
លោក កាក់ សុខភិរម្យ ប្រគល់រូបថតសម្ដែងសៀក ដល់លោកអូស្មាន់ ខាវ៉ាចា កាលពីពេលកន្លងទៅ ។ រូបថត សហការី
ភ្នំពេញៈ សមាគមហ្វារពន្លឺសិល្បៈសហការជាមួយ Pi Pet Pi Gallery282 កំពុងតាំងពិព័រណ៍ថ្មីមួយស្ដីអំពី«ការឆ្លុះបញ្ចាំង៖សៀកជាទម្រង់សិល្បៈ» ដែលបង្ហាញរូបថតដោយលោក កាក់ សុខភិរម្យ នៅវិចិត្រសាល Pi Pet Pi Gallery282 ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃ ១២ ខែសីហា ដល់ថ្ងៃទី ២១ ខែកញ្ញា ។
រូបថតទាំង ៣៣ បានផ្ដោតទៅលើរូបភាពលេងសៀកបែបពណ៌ប្រដេញរបស់សិល្បករ និងរូបថតដែលប្រមាញ់បានក្នុងព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ដែលឧបត្ថម្ភដោយក្រុមហ៊ុនតូតាល់អេនើជី ដែលបានប្រារព្ធឡើងនៅខេត្តបាត់ដំបង កាលពីខែមិថុនាឆ្នាំនេះ។
ថ្លែងពីជីវប្រវត្តិត្រួសៗ លោក កាក់ សុខភិរម្យ បានប្រាប់ថា លោកបានចាប់ផ្ដើមមានចំណាប់អារម្មណ៍ទៅលើការថតរូបនៅក្នុងឆ្នាំ ២០១៤ ជាពេលដែលលោកបានប៉ះកាមេរ៉ាលើកដំបូង។ លោកថា ពេលដែលមើលទៅតាមកញ្ចក់កាមេរ៉ាលោកឃើញថា ធម្មជាតិជុំវិញពិតជាស្រស់បំព្រងហើយលោកចង់ផ្ដិតវាបង្ហាញទៅកាន់ពិភពលោក។
អ្នកថតរូបមកពីខេត្តសៀមរាបរូបនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «រាល់រូបថតដែលខ្ញុំថតបង្ហាញពីបទពិសោធអារម្មណ៍នៃជីវិត។ ជីវិត គឺជាដំណើរដែលពេលវេលារំកិលទៅមុខ។ អ្វីដែលខ្ញុំធ្វើ គឺបង្ហាញពីពេលវេលាណាមួយដែលមានអត្ថន័យ។ រូបថតរបស់ខ្ញុំឆ្លុះបញ្ចាំងពីការយល់ឃើញក្នុងស្រុកដែលខ្ញុំហៅថា ផ្តិតរូបភាពនៅកម្ពុជាតាមរយៈកែវភ្នែកក្នុងស្រុក»។
លោកបានឱ្យដឹងថា ការងាររបស់លោកបានចាប់ផ្តើមដោយថតរូបពាណិជ្ជកម្មហើយប្តូរទៅជាជាងថតរូបក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំចុងក្រោយនេះ។ លោកជឿថា ការងារទាំងអស់របស់លោក គឺជាផ្នែកមួយនៃសិល្បៈទាំងអាពាហ៍ពិពាហ៍ពិធីភ្ជាប់ពាក្យ គ្រួសារ សកម្មភាព ព្រឹត្តិការណ៍ និងការសម្តែងជាដើម។
បច្ចុប្បន្នលោកមានរៀបចំថ្នាក់រៀនថតរូបសម្រាប់ភ្ញៀវទេសចរបែបវប្បធម៌ និងប្រវត្តិសាស្រ្តហើយក្រៅពីនេះ លោកចូលចិត្តផ្តោតលើការចងក្រងនិងរៀបចំការងាររបស់លោកផ្ទាល់ ដែលជារបៀបរូបថតឯកសារជាសាច់រឿងបែបសិល្បៈទៅនឹងមនុស្សដែលលោកបានជួបប្រទះនៅពេលកំពុងធ្វើដំណើរជុំវិញក្នុងស្រុកនិងក្រៅស្រុក។
លោក អូស្មាន់ ខាវ៉ាចា នាយកប្រតិបត្តិនៃសមាគមហ្វារពន្លឺសិល្បៈបានថ្លែងថា សុខភិរម្យ បានចូលរួមជាមួយកម្មវិធីផ្សេងៗដែលរៀបចំដោយហ្វារច្រើនមកហើយ ហើយក៏មានចំណូលចិត្តទៅលើសៀកដែរ។
