ភ្នំពេញៈ ដៃម្ខាងកាន់ចង្អេរ ដៃម្ខាងបេះផ្កាពណ៌ខៀវស្រស់ពីដើមវល្លិបៃតងទម្លាក់ខ្លួនលើរបងឫស្សី អ្នកស្រី យ៉ាន់ ចាត (Yann Chat) កំពុងប្រមូលផលផ្កាអញ្ជ័នស្រស់ៗយកទៅហាលថ្ងៃធ្វើតែមេអំបៅ ជាភេសជ្ជៈកំពុងពេញនិយមតាមបណ្ដាហាង និងតូបកាហ្វេនានានៅប្រទេសកម្ពុជា។
អ្នកស្រីស្ថិតក្នុងចំណោមអាជីវករលក់ភេសជ្ជៈជាច្រើនទៀតដែលជ្រើសរើសការដាំផ្កាអញ្ជ័ន ឬផ្កាអមតៈ ដោយខ្លួនឯង ដើម្បីលម្អទីតាំងលក់ផង និងធ្វើជាវត្ថុធាតុដើមសម្រាប់តែមេអំបៅនេះផង។
ម្ចាស់ហាងកាហ្វេសម្រស់ស្អាងភ្នំ (SomrosS'ang Phnom Coffee) នៅទឹកដីខេត្តកណ្ដាលរូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំជ្រើសរើសដាំអាហ្នឹងទី១ ផ្កាមេអំបៅហ្នឹង វាអាចយកមកធ្វើភេសជ្ជៈផង ១ ទៀតយើងដាំជុំវិញហាង វាអាចលម្អឱ្យមានភាពទាក់ទាញភ្ញៀវគាត់អញ្ជើញមក គាត់ឃើញមានភាពស្រស់ស្អាតអ៊ីចឹង»។
ដោយមានបងប្អូនជាអ្នកលក់រុក្ខជាតិស្រាប់ អ្នកស្រី ចាត បានចាប់ផ្ដើមដាំដើមផ្កាអញ្ជ័នតាំងពី ១ គុម្ព រហូតបណ្ដុះពូជដាំបានប្រហែលជា ២០ គុម្ព កំពុងលូតលាស់លម្អជុំវិញហាងកាហ្វេ។
ជាជាងការទិញផ្កាអញ្ជ័នក្រៀមមកធ្វើតែមេអំបៅ អ្នកស្រីនិយាយថា រុក្ខជាតិនេះងាយស្រួលក្នុងការដាំ មិនពិបាកថែទាំ ហើយហុចផលជាហូរហែ។
អ្នកស្រីបញ្ជាក់ថា៖ «រយៈពេលដែលយើងដាំចាប់ពីកូន ១ ចំអាមឡើងវល្លិត្រឹម ១ ម៉ែត្រចាប់ផ្ដើមចេញផ្កា បែកមែក ចេញផ្កាបន្តបន្ទាប់រហូត។ បើរដូវកាលនេះវាភ្លៀង អ៊ីចឹងផ្កាចេះតែចេញរហូត ខ្ញុំបេះរហូតហូរហែរាល់តែថ្ងៃ។ ផ្កាវាកាន់តែបេះកាន់តែចេញ។ ដល់យើងបានច្រើនគុម្ព យើងបេះទៅ វាចេះតែផ្កាបន្តបន្ទាប់គ្នា»។
នៅហាងកាហ្វេសម្រស់ស្អាងភ្នំ អ្នកស្រី ចាត យកផ្កាអញ្ជ័នច្នៃធ្វើជាតែមេអំបៅទឹកឃ្មុំ តែមេអំបៅទឹកដោះគោ តែមេអំបៅក្រឡុក និងតែមេអំបៅក្រូចឆ្មារ។
អ្នកស្រីបន្តថា៖ «គេយកទៅធ្វើភេសជ្ជៈផ្សេងៗបានដូចជា ៥-៦ មុខដែរ ហើយភាគច្រើនវាពេញនិយមសម្រាប់ក្មេងៗ»។
លើសពីផ្គត់ផ្គង់ហាងកាហ្វេ ផ្កាអញ្ជ័នដែលអ្នកស្រីបេះ និងហាលធ្វើតែ ក៏ត្រូវបានលក់ចែកឱ្យអ្នកជិតខាងជាអ្នកលក់គ្រឿងភេសជ្ជៈខ្លះៗដែរ។
អ្នកស្រីបន្ថែមថា៖ «មានអ្នកខ្លះគាត់សុំគ្រាប់ សុំពូជ ខ្ញុំបណ្ដុះហើយចែកដល់គាត់»។
