ភ្នំពេញៈ ពលករខ្មែរ ៧ នាក់ ទាំងអ្នកធ្លាប់ធ្វើការ និងអ្នកកំពុងបម្រើការនៅកូរ៉េខាងត្បូងចាប់ដៃគ្នាបង្កើតក្រុមហ៊ុនវេហាស៍ជូស៍កែច្នៃផលានុផលខ្មែរជាតំណាប់ផ្លែឈើ និងគ្រឿងកំប៉ុងក្នុងបំណងលើកស្ទួយកសិករខ្មែរ និងនាំយកផលិតផលក្នុងស្រុកស្ដង់ដាទៅកាន់ទីផ្សារអន្តរជាតិ។
លោក កែវ កុសល ជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុនវេហាស៍ជូស៍ បានបញ្ចប់ភារកិច្ចការងារនៅកូរ៉េខាងត្បូង និងត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ ២០២០ អំឡុងជំងឺកូវីដ ១៩ រីករាលដាលខ្លាំង។
សហស្ថាបនិកវ័យ ៣០ ឆ្នាំរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សហស្ថាបនិកនៅទីនេះមាន ៧ នាក់។ ពួកខ្ញុំធ្លាប់ទៅធ្វើការនៅកូរ៉េស្គាល់គ្នា អ៊ីចឹងទៅក៏ចាប់ដៃគ្នាបង្កើតក្រុមហ៊ុននេះឡើង»។
លោកថា៖ «បច្ចុប្បន្នអ្នកដែលរ៉ាប់រងនៅខ្មែរហ្នឹងមានតែ ២ នាក់ទេ។ ក្រៅពីហ្នឹងទៀតគាត់សុទ្ធតែនៅបំពេញភារកិច្ចនៅប្រទេសកូរ៉េនៅឡើយ»។
ដំបូងក្រុមរបស់លោកមានបំណងបង្កើតក្រុមហ៊ុននាំចូលរថយន្តមួយទឹកមកកាន់កម្ពុជា។ ប៉ុន្តែដោយសារអាជីវកម្មនេះទាមទារការទទួលខុសត្រូវធំពេកទើបបានបង្វែរគោលដៅបង្កើតជាក្រុមហ៊ុនផលិតទឹកផ្លែឈើវិញដោយមើលឃើញថា ដំណាំកសិកម្មខ្លះមានការរាំងស្ទះ ជាពិសេសតាង៉ែន ឬមៀនប៉ៃលិន។
លោក កុសល បានបន្តថា៖ «យើងមើលឃើញថា ដំណាំកសិកម្មវាជាដំណាំមួយដែលមានក្នុងប្រទេសស្រាប់ ហើយចំពេលប្រទេសយើងចង់លើកស្ទួយផលិតផលជាតិ។ ដល់អ៊ីចឹងទៅពួកខ្ញុំក៏សម្រេចចិត្តបើកជាក្រុមហ៊ុនវេហាស៍ជូស៍កែច្នៃបន្លែផ្លែឈើវិញ ដើម្បីជួយកសិករ»។
វេហាស៍ជូស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយទទួលបានការអនុញ្ញាតឱ្យកែច្នៃបន្លែផ្លែឈើគ្រប់ប្រភេទ។
ក្រុមនេះចាប់ផ្ដើមរំលេចផលិតផលនៅពាក់កណ្ដាលឆ្នាំ ២០២០ ដោយផលិតផលដំបូងបំផុតជាប្រភេទមៀនប៉ៃលិនសម្ងួត និងតំណាប់មៀនប៉ៃលិន។ បន្ទាប់មក ម្នាស់ ស្រកានាគ និងស្វាយ ត្រូវបានផលិតចេញជាតំណាប់នៅចុងឆ្នាំ ២០២០ និង ២០២១។
នៅពាក់កណ្ដាលឆ្នាំ ២០២២ ផលិតផលថ្មីចុងក្រោយគឺមៀនប៉ៃលិនកំប៉ុងដែលត្រូវបានអភិវឌ្ឍការវេចខ្ចប់ពីមៀនស្រស់ទឹកស៊ីរ៉ូក្នុងក្រឡកែវ។ ចង្វាក់ផលិតកម្មវេហាស៍ជូស៍មានបុគ្គលិកប្រមាណ ២០ នាក់ ដែលធ្វើការផលិតបណ្ដាក់គ្នាពីផលិតផល ១ មុខទៅ ១ មុខទៀត។
