The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​ឱ្យ​ចូលរៀន​លើ​ជំនាញ​សិល្បៈ​ចំនួន​ ៥ ​ដោយ​ឥត​គិតថ្លៃ

សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​ឱ្យ​ចូលរៀន​លើ​ជំនាញ​សិល្បៈ​ចំនួន​ ៥ ​ដោយ​ឥត​គិតថ្លៃ

Content image - Phnom Penh Post
សិស្សសាលាសិល្បៈហាត់រាំរបាំ កាលពីក្នុងខែកក្កដា ឆ្នាំ២០២២។ រូបថត សហការី

សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ប្រកាស​ប្រឡង​ជ្រើសរើស​សិស្ស​ឱ្យ​ចូលរៀន​លើ​ជំនាញ​សិល្បៈ​ចំនួន​ ៥ ​ដោយ​ឥត​គិតថ្លៃ

ភ្នំពេញៈ សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ប្រកាស​ជូន​ដំណឹង​ប្រឡង​ជ្រើស​រើស​សិស្ស​ឱ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ ​សម្រាប់​មុខ​ជំនាញ​សិល្បៈ​ចំនួន ៥ ក្នុងឆ្នាំ​សិក្សា​ថ្មី​ ឆ្នាំ ២០២២-២០២៣​ ដោយ​ចាប់​ផ្ដើម​ចែក​ពាក្យ​ និង​ទទួល​ពាក្យ​ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​ទី ១៥ ​ខែធ្នូ។​​

​សេចក្តី​ជូន​ដំណឹង​​របស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​កាល​ពី​ថ្ងៃ​ទី ២២​ ខែកក្កដា ​បាន​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ ដែល​មាន​បំណង​ចង់​ប្រឡង​ចូល​រៀន​ជំនាញ​សិល្បៈ​ ក្នុង​ឆ្នាំ​សិក្សា ​២០២២-​២០២៣​ ឱ្យ​ដឹង​អំពី​ការជ្រើសរើស​នេះ។ សាលា​បញ្ជាក់​ថា​នឹង​រៀបចំ​ការប្រឡង​ជ្រើស​រើស​សិស្សា​នុសិស្ស​ឱ្យ​ចូល​រៀន​តាម​សាលា​ជំនាញ​ទាំង ៥ ​(សាលា​តូរ្យតន្រ្តី​ សលា​របាំ ​សាលា​ល្ខោន ​សាលា​សៀក ​និង​សាលា​សិល្បៈ​សូនរូប)​ដោយ​ឥត​គិត​ថ្លៃ​។​

លោក​ ហេង កំសាន្ត ​នាយក​សាលា​មធ្យម​វិចិត្រ​សិល្បៈ​បញ្ជាក់​ថា​៖ «សម្រាប់​ការជ្រើស​រើស​សិស្សានុសិស្ស​ ឱ្យ​ចូល​រៀន​ឥត​គិត​ថ្លៃ​នេះ ​យើង​បាន​អនុវត្ត​តាំង​ពី​ដើម​ មិន​មែន​ទើប​តែ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​ឡើយ»។ ​

ការចូល​រៀន​ជំនាញ​ទាំង ៥​ នេះ ​រួម​មាន​ សាលា​តូរ្យតន្រ្តី​ គឺ​មាន​ការជ្រើសរើស​សិស្ស ឱ្យ​រៀន​ក្នុង​ឯកទេស​ចម្រៀង​(អាយ៉ៃ​ ចម្រៀង​ជាពួក ​និង​ចម្រៀង​បុរាណ) ​ឯកទេស​ឧបករណ៍​តន្រ្តី​សម័យ​ (វីយូឡុង​ វីយូឡា ​ព្យាណូ ​សែលឡូ ​កុង​ត្រីបាស់​ ត្រុំប៉ែត ​ហ្វ្លុត ​សាក់សូ ​និង​ក្លាវីណែត) ​ឯកទេស​ឧបករណ៍​តន្រ្តី​បុរាណ ​(ចាប៉ី​ដងវែង​ ស្រឡៃ ​ទ្រអ៊ូ ​ទ្រសោ ​ឃឺម ​គងតូច​ គងធំ​ តាខេ ​រនាតឯក ​និង​រនាត​ធុង)។​

ចំពោះ​សាលា​របាំ​ មាន​ការជ្រើសរើស​សិស្ស​ឱ្យ​រៀន​ក្នុង​ឯកទេស​របាំ​បុរាណ​ របាំ​ប្រពៃណី ​និង​ល្ខោន​ខោល ​ខណៈ​សាលា​ល្ខោន​មាន​ជ្រើសរើស​សិស្សឱ្យ​រៀន​ក្នុង​ឯកទេស​ល្ខោន​បាសាក់ ​ល្ខោន​យីកេ ​និង​ល្ខោន​និយាយ។​ ឯ​សាលា​សៀក​មាន​ជ្រើសរើស​សិស្ស​ឱ្យ​រៀន​ក្នុង​ឯកទេស ​កាប ​លោត​លើ​កម្រាល ​ទន់​ភ្លន់​ ទោង ​លំនឹង ​ត្រែះ ​បច្ចេកទេស​លើ​លម្ហ​ បាល្លេ​ ជាដើម ​និង​សាលា​សិល្បៈ​សូន​រូប​មាន​ជ្រើស​រើស​សិស្ស ​ឱ្យ​រៀន​ក្នុង​ឯកទេស​គំនូរ​(គំនូរ​បុរាណ ​គំនូរ​លើ​ក្រណាត់ ​គំនូរ​ផ្សាយ ​និង​គំ​នូរ​វិចិត្រកម្ម) ​ឯក​ទេស​ចម្លាក់​(ចម្លាក់​ពុម្ព ​ចម្លាក់​ស្មិត ​ចម្លាក់​ឈើ ​ចម្លាក់​ខ្មុកស្មាច់ ​និង​ចម្លាក់​កុសាល​ភាជន៍)។

ការទទួល​ពាក្យ​ចូល​រៀន​ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី ១៥ ​ខែធ្នូ ​និង​ការប្រឡង ​ធ្វើ​នៅ​ថ្ងៃទី​ ២០​ ខែ ធ្នូ​ ឆ្នាំ ២០២២។ ​ការចែក​ពាក្យ ​និង​ទទួល​ពាក្យ​ប្រឡង​នៅ​ការិយាល័យ​សិក្សា​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​ដែល​មាន​ទី​តាំង​ នៅ​តាម​បណ្តោយ​វិថី​ម៉ុង​ឫទ្ធី​ ក្នុង​ភូមិ​បាយ៉ាប ​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ។ ​លើសពី​នេះ ​សិស្សនុសិស្ស​ ក៏​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរស័ព្ទ​ 096 568 3452​ /092 295 288/ 016 677 133 /011 251 987 ​ឬ​តាម​ហ្វេសប៊ុក​៖ សាលា​មធ្យម​វិចិត្រ​សិល្បៈ​-Secondary School of Fine Arts។​

សាលា​មធ្យម​វិចិត្រ​សិល្បៈ ​គឺ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​តែ​ ១ គត់​របស់​រដ្ឋ​ ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​មិន​មាន​ប្រភព​ចំណូល​ នៃ​ថវិកា​ក្រៅ​ពី​ថវិកា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​ និង​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ ដូចជា ​សម្ភារ​សិក្សា​ ឧបករណ៍​សិក្សា​ ឧបករណ៍​ភ្លេង​បុរាណ ​និង​ឧបករណ៍​ភ្លេង​សម័យ ​ក៏ដូច​ជា​ សម្ភារ​ប្រីប្រាស់​ផ្សេងៗ ​និង​ស្បៀង​អាហារ​។ ​ម៉ោង​សិក្សា​នៅ​ពេលព្រឹក​ ចាប់​ពី​ម៉ោង ​៧ ​ដល់​ម៉ោង ​១១ ព្រឹក ​និង​ពេល​រសៀល​ចាប់​ពី​ម៉ោង ​១៣ ​ដល់​ម៉ោង ​១៧ ​និង​មាន​បណ្តុះ​បណ្តាល​ចំណេះដឹង​ទូទៅ​ចាប់​ពី​ថ្នាក់​ទី៤ ​ដល់​ទី១២ ​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ទៀត​ផង។​​​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទោះបី​មាន​ការផ្សព្វ​ផ្សាយ​ពី​បណ្តាញ​សារព័ត៌មាន​នានា​អំពី​ទម្រង់​សិល្បៈ​ចម្រុះ​ដែល​មាន​បណ្តុះ​បណ្តាល​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​យ៉ាង​ណាក្តី ​ក៏​អត្រា​នៃ​ចំនួន​សិស្សា​នុ​សិស្ស ​ចូល​រៀន​តាម​មុខជំ​នាញ​ទាំង ​៥ ​ហាក់​នៅតែ​មិន​ទាន់មាន​តុល្យភាព​ ដូចជា​ចំនួន​សិស្សា​នុ​សិស្ស​ កាល​ពី​ដើម​ឡើយ​។

លោក ​ហេង កំសាន្ត ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ទិន្នន័យ​ចំនួន​អ្នក​បម្រើ​ការងារ ​និង​សិស្សានុ​សិស្ស ​ក្នុង​ឆ្នាំសិក្សា​ឆ្នាំ​ ២០២១-២០២២ ​ថា ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ​មាន​បុគ្គលិក​ លោកគ្រូ ​អ្នកគ្រូ ​ទីប្រឹក្សា ​ជំនួយការ​ មន្រ្តីកម្ម​សិក្សា ​និង​មន្រ្តី​ជាប់​កិច្ចសន្យា​ សរុប​ប្រមាណ ​៤៣០ នាក់ ​(ស្រី​ ២៦២ នាក់) ​និង​សិស្សា​នុសិស្ស​សរុប​ប្រមាណ​ ១ ០៣៧ ​នាក់​(ស្រី ​៥២៨ ​នាក់)។

លោក ​ហេង កំសាន្ត ​បាន​បន្តថា​៖ «សាលា​ក៏​មាន​សិស្ស​ស្នាក់​នៅ​ចំនួន ​១០០ នាក់ ​ដែល​ពួកគេ​មាន​ជីវភាព​ខ្វះ​ខាត​ និង​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ»។

សាលា​មធ្យម​វិចិត្រ​សិល្បៈ ​មាន​បេសកកម្ម​ ក្នុង​ការបណ្តុះ​បណ្តាល​សិស្សានុសិស្ស ​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ ប្រកប​ដោយ​ចំណេះដឹង​ និង​ជំនាញ​ពិតប្រាកដ ​ខាង​ជំនាញ​សិល្បៈ​គ្រប់​ទម្រង់ ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើប្រាស់​ចំណេះ​ជំនាញ​ទាំង​អស់​នេះ​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង ​និង​សង្គម​ជាតិ។​

លោក​ ហេង កំសាន្ត​ ថ្លែងថា​៖ «សង្ឃឹម​ថា ​ក្រោម​កិច្ចសហការ​ល្អ ​រវាង​វិស័យ​ឯកជន ​និង​ស្ថាប័ន​រដ្ឋ​ ជា​ពិសេស​ស្ថាប័ន​ព័ត៌មាន​ នឹង​រួម​ចំណែក​ដល់​អង្គភាព​មួយ​នេះ​ បន្ត​កិច្ចការងារ​ និង​បេសកកម្ម​របស់​ខ្លួន​ ក្នុង​ក្របខ័ណ្ឌ​បណ្តុះ​បណ្តាល​អ្នក​ជំនាន់​ក្រោយ​ទៅ​លើ​វិស័យ​សិល្បៈ​វប្បធម៌​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​និរន្តរភាព​យូរ​អង្វែង»៕​

អត្ថបទគួរចាប់អារម្មណ៍