ដោយផ្ដល់ទំនុកចិត្តលើដំណាំធម្មជាតិដាំផ្ទាល់ដៃ ម្ចាស់ហាងកាហ្វេរូបនេះលើកឡើងថា ផ្កាតែមេអំបៅដាំលើរបងមានក្លិនឈ្ងុយ គួបផ្សំនឹងការហាលផ្ចិតផ្ចង់ និងការយកទៅឆុងជាភេសជ្ជៈប្រកបដោយអនាម័យផង។
ម្ចាស់ហាងកាហ្វេដែលស្រឡាញ់បរិស្ថានធម្មជាតិ និងការដាំដុះរូបនេះ បាននិយាយថា៖ «នៅកន្លែងខ្ញុំ ខ្ញុំក៏ដាំស្លឹកតយ ផ្កាម្លិះ ខ្ញុំចេះតែព្យាយាមដាំឱ្យបានច្រើន ព្រោះប្រភេទអស់ហ្នឹងយើងដាំទៅវាធម្មជាតិ ហើយយើងអាចយកមកធ្វើអី្វដោយខ្លួនឯង ហើយយើងមិនបាច់ទិញគេ ខ្លាចគេរក្សាដោយប្រើថ្នាំគីមី»។
ប្រជាប្រិយភាពនៃតែមេអំបៅ បានធ្វើឱ្យអ្នកប្រកបមុខរបរលក់កាហ្វេជាច្រើននាំគ្នាដាំរុក្ខជាតិនេះដោយខ្លួនឯង ហើយអ្នកធ្លាប់ប្រកបរបរដាំផ្កាអញ្ជ័នទ្រង់ទ្រាយធំ បានប្រែក្លាយដីចម្ការរបស់ខ្លួនទៅដាំដំណាំផ្សេងទៀត។
លោកមេមចាន់សីដែលជាម្ចាស់ហាងនីកាកាហ្វេនិងតែមេអំបៅបានបោះបង់កសិដ្ឋានដាំផ្កាអញ្ជ័ន ដោយរក្សាទុកដើមផ្កានេះតែចំនួន ២ ដើម សម្រាប់ផ្គត់ផ្គង់អាជីវកម្មលក់ភេសជ្ជៈរបស់លោកប៉ុណ្ណោះ។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្មែរយើងគេហៅផ្កាអញ្ជ័ន ភាសាអង់គ្លេស Butterfly pea flower។ ខ្ញុំធ្លាប់ដាំនៅផ្ទះដីប្រហែលកន្លះហិកតាដែរ តែឥឡូវឈប់ដាំ ដោយសារវាពិបាកប្រមូលផល។ ១ ថ្ងៃ បាន ១ គីឡូអ៊ីចឹង លក់ទៅបានតែ ៤ ម៉ឺនរៀល ហើយត្រូវបេះ ២-៣ នាក់។ វាពិបាក»។
កាលពីប៉ុន្មានឆ្នាំមុនដោយមើលឃើញតម្រូវការតែមេអំបៅ និងការនាំចូលផលិតផលនេះច្រើនពីប្រទេសជិតខាង លោក ចាន់សី បានប្រើប្រាស់ដីកន្លះហិកតា នៅស្រុកកោះធំ ខេត្តកណ្ដាល ធ្វើជាចម្ការផ្កាអញ្ជ័ន ដើម្បីរួមចំណែកលើកតម្កើងផលិតផលក្នុងស្រុក។
ទោះជារុក្ខជាតិនេះងាយស្រួលដាំ មិនពិបាកថែទាំ ធន់នឹងប្រភេទដីអាកាសធាតុ និងឆាប់ទទួលបានផលក្នុងអំឡុង ៣ ទៅ ៤ ខែ ប៉ុន្តែបញ្ហាកម្លាំងពលកម្មសម្រាប់ការប្រមូលផល និងកត្តាទីផ្សារថ្លៃលក់ធ្លាក់ចុះ បានធ្វើឱ្យលោកប្រែក្លាយសួនផ្កាអញ្ជ័នទៅជាចម្ការននោងវិញ។
លោក ចាន់សី និយាយថា៖ «មុនដំបូង ១ គីឡូ យើងបោះដុំបាន ៦ ម៉ឺនរៀល ដល់យូរទៅគេដាំច្រើន ហើយខាងថៃទម្លាក់តម្លៃទៀតមក គេលែងយករបស់យើង។ នៅសល់ច្រើនៗទម្រាំតែលក់ចេញអស់វាយូរដែរ»។