លោកថា៖ «ឧទាហរណ៍យើងផលិតស្រកានាគចប់ អ៊ីចឹងយើងដូរទៅផលិតស្វាយ ផលិតស្វាយចប់ អ៊ីចឹងយើងទៅផលិតមៀន។
ផលិតបណ្ដាក់គ្នារហូតមានន័យថា គាត់មានការងារធ្វើរហូតហ្នឹង»។
រោងចក្រនៅភូមិនិម្មិត ១ ក្រុងប៉ោយប៉ែតត្រូវបានមើលការខុសត្រូវដោយសហស្ថាបនិក ១ រូបទៀតឈ្មោះ ស៊ុំ សាវង្ស ខណៈសហស្ថាបនិក ៥ នាក់ទៀតកំពុងបម្រើការនៅកូរ៉េខាងត្បូង។
លោក កុសល លើកឡើងថា៖ «ក្រុមហ៊ុនយើងលក្ខណៈថា ថ្មោងថ្មី។ ដល់អ៊ីចឹង បើយើងឱ្យគាត់ចុះមកខ្មែរផ្ទាល់តែម្ដង ក៏វាអត់បាន ១០០ ភាគរយដែរ ព្រោះវាអត់ទាន់មានចំណូលអីដុំកំភួន»។
សព្វថ្ងៃវេហាស៍ជូស៍ ទទួលបានចំណូលត្រឹមអាចលៃលកថ្លៃឈ្នួលបុគ្គលិក និងការចំណាយផ្សេងៗក្នុងរោងចក្រ។
ក្រុមហ៊ុនកំពុងព្យាយាមពង្រីកសក្ដានុពលទីផ្សារ ដើម្បីរកផលចំណេញ និងបង្កើនការប្រមូលទិញពីកសិករកាន់តែច្រើន។
អតីតអ្នកធ្វើការនៅកូរ៉េរូបនេះបន្តថា៖ «ដោយសារទីផ្សារធំៗយើងអត់ទាន់ជ្រាបចូលបាន។
ពួកយើងកំពុងព្យាយាមស្វែងរកទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។ ប្រសិនបើទីផ្សារទូលំទូលាយពួកខ្ញុំជួយរឹតតែបានច្រើន»។
សម្រាប់ទីផ្សារក្នុងស្រុកផលិតផលតំណាប់ និងគ្រឿងកំប៉ុងរបស់លោកមានលក់នៅតាមបណ្ដាម៉ាត ជាពិសេសម៉ាតតេលា និងកន្លែងលក់រាយមួយចំនួន។
លោក កុសល ថា៖ «តាមផ្សារទំនើបធំៗក្នុងស្រុកមួយចំនួន អត់ទាន់ទទួលបានការអនុញ្ញាតឱ្យចូល។ ប្រសិនបើមានទីផ្សារធំសម្រាប់ពួកខ្ញុំ ពួកខ្ញុំផលិតប៉ុន្មានក៏បានដែរ»។
សព្វថ្ងៃការផលិតរបស់វេហាស៍ជូស៍ត្រូវបានធ្វើឡើងតាមរដូវកាល និងមានទំហំពុំទៀងទាត់ទៅតាមការកុម្ម៉ង់ពីអតិថិជន។
ទោះជាយ៉ាងណា ផលិតផល ដូចជា តំណាប់តាង៉ែន និងមៀនច្រកកែវរាប់តោនដែលត្រូវបានផលិតកាលពីដើមរដូវត្រូវបានលក់ដាច់អស់។
ការប្រកាន់នូវការផលិតឆ្លើយតបនឹងតម្រូវការកុម្ម៉ង់ត្រូវបានលោក កុសល បានលើកហេតុផលថា៖ «ដោយសារពួកខ្ញុំព្យាយាមប្រើបែបធម្មជាតិសុទ្ធ យើងអត់ប្រើថ្នាំឱ្យទុករយៈពេលបានយូរ។ ដល់ពេលអ៊ីចឹង ពួកខ្ញុំអត់ចង់ផលិតទុកចោលទេ។ អ៊ីចឹងយើងផលិតតាមការកុម្ម៉ង់របស់អតិថិជន កុម្ម៉ង់មុន ២-៣ ថ្ងៃទៅពួកខ្ញុំធ្វើបានហើយយើងអាចធ្វើបានភ្លាមៗថ្មីៗស្រស់ដែរ»។
ខុសពីផលិតផលកំប៉ុងដទៃទៀត លោកបានអះអាងថា វេហាស៍ជូស៍ បានផលិតដោយបន្ថយសារធាតុផ្អែមក្រោមហេតុផលគិតគូរដល់សុខភាព និងកុំឱ្យទទួលទានឆាប់រងាន់។
តំណាប់ផ្លែឈើ ដើមឡើយត្រូវបានលក់រាយក្នុងតម្លៃ ៦ ពាន់រៀល តែក្រោយមកការវេចខ្ចប់ទម្ងន់ ៥៥ ក្រាមត្រូវបានលក់រាយក្នុងតម្លៃត្រឹមតែ ៣ ៥០០ រៀល ដើម្បីសម្រួលលទ្ធភាពប្រើប្រាស់ដល់អតិថិជន។
ផលិតផលប្រភេទច្រកកំប៉ុង ដូចជា មៀនស្រស់ ទឹកសេរ៉ូ មានតម្លៃពី ៤ ពាន់ទៅ ៤ ៥០០ រៀលទេ អាស្រ័យតាមទីតាំងលក់។
លោក កុសល លើកឡើងថា៖ «ផលិតផលរបស់ពួកខ្ញុំមិនថ្លៃទេ លក់ប្រហាក់ប្រហែលគេ តែយើងលក់ក្នុងតម្លៃប្រជាពលរដ្ឋអាចទទួលយកបាន»។
ដំណើរការ ២-៣ ឆ្នាំនេះ វេហាស៍ជូស៍ ប្រឈមការលំបាក និងការប្រកួតប្រជែងពីផលិតផលនាំចូល និងផលិតផលក្នុងស្រុកដូចគ្នា។ ផលវិបាកមួយទៀត គឺការពង្រីកទីផ្សារ ដោយសារតែតំណាប់ និងផ្លែឈើកំប៉ុង មិនមែនផលិតផលចាំបាច់ ឬអាហារបរិភោគទៀងទាត់រាល់ថ្ងៃ។ វាទាមទារការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់គាត់បានឃើញញឹកញាប់ ដើម្បីបង្កើនការគាំទ្រ។
លោក កុសល លើកឡើងថា៖ «ផលិតផលខ្លះជារបស់គេប្រើប្រាស់ចាំបាច់។ គេផ្សព្វផ្សាយតែល្មមៗក៏មានគេទិញដែរ។ តែដូចប្រភេទផលិតផលតំណាប់នេះ បើយើងផ្ដោតលើក្នុងស្រុកសុទ្ធតែម្ដង ប្រហែលវាលំបាក ដោយសារមានផលិតផលនាំចូលផង និងផលិតផលក្នុងស្រុកប្រកួតប្រជែងផង»។
សហស្ថាបនិករូបនេះក៏ទទួលស្គាល់ថា ការផលិតនៅមិនទាន់មានស្ដង់ដាទំនើប ១០០ ភាគរយដោយក្រុមហ៊ុនលោកកំពុងស្វះស្វែងរកជំនួយគាំទ្រតាមរយៈការដាក់សំណើទៅអង្គការនានា ដើម្បីអភិវឌ្ឍទៅការប្រើម៉ាស៊ីនបក និងការសម្ងួតក្នុងសូឡា។
ដោយពុំទាន់មានលទ្ធភាពទិញម៉ាស៊ីនតម្លៃខ្ទង់ម៉ឺនដុល្លារ លោក កុសល ថា៖ «គ្រាន់តែការផលិតត្រូវការកម្លាំងពលកម្មយកមកធ្វើសុទ្ធគឺពួកខ្ញុំបកដៃទេ អត់ទាន់មានម៉ាស៊ីនបកទេ»។
សព្វថ្ងៃ លោកប្រើឡកម្ដៅជាម៉ាស៊ីនសម្ងួត ហើយចំណាយច្រើនជាងការប្រើសូឡាដែលទាមទារថាមពលអគ្គិសនីតិច។
លោកថា៖ «បើយើងសម្ងួតជាមួយសូឡា យើងបានទីតាំងធំ ហើយការចំណាយលើអគ្គិសនីតិចជាង ហើយសាច់ដែលចេញមកក៏វាល្អជាងយើង សម្ងួតក្នុងឡដែរ»។
ទន្ទឹមនឹងនោះ វេហាស៍ជូស៍ ក៏គ្រោងប្ដូរយុទ្ធសាស្ត្រពីការផលិតដាច់ៗតាមរដូវមកផលិតរួមវិញ ដោយផ្ដល់នូវផលិតផលចម្រុះក្នុងកញ្ចប់ធំតែមួយ។
លោក កុសល បានប្រាប់ថា៖ «ប្រសិនបើផ្លែឈើណា អាចកែច្នៃបានដាក់ចូលគ្នា ដូចជាប្រភេទតំណាប់អ៊ីចឹង ពួកខ្ញុំសម្រុកទៅលើផ្លែឈើជាចម្បងសិន»។
ក្រោមជំនួយទទួលពី USAID វេហាស៍ជូស៍ ត្រូវបាននាំយកទៅបង្ហាញនៅ ១០ ប្រទេសក្នុងនោះមាន ម៉ុងហ្គោលី ចិន និងកូរ៉េខាងត្បូងជាដើម។
លោក កុសល បានឱ្យដឹងទៀតថា៖ «យើងក៏បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយដែរ ក្នុងការផ្គត់ផ្គង់ជាគីឡូទៅចិន។ គេអត់យកជាប្រភេទកញ្ចប់ទេ។ គេយករាប់រយតោន ប្រភេទមៀន តាង៉ែន យកទៅច្រកនៅឯនោះ»។
ដោយសហការជាមួយក្រុមហ៊ុននៅបរទេស លោករំពឹងថា ពេលដែលចុះកុងត្រារួចរាល់ ក្រុមហ៊ុននឹងអាចបង្កើនលទ្ធភាពទិញកសិផលក្នុងស្រុកបានបរិមាណកាន់តែច្រើន។ បច្ចុប្បន្នការលក់ក្នុងស្រុកត្រូវបានបែងចែកជាតំបន់នីមួយៗដែលមាន ៥ ខេត្ត។
កញ្ញា សំ ឆៃវ៉ុង អាយុ ២៥ ឆ្នាំ ជាតំណាងចែកចាយផ្ដាច់មុខពីក្រុមហ៊ុនវេហាស៍ជូស៍នៅតំបន់សៀមរាបបានឱ្យដឹងថា ផលិតផលមៀនកំប៉ុងស្រស់លក់ដាច់ជាងតំណាប់ ដោយសារវាផលិតឡើងពីស្ករសុខភាព ហើយមិនមែនជាប្រភេទមេស្ករ។
កញ្ញាបញ្ជាក់ថា៖ «របស់យើងនេះវាអត់ផ្អែមខ្លាំងទេ យើងប្រើស្ករម៉ាល្មមយើងប្រើស្ករសុខភាព ក្នុងកម្រិតទាបបំផុត»។
តំណាងចែកចាយផលិតផលវេហាស៍ជូស៍រូបនេះបានឱ្យដឹងថា ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ មៀនកំប៉ុងស្រស់ ត្រូវបានអតិថិជនជាវរៀបជាកាដូផ្ញើចាស់ៗពេលពួកគាត់ទៅលេងស្រុក។
កញ្ញានិយាយថា៖ «មៀនកំប៉ុងហ្នឹងយើងដាក់ក្លាស្សេក្នុងទូទឹកកក ញ៉ាំត្រជាក់ៗវាឆ្ងាញ់ ហើយចាស់ៗចូលចិត្តផ្អែមៗតិចៗ»។
កញ្ញា ឆៃវ៉ុង ក៏សម្គាល់ឃើញពីសម្ទុះការប្រើប្រាស់របស់ក្នុងស្រុកក្រោមការគាំទ្រដោយអង្គការ និងក្រសួងពាក់ព័ន្ធ ដែលរួមចំណែកផ្សព្វផ្សាយផលិតផល និងរៀបចំការតាំងពិព័រណ៍។
បន្ទាប់ពីការតាំងពិព័រណ៍ផលិតផលខ្មែរនៅទីក្រុងកោះពេជ្រកាលពីដើមខែកញ្ញា ឆ្នាំនេះ កញ្ញាបានឱ្យដឹងថា វេហាស៍ជូស៍ ផលិតជាស្ដង់ដាដាក់កំប៉ុងជាមួយរូបរាងការវេចខ្ចប់ត្រូវស្ដង់ដា និងជម្រើស ២ រសជាតិ ដើម្បីធ្វើការស្ទាបស្ទង់មតិអតិថិជន។
កញ្ញា ឆៃវ៉ុង លើកឡើងថា៖ «ថាតើ ២ រសជាតិហ្នឹង គាត់ចូលចិត្តរសជាតិមួយណា ដោយសារយើងផ្ដោតយកតែ ១ រសជាតិទេ ជ្រើសរើសការផលិតមួយយកជាគោលតែម្ដង»។
ក្រៅពីកែច្នៃមៀនប៉ៃលិន ស្រកានាគ ម្នាស់ និងស្វាយ លោក កែវ កុសល បានឱ្យដឹងថា លោកគ្រោងបន្ថែមប្រភេទផ្លែឈើបន្លែជាច្រើនមុខទៀតនៅថ្ងៃអនាគត។
សហស្ថាបនិកវេហាស៍ជូស៍បានលើកឡើងថា៖ «ពួកខ្ញុំទទួលបានសិទ្ធិកែច្នៃបន្លែផ្លែឈើ។ អាចនិយាយបានថា ទាក់ទងនឹងបន្លែផ្លែឈើពួកខ្ញុំអាចថែមបានទាំងអស់។ ដូចថា ត្រូវការថែមគូលែន ឬសាវម៉ាវ គ្រាន់តែធ្វើលិខិតសុំច្បាប់ថ្មីមួយទៅយើងថែមផលិតផលថ្មីមួយទៀតបាន»៕