
កម្មការិនីពេលកំពុងញែកសំរាមនៅសិប្បកម្ម លឹម វណ្ណី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាពេលកន្លងមក ។ រូបថត សហការី
ភ្នំពេញៈ អស់រយៈពេលប្រមាណ ១ ទសវត្សរ៍ សិប្បកម្ម លឹម វណ្ណី (Lim Vanny Plastic Recycle Company) ដែលបានកែច្នៃសំរាមរាប់តោនទៅជារបស់ប្រើប្រាស់ឡើងវិញគ្រោងនឹងពង្រីកអាជីវកម្មទៅបណ្ដាខេត្តក្រុងទូទាំងប្រទេស ដើម្បីផ្ដល់ជីវិតថ្មីដល់សំណល់ប្លាស្ទិក ស្នោ សម្បកបាវចាស់ និងកំប៉ុងអាលុយមីញ៉ូម រួមចំណែកសម្រាលបន្ទុកសំរាមលើផែនដី និងលើកស្ទួយបរិស្ថាននៅកម្ពុជា។
លោក ពេជ្រ សុថា ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្ម លឹម វណ្ណី ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥ ហិកតា នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថា ម៉ាស៊ីនកែច្នៃសំរាម ត្រូវបានដំឡើងនៅខេត្តកំពង់ស្ពឺ កណ្ដាល និងកំពង់ចាម រួចរាល់ហើយ។
លោក សុថា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បច្ចុប្បន្នយើងបានទៅដំឡើងឱ្យគេនៅកំពង់ស្ពឺ ហើយនៅខេត្តកណ្ដាលយើងបឹងតាមោក។មួយទៀតនៅខេត្តកំពង់ចាមយើងក៏ដំឡើងម៉ាស៊ីនដែរ»។
ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្មកែច្នៃសំរាមរូបនេះបានបញ្ជាក់ថា៖ «ផែនការរបស់ខ្ញុំគឺពង្រីកទូទាំងរាជធានី-ខេត្តហ្នឹងគឺពង្រីកឱ្យសឹងតែគ្រប់ទាំងអស់»។
សិប្បកម្ម លឹម វណ្ណី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ ក្រោយពីម្ចាស់សិប្បកម្មទទួលគំនិតរៀនសូត្រពីបរទេស។
ស្ថាបនិកសិប្បកម្មបានចាប់ផ្ដើមដំបូងជាមួយកិច្ចការស្លអាលុយមីញ៉ូម ដូចជា កំប៉ុងស្រាបៀរ និងអំបែងឆ្នាំង។ ការកែច្នៃកំប៉ុងអាលុយមីញ៉ូមនេះ អាចឱ្យលោកចាក់ស្លជានង្គ័ល ឆ្នាំងដាំបាយ និងខ្ទះត្នោត ជាដើម។
លទ្ធផលសម្រេចបាននៃការកែច្នៃកំប៉ុងអាលុយមីញ៉ូមបានជំរុញឱ្យរូបលោកចាប់ផ្ដើមពង្រីកការកែច្នៃប្រភេទសំរាមស្នោ ស្បោងប្លាស្ទិក និងសម្បកបាវ ទៅជាវត្ថុធាតុដើមពាក់កណ្ដាលសម្រេច ដើម្បីយកទៅផលិតសម្ភារប្រើប្រាស់ឡើងវិញ។
ក្រោយជម្នះឧបសគ្គក្នុងការកសាងសិប្បកម្មកែច្នៃសំរាមរយៈពេលប្រមាណ ៣ ខែដំបូងនៃការចាប់ផ្ដើម លោកអាចលក់ចេញផលិតផលកែច្នៃនៅក្នុងស្រុក និងនាំចេញទៅបណ្ដាប្រទេសជិតខាងផងដែរ។
ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្ម លឹម វណ្ណី លោក សុថា បានឱ្យដឹងថា សព្វថ្ងៃការច្នៃស្លអាលុយមីញ៉ូមត្រូវបានធ្វើឡើងនៅសង្កាត់បឹងទំពុន ហើយការកែច្នៃប្លាស្ទិកស្នោ សម្បកបាវចាស់ និងថង់ប្លាស្ទិក ត្រូវបានធ្វើឡើងនៅសង្កាត់ព្រែកកំពឹស។
ដោយមិនរាប់ការកែច្នៃកំប៉ុង លោក សុថា បានឱ្យដឹងថា៖ «ផលិតផលសម្រេចចេញមកបាន ៦ មុខ។ វត្ថុធាតុដើមតែ៣ប្រភេទទេ តែកែច្នៃបាន ៦ មុខ។ ដូចថា ស្នោមានលេខ ១ លេខ ២ គឺ ២ មុខ។ សម្បកបាវមាន ២ ប្រភេទ គឺប្រភេទពណ៌ស និងពណ៌ខៀវ។ ថង់ប្លាស្ទិកមាន ២ ប្រភេទ គឺប្រភេទថង់ ស និងថង់ខ្មៅចម្រុះពណ៌»។
ដើម្បីផ្គត់ផ្គង់ដំណើរការកែច្នៃផលិតផលសម្រេចនិងពាក់កណ្ដាលសម្រេចនេះសំរាមត្រូវបានទិញពីទីផ្សារ រោងចក្រ និងអ្នករើសអេតចាយ។
សំរាមចម្រុះប្លាស្ទិក ស្នោ សម្បកបាវចាស់ ត្រូវបានប្រមូលផ្ដុំគរដូចភ្នំនៅទីតាំងសិប្បកម្ម ដោយត្រូវស្ដុករក្សាទុកពី ១ សប្ដាហ៍ ទៅជាង ១ ខែ ដើម្បីបន្សាបចំហាយក្លិនស្អុយសំរាម។
លោក សុថា លើកឡើងថា៖ «វាត្រូវកម្ដៅធាតុអាកាស ត្រូវទឹក ត្រូវភ្លៀង ត្រូវខ្យល់ទៅ ចំហាយស្អុយហ្នឹងវាចេញ។ វាមិនចេញអស់ ១០០ ភាគរយទេ តែវាចេញខ្ទង់ប្រហែល ៥០ ទៅ ៦០ ភាគរយដែរ»។
ជាធម្មតា សំរាមដែលយកមកស្ដុកទុកពុំទាន់ត្រូវបានញែកអ្វីទាំងអស់។ កម្មករប្រមាណជាង ៤០ នាក់ នៅសិប្បកម្មជាអ្នកបែងចែកប្រភេទថង់ និងពណ៌របស់វា។សម្រាប់ការធ្វើចង់ប្លាស្ទិកពណ៌ស កម្មករត្រូវការញែកស្កុតនិងក្រដាសដែលជាប់នឹងថង់ ដោយយកតែថង់ស្អាត ដើម្បីផលិតជាថង់ប្លាស្ទិកពណ៌សឡើងវិញ។
លោកនិយាយថា៖ «បុគ្គលិកពួកខ្ញុំគាត់ញែកសំរាមដាច់ៗពីគ្នា។ពណ៌ស PE (Polyethylene) សយើងរើសឱ្យស្អាត យកទៅផ្លុំគ្រាប់ ផលិតធ្វើគ្រាប់ ដើម្បីឱ្យអតិថិជនយកទៅប្រើប្រាស់វាអត់ខូច»។
លោកថា៖ «ពណ៌សប្រភេទស្រួយ ប្រភេទ HD [High Density Poly Ethylene] ប្រភេទ ABS [Acrylonitrile butadiene styrene] អីចូលគ្នា»។
ចំពោះប្រភេទថង់ខ្មៅ និងថង់ចម្រុះពណ៌ សិប្បកម្មកែច្នៃដោយប្រើថង់ខៀវ ពណ៌ក្រហម ខ្មៅ លឿង ដាក់បញ្ចូលគ្នា។ ប៉ុន្តែកម្មករនៅតែត្រូវវែកញែកប្រភេទប្លាស្ទិករឹង និងស្រួយ។
លោក សុថា រៀបរាប់ថា៖«មានន័យថាអាថង់ខ្មៅ និងអាថង់ចម្រុះវាអាចលាយពណ៌។ ពណ៌លឿងក៏អាចចូលខ្មៅក្រហម ឬខៀវអីក៏ទៅចូលខ្មៅ»។