លោក ខាវ៉ាចា បានបញ្ជាក់ថា៖ «ដូច្នេះពេលព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះបានបើក សុខភិរម្យបានចង់ចូលរួមជាផ្នែកមួយ»។
គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បីបង្ហាញការសម្ដែងសៀកដែលមានតម្លៃលើសពីការទស្សនាកម្សាន្តធម្មតាដែលអនុញ្ញាតឱ្យសិល្បករបង្ហាញនូវអារម្មណ៍ និងអត្ថន័យដ៏ជ្រាលជ្រៅនៃសិល្បៈនិងមានទំនាក់ទំនង និងឥទ្ធិពលលើគ្នាទៅវិញទៅមកដោយអញ្ជើញអ្នកទស្សនាឱ្យរៀបរាប់ពីអារម្មណ៍និងរឿងរ៉ាវរបស់ពួកគេតាមរយៈ រូបភាពសៀកដ៏មានឥទ្ធិពលទាំងអស់នោះរបស់លោក សុខភិរម្យ។
អ្នកថតរូបវ័យ ៣២ ឆ្នាំរូបនេះ បានឱ្យដឹងថា រូបថតត្រូវបានចែកជា ៥ ក្រុមជាមួយនឹងអត្ថន័យខ្លីៗដែលណែនាំអំពីសកម្មភាពតាំងពិព័រណ៍ដោយក្រុមរូបថតនីមួយៗដោយមានរឿងផ្សេងៗពីគ្នាស្ដីអំពីជីវិត។
លោកបានបន្តថា៖ «ទស្សនិកជនអាចនឹងយល់ខុសថា ប្រធានបទនៃការតាំងពិព័រណ៍ គឺការបាក់ទឹកចិត្ត។ តាមរយៈការសម្ដែង ព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ខ្ញុំបានរកឃើញភាពស្រស់ស្អាតនៅក្នុងការបាក់ទឹកចិត្ត។ ការបាក់ទឹកចិត្តមិនចាំបាច់ត្រូវតែ ងងឹត ឬលាក់កំបាំងទេ តែវាក៏អាចស្រស់ស្អាត ហើយនេះជាអ្វីដែលខ្ញុំព្យាយាមផ្ដិតយក»។
គោលគំនិតចម្បងនៃការតាំងពិព័រណ៍នេះ គឺដើម្បីចាប់យកសៀកជាទម្រង់សិល្បៈដែលឆ្លុះបញ្ចាំងពីវប្បធម៌របស់យើង និងនាំឱ្យសាធារណជនបែរទៅរកការសន្ទនាប្រកបដោយការគិតពិចារណាដែលជួយព្យាបាល និងកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើង។
ហ្វារពន្លឺសិល្បៈ កំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកអំពីឥទ្ធិពលសិល្បៈសៀកដែលជាឧបករណ៍មួយ ដើម្បីលើកស្ទួយស្ថានភាពសហគមន៍ទាំងមូល។
លោក ខាវ៉ាចា បានថ្លែងថា៖ «ភិរម្យ មានវិធីពិសេសក្នុងការទាក់ទងនិងចាប់យកប្រធានបទរបស់គាត់។ ក្រឡកមើលរូបថតរបស់គាត់នៅក្នុងព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ នាពេលថ្មីៗនេះវាបានបង្ហាញពីផ្នែកកម្សាន្តរបស់សៀក»។
លោកបានបន្ថែមទៀតថា៖ «រូបថតរបស់ភិរម្យបានបង្ហាញថា សៀកជាទម្រង់សិល្បៈដែលមានភាពប្លែកនិងមានតែ ១ គត់ដែលណែនាំឱ្យយើងឆ្លុះបញ្ចាំង ស្វែងរកអត្ថន័យ បង្កើតទំនាក់ទំនង និងប្រាប់អំពីរឿងផ្ទាល់ខ្លួន។ អ្វីដែលខ្ញុំចូលចិត្តគឺគាត់មកជាអ្នកទស្សនាដូចភ្ញៀវធម្មតា ដោយមានម៉ាស៊ីនថតពាក់ជាប់នឹងកគាត់ ដោយគ្មានចេតនានិយាយពីការតាំងពិព័រណ៍ឡើយ។ បន្ទាប់ពីគាត់បង្ហាញរូបថតរបស់គាត់មកខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថានេះជារឿងដែលត្រូវចែករំលែក ក្នុងការលើកស្ទួយសៀកជាទម្រង់សិល្បៈមួយដែលវាគួរតែត្រូវបានទទួលស្គាល់»។