លោកបានបន្តថា៖ «ដាំច្រើនកម្លាំងពលកម្មច្រើន ហើយណាមួយមានគេនាំចូលពីថៃតម្លៃថោកជាង។ ភាគច្រើនខ្មែរយើងពីមុនប្រើរបស់នាំចូលពីថៃមក ១ គីឡូតែ ៤ ម៉ឺនអី។ យើងតម្លៃថ្លៃជាង ហើយវាពិបាកពលកម្មត្រូវបេះថ្ងៃក្ដៅ។ លោកពុកក៏គាត់សម្រេចចិត្តកាប់ចោលទៅ វាអត់ចំណេញច្រើន»។
យ៉ាងណាមិញ ម្ចាស់ហាងរូបនេះនៅមានដើមផ្កាអញ្ជ័នខ្លះទុកផ្គត់ផ្គង់ហាងកាហ្វេរបស់ខ្លួន ដោយច្នៃជា តែមេអំបៅទឹកដោះគោតែមេអំបៅដូងក្រអូបតែមេអំបៅដំឡូងស្វាយតែមេអំបៅឡាតេ និងធ្វើជាបង្អែមចាហួយ។
លោកនិយាយថា៖ «ផ្កាហ្នឹងវាទូលំទូលាយហើយ នរណាក៏គេដាំដែរ។ ឥឡូវនៅហាងកាហ្វេ គេដាំតែ ២ ដើមអីហ្នឹង គេបេះព្រឹកល្ងាចៗ វាស្រួលដាំ»។
ផ្កាអញ្ជ័នដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានលោក ចាន់ស៊ី លើកពីគុណប្រយោជន៍សម្រាប់សុខភាព និងសម្រស់ ដូចជាកាត់បន្ថយភាពចាស់ប្រឆាំងនឹងការរលាករក្សាតុល្យភាពសីតុណ្ហភាពរាងកាយ និងពង្រឹងប្រព័ន្ធស៊ាំជួយប្រឆាំងពពួកបាក់តេរី។
ការស្រាវជ្រាវចុះផ្សាយដោយ healthline.com ក៏បានលើកឡើងថា សារធាតុដកចេញពីផ្កាអញ្ជ័នត្រូវបានរកឃើញថា ជួយដល់សុខភាពស្បែក និងសក់ រក្សាទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម ផងដែរ។
ម្ចាស់ហាងកាហ្វេ និងអ្នកធ្លាប់ដាំផ្កាអញ្ជ័នលក់រូបនេះបានលើកឡើងថា៖ «បើយើងដាំហើយ យើងកែច្នៃខ្លួនឯងប្រហែលជាល្អ ដូចជាកែច្នៃជាម្សៅ ជាសាប៊ូ សាប៊ូកក់សក់អី»។
ក្រៅពីទំនោរដាំរុក្ខជាតិតែមេអំបៅនៅតាមហាងកាហ្វេ ផ្កាអញ្ជ័នក៏នៅតែត្រូវបានគេនិយមដាំតាមផ្ទះ ដើម្បីធ្វើជាភេសជ្ជៈ និងបង្អែម ឬលក់រាយតិចតួចទៅឱ្យអ្នកមានតម្រូវការតាមគ្រួសារ ក្រោយពីតម្រូវការផ្គត់ផ្គង់ទីផ្សារធ្លាក់ចុះ។
អ្នកស្រី ហេង ចាន់ នៅទីរួមខេត្តកំពង់ចាម ធ្លាប់គិតថា ប្រសិនបើតែមេអំបៅលក់បានថ្លៃ អ្នកស្រីនឹងបង្កើនការដាំរុក្ខជាតិនេះឱ្យបានច្រើនដើម្បីហាលលក់។
ស្ត្រីអាយុ ៦៥ ឆ្នាំរូបនេះប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មុនដំបូងខ្ញុំគិតថា ប្រសិនបើលក់បានថ្លៃ នឹកឃើញថាចេះតែធ្វើពលកម្មជុំវិញផ្ទះទៅ។ ពីមុនគិតថា ៥០ គុម្ពអ៊ីចឹងដែរ ធ្វើទ្រើងដូចបន្លែ ធ្វើជន្លង់ដូចសណ្ដែកកួរ វាស្រួលបេះជាង។ យើងអាចឈរដាក់ជណ្ដើរបេះបាន»។
អ្នកស្រីថា៖ «ប្រមាណជា ៥ ឆ្នាំមុន ១ គីឡូ ៣០ ដុល្លារឯណោះ តែតាំងពីកូវីដមក មានលក់អីដាច់។វាចុះថោក។ កាលដាំដំបូង ឮថា ១ ខាំ ១ ម៉ឺន ទៅ ១២ ០០០ រៀលអី ចេះតែដាំទៅ»។
អ្នកខេត្តកំពង់ចាមរូបនេះ បានលើកឡើងថា ផ្កាអញ្ជ័នមានតម្លៃទាប ដោយសារមនុស្សជាច្រើនអាចដាំរុក្ខជាតិនេះបាន ហើយចម្ការផ្កាខ្នាតធំប្រឈមនឹងការពិបាកប្រមូលផល។
អ្នកស្រី ចាន់ លើកឡើងថា៖ «វាថោក ដល់គេដាំបានគ្រប់គ្នាច្រើនទៅ។ ដើមវាស្រួលដាំទេ តែវាពិបាកនឹងបេះទៅវិញ។ បើផ្កាវាមួយៗ ត្រូវឈរបេះ។ កាលដាំអត់ពិបាក ពិបាកតែនឹងបេះ ចំណាយពេលច្រើន»។
សព្វថ្ងៃ អ្នកស្រីដាំដើមផ្កាអញ្ជ័នប្រមាណ ១០ គុម្ពជុំវិញផ្ទះ។ ដើម្បីធ្វើតែក្រៀម ១ គីឡូក្រាម ដែលលក់បានក្នុងតម្លៃ ៦ ម៉ឺនរៀល អ្នកស្រីត្រូវចំណាយពេលបេះសន្សំផ្កាឱ្យបាន២កញ្ច្រែង ដោយត្រូវចំណាយពេលស្ទើរតែ ១ ខែ។ នៅពេលបានផលហើយ តែមេអំបៅក៏ពុំសូវមានគេចាប់អារម្មណ៍ទិញដែរ។
អ្នកស្រីថា៖ «ដាំទ្រង់ទ្រាយតូចប៉ុនហ្នឹងលក់មិនដាច់ផង។នៅកំពង់ចាមហ្នឹង ខ្ញុំសួរគេឡើងគ្រប់កន្លែង។ មកពីគេប្រើតិចៗហ្នឹងវាចេញពណ៌ហើយ ដាក់ម៉ាចឹបៗ»។
ទោះជាការដាំផ្កាអញ្ជ័នពុំអាចចាត់ទុកជាមុខរបរផ្ដល់ចំណូលដល់អ្នកស្រី ចាន់ ក៏ពិត មែន តែអ្នកស្រី នៅតែរក្សាវាទុកជារុក្ខជាតិលម្អផ្ទះ ជាគ្រឿងផ្សំភេសជ្ជៈ និងនំបង្អែមទទួលទានក្នុងគ្រួសារ។
អ្នកស្រី ចាន់ និយាយថា៖ «ខ្ញុំទុកវា ខ្ញុំចេះតែបេះវាលេងទៅ។ ខ្ញុំរកដកបោះចោលតើ តែប្ដីខ្ញុំថាទៅដកធ្វើអី។ គាត់ថាពណ៌ស្អាត។ យើងមិនបាច់បេះក៏បានដែរ គ្រាន់លម្អមុខផ្ទះ»។
អ្នកស្រីនៅតែពេញចិត្តនឹងពណ៌ធម្មជាតិខៀវដិតរបស់ផ្កាអញ្ជ័ន រួមទាំងក្លិនដ៏ប្រហើររបស់វាពេលឆុងទឹកទទួលទាន។
អ្នកស្រីថា៖ «តែយើងធ្វើខ្លួនឯងវាល្អ អាគេលក់ របស់នាំចូលអី គេអាចប្រើថ្នាំ។ ចៅខ្ញុំថាដាំធ្វើតែខ្លួនឯងវាឈ្ងុយជាងទិញគេស្រាប់។ របស់យើងថ្មី យើងអត់មានប្រើឡសម្ងួតយើងហាលតែថ្ងៃ»។
អ្នកប្រកបមុខរបរដាំផ្កាអញ្ជ័នពីខេត្តបាត់ដំបងអ្នកស្រី ដេត ស៊ីណាតបានបោះបង់ចោលដំណាំតែមេអំបៅនេះ មកដាំផ្កា ១ ប្រភេទទៀតសម្រាប់ធ្វើភេសជ្ជៈពណ៌ក្រហមក្រមៅ។
អាជីវកររូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មួយរយៈនេះខ្ញុំឈប់ដាំផ្កាមេអំបៅហើយខ្ញុំនៅមានដាំតែផ្កាម្ជូរព្រឹកដែលខែ ១១ ឬ ១២ អីមានផ្កានៅចម្ការហើយ»៕