ស្នោ ត្រូវបានកែច្នៃចេញជាវត្ថុធាតុដើមពាក់កណ្ដាលសម្រេចគឺគ្រាប់ស្នោ ដែលគេអាចយកទៅផលិតជាផលិតផលសម្រេចផ្សេងៗ។
ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្មរូបនេះរៀបរាប់ថា៖ «របស់ស្នោដែលគេប្រើហើយបោះចោល យើងយកវាផលិតជាគ្រាប់ ហើយវាអាចធ្វើទៅជាប្រអប់បាយយើងញ៉ាំ»។
ចំពោះសម្បកបាវចម្រុះ ក៏ទាមទារឱ្យមានការញែកទៅតាមពណ៌ ខៀវ និងស មុននឹងដាក់ចូលក្នុងម៉ាស៊ីនចិញ្ច្រាំជាបំណែកតូចល្អិត រួចបញ្ជូនចូលអាង។
លោក សុថា ពន្យល់ថា៖ «យើងមានអាងយើងលក្ខណៈវិលដូចកង់រទេះអ៊ីចឹង។វិលផ្កាប់វាចុះឡើងៗ មានន័យថា ដូចលាងវាឱ្យជ្រះហើយ។យើងដាក់វាចូលម៉ាស៊ីនផ្លុំហើយយើងនឹងញ៉ុកចូលក្នុងឡផលិតរបស់យើងដើម្បីចេញជាគ្រាប់ជ័រ»។
នៅក្នុងចង្វាក់កែច្នៃសំរាមនេះ លោកថា សិប្បកម្ម លឹម វណ្ណី ទទួលបុគ្គលិកបម្រើការជាលក្ខណៈប្ដីប្រពន្ធ និងជាគ្រួសារ ហើយបុគ្គលិកមួយចំនួនស្ថិតក្នុងវ័យ ៥០ ទៅ ៧០ ឆ្នាំ វ័យថមថយពលកម្ម ខ្វះចំណូល និងពិបាករកការងារធ្វើ។
លោកបានឱ្យដឹងថា៖ «នៅទីនេះ ចាស់ៗពួកខ្ញុំជួយបានច្រើន ចាប់ពីអាយុ ៥០ ជាងច្រើននាក់ដែរ ជាង ដប់ម្ភៃនាក់ដែរ ចាប់ពីអាយុ ៦០ និង ៧០ ឆ្នាំអីក៏មានដែរ គឺបានចូលមកបម្រើការនៅនេះ»។
ប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្មកែច្នៃសំរាមរូបនេះក៏បានលើកឡើងថាបុគ្គលិកបម្រើការមិនទទួលផលប៉ះពាល់អ្វីទេ។
លោក សុថា អះអាងថា៖ «ស្ថានភាពដែលខ្ញុំមើលទៅ ចាស់ៗគាត់អាយុ ៥០ ជាង ទៅ ៧០ ឆ្នាំ គាត់ធ្វើការនៅនេះគឺអត់មានឈឺថ្កាត់អីធ្ងន់ធ្ងរទេ។ ធម្មតា គាត់មានផ្ដាសាយអីតិចតួច ជាបញ្ហាធម្មជាតិ។ បើបញ្ហាឈឺបណ្ដាលមកពីហិតក្លិនប្លាស្ទិក ចំហាយពីបរិយាកាស ចំហាយពីសំរាមហ្នឹង គឺអត់មានទេ»។
សិប្បកម្ម លឹម វណ្ណី ក៏ស្ថិតក្នុងចំណោមរូបវន្តបុគ្គល និងនីតិបុគ្គលចំនួន ១២ ដែលទទួលបានបណ្ណសរសើរលើកទឹកចិត្តចំពោះប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អពីក្រសួងបរិស្ថានកាលពីឆ្នាំ ២០១៩។
យ៉ាងណាមិញ លោក សុថា ស្នើសុំឱ្យប្រជាពលរដ្ឋជួយបែងចែកសំរាម ដើម្បីសម្រួលដល់អ្នកប្រមូលសំរាម អ្នករើសអេតចាយមានភាពងាយស្រួលទុកដាក់ និងការលក់បន្តនៅកន្លែងកែច្នៃ។
សិប្បកម្មរបស់លោកណែនាំឱ្យប្រជាជនដាក់សំរាមរឹងនិងរាវឬសើមផ្សេងគ្នាដើម្បីកុំឱ្យអ្នករើសអេតចាយហែកកកាយ។ ការបែងចែកសំរាមសរីរាង្គ កំប៉ុង ក្រដាស និងប្រភេទកែវអំបែងត្រឹមត្រូវ ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមរក្សាសណ្ដាប់ធ្នាប់អនាម័យ និងបរិស្ថានជុំវិញផ្ទះ។
ដើម្បីជំរុញប្រតិបត្តិការកែច្នៃសំរាមឱ្យកាន់តែមានប្រសិទ្ធភាព លោក សុថា ស្នើថា៖ «បើប្រជាពលរដ្ឋយើងទាំងអស់គាត់យល់ដឹងច្រើនពីការញែកសំរាមគឺយើងអ្នកលក់អេតចាយយកសំរាមមកឱ្យយើងគឺជារឿងល្អ ដែលគេបែងចែងពីនោះហើយស្រាប់»។
យោងតាមរបាយការណ៍ក្រសួងបរិស្ថានក្នុង ១ ឆ្នាំ ប្រទេសកម្ពុជា បង្កើតសំរាមជាង ៤ លានតោន។ នៅក្នុង ១ ថ្ងៃជាង ១ ម៉ឺនតោន ក្នុងនោះនៅរាជធានីភ្នំពេញមានសំរាមចន្លោះពី ២ ៧០០ ទៅ ៣ ០០០ តោន ក្នុង ១ ថ្ងៃ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមសំរាមសរុប ១០០ ភាគរយ សំណល់សរីរាង្គមានចន្លោះពី ៦០ ទៅ ៦៥ ភាគរយ ដែលអាចកែច្នៃទៅធ្វើជាជីកំប៉ុស ឬធ្វើអីផ្សេងៗទៀត។សំណល់ប្លាស្ទិកមានប្រមាណជា ២០ ភាគរយ និងបំណែកនៅសល់ជាសំណល់រឹង។
ជាមួយគ្នានេះនៅក្នុងការគ្រប់គ្រងសំណល់រឹង សំរាម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគ្រប់គ្រងសំណល់រឹង សំរាម នៅតាមទីប្រជុំជន ហើយក៏តម្រូវឱ្យមានការញែកសំរាមទៅតាមប្រភេទរបស់វាជាសំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់រឹង។
ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចុះនូវអនុក្រឹត្យ និងលិខិតបទដ្ឋានមួយចំនួន។ ទី១ គឺការហាមឃាត់មិនឱ្យនាំចូលនូវថង់ប្លាស្ទិកមានកម្រាស់លើពី ០,០៣ មិល្លីម៉ែត្រ។ ទី២ គឺការដាក់អាករបន្ថែម។ ទី៣ គឺការគិតប្រាក់បន្ថែមជាតម្លៃពិសេសទៅលើការប្រើប្រាស់ប្លាស្ទិកនៅតាមផ្សារទំនើប។ ទី៤ ការជំរុញឱ្យមានការវិនិយោគផលិតនូវរបស់របរប្រើប្រាស់ដែលធ្វើពីសារធាតុជីវប្លាស្ទិកពីមូលដ្ឋានធម្មជាតិដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន និងទី៥ គឺការអប់រំប្រជាពលរដ្ឋឱ្យផ្លាស់ប្ដូរឥរិយាបថ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «យើងស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយប្រសិនបើមិនអាចកាត់បន្ថយបានទេ សូមប្រើប្រាស់ជម្រើសផលិតផលដែលមានកែវ ចាន ស្លាបព្រា ឬបំពង់បឺត ដែលធ្វើពីសារធាតុធម្មជាតិ ដែលងាយនឹងរលាយ»។
ការប្រើប្រាស់ប្លាស្ទិកដែលប្រើប្រាស់តែម្ដងបោះចោលដូចជា បំពង់បឺត ក៏ត្រូវបានកាត់បន្ថយនៅតាមភោជនីយដ្ឋាន នៅតាមសណ្ឋាគារផ្សេងៗ ជំនួសដោយបំពង់បឺតធ្វើពីក្រដាស ពីឫស្សី ពីដែក ពីដើមស្លឹកគ្រៃ ឬដើមថ្នក់ទឹកធម្មជាតិផ្សេងៗទៀតដែលជាការជំនួស។
លោកសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនទៅលើការប្រើប្រាស់នូវផលិតផលប្លាស្ទិក ដោយបានប្ដូរនូវឥរិយាបថ តាមរយៈការដាក់ច្រកថង់រួម ងាកទៅប្រើប្រាស់កន្ត្រកបរិស្ថាន ឬដបដែលអាចប្រើប្រាស់បានឡើងវិញ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅតាមភោជនីយដ្ឋានមួយចំនួនគឺបានអនុវត្តនូវគោលការណ៍ Zero ប្លាស្ទិកគឺមិនមានប្លាស្ទិកនៅហ្នឹងទេ។សាលារៀនមួយចំនួនក៏បានចាប់ផ្ដើមអនុវត្ត។នេះគឺជាចំណុចបោះជំហានទៅមុខមួយដោយវិជ្ជមានទៅលើការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា»។
នៅក្នុងនោះក្រសួងបរិស្ថានក៏បាននិងកំពុងអនុវត្តគោលការណ៍ ៤R គឺ៖ ការប្រើប្រាស់ឡើងវិញ ការកាត់បន្ថយការកែច្នៃ និងការបដិសេធ។
លោកសុថា បានឱ្យដឹងថា សិប្បកម្ម លឹម វណ្ណី ទទួលបានសំរាមមកពីបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។
លោកនិយាយថា៖ «រាល់ថ្ងៃ ខ្ញុំគឺខំបំផុសបំផុលគ្រប់ខេត្តក្រុងឱ្យមកធ្វើការកែច្នៃហ្នឹង ព្រោះឥឡូវសំរាមវាច្រើនមែនទែន សឹងតែគ្រប់ខេត្តក្រុងគាត់ដឹកមកឱ្យពួកខ្ញុំ មានតាំងពីប៉ោយប៉ែត ស្វាយរៀង សៀមរាប កំពង់សោម គាត់ដឹកឱ្យខ្ញុំច្រើនៗ សុទ្ធតែឡានធំមកដឹកហ្មង»។
ជាមួយការបង្ហាញរូបភាពសកម្មភាពដឹកសំរាមមកកាន់ទីតាំងសិប្បកម្ម លោក សុថា លើកឡើងថា៖ «មកម្ដងៗ ចូលប្រហែលជា ២៥ តោន ទៅ ៤០ តោន»។
បើតាមប្រធានគ្រប់គ្រងទូទៅនៃសិប្បកម្ម ក្នុង ១ ថ្ងៃ មានការបើកឱ្យសំរាមចូលក្នុងបរិមាណ ៥០ ទៅ ១០០ តោន ហើយផលិតផលកែច្នៃបានវិញ មានពី ១៥ ទៅ ២០ តោន ក្នុង ១ ថ្ងៃ។
ដើម្បីពង្រីកប្រតិបត្តិការកែច្នៃសំរាម លោក សុថា ដើរតួជាបណ្ដាញនិងចងក្រងជាសហគមន៍ ដោយចែកចាយដាក់ម៉ាស៊ីនតាមខេត្ត និងតំបន់ដែលមានសំរាមច្រើន។
លោក សុថា បញ្ជាក់ថា៖ «យើងប្រមូលសំរាមដាក់តាមគោលដៅនីមួយៗដែលយើងបានត្រៀមទុក។ អ៊ីចឹងផែនការរបស់ខ្ញុំ គឺក្នុង ១ ខែ ខ្ញុំទិញសំរាមបាន ១ ពាន់តោន ខ្ញុំនឹងផលិតបាន ៥០០ តោន ក្នុង ១ ខែ»៕