
ការលក់សូកូឡាក្នុងហាងកាហ្វេ Wat Temple Cocoa នៅរាជធានីភ្នំពេញ កាលពីថ្ងៃ ៧ ខែកញ្ញា។ ហុង មិនា
សៀមរាបៈ ជាអ្នកស្រឡាញ់សូកូឡាម្នាក់ អ្នកស្រី Chaterine Yap ដែលបានមកកម្សាន្ដនៅកម្ពុជាក្នុងនាមជាភ្ញៀវទេសចរ កាលពីខែកក្កដា បានរីករាយជាមួយរសជាតិសូកូឡានៅហាងកាហ្វេ Wat Temple Cocoa of Cambodia និងរោងចក្រជាទីដែលធ្វើការផលិតតាំងពីគ្រាប់កាកាវ រហូតដល់ធ្វើសូកូឡាលក់។
Chaterine បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ម្ចាស់ហាងជនជាតិបារាំងបានផលិតសូកូឡាជាច្រើនប្រភេទដោយប្រើគ្រាប់កាកាវពីខេត្ដមណ្ឌលគិរី។ ខ្ញុំចូលចិត្ដទៅមើលការផលិតសូកូឡានៅរោងចក្រក្នុងខេត្ដសៀមរាប។ ចំណូលចិត្ដរបស់ខ្ញុំគឺម្សៅសូកូឡាប្រោននី ដែលរលាយភ្លាមៗពេលដាក់ចូលក្នុងមាត់»។
Wat Chocolate Phnom Penh [ទំព័រហ្វេសប៊ុក] ឬហាង Wat Temple Cocoa of Cambodia (ប្រាសាទនៃកាកាវប្រទេសកម្ពុជា)លក់ផលិតផលពីសូកូឡាច្រើនប្រភេទដែលស្ថិតក្នុងសង្កាត់បឹងកេងកង ១។ លោក ហ្គេតង់ ប្រូស្សូ ស្ថាបនិកហាងកាហ្វេ និងរោងចក្រសូកូឡាប្រាសាទនៃកាកាវប្រទេសកម្ពុជាបាននិយាយថា៖ «យើងព្យាយាមនាំចេញផលិតផលសូកូឡា ហើយពេលនេះ យើងកំពុងតែបំពេញបែបបទនាំចេញទៅប្រទេសសិង្ហបុរី ថៃ និងប្រទេសនៅអាស៊ីហើយយើងមានបំណងនាំចេញទៅអឺរ៉ុបថែមទៀត»។
មានតុតូចៗរៀបចំនៅខាងមុខហាង ជ្រកក្រោមម្លប់ដើមឈើ និងឆត្រធំៗ ខណៈផ្នែកខាងក្នុងហាងជាទីដែលសាឡុងវែងរៀបតុនៅខាងឆ្វេងដៃ និងទូតាំងផលិតផលសូកូឡាក្នុងកញ្ចប់នៅផ្នែកខាងស្ដាំក៏ដូចជា តុមូលមួយដែលតាំងប្រអប់សូកូឡាគ្រប់កម្រិតរសជាតិ និងភាគរយនៃសូកូឡា។
នៅផ្នែកខាងក្រោយទូតាំងសូកូឡា មានរំលេចនូវឡូហ្គោ (WAT) ធំៗ និងអក្សរអង់គ្លេស Temple Cocoa of Cambodia ភ្ជាប់ដោយទូប្រអប់តាំងបង្ហាញផលិតផលសូកូឡាកញ្ចប់។
ប្ដីប្រពន្ធជនជាតិបារាំង ១ គូ លោកប្រូស្សូ និងភរិយា បានមកកម្សាន្ដនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ។ លោកប្រូស្សូ បានដឹងថា នៅកម្ពុជាមិនមានរោងចក្រសូកូឡា ទោះលោកបានមើលឃើញចម្ការកាកាវតែ ១ នៅមណ្ឌលគិរី។
ជាអ្នកផលិតសូកូឡា ដែលបានសិក្សាជំនាញនេះពីប្រទេសឥណ្ឌា និងមានបទពិសោធចំនួន ៥ ឆ្នាំ លោកចាប់ផ្ដើមធ្វើអ្វីម្យ៉ាងជាមួយផលិតផលកាកាវមណ្ឌលគិរី ដែលលោកអះអាងថា វាជាផលិតផលដ៏ល្អបំផុត។ លោក ប្រូស្សូ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កាកាវត្រូវបានដាំដោយប្រជាកសិករកម្ពុជាក្នុងខេត្ដមណ្ឌលគិរី ហើយបច្ចុប្បន្ននេះវាបានកើនឡើងជាង ១០០ ចម្ការ»។
នេះគឺជាកសិកម្មប្រភេទថ្មីដែលចាប់ផ្ដើមរីកធំឡើងៗជារៀងរាល់ឆ្នាំ ហើយប្រជាកសិករបង្កើតជាសហករណ៍ ដែលពួកគេអាចធ្វើការផ្អាប់ និងសម្ងួតកាកាវ។
ក្រៅពីការចែកទិញក្នុងបរិមាណតិចតួចដែលពាណិជ្ជករបារាំងរូបនេះអាចធ្វើបាន ផលិតផលកាកាវភាគច្រើនទៀត ត្រូវបាននាំចេញទៅកាន់ជប៉ុន និងម៉ាឡេស៊ី ជាដើម។
នៅពេលដែលរោងចក្រលោកប្រូស្សូ ចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០១៩ ផលិតផលសូកូឡា ត្រូវបានផលិតឡើងដោយបន្ថែមស្ករទៅតាមកម្រិតខុសគ្នាចន្លោះពី ៥ ភាគរយ ដើម្បីបង្កើតរសជាតិប្លែកៗ។
លោកបាននិយាយបង្ហាញអំពីផលិតផលប្រអប់សូកូឡាថា៖«ប្រអប់នេះមានកម្រិតសូកូឡា ៩៥ ភាគរយ ដែលមានន័យថាខ្ញុំបានបន្ថែមស្ករត្រឹម ៥ ភាគរយ ហើយយើងក៏មានសូកូឡាសុទ្ធ ១០០ ភាគរយ សម្រាប់អ្នកត្រូវការរសជាតិល្វីងខ្លាំង»។
បច្ចុប្បន្ននេះ សូកូឡារបស់លោក ប្រូស្សូ មាន ២១ ប្រភេទដែលត្រូវបានផលិតតាំងពីឆ្នាំ ២០១៩ ។លោកច្នៃបង្កើតរសជាតិប្លែកៗទៅតាមកម្រិតភាគរយនៃស្ករ។ លោកក៏បានបន្ថែមរសជាតិមួយចំនួនទៀត ដូចជា ម្ទេស ម្រេច កាហ្វេ ស៊ីណាម៉ុន ខ្ញី និងខ្ជាយជាដើម។ វត្ថុធាតុដើមទាំងអស់សុទ្ធតែជាផលិតផលក្នុងស្រុក។
ស្ករត្នោតមកពីរតនគិរី កាហ្វេមកពីមណ្ឌលគិរី ម្ទេស ម្រេច ស៊ីណាម៉ុន ខ្ញី និងខ្ជាយមកពីកំពត គ្រាប់ស្វាយចន្ទីមកពីព្រះវិហារ និងសណ្ដែកដីមកពីកំពង់ចាម។
លោក ប្រូស្សូ បានបន្ដថា៖ «គ្រាប់កាកាវផ្ទុកនូវសារធាតុខ្លាញ់ ៥០ ភាគរយ ហៅថាប៊ឺកាកាវ ៥ ភាគរយជាទឹក ៧ ភាគរយជាម្សៅ ៤ ភាគរយ ជាសាច់ ២ ភាគរយ ជាឌីអូប្រូមីន ២០ ភាគរយ ជាប្រូតេអ៊ីនផ្សេងៗ និង ៦ ភាគរយជារ៉ែ»។
ចាប់ពីការដាំ ដែលប្រើរយៈពេល ៥ ឆ្នាំ ការប្រមូលផល ការអប់សម្ងួត និងដឹកជញ្ជូនរហូតដល់ការញែកគ្រាប់ វិធីទាំងនេះត្រូវបានធ្វើឡើងដោយប្រជាកសិករ។ បន្ទាប់មក រោងចក្រមានភារកិច្ចលីង បំបែក រែង កិន បន្ថែមស្ករចាក់ពុម្ព និងវេចខ្ចប់។
លោកបាននិយាយថា៖ «រៀងរាល់ ៣ ថ្ងៃ យើងអាចផលិតសូកូឡាប្រមាណ ១០០ គីឡូក្រាម។ ពេលយើងផលិតរួចរាល់ហើយ យើងចាក់ពុម្ព និងវេចខ្ចប់ជាផលិតផលសម្រេច»។
រោងចក្រនៅសៀមរាបផលិតសូកូឡាប្រមាណ ២៥០ គីឡូក្រាមក្នុង ១ ខែ ទៅតាមកម្រិតនៃតម្រូវការដែលបរិមាណនោះ មានលាយសម្បករហូតដល់ ២០ ភាគរយ។
អំឡុងពេលកូវីដ ១៩ ប៉ុន្មានឆ្នាំនេះ បុរសជនជាតិបារាំងបានអភិវឌ្ឍផលិតផលរបស់ខ្លួនជាច្រើនប្រភេទ ដែលលោកបានអរគុណដល់ការបិទខ្ទប់ អនុញ្ញាតឱ្យលោកមានពេលវេលាច្រើនស្រាវជ្រាវ។
លោកបាននិយាយថា៖«ដូច្នេះ កូវីដបានផ្ដល់ពេលឱ្យអភិវឌ្ឍបានច្រើន។ វាមិនមែនជាអ្វីដែលខ្ញុំត្រូវការនោះទេ។ ប៉ុន្ដែពេលនេះ មុខជំនួញចាប់ផ្ដើមងើបឡើងវិញសន្សឹមៗ តែយើងបានអភិវឌ្ឍផលិតផលច្រើន»។
លោកបាននិយាយទាំងសុទិដ្ឋិនិយមថា អាជីវកម្មត្រឡប់មកវិញ រោងចក្ររបស់លោកចាប់ផ្ដើមធ្វើការជាមួយសណ្ឋាគារមួយចំនួន ដូចជា Sofitel, Rosewood, Baitong និង Parkhyad Siem Reap។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានបទពិសោធការងារជាចុងភៅ ហើយសូកូឡាជាការងារទី១ សម្រាប់ខ្ញុំ ពីព្រោះវាជាអ្វីដែលថ្មីលើកដំបូងនៅក្នុងប្រទេសខ្មែរយើង។ ខ្ញុំធ្វើការនៅរោងចក្រសូកូឡានេះបាន ១ ឆ្នាំហើយ។ ពេលខ្ញុំបានធ្វើការនៅរោងចក្រសូកូឡានេះខ្ញុំបានរៀន និងយល់ដឹងច្រើនអំពីសូកូឡា ហើយដឹងអំពីរបៀបធ្វើ និងវេចខ្ចប់សូកូឡា»។
កញ្ញា ខាន្នី ថា បានធ្វើបទបង្ហាញពីវិធីនៃការផលិតសូកូឡាដោយចាប់ផ្ដើមណែនាំពីដំណាំកាកាវ ដែលប្រមូលផលមកពីខេត្ដមណ្ឌលគិរី រហូតដល់ការលាយស្ករ ចាក់ពុម្ព វេចខ្ចប់ ក៏ដូចជា ការបន្ថែមរសជាតិប្លែកៗចំនួន ២១ ប្រភេទ។
លោក ប្រូស្សូ បានឱ្យដឹងថា អាជីវកម្មរបស់លោកមានបុគ្គលិកខ្មែរទាំងអស់ចំនួន ៧ នាក់ ដែល ៥ នាក់ នៅរោងចក្រផលិតផលសូកូឡា និង ២ នាក់ជាបុគ្គលិកបម្រើការនៅហាងកាហ្វេរាជធានីភ្នំពេញ។
ហាងកាហ្វេ Wat Temple Cocoa of Cambodia ស្ថិតនៅផ្ទះលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុក Wat Chocolate Phnom Penh និងវេបសាយ www.watchocolate.com៕