លោក ខាវ៉ាចា បានបញ្ជាក់ថា លោកចង់ថ្លែងអំណរគុណចំពោះការឧបត្ថម្ភពីតូតាល់អេនើជី ដែលបានផ្ដល់ជូនដល់ព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ។ មហោស្រពទូទាំងទីក្រុងបែបនេះមានការចូលរួមពីសិល្បករខ្មែរនិងអន្តរជាតិហើយដាក់ទីក្រុងបាត់ដំបងរបស់ប្រទេសកម្ពុជាលើផែនទីសិល្បៈគឺអាចធ្វើទៅបានដោយមានការគាំទ្រពីផ្នែកសាជីវកម្ម។
លោកសង្ឃឹមថា សាជីវកម្មកាន់តែច្រើននឹងពេញចិត្តចំពោះសៀកសម្រាប់ទម្រង់សិល្បៈដ៏មានអានុភាពនិងបោះជំហានទៅមុខ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍នានានៅពេលអនាគត។
សុខភិរម្យ អ្នកថតរូបដែលរៀនដោយខ្លួនឯងរូបនេះថា៖ «នៅពេលខ្ញុំនៅក្នុងព្រឹត្តិការណ៍សៀក ខ្ញុំមិនដែលមានអារម្មណ៍ឯកោទេ។សៀកផ្ដល់នូវអារម្មណ៍ ប្រវត្តិសាស្ត្រ ការព្យាករ និងការស្ញប់ស្ញែង។សាច់រឿងរបស់ពួកគេប៉ះពាល់ចិត្តខ្ញុំនិងទទួលបានការបំផុសគំនិតទាំងពណ៌សម្លៀកបំពាក់ចលនាតន្ត្រីនិងសមត្ថភាពអ្នកសម្ដែង»។
កញ្ញា ដាយណាស កូម៉ា នាយកគ្រប់គ្រងក្រុមហ៊ុនតូតាល់អេនេជី បានថ្លែងសុន្ទរកថាក្នុងពេលបើក ការតាំងពិព័រណ៍នេះថា៖ «យើងរីករាយដែលបានមកនៅទីនេះពីព្រោះយើងប្ដេជ្ញាចិត្តក្នុងការផ្សព្វផ្សាយមរតក និងសិល្បៈ។នៅពេលខ្ញុំទស្សនាព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ខ្ញុំមិនដឹងថាត្រូវរំពឹងអ្វីទេ ប៉ុន្តែវាបានផ្ដល់ការចាប់អារម្មណ៍ដល់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំជឿថា សិល្បៈ គឺសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំសង្ឃឹមថា ជាមួយនឹងការរួមចំណែកនេះ យើងនឹងអាចមើលឃើញពីរបៀបដែលយើងអាចបន្តលើកកម្ពស់សិល្បៈទៅថ្ងៃអនាគត»។
លោក ខាវ៉ាចា បន្ថែមដែរថា រូបថតអាចនាំមនុស្សទៅកម្សាន្តស្វែងយល់ពីបទពិសោធម្ដងទៀត និងមើលឃើញអ្វីអាចនឹងខកខានកាលពីលើកដំបូង។ វាបានជួយឱ្យមនុស្សបង្អង់ ឆ្លុះបញ្ចាំង និងទំនាក់ទំនងស៊ីជម្រៅ។ នេះជាភាពពិសេសរបស់រូបថត សុខភិរម្យ។
លោក សុខភិរម្យ បានថ្លែងដែរថា៖ «នៅពេលសម្លឹងមើលទៅសិល្បៈ ខ្ញុំសង្ឃឹមថា អ្នកនឹងអាចរកឃើញការគាំទ្រដែលអ្នកត្រូវការនៅពេលដែលអ្នកនៅទីងងឹត ពិបាកចិត្ត ឬធ្លាក់ទឹកចិត្ត។ វាជាផ្នែកមួយនៃជីវិត ប៉ុន្តែវាមិនមែនបែបនោះរហូតទេ។ សូមចូលមកទស្សនាវិចិត្រសាល Pi Pet Pi Gallery282» ៕