ភ្នំពេញៈ ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ បន្ត​ដាក់តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ច្នៃ​ចេញពី​សំរាម​ដែល​ប្រមូលបាន​ពី​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​របស់​អ្នកស្ម័គ្រចិត្ត​ជិត ១០ ស្នាដៃ​រយៈពេល ១ ​ខែ​ទៀត បន្ទាប់ពី​ទទួល​ការគាំទ្រ​ក្នុងការ​តាំង​បង្ហាញ​ជា​លើកដំបូង ដោយ​អំពាវនាវ​ឱ្យមាន​ការចូលរួម និង​គាំទ្រ​ស្នាដៃ​ទាំងនេះ ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​សំរាម​ឡើងវិញ។

កាលពី​ថ្ងៃទី ៦ ខែកញ្ញា អង្គការ​នេះ បានដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ទាំងនេះ​ជា​លើកដំបូង នៅផ្ទះ​មេត្តា រាជធានី​ភ្នំពេញ ដែលមាន​អ្នក​ចូល​ទស្សនា​ជា​ជនជាតិខ្មែរ និង​បរទេស​ប្រមាណ ២០០ នាក់ ដោយ​ភាគច្រើន​ជា​យុវជន​។ ស្នាដៃ​សិល្បៈ​ទាំងនេះ គឺ​ត្រូវបាន​ច្នៃ​ចេញពី​សំរាម​ដែល​ប្រមូលបាន​ពី​ទន្លេ​ទាំង​ ៣ ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ៨០ តោន​របស់​អង្គការ​។​

​កញ្ញា ភាព ច័ន្ទ​ជាលី​ន ជំនួយការ​ផ្នែក​ទីផ្សារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​ថា ស្នាដៃ​ទាំង ៧ ត្រូវបាន​ក្រុម​អ្នកស្ម័គ្រចិត្ត​មាន​ទាំង​ជនបរទេស និង​ជនជាតិខ្មែរ បាន​ចូលរួម​ដោយ​កម្លាំងកាយ​ចិត្ត ដើម្បី​យក​សំរាម​មក​ច្នៃ​ជា​សិល្បៈ ក្នុង​គោល​គំនិត​ឱ្យមាន​ការចាប់អារម្មណ៍​ប្រើប្រាស់​សំរាម​ឡើងវិញ​។​

ជាមួយនឹង​ការតាំង​បង្ហាញ​កាលពី​ថ្ងៃទី ៦ ខែកញ្ញា កញ្ញា ភាព ច័ន្ទ​ជាលី​ន ឱ្យដឹង​បន្តថា ស្នាដៃ​ទាំងនេះ នឹង​បន្ត​ដាក់តាំង​បង្ហាញ​នៅ​ទីតាំង​ដដែល​នេះ​រយៈពេល​ ១ ខែ បន្ថែមទៀត ដើម្បី​ជំរុញ​ការចូលរួម និង​លើកទឹកចិត្ត​ដល់​អ្នក​កែច្នៃ ខណៈ​ស្នាដៃ​ទាំងនេះ ក៏ត្រូវ​បានប្រកាស​ដាក់​លក់​ជា​សាធារណៈ ដើម្បី​គាំទ្រ​ដល់​ម្ចាស់​ស្នាដៃ ក្នុងការ​ជំរុញ​កិច្ចការងារ​បរិស្ថាន​ផងដែរ​។​

កញ្ញាបាន​បញ្ជាក់ថា​៖ «​នៅពេល​យើង​ដាក់តាំង​បង្ហាញ​បន្ត​រយៈពេល ១ ខែ យើង​ក៏​ប្រកាស​លក់​នូវ​ស្នាដៃ​ទាំងនោះ​ផងដែរ ដើម្បីឱ្យ​អ្នក​ដែល​និយម​គាំទ្រ​នូវ​គោល​គំនិត​ក្នុងការ​ប្រើប្រាស់​សំរាម​ឡើងវិញ​គាត់​ចាប់អារម្មណ៍ ទិញយក​ទៅប្រើ​ប្រាស់​។ ការលក់​នេះ គឺ​យើង​នឹង​ផ្តល់​ថវិកា​ទាំងនោះ​ជូនទៅ​អ្នកស្ម័គ្រចិត្ត​របស់​យើង ប៉ុន្តែ​អ្នកស្ម័គ្រចិត្ត​យើង​ខ្លះទៀត គាត់​ថា នឹង​បរិច្ចាគ​ថវិកា​ដែល​បាន​ពី​សិល្បៈ​នេះ​គាំទ្រ​ដល់​សកម្មភាព​របស់​យើង​វិញ​»​។

បន្ថែម​ពីនេះ កញ្ញា ភាព ច័ន្ទ​ជាលី​ន ក៏បាន​អះអាង​ដែរ​ថា ដើម្បី​សកម្មភាព​ក្នុងការ​ជំរុញ​ការចូលរួម និង​កែច្នៃ​សំរាម​ទៅជា​វត្ថុ​ដែល​អាច​ប្រើប្រាស់​បាន​ឡើងវិញ អង្គការ​សម្អាត​ទន្លេ​សមុទ្រ ក៏​នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ទៅមុខទៀត តាមរយៈ​ការប្រមូល​សំរាម​នៅតាម​ទន្លេ​ទាំង​៣ ជា​រៀងរាល់ថ្ងៃ ដោយ​ប្រជា​សហគមន៍ និង​អ្នកស្ម័គ្រចិត្ត​។​

អន្ទាក់​ប្លា​ស្ទិ​ក គឺជា​ប្រធានបទ​មួយ ក្នុងចំណោម​ប្រធានបទ​របស់​អ្នកស្ម័គ្រចិត្ត​ទាំង​ ៧ ដែល​បាន​ចូលរួម​ក្នុងការ​បង្ហាញ​ស្នាដៃ ដោយបាន​យក​សំរាម ច្នៃ​ចេញ​ជា​រូប​អណ្តើក​រាជ (Royal turtle or Batagur Baska) ដែលជា​ប្រភេទ​សត្វ​ល្មូ​ន​ត្រូវបានចាត់តាំង​ជា​និមិត្តរូប​នៃ​សត្វ​ល្មូ​ន​ជាតិ​របស់​កម្ពុជា​។​

លោក សន ចាន់​ដា​រ៉ា ដែលមាន​អាយុ​២៧​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង គឺជា​ម្ចាស់​ស្នាដៃ​នេះ​។ លោកសរសេរ​នៅក្នុង​ការតាំង​បង្ហាញថា ការដែល​ខ្លួន​ប្រមូល​សំរាម​ដាក់បញ្ចូល​គ្នា ដើម្បី​ចេញ​រូបរាង​ជាស​ត្វ​អណ្តើក​ប្រភេទ​នេះ ក៏​ព្រោះ​មើលឃើញថា សត្វ​ប្រភេទ​នេះ គឺជា​សត្វ​កម្រ និង​ជិត​ផុត​ពូជ​។ បន្ថែម​ពីនេះ លោក ក៏​ចង់បង្ហាញ​នូវ​បេតិកភណ្ឌ​ធម្មជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន ក្នុងន័យ​លើកតម្កើង​មោទនភាព​ជាតិ​តាមរយៈ​សត្វ​ប្រភេទ​នេះ​ផងដែរ​។

​អ្នកស្ម័គ្រចិត្ត​ដែល​តែងតែ​ចូលរួម​កិច្ចការងារ​សង្គម​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស និង​បរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា​៖«​ការស្នើសុំ​បង្កើត​ស្នាដៃ​លិ​ល្បៈ​នេះ​ឡើង ព្រោះ​ខ្ញុំ​ពិតជា​ចង់ លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា កុំ​ឱ្យមាន​អារម្មណ៍​ឆ្គាំឆ្គង និង​ជា​ពិស​ស​សម្រាប់​អ្នកនេសាទ ឱ្យ​ចូលរួម​កាត់បន្ថយ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​សត្វ​សមុទ្រ និង​ជីវចម្រុះ​»​។​

សូមជម្រាប់ថា បច្ចុប្បន្ន​សំរាម​ដែល​បង្កើត​នៅ​កម្ពុជា​រាល់ថ្ងៃ គឺមាន​ជាង ១ ម៉ឺន​តោន ហើយ​ក្នុង ១ ឆ្នាំមាន​ជាង ​៤ លាន​តោន ក្នុងនោះ​ពី ៦៥ ទៅ ៦៨ ភាគរយ ជា​សំណល់​សរីរាង្គ ដែល​អាច​ច្នៃ​ជា​ជីកំប៉ុស និង​សំរាម​ជាង ២០ ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក ដែល​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន ខណៈ ១០ ភាគរយ​ជា​សំណល់​រឹង​៕