស់អតិថិជន ចាប់ពីផ្ទះធម្មតា ផ្ទះបុរាណ និងផ្ទះវីឡា រហូតដល់អគារខុនដូជាដើម»។
លោកនិយាយថា ជាទូទៅ ផ្ទះរស់នៅធម្មតាមានរាងចង្គ្រោងៗ ដោយគ្មានក្បាច់ ម៉ូដ ម៉ាកគួរឱ្យទាក់ទាញនោះទេ។ វាមិនសូវស្អាតឡើយ លើកលែងតែម៉ូដបុរាណតែម្ដង ជាប្រភេទផ្ទះដង្ខៅ។
ជាអ្នកមើលការខុសត្រូវផ្នែកឌីហ្សាញផ្ទៃក្នុង ដោយចាប់ផ្ដើមពីអ្នកបកប្រែភាសា និងអាចបំពេញកិច្ចការជំនួសចិនបាន ការងារក្រុមរបស់លោកលាង ផ្ដោតលើការបង្កើតម៉ូដផ្ទះ ឬអគារ បន្ទាប់ពីការដំឡើងគ្រោងឆ្អឹងរួច។
ពេលកសាងផ្ទះតូចៗនេះដំបូងកាលពីជាង១ឆ្នាំមុន សមិទ្ធផលរបស់លោកលាងមានអតិថិជនកុម្ម៉ង់ឱ្យធ្វើជាហូរហែ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ការលក់ដូរមានការធ្លាក់ចុះរួមទាំងទូត្រីរបស់លោកក៏លក់មិនដាច់ដែរ។
លោកបានអះអាងថា៖ «ថ្វីដ្បិតតែគ្មានអ្នកកុម្ម៉ង់ក៏ខ្ញុំបន្ដធ្វើវាទុកមើលដែរ ដោយសារតែវាជាក្ដីស្រឡាញ់របស់ខ្ញុំ។ ប្រសិនបើមានអតិថិជនទិញច្រើនក៏ទិញទៅ តែបើអត់ទិញ ក៏ខ្ញុំរក្សាទុកមើលលេងដែរ»។
ពេលត្រឡប់ពីបំពេញការងារវិញ លោកឆ្លៀតពេលធ្វើនូវអ្វីដែលខ្លួនចង់មើល ជាពិសេសទិដ្ឋភាពស្រស់ៗ មានស្មៅបៃតងបែបត្រជាក់ភ្នែក។
ដោយមិនផ្ដោតសំខាន់លើការលក់ពូជត្រីដ៏សម្បូរបែប លោក លាង អាស្រ័យលើមុខជំនួញឌីហ្សាញម៉ូដទូត្រី តុបតែងរុក្ខជាតិបៃតង និងសាងសង់ផ្ទះលម្អបែបរខេករខាកដ៏លម្អិតផ្ចិតផ្ចង់ដែលឃើញហើយអត់ទ្រាំមិនសរសើរមិនបាន។
លោកបានឱ្យដឹងថា៖ «ពេលកសាងផ្ទះតូចៗទាំងនេះខ្ញុំត្រូវចំណាយការគិតឌីហ្សាញ ដើម្បីឱ្យស័ក្ដិសមជាសំណង់ពិតៗ ទោះបីជាវាតូចៗជាងផ្ទះមែនទែនយ៉ាងណាក៏ដោយ។ក្រៅពីគ្រោងឆ្អឹង និងការរៀបចំខាងក្រៅហើយយើងត្រូវកសាងបន្ទប់ និងបរិក្ខារផ្ទៃក្នុងថែមទៀត រួមទាំងទូសម្លៀកបំពាក់។ ខ្ញុំចំណាយពេលយូរដែរសូម្បីតែការបិទបន្ទះឫស្សីលើជញ្ជាំងផ្ទះ»។
លោកលាងបន្ដថា ទៅតាមទិដ្ឋភាពជាក់ស្ដែងនៃផ្ទះសំបែងឯទីជនបទ ប្រជាពលរដ្ឋមិនមែនយកបន្ទះក្ដារស្អាតៗទៅវ៉ៃភ្ជាប់នោះទេ។ ពួកគេប្រើតែក្ដារបន្ទះខ្លី វែង មិនស្មើគ្នាមកវ៉ៃគាបធ្វើជាជញ្ជាំង។ដូច្នេះលោកត្រូវធ្វើយ៉ាងម្ដេចឱ្យវាដូចបែបនោះដែរ ជាពិសេសការលាយពណ៌ និងលាបថ្នាំពណ៌។
ប្រសិនបើការលាយពណ៌មិនត្រូវ ដែលមិនដូចនឹងពណ៌ធម្មជាតិរបស់ផ្ទះ ក៏ដូចជា បរិក្ខារផ្សេងៗ វាលែងក្លាយជាផ្ទះពិតហើយ ទោះបីជាវាមានរូបរាងជាផ្ទះយ៉ាងណាក៏ដោយ។ វាហាក់ដូចជាជំនាងផ្ទះទៅវិញ វាប្រាកដជាខុសគ្នា។
បុរសដែលយកពេលវេលាទំនេរធ្វើកិច្ចការមានប្រយោជន៍រូបនេះបាននិយាយថា៖«យើងត្រូវធ្វើដោយផ្ចិតផ្ចង់បំផុតរួមទាំង ផ្ទះបាយដែលមានចង្ក្រានជើងឆ្នាំង ខ្នោះចង្ក្រាន អុសដុតផេះ។ មួយវិញទៀតផ្ទះលក់ចាប់ហួយនេះ ក៏ត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់និងលម្អិតបំផុត។ ដោយចំណាយពេលវេលាចេញពីធ្វើការដែលមិនសូវរវល់ខ្លាំង ខ្ញុំប្រើពេលប្រហែលកន្លះខែទើបអាចបញ្ចប់ផ្ទះលក់ចាយហួយ។ ខ្ញុំចំណាយពេលពីម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់ក្នុង ១ ថ្ងៃ»។
លោកបន្ថែមថា៖«បើមាននរណាចង់ចេះចង់ដឹង ខ្ញុំមិនលាក់បាំងអ្វីនោះទេ។ ខ្ញុំចង់ឱ្យគេដឹងថាខ្មែរយើងក៏អាចធ្វើបាន។ ខ្ញុំថែមទាំងបានបង្ហោះស្នាដៃកសាងផ្ទះទាំងនេះនៅលើបណ្ដាញសង្គម TikTok ថែមទៀត»។
តម្លៃផ្ទះលម្អបែបជនបទក្រីក្រទាំងនេះ អាស្រ័យលើទំហំ និងភាពលម្អិតរបស់វា ដោយចាប់ផ្ដើមពី ២៥ ដុល្លារ រហូតដល់ជាង ៣០០ ដុល្លារ។
ផ្ទះតម្លៃជាង ៣២៥ ដុល្លារនោះ គឺជាផ្ទះធំដែលលោកសាងសង់ឡើងដំបូង ហើយចំពោះផ្ទះចាប់ហួយ មានតម្លៃ ១៥០ ដុល្លារ។ ផ្ទះផ្សេងៗទៀតដែលមិនសូវរំលេចនូវរចនាប័ទ្មផ្ចិតផ្ចង់ខ្លាំងមានតម្លៃចាប់ពី ៣៥ ដល់ ៥៥ ដុល្លារ ហើយចំពោះម៉ូដផ្ទះតូចជាងគេមានតម្លៃ ២៥ ដុល្លារ។
ចំពោះផ្ទះធំជាងគេនោះលោកចំណាយពេលប្រហែលជាង ១ ខែ ដោយសារលោកឆ្លៀតពេលធ្វើតិចៗ រួមទាំងលាយពណ៌។ គ្រាន់តែសម្ភារបរិក្ខារខាងក្នុងផ្ទះនោះវាត្រូវចំណាយពេលជិត ១ ខែ។ បរិក្ខារតូចៗពេកធ្វើឱ្យលោកលាងព្រិលភ្នែក និងឆួលកាវចូលភ្នែក ក៏ដូចជា ឈឺដៃជើង និងចុកចង្កេះ។
លោកទទួលស្គាល់ការសាងសង់ផ្ទះរខេករខាកតូចៗទាំងនេះជួបការលំបាកច្រើន ជាពិសេសមុតកាំបិត ដោយការបិតឫស្សី។ ចំពោះសម្ភារប្រើប្រាស់ចាំបាច់ មានដូចជា សសរផ្ទះដែលលោកឱ្យជាងឈើនៅក្រុមហ៊ុនកាត់ចំនៀរឈើ ពីព្រោះវាទាមទារភាពរឹងមាំ។ ចង្កាក់ឈើចេកអាំងដែលលោកត្រូវទិញពីផ្សារ ហើយក្រៅពីនេះក្រដាសកេសឡាំងគម្របដបប្រេងកូឡាសម្បកកំប៉ុងគ្រប់បែបយ៉ាង។
លោក លាង បានឱ្យដឹងថា៖«ខ្ញុំដើរប្រមែប្រមូលរបស់របរនៅតាមកន្លែងការងារដែលអាចប្រើប្រាស់បាន។ អ្នកខ្លះអត់ដឹង ចេះតែឆ្ងល់ ដោយសួរខ្ញុំថា ហេតុអ្វីខ្ញុំរើសវត្ថុបោះចោលទាំងនោះ តើខ្ញុំរើសអេតចាយមែន? ខ្ញុំយកសម្បកឡាំង ១ កេស ២ កេសអី ដើម្បីច្នៃជាសង្ក័សីរហូតដល់កូនចៅឆ្ងល់ថា មេយករបស់ទាំងនោះទៅលក់»។
ផ្ទះដែលលោកកសាងឡើងទាំងអស់ ត្រូវបានបង្ហោះចូល TikTokហើយនៅផ្ទះថ្មី ដែលកំពុងសាងសង់ក្រោយៗទៀតនេះ នឹងមានបំពាក់បន្ទប់ និងបង្គន់គ្រប់ឈុត ដូចផ្ទះពិតៗ។ ប្រភេទផ្ទះទាំងនេះ មានទំហំប្រហែលជិត១ម៉ែត្រ ដែលអាចបំពាក់បរិក្ខារគ្រប់គ្រាន់។
ថ្វីដ្បិតតែរូបរាងខាងក្រៅរបស់វាមានភាពរខេករខាកយ៉ាងណាក៏ដោយ ក៏វិស្វករសំណង់ផ្ទះតូចៗរូបនេះ បានអះអាងថា វាមានសភាពរឹងមាំជាមួយការប្រើប្រាស់គ្រោងឆ្អឹងរឹងមាំ។ ចំពោះការលើកដាក់ឬធ្លាក់អីបន្ដិចបន្ដួច វាគ្មានបញ្ហានោះទេ លើកលែងតែឡើងសង្កត់។
បច្ចុប្បន្ននេះ លោកនៅសល់ផ្ទះតម្លៃ ២៥ដុល្លារចំនួន១ខ្នង ៥៥ដុល្លារចំនួន ២ខ្នង ផ្ទះលក់ចាប់ហួយតម្លៃ១៥០ដុល្លារ និងផ្ទះធំតម្លៃ ៣២៥ដុល្លារ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះ ខ្ញុំកំពុងធ្វើគ្រោងផ្ទះធំ១ទៀត ដែលមិនទាន់ឌីហ្សាញបរិក្ខារផ្ទៃក្នុងនៅឡើយទេ។ ពេលខ្ញុំធ្វើរួចរាល់ ខ្ញុំបង្ហោះវីដេអូលើ TikTokដើម្បីធ្វើការប្រកួតប្រជែងជាមួយអ្នកផលិតមាតិកាស្រដៀងគ្នានេះនៅក្រៅប្រទេស ដូចជា នៅឥណ្ឌូនេស៊ី។ ពួកគេធ្វើមុនយើង ដោយគេមានអ្នកគាំទ្ររាប់លាននាក់ ហើយខ្ញុំទើបចាប់ផ្ដើមធ្វើ ខ្ញុំមានអ្នកគាំទ្រត្រឹម១៣K លើ TikTokប៉ុណ្ណោះនាពេលនេះ»។
លោកអះអាងថា៖ «ចំពោះការកសាងផ្ទះវីឡា ខ្ញុំងាយស្រួលធ្វើជាង ដោយសារយើងប្រើសម្ភារជ័រៗយកមកបិទជាមួយការរត់អំពូលភ្លើងតាមបន្ទប់នីមួយៗជាមុន។ ភាគច្រើន ខ្ញុំអត់ធ្វើបែបនេះទេ ដោយសារអតិថិជនមិនសូវចាប់អារម្មណ៍បែបនេះទេ